អតីតកងឈ្លបនៅក្នុងរបបខ្មែរក្រហម
(កោះកុង) ហ៊ុន ផល្លី អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ គាត់មានអាយុប្រហែល១៤ឆ្នាំ។ គាត់បានបន្តថា ភូមិរបស់គាត់ មានការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ ដោយគាត់ត្រូវស្នាក់នៅក្នុងរណ្ដៅត្រង់សេ ។ ចូលដល់រដូវវស្សា គាត់បានបញ្ជាក់ថា មានទាហានបានចូលលុកលុយនៅក្នុងភូមិរបស់គាត់។ ទាហានទាំងនោះបាញ់កាំភ្លើងដើម្បីដណ្ដើមយកទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមរបស់ប្រជាជន។ បន្ទាប់ពីរបប លន់ នល់ បានដួលរលំ របបខ្មែរក្រហមចាប់ផ្ដើមកាន់កាប់អំណាច នៅតំបន់ ភូមិ-ស្រុករបស់ផល្លី ចាប់ផ្ដើមមានការបង្កើតជាសហករណ៍។ ប្រជាជនទាំងអស់ត្រូវហូបបាយរួម, ធ្វើការងាររួម និងស្នាក់នៅរួម ហើយសូម្បីតែទ្រព្យសម្បត្តិក៏ត្រូវដាក់បញ្ចូលជាសមូហភាពដែរ។
នៅឆ្នាំ១៩៧៥ របបខ្មែរក្រហម បានលុបបំបាត់វិស័យអប់រំ ដោយសាលារៀនត្រូវវាយកម្ទេចចោល។ ខ្មែរក្រហមបានប្រមូលកុមារទាំងអស់បញ្ចូលជាកងរួចបែងចែកជាក្រុមដើម្បីធ្វើការងាររួម ដោយក្នុង១ក្រុមមានសមាជិកចំនួន១២នាក់។ ដំបូងឡើយ អង្គការបានប្រើឲ្យកងកុមារធ្វើការងារតែមួយព្រឹកប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មានកុមារទាំងនោះត្រូវធ្វើការងាររយៈពេល១ថ្ងៃពេញ។ កុមារដែលរស់នៅក្នុងកង ទាំងអស់ ត្រូវស្នាក់នៅជាមួយនឹងគ្រូម្នាក់ ដែលអង្គការចាត់តាំងឲ្យនៅមើលការខុសត្រូវ។ គ្រូនោះ មានតួនាទីដឹកនាំឲ្យកុមារធ្វើការ។ ខ្មែរក្រហម បានលុបបំបាត់សាសនា និងបានចាប់ផ្សឹកព្រះសង្ឃ និងបង្ខំឲ្យទៅធ្វើការងារដូចប្រជាជនទូទៅ។
នៅឆ្នាំ១៩៧៧ ផល្លី ត្រូវបានខ្មែរក្រហម ចាត់តាំងឲ្យធ្វើជាកងឈ្លបមានតួនាទីជាអង្គរក្សរបស់គណៈឃុំ នៅក្នុងឃុំពោធិ៍រៀង។ របបអាហារដែលគាត់ទទួលបាន មានបរិមាណត្រឹមតែ១ចានស្រាក់ប៉ុណ្ណោះ មិនថាជាបាយ, បបរខាប់ ឬជាបបររាវនោះទេ។ ចំណែកសម្លវិញ ផល្ល់ទទួលបាន១ចានធំ តែត្រូវបរិភោគរួមគ្នាជាមួយមនុស្ស៥នាក់ទៀត។ ផល្លី តែងតែទៅមើលពិធីរៀបការដែលអង្គការរៀបចំ។ ចំពោះប្រជាជនធម្មតា អង្គការតែងតែរៀបចំម្ដងៗច្រើនគូ។ គាត់ចាំបានថាមានពេលមួយ អង្គការរៀបចំម្ដង៤៤គូ។ចំពោះអ្នកដែលមានតួនាទីនៅក្នុងរបបខ្មែរក្រហម ដូចជា ឈ្លប, គណៈឃុំ,គណៈតំបន់ និងកម្មាភិបាល អង្គការ រៀបចំតែសម្រាប់១គូ ឬ២គូប៉ុណ្ណោះម្តងៗ។
ប្រជាជនទាំងអស់ត្រូវរស់នៅបែកពីសមាជិកគ្រួសារ ព្រោះត្រូវធ្វើការងារនៅក្នុងសហករណ៍ដែលអង្គការបានចាត់តាំងផ្សេងៗពីគ្នា។ ជាលទ្ធផល កុមារមួយចំនួនពុំបានស្គាល់មុខឪពុកម្ដាយរបស់ខ្លួនទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនជាច្រើនបានបាត់បង់សមាជិកគ្រួសារ ដោយសារតែខ្មែរក្រហមបានចាប់យកទៅសម្លាប់។ ជាក់ស្ដែង ក្រុមគ្រួសារម្តាយមីងរបស់ ផល្លី ស្ទើរតែទាំងអស់ ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ហើយមានតែកូនម្នាក់ប៉ុណ្ណោះក្នុងគ្រួសារនេះ អាចរួចរស់ជីវិតពីការសម្លាប់នេះ។
ខ្មែរក្រហម ព្រមានប្រជាជនទាំងអស់ឲ្យថែរក្សាសម្ភារទាំងអស់ដែលអង្គការចែកឲ្យ ដូចជា ចប, បង្គី, រនាស់ និងសម្ភារផ្សេងៗទៀត ឲ្យបានគង់វង្ស។ ប្រសិនបើនរណាម្នាក់ធ្វើឲ្យបាត់បង់ អង្គការនឹងយកបុគ្គលនោះទៅកសាង ឬសម្លាប់។ ចំពោះសម្លៀកបំពាក់វិញ ប្រជាជនក្នុងតំបន់របស់ផល្លី ទទួលបានសម្លៀកបំពាក់មួយឈុត សម្រាប់ប្រើប្រាស់រយៈពេល២ឆ្នាំ។ ពាក់ព័ន្ធនឹងរបបអាហារ អង្គការ បានផ្តល់បរិមាណអង្ករត្រឹម ៣ខាំ ដល់ប្រជាជនម្នាក់ ក្នុងមួយថ្ងៃសម្រាប់អាហារ២ពេល។
បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ ផល្លី បានរៀបការ និងបានផ្លាស់ទីលំនៅទៅរស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មកទល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ៖ គឹម អាន ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥