តែមិនពេញចិត្ត ពីរម៉ោងក្រោយគេយកទៅកសាង
(ព្រះវិហារ)៖ អៀម ធឿន មានអាយុ ៨៣ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ធឿន ធ្វើការនៅក្នុងសហករតាំងពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ ជីវិតក្រោមរបបខ្មែរក្រហម គាត់ត្រូវបានគេតម្រូវឲ្យលើកទំនប់ ជីកប្រឡាយ ធ្វើស្រែ ដោយធ្វើការជារួម ជាមួយបងប្អូនប្រជាពលរដ្ឋឯទៀត។ គាត់ត្រូវរស់នៅរួម និងហូបចុករួម គាត់ហូបមិនបានគ្រប់គ្រាន់ ដោយគាត់លើកឡើងថា ត្រឹមតែបបរមួយវែកសម្រាប់មួយពេល។ ចំណែកការងារវិញ គឺធ្វើការចាប់តាំងពីម៉ោង ៥ ព្រឹក ទៅដល់ម៉ោង ១០ យប់ ទើបបានសម្រាក។ ទាំងនេះគឺជាភាពវេទនាក្នុងឆាកជីវិតរបស់គាត់នៅក្នុងរបបខ្មែរក្រហម។ ប្រជាជនត្រូវធ្វើការងារទាំងឈឺ ដោយមិនហ៊ានប្រាប់ថាខ្លួនឈឺនោះទេ។ ការព្យាបាលជំងឺគឺមានតែថ្នាំអាចម៍ទន្សាយតែមួយមុខគត់។
នាសម័យនោះមានការប្រជុំ ដែលធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃម្តង សម្រាប់ជាការទិតៀនគ្នាទៅវិញទៅមក ឬលើកឡើងអំពីអ្វីដែលអ្នកទាំងនោះបានឃើញ។ ការរស់នៅគឺពោរពេញទៅដោយភាពភ័យខ្លាច និងការមិនទុកចិត្តគ្នាទៅវិញទៅមក។ ទាហាន និង ប៉ូលិសនាសម័យមុន ត្រូវដាក់ឲ្យរស់នៅដាច់ដោយឡែក និង មានការវាយសម្លាប់ដោយខ្មែរក្រហម សម្រាប់អ្នកណាដែលអង្គការចោទថាបានធ្វើខុស ដូចជាមិនសកម្មក្នុងការងារ អ្នកខ្លះត្រូវបានចោទថាជាភ្នាក់ងារបរទេសកាហ្សេបេ (KGB) ឬស៊ីអុីអា (CIA) ជាដើម។ ជួនកាលអ្នកទាំងនោះត្រូវបានខ្មែរក្រហមគំរាមសម្លាប់ ដើម្បីឲ្យសារភាពទៅលើសកម្មភាពដែលមិនមែនជាការពិត។ បន្ទាប់មក ខ្មែរក្រហមយកសម្លេងដែលថតពេលគំរាម ទៅចាក់ឲ្យប្រជាជនស្តាប់ពេលប្រជុំម្តងៗ។ ជនរងគ្រោះដោយអំពើអយុត្តិធម៌ទាំងនោះ ត្រូវបានយកទៅចងដើមស្វាយ ក្រោយមកអ្នកទាំងនោះត្រូវបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌។
អៀម ធឿន បានឃើញដោយផ្ទាល់ភ្នែកចំពោះ ការវាយកម្ទេចចោល រូបសំណាក់ ព្រះវិហារ តាមទីវត្តអារាម សម្រាប់យកថ្មទៅប្រើប្រាស់។ សម្រាប់បងប្អូនសាច់ញាតិ និងក្រុមគ្រួសារ ខ្មែរក្រហមតម្រូវឲ្យហៅ សមមិត្ត ទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវធ្វើតាមការសម្រេចរបស់ខ្មែរក្រហម គ្មាននរណាម្នាក់ហ៊ានជំទាស់នោះទេ “គ្មានការពេញចិត្ត ឬមិនពេញចិត្តស្អីនោះទេ តែមិនពេញចិត្តនោះពីរម៉ោងក្រោយ គេយកទៅកសាង” នេះជាអ្វីដែល អៀម ធឿន បានរៀបរាប់ពីដំណើរជីវិតនាសម័យខ្មែរក្រហម៕
សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣