ទាល់តែឈឺធ្ងន់ទើបបានឈប់សម្រាក

DCCAM
ជា ស៊ុន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(កំពង់ឆ្នាំង)៖ ជា ស៊ុន មានអាយុ ៦៩ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់របបខ្មែរក្រហមដល់ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ហៅថា CamboCorps ក្នុងបេសកម្មស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជា ស៊ុន ផ្ទាល់មានជំងឺប្រចាំកាយ ដោយសារកត្តាជីវភាព និង កង្វះព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព ជំងឺប្រចាំរបស់គាត់មិនទាន់ជាសះស្បើយនៅឡើយ។

ស៊ុន ចាប់ផ្គើមទាក់ទងនឹង ការជម្លៀសប្រជាជននាឆ្នាំ ១៩៧៥ ដែលបានកើតឡើងស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា គាត់ត្រូវបានជម្លៀសទៅតំបន់ក្បាលទឹកនាសម័យ​​​​នោះ ក្នុងវ័យ១៦ឆ្នាំ។ ក្រុមគ្រួសារស្ទើរទាំងអស់របស់គាត់​ត្រូវបានបាត់បង់ជីវិតពេលជម្លៀស មានតែរូបគាត់ផ្ទាល់ នឹងប្អូនស្រីផ្ទាល់ដែលនៅរស់រានមានជីវិត។ ការបាត់បង់ជីវិតរបស់ក្រុមគ្រួសាររបស់គាត់ គឺដោយសារជំងឺគ្រុនចាញ់ នឹងគ្មានថ្នាំព្យាបាល បណ្តាលឲ្យជ្រុះសក់ និងបាត់បង់ជីវិតម្តងម្នាក់ៗ។

មនុស្សពីរនាក់គឺ ភុក និង​ ផល អ្នកទាំងពីរបានជួយសង្គ្រោះ ស៊ុន និងប្អូនស្រី ដោយបញ្ជូនទៅឲ្យម្តាយអ្នកទាំងពីរ គឺ យ៉ន ជាអ្នកមើលថែ។ តាមរយៈការស្គាល់គ្នាជាមួយកងទ័ព បង ហានម្នាក់ទៀត គាត់និងប្អូនស្រីបានត្រឡប់មកស្រុកភូមិវិញ ដែលតម្រូវឲ្យធ្វើការទាំងមានជំងឺប្រចាំកាយ និងសំរាកព្យាបាលមួយរយៈខ្លី អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ “ឈឺបានឲ្យឈប់”។ គាត់ត្រូវបន្តធ្វើការ​ទៅតាមកន្លែងដែលគេបញ្ជូន។ មនុស្សជាច្រើនដែលធ្លាក់ខ្លួនឈឺ ត្រូវបានគេទុកចោលដោយគ្មានការព្យាបាល នៅជិតជើងភ្នំ។ ដើម្បីអាហារមួយចម្អែត ជួនកាលគាត់ត្រូវស្វែងរកអាហារបន្ថែម ដូចជាដំឡូង បន្លែ និងស្លឹកឈើដែលអាចបរិភោគបាន។ ជាទូទៅ ការហូបចុកខ្វះខាត គឺជាមូលហេតុចម្បងដែលបណ្តាលឲ្យមានការបាត់បង់ជីវិតយ៉ាងច្រើននាសម័យនោះ។

ឆ្នាំ ១៩៧៩ កងទ័ពវៀតណាមបើកការវាយប្រហារមកលើរបបខ្មែរក្រហម គាត់ និងប្អូនស្រីម្នាក់ បានត្រឡប់មកស្រុកកំណើតវិញដោយបាត់បង់ក្រុមគ្រួសារ​ ទាំងភាពឈឺចាប់ និងអយុត្តិធម៌។ ការស្វែងរកយុត្តិធម៌នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានផ្តល់យុត្តិធម៌ ចំពោះក្រុមគ្រួសាររបស់ ជា ស៊ុន។ ដំណើរជីវិតរបស់គាត់ ក៏ដូចជាដំណើរជីវិតអ្នកដទៃទៀតបានឆ្លុះបញ្ជាំងថា របបនោះមិនបានផ្តល់ ការហូបចុក ស្នាក់នៅ និងការព្យាបាលបានត្រឹមត្រូវនោះទេ ផ្ទុយមកវិញរបបនេះមិនបានចាត់ទុកថាជីវិតមនុស្សម្នាក់ៗ ត្រូវមានសិទ្ធក្នុងការរស់នៅនោះទេ។ នេះជាប្រវត្តិសាស្រ្តដែលត្រូវសិក្សាស្វែងយល់ សម្រាប់ចងក្រងជាឯកសារដល់អ្នកជំនាន់ក្រោយបានដឹង៕

សម្ភាសន៍ដោយ បឿន ស្រីនិច នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin