កុំយំពេលយប់
(ព្រះវិហារ)៖ ជួន សារ៉ុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃគាត់មានអាយុ៥៣ ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានរៀបរាប់នូវអ្វីដែលបានកើតឡើងនៅសម័យនោះ ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីចងក្រងទុកជាប្រវត្តិសាស្ត្រ។
នៅវ័យកុមារ សារ៉ុន ខិតខំធ្វើការដោយលើកទំនប់ ធ្វើស្រែ ដកស្មៅ និង ជីកប្រឡាយទៅតាមបញ្ជារបស់ខ្មែរក្រហម។ គាត់បានបន្ដថា នៅក្នុងរបបខ្មែរក្រហមគាត់ហូបមិនបានឆ្អែតនោះទេ គឺបានត្រឹមតែបបរលាយជាមួយដើមចេកប៉ុណ្ណោះ។ រៀងរាល់ថ្ងៃ សារ៉ុន ធ្វើការនៅក្នុងក្រុម ទៅតាមជួរនីមួយៗដែលបានចាត់តាំង។ គាត់បានឲ្យដឹងថា គាត់សម្រាកបានតែកន្លះម៉ោងទៅមួយម៉ោងប៉ុណ្ណោះ គាត់ត្រូវបន្តរែកបង្គីតូចៗ ដើម្បីយកជី ឬស្មៅដែលគាត់បានកាត់ទៅដាក់តាមរោងបន្លែ និងចំការរហូតដល់ល្ងាចទើបបានបបរហូប។
សារ៉ុន ពុំបានរស់នៅជាមួយឪពុកម្តាយបង្កើតនោះទេ គាត់តែងតែយំនឹកនាអ្នកមានគុណទាំងពីរជានិច្ច ដោយភាពឯកោ។ គ្រូរបស់គាត់ ដែលមើលក្មេងៗរួមទាំងគាត់ផងដែរ បានប្រាប់ថា «កុំយំពេលយប់ ប្រយ័ត្នគេយកទៅធ្វើការសម្លាប់» ឬអាចត្រូវខ្មែរក្រហមយកទៅកសាង។ គាត់សម្រាកនៅតាមសាលាដែលសង់ពីឈើ និងមានធាងដូង ឬធាងត្នោតជាជញ្ជាំង ហើមានតែក្រមាស្ដើងប៉ុណ្ណោះសម្រាប់ដណ្ដប់ នៅពេលអាកាសធាតុចុះត្រជាក់ម្ដងៗ។ សម្រាប់ការស្លៀកពាក់វិញ គឺមានតែពណ៌ខ្មៅ។
នៅតាមមណ្ឌលកុមារ ដែលសារ៉ុនរស់នៅ មានស្រ្តីវ័យចំណាស់ ដែលត្រូវមើលថែទារកតូចៗ ម្ដង១០ ទៅ ២០នាក់ ដែលមានអាយុប្រហែល១ ឆ្នាំកន្លះទៅ២ឆ្នាំ ខណៈពេលម្តាយរបស់ក្មេងៗទាំងនោះ ខ្លះបានបាត់បង់ជីវិត និងភាគច្រើនទៀតត្រូវទៅធ្វើការ។ កុមារទាំងនោះមានតែបបរសសម្រាប់ហូប ដោយខ្វះអាហារឧបត្ថម្ភសម្រាប់ទ្រទ្រង់សារពាង្គកាយ ជាអកុសលទារកខ្លះបានបាត់បង់ជីវិតនៅសម័យនោះ៕
សម្ភាសន៍ដោយ សុង ថានី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣