ទឹត នឹម៖ ខ្មែរក្រហមយកប្តីខ្ញុំទៅរៀនសូត្រពេលជម្លៀសចេញពីភ្នំពេញ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ខ្ញុំឈ្មោះ ទឹត នឹម[1] ភេទស្រី អាយុ ៧២ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានបងប្អូន ៤នាក់ (ប្រុស៣នាក់ ស្រីតែខ្ញុំម្នាក់ប៉ុណ្ណោះ)។ ឪពុកឈ្មោះ ទឹត សយ ជាអតីតចៅសង្កាត់ក្នុងរបប លន់ នល់ ស្លាប់ឆ្នាំ១៩៧៥ ខ្មែរក្រហមយកទៅសម្លាប់នៅគុកក្រាំងតាចាន់។ ម្តាយឈ្មោះ ឈិន ស៊ន ស្លាប់អាយុ ៨៨ឆ្នាំ ក្នុងឆ្នាំ២០០១។ ខ្ញុំរៀបការអាយុ ១៦ឆ្នាំ សម័យ សង្គមរាស្ត្រនិយមនៅឆ្នាំ១៩៤៨ ពេលសង្គ្រាមរវាងជប៉ុន និងបារាំង។ ប្តីខ្ញុំឈ្មោះ មាស ពុំ មានមុខរបរជាមន្ត្រីរាជការ មានមុខងារជា គយ។

ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ ក្រោយពេលរៀបការខ្ញុំបានប្តូរទីលំនៅទៅរស់នៅទីក្រុងភ្នំពេញវិញ។ នៅភ្នំពេញបានប្រហែល ១០ឆ្នាំ ទើបគ្រួសារខ្ញុំប្តូរទៅរស់នៅខេត្តបាត់ដំបងវិញ។ រស់នៅខេត្តបាត់ដំបងអស់រយៈពេល ២០ឆ្នាំ ក្រោយពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ រួចឆ្នាំ១៩៧០ ទើបក្រុមគ្រួសារខ្ញុំត្រលប់មករស់នៅភ្នំពេញវិញ។ ពេលនោះ មានឪពុកមាខ្ញុំម្នាក់ដែលធ្វើការនៅស្ថានទូតបារាំង បានប្រមូលកូនក្មួយទាំងអស់ឲ្យមករស់នៅភ្នំពេញវិញ មិនថារស់នៅខេត្តណាទេ គឺត្រូវត្រលប់មករស់នៅជុំគ្នានៅភ្នំពេញវិញទាំងអស់។ មកដល់ភ្នំពេញវិញ ខ្ញុំ និងក្រុមគ្រួសារ បានទៅរស់នៅផ្ទះចាស់ដដែល ចំណែកប្តីខ្ញុំ នៅតែជាមន្ត្រីរាជការគយដដែល។ ពេលខ្ញុំផ្លាស់ប្តូរទីលំនៅម្តងៗ ខ្ញុំតែងតែរកកន្លែងរស់នៅណាដែលខ្ញុំអាចប្រករបបរកស៊ីដើម្បីរកលុយបានច្រើនទោះបីជាប្តីខ្ញុំមានការងារល្អ និងមានប្រាក់ខែគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែចេញរកស៊ីដើម្បីរកប្រាក់ចំណូលបន្ថែមទៀតដែរ។

ក្រោយព្រឹត្តការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ រួចមក[2] មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើទឹកដីកម្ពុជាស្ទើរតែគ្រប់ទិសទី (ការទម្លាប់គ្រាប់បែករបស់ទាហាន លន់ ​នល់ ដែលមានសហរដ្ឋអាមេរិកមកជួយជ្រោមជ្រែងពីក្រោយ)[3] ជាពិសេសនៅតាមតំបន់ដែលមាន ការចល័តទ័ពរបស់យៀកកុង (ក្រុមកុម្មុយនីស្តវៀតណាម)[4] តាមផ្លូវលំហូជីមិញ។ ក្នុងមួយថ្ងៃៗ មានការផ្អើលចលាចលយ៉ាងតិច ៤-៥ដងជាពិសេសពេលយប់ មានការផ្លោងចូលក្តុងក្តាំងតែម្តង។ ប្អូនប្រុសថ្លៃខ្ញុំម្នាក់ជាគយដែលមានស័ក្តិ៥ បានជួលឧទ្ធធម្ភាចក្រ មួយគ្រឿងចតលើដំបូលផ្ទះ ដើម្បីជម្លៀស ប្រពន្ធកូន បងប្អូន និងសាច់ញាតិដទៃទៀតចេញពីការប្រយុទ្ធនេះ។ ប៉ុន្តែជាអកុសល ពេលដែលក្រុមគ្រួសារប្អូនខ្ញុំឡើងជិះ ឧទ្ធធម្ភាចក្រ រៀបនឹងហោះហើរចេញទៅស្រាប់តែមានគ្រាប់ផ្លោងចំឧត្ថម្ភាគចក្រសម្លាប់មួយគ្រួសារតែម្តង។

នាដើមឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហមវាយបែកខេត្តតាកែវភ្លាម ខ្មែរក្រហមនាំឪពុកខ្ញុំទៅផ្ទះ ចៀមហែម ដើម្បីសម្រាកហូបបាយ លុះដល់យប់ឡើយទើបនាំឪពុកខ្ញុំទៅគុកក្រាំងតាចាន់តែម្តង។ ពេលខ្ញុំទៅដល់តាកែវ ខ្មែរក្រហមបានសម្លាប់ឪពុកខ្ញុំបាត់ទៅហើយ។ ដោយឡែកប្តីខ្ញុំ ត្រូវបែកគ្នានៅពេលជម្លៀសចេញពីភ្នំពេញមកដល់ត្រឹមកំពង់ទួល។ ពេលធ្វើដំណើរខ្ញុំមានផ្ទៃពោះ ៤ខែ ហើយខ្ញុំមានកូនសរុបទាំងអស់១២នាក់ (រាប់ទាំងកូននៅក្នុងពោះ)។ ចំណែកប្អូនប្រុសខ្ញុំបីនាក់ទៀត ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលទាំងអស់។

កងទ័ពខ្មែរក្រហមវាយចូលដល់ទីក្រុងភ្នំពេញភ្លាម បានបញ្ជារឲ្យប្រជាជនចាកចេញពីផ្ទះទៅនៅទីជនបទ។តាមផ្លូវគ្រប់ទិសដែលត្រូវចាកចេញពីទីក្រុងភ្នំពេញ មានសភាពអ៊ូរអរ មនុស្ស ពេញផ្លូវ ដែលប្រើប្រាស់មធ្យោ-បាយធ្វើដំណើរមាន៖ ឡាន ម៉ូតូ កង់ ភាគច្រើនដើរថ្មើរជើង និងប្រើរទេះសម្រាប់អូសអីវ៉ាន់និងកូនតូចៗជាដើម។ ផ្ទះខ្ញុំមានឡានមួយ ដើម្បីធ្វើដំណើរ ព្រោះខ្ញុំមានសមាជិកគ្រួសារ និងកូនច្រើននាក់ ដូច្នេះក្នុងឡានមិនអាចដាក់ឥវ៉ាន់ប្រើប្រាស់បានច្រើនទេ។ កងទ័ពខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនយកអង្ករ ឬរបស់ប្រើប្រាស់ច្រើនតាមខ្លួនដែរ ខ្ញុំដាក់បានតែអង្ករ ១គីឡូ ត្រីងៀត១គីឡូ និងខោអាវមួយចំនួនតូចតែប៉ុណ្ណោះ ចំណែកខ្ញុំមានផ្ទៃពោះ៩ខែ (កូនទី១២) ។ ក្នុងពេលធ្វើដំណើរមកខេត្តតាកែវ មកដល់ត្រឹមផ្លូវបំបែកកំពង់ទួល កងទ័ពខ្មែរក្រហមបញ្ជារឲ្យចុះពីឡានទាំងអស់ ខ្ញុំ និងកូនៗ នាំគ្នារែកអីវ៉ាន់បានបន្តិចបន្តួចធ្វើដំណើរបន្តដោយថ្មើរជើង។ ពេលជាមួយគ្នានេះ ប្តីខ្ញុំត្រូវបានកងទ័ពខ្មែរក្រហមចាប់ចងដៃទៅក្រោយ ដោយប្រាប់ថា យកទៅរៀនសូត្រ តែខ្ញុំមិនដឹងទេថាកងទ័ពខ្មែរក្រហមយកប្តីខ្ញុំទៅទិសខាងណា ឬទៅកន្លែងណាទេ។ ខ្ញុំមិនហ៊ានសួរនាំលម្អិតទេ សូម្បីតែមើលមុខប្តីឲ្យចំក៏ខ្ញុំមិនហ៊ានដែរ កងទ័ពខ្មែរក្រហមប្រាប់ថាទៅរៀនសូត្រ គឺរៀនសូត្រហើយ។ មុនពេលទៅដល់ស្រុកកំណើតខ្ញុំនៅខេត្តតាកែវ ក្រុមគ្រួសារខ្ញុំត្រូវឈប់សម្រាកដេកតាមផ្លូវ ៣យប់។ ពេលមកដល់ភូមិ ខ្ញុំគ្មានផ្ទះសម្រាប់រស់នៅទេ មានតែសុំជ្រកនៅផ្ទះបងប្អូន ហើយបងប្អូនខ្លះមិនហ៊ានទទួលទេ ព្រោះគ្រួសារខ្ញុំមកពីភ្នំពេញ ជាក្រុមអ្នក១៧មេសា ចំណែកអ្នកភូមិជាអ្នកមូលដ្ឋាន គឺខ្លាចណាស់។ កូនខ្ញុំទាំងអស់ធ្វើដំណើរតាមខ្ញុំមកដល់ភូមិ ហើយកូនច្បង និងកូនទីពីរមានវ័យជំទង់ ខ្មែរក្រហមបានបញ្ជូនឲ្យទៅធ្វើការនៅឯទំនប់ពកត្របែក នៅភូមិផុង ចំណែកឯកូនតូចៗ ខ្មែរក្រហមអនុញ្ញាតឲ្យទៅតាមខ្ញុំគ្រប់កន្លែង។

រស់នៅក្នុងភូមិកំណើតបានរយៈពេល ៦ខែ ស្រាប់តែមានគណៈស្រុក គណៈតំបន់ ប្រធានកង (ប្រធានភូមិ) ឈ្មោះ ថោង ឌុន និងប្រធានកងឈ្លបឈ្មោះ ញ៉ ដែលមានគ្នាប្រហែលជិត ២០នាក់ បានមកយកក្រុមគ្រួសារខ្ញុំទាំងអស់ទៅរស់នៅភូមិ ភូមិស្រែជំរៅ ឃុំគុស វិញ។ បន្ទាប់មកបញ្ជូនខ្ញុំឲ្យទៅនៅតំបន់ ២០៤ រហូតដល់របបខ្មែរក្រហមដួលរលំ។ មកដល់តំបន់២០៤ ខ្ញុំនៅតែធ្វើការតាមការចាត់តាំងរបស់ប្រធានកង ដូចជា កាប់ដីធ្វើចម្ការ ធ្វើស្រែ និងការងារផ្សេងៗ។ ក្នុងរបបខ្មែរក្រហមមានការបែងចែកជាក្រុម ឬជាកង ដូចជា កងកុមារ កងយុវជន កងយុវនារី កងចល័ត កងពិសេស។ល។ ចំណែកខ្ញុំ ខ្មែរក្រហមបញ្ជូលក្នុងកងពិសេស ដែលមានសមាជិកសុទ្ធសឹងតែជាអ្នក១៧មេសា ដោយឡែកប្រធានកង គឺជាអ្នកមូលដ្ឋាន។ នៅទីនេះ ការរស់នៅមានភាពលំបាកណាស់ ខ្វះទឹកប្រើប្រាស់ ការងារធ្ងន់លើសកម្លាំង និងអាហារមិនគ្រប់គ្រាន់។ ជាក់ស្តែង ក្នុងមួយថ្ងៃមានទឹកប្រើប្រាស់តែមួយអំរែកទេ ហើយប្រធានកងប្រើឲ្យកាប់រំលីងគល់ឈើធំៗ (មួយឱបមនុស្សចាស់)។

ធ្វើការមិនស្គាល់យប់ថ្ងៃ ជាពិសេស ពេលខែភ្លឺ គឺប្រធានកងចាត់តាំងឲ្យដកសំណាប ស្ទូងស្រូវ មិនបានដេកគ្រប់គ្រាន់ឡើយ។ បើសួរថា ថ្ងៃណា ខែណា ឆ្នាំណា ខ្ញុំវង្វេងអស់ហើយពេលដែលរស់នៅក្នុងរបបខ្មែរក្រហម គឺមិនចាំ មិនដឹង មិនស្គាល់សោះតែម្តង ព្រោះតែធ្វើការគ្មានពេលសម្រាកសោះ។ ខ្ញុំដឹងតែខែច្រូត ខែស្ទូង និងខែប្រាំងតែប៉ុណ្ណោះ ពីព្រោះការងារដែលប្រធានកងចាត់តាំងឲ្យខ្ញុំធ្វើតាមរដូវកាល តួយ៉ាងខែច្រូតចាត់តាំងឲ្យច្រូត ខែស្ទូងចាត់តាំងឲ្យស្ទូង និងពេលខែប្រាំងចាត់តាំងឲ្យធ្វើចម្ការដូចជា ដាំបន្លែ ដាំដំឡូង មិនដែលមានពេលទំនេរឡើយ។ បើនិយាយពីរបបអាហារក្នុងសម័យខ្មែរក្រហម វាលើសពីខ្វះខាតទៅទៀត ក្នុងមនុស្ស ១០នាក់ មានតែបាយមួយកាតូតូចល្មម ចែកបានតែម្នាក់មួយស្លាបព្រា ហូបជាមួយសម្លព្រលឹត សម្លត្រកួន ហើយពុំមានអនាម័យគ្រប់គ្រាន់ទេ ពេលខ្លះមានទាំងលាមកគោក្រៀមក្នុងសម្លក៏មានដែរ តែមិនមានអ្នកណាហ៊ាននិយាយអ្វីទាំងអស់។ បើពេលណាធ្វើបបរវិញ អង្ករតែមួយកំប៉ុងបបររាវ ចែគ្នាហូប១០នាក់ ម្នាក់បានតែ១វែកទេ ពេលខ្លះបបរមានថែមដំឡូងមីទៀត ហើយក្នុងមួយថ្ងៃចែកអាហារតែពីរពេលប៉ុណ្ណោះ។

បទពិសោធន៍រស់នៅក្នុងរបបខ្មែរក្រហម ខ្ញុំស្គាល់ស្ទើរតែគ្រប់រស់ជាតិ មានទាំងបបរ មួយកំប៉ុងអង្ករ ហូបគ្នា១០នាក់ ទៅ២០នាក់។ កូនខ្ញុំសរុប ១២នាក់ បែកខ្ញែកគ្នាអស់ ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ សូម្បីតែម៉ែក៏មិនដឹងថានៅកន្លែងដែរ។ កូនមិនបានជួបម៉ែ បងប្អូនមិនបានរស់នៅជុំគ្នា កូនខ្ញុំពីរនាក់ជាប់គុកខ្មែរក្រហមរាប់ឆ្នាំ ក៏ខ្ញុំមិនដឹងដែរ ទាល់តែកូនមកដល់ផ្ទះវិញទើបដឹងខ្លះ។ ខ្ញុំខ្លោចផ្សារបំផុតពេលដឹងថា កូនធ្លាប់ជាប់គុកខ្មែរក្រហម មិនដឹងថា កូនខ្ញុំត្រូវទទួលរងនូវទណ្ឌកម្មបែបណាខ្លះទេនៅក្នុងគុក នោះ ទើបខ្ញុំមិនដែលសួរនាំអ្វីពីកូនឡើយ មិនចង់ដឹងឮនាំឲ្យកាន់តែឈឺចាប់ថែមទៀត។ ចំណែកកូនខ្ញុំដែលកើតក្នុងរបបខ្មែរក្រហមមានរូបរាងស្គមស្គាំងដូច កណ្តូប ដើរជាន់ស្មៅស្ទើរមិនទ្រោមផង ហើយប្រធានកងចាត់តាំងឲ្យមើលគោមួយនឹមទៀត។

ជិតចុងឆ្នាំ១៩៧៨ ខ្ញុំមានជំងឺហើម តែមានអនុប្រធានកងចិត្តធម៌ បានរកថ្នាំឲ្យខ្ញុំហូបបានជាសះស្បើយ។ ពេលនោះខ្ញុំគិតថា ខ្ញុំប្រហែលមិនរស់ទេ ព្រោះខ្ញុំហើមធំខ្លាំង ហើយគ្មានកូនៗនៅក្បែរឡើយ ព្រោះកូនៗខ្ញុំនៅធ្វើការតាមកងផ្សេងគ្នារៀងៗខ្លួនទាំងអស់។

ព្រឹកថ្ងៃអាទិត្យ ជាថ្ងៃដែលកងទ័ពវៀតណាមវាយបែកខេត្តតាកែវ ខ្មែរក្រហមបានរៀបចំអាហារជុំគ្នា ដែលធ្វើគុយទាវចែកឲ្យហូប រួចហើយឲ្យទៅច្រូតនៅក្បែរគុកក្រាំងតាចាន់។ អាហារពេលព្រឹកមានបាយម្ហូប ថែមទាំងបង្អែមទៀត ហើយរៀបចំឲ្យហូបនៅក្នុងមន្ទីរក្រាំងតាចាន់តែម្តង។ យើងហូបអាហារបានតែពីរពេល ស្រាប់តែប្រហែលម៉ោង ១រសៀល កងទ័ពវៀតណាមវាយចូលមកដល់ កងទ័ពខ្មែរក្រហម និងកម្មាភិបាលខ្មែរក្រហមគ្រប់ជាន់ថ្នាក់ បានរត់គេចខ្លួន ទើបប្រជាជនបានរួចរស់ជីវិត។ ព្រោះខ្មែរក្រហមមានគម្រោងសម្លាប់ប្រជាជនទាំងអស់ មុនពេលកងទ័ពវៀតណាមចូលមកដល់។

ពេលនោះ ខ្ញុំមិនបានរត់ទៅណាឡើយ ខ្ញុំប្រមូលកូនៗ បងប្អូន ក្មួយៗទាំងអស់ រួចបន្តរស់នៅក្នុងផ្ទះប្អូនជីដូនមួយខ្ញុំ។ ដោយឡែកកូនស្រីខ្ញុំម្នាក់បែកគ្នា តែបីខែក្រោយទើបជួបជុំគ្នាវិញ ដោយសារតែកងទ័ពវៀតណាមបណ្តេញឲ្យត្រលប់មកវិញ។ ពេលមកដល់វិញ កូនស្រីខ្ញុំមានជំងឺគ្រុនចាញ់ ត្រូវព្យាបាលរយៈពេល៣ឆ្នាំទើបជាសះស្បើយ។ ការប្រយុទ្ធគ្នាចប់មិនយូរប៉ុន្មាន ខ្ញុំ និងកូនទី៣ ធ្វើដំណើរទៅភ្នំពេញត្រូវសម្រាកនៅតាមផ្លូវពីរយប់ ដើម្បីស្វែងរកប្អូនៗ និងប្តីខ្ញុំ ប៉ុន្តែរកមិនឃើញសោះ។ ខ្ញុំបានជួបមិត្តភក្តិប្អូនប្រុសខ្ញុំ ដែលធ្វើការនៅក្រសួងឧស្សាហកម្ម ធ្វើការនៅ សេស.កា.ដេ (SKD) និងធ្វើការនៅស្បៀងមជ្ឈឹម តែពុំមានអ្នកបានជួប ឬបានឃើញប្អូនៗរបស់ខ្ញុំទេ។ ខ្ញុំដើរលុកលុយរកប្អូនស្ទើរតែពេញទីក្រុងភ្នំពេញ បានជួបសួរនាំដំណឹងប្អូនខ្ញុំពីឈ្មោះ ង៉ែត ជាប្អូនរបស់ ណុប ណែម ដែលត្រូវជាចៅរបស់ឪពុកខ្ញុំដែរ នៅតែមិនមានដំណឹងអ្វីសោះ ទើបខ្ញុំសម្រេចចិត្តឈប់ដើររកទៀត និងវិលត្រលប់ទៅស្រុកកំណើតវិញ។

ខ្ញុំបាត់បង់សមាជិកគ្រួសារក្នុងរបបខ្មែរក្រហមសរុប ១០នាក់ រួមមាន៖ ប្តី ឪពុក ប្អូនប្រុសទាំងបីនាក់ និងប្អូនថ្លៃ។ ប៉ុន្តែសំណាងល្អ កូនខ្ញុំទាំង ១២នាក់ រួចរស់ជីវិតរហូតមកដល់សព្វថ្ងៃនេះ។ ទោះបីជាយ៉ាងណា ខ្ញុំមិនដែលមានចិត្តចង់សងសឹកឡើយ ខ្ញុំជាអ្នកសាសនាព្រះពុទ្ធ ជឿងលើកម្មពៀរ ដូចពាក្យថា «ពៀរ៍រំងាប់ដោយការមិនចងពៀរ៍»។ ក្នុងរបបខ្មែរក្រហមដោយសារតែការបំបាត់សាសនានេះ ទើបធ្វើឲ្យមានការសម្លាប់រង្គាល កូនមិនស្គាល់ម៉ែ មិនស្គាល់ឪ និងមិនស្គាល់បងប្អូន។ ខ្ញុំអប់រំចិត្តឲ្យបំភ្លេចចោលនូវរឿងរ៉ាវដែលឈឺចាប់នៅក្នុងរបបខ្មែរក្រហមចោលឲ្យអស់ និងមិនគុំគួនទេ។ ជារៀងរាល់ឆ្នាំ ខ្ញុំ និងកូនៗ តែងតែទៅធ្វើបុណ្យរំឭកខួប និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធឪពុកម្តាយ ប្តី និងប្អូនៗដែលបានចែកឋានទៅជានិច្ច។ នៅលើផ្ទះ ខ្ញុំរៀបចំកន្លែងសក្ការៈបូជាសម្រាប់ថ្វាយព្រះត្រឹមត្រូវ ហើយរៀងរាល់ថ្ងៃសីល ចាស់ក្នុងភូមិតែងតែមកផ្ទះខ្ញុំសូត្រធម៌ វន្ទាព្រះជុំគ្នាជានិច្ច។ ខ្ញុំ និងចាស់ៗក្នុងភូមិប្រនិប័ត្រធម៌ព្រះពុទ្ធ ដើម្បីឲ្យនូវរឿងរ៉ាវដែលមិនល្អរំសាយចេញពីក្នុងចិត្ត និងជួយព្យាបាលវិបត្តិផ្លូវចិត្តបានទៀត។

ជារឿយៗ ខ្ញុំតែងតែនិយាយពីប្រវត្តិដែលបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមប្រាប់ដល់ចៅៗ ជាពិសេស ពេលទទួលទានអាហារ។ ក្មេងជំនាន់ក្រោយតែងតែរអ៊ូពេលដែលមានបាយហូបហើយមិនត្រូវចិត្ត ដូចថា បាយស្រួយពេក ម្ហូបមិនសូវឆ្ងាញ់ ជាដើម។ ខ្ញុំប្រាប់ថា «ចៅអើយយាយកាលពីអាពត ជំនាន់យាយដែលពីអាពតណា ចៅអង្ករមួយកំប៉ុង ហូបគ្នា១០នាក់ ហើយចៅឯងគ្រាន់តែបាយស្រួយប៉ុណ្ណឹងហើយ ថាមិនឆ្ងាញ់ទៀត?»។ ខ្ញុំបន្ថែមទៀតថា «កុំថ្ងូរ កាលពីយាយរស់នៅសម័យអាពតមិនមែនដូចចៅឯងគ្រប់គ្នាទេ បបរមួយកំប៉ុង ១០នាក់ណាចៅ ហើយចៅឯងនេះបាយស្រួយពេញៗឆ្នាំង ចៅឯងនៅពិបាកម៉េចទៀត ហើយសេរីហើយចៅរាល់ថ្ងៃ ហើយពេលចៅ​ឯងរៀន បើគ្មានលុយ ១០០០រៀលទេ ចៅឯងទៅរៀនអត់កើត បើសម័យខ្មែរក្រហមគ្មានលុយចាយទេចៅ ហើយបើមានលុយហើយមិនដឹងយកទៅចាយនៅឯណាទេចៅ»។

អត្ថបទដោយ គឹម សុវណ្ណដានី


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាស ជាមួយ ទឹត នឹម ដោយ គង់ សុកគឿន និង ស៊ីរិ សាវីណា» នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៤, ចម្លងចេញពីការសែតដោយ ស៊ីរិ សាវីណា, ឯកសារលេខ VOT០១០៦។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី១១។

[3] ដូចខាងលើ។

[4] ដូចខាងលើ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin