ប្រធានកងនៅសម័យខ្មែរក្រហម

ចយ នន់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ចយ​ នន់ ជាអតីតប្រធានកងនៅសម័យខ្មែរក្រហម។ គាត់​មានអាយុ​៧៩ឆ្នាំ​ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានចាត់ទុកថា ការដឹកនាំរបស់ខ្មែរក្រហមមានភាពលំបាកវេទនាបំផុត»។

គាត់រៀបរាប់ថា ខ្មែរក្រហមមិនឲ្យប្រជាជនហូបបានឆ្អែតនោះទេ​ គឺហូបតែបបរលាយបន្លែចម្រុះ និងត្រូវធ្វើការ ចាប់​ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបានបរិភោគ។ គាត់​មានពេលសម្រាកបានតែមួយម៉ោង ហើយត្រូវបន្តធ្វើការចាប់ផ្គើមពីម៉ោង២ថ្ងៃរហូតដល់ម៉ោង៥ល្ងាច និង​ពីម៉ោង៥ល្ងាចរហូតដល់ម៉ោង ៩យប់ ទើបបានសម្រាក។

ការព្យាបាល​អ្នកជំងឺ​គឺ​មានតែថ្នាំអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ព្យាបាល។ នៅពេលយប់ឡើងមានកងឈ្លបដើរតាមផ្ទះ និងចោទប្រកាន់ប្រជាជនទាំងមិនមានកំហុស ប្រជាជនជាច្រើននាក់បានបាត់បង់គ្រួសារដោយការចោទប្រកាន់ថា ក្បត់អង្គការ។ នន់ ត្រូវបានចាត់តាំងធ្វើជាប្រធានកង នៃក្រុមទី២ ដែលទទួលមើលការខុសត្រូវមួយសហគមន៍ មួយរោងបាយ ឬប្រហែលដប់គ្រួសារ។ នន់ មានកូនបង្កើត៥នាក់​ ហើយគាត់ត្រូវទៅធ្វើការឃ្លាតពីក្រុមគ្រួសារម្តងៗរាប់ខែដូចជា ទៅកាប់ និងអាឈើ សម្រាប់ធ្វើរោងបាយជាដើម។ មានពេលខ្លះ ខ្មែរក្រហមចាត់តាំងគាត់ឲ្យទៅខេត្តសៀមរាប ដើម្បីដូរអំបិល និងបន្ទាប់មកគាត់ត្រូវទៅធ្វើការតាមចម្ការជាមួយកងយុវជននារី ដូចជាជម្រះស្មៅ កាប់ដើមឈើសម្រាប់ដាំសណ្តែក។

​នៅសម័យនោះ មានតែប្រធានកងទេ ដែលបានបាយបាតឆ្នាំង និង ដំឡូងមី សម្រាប់ហូប។ ដោយឡែកសម្រាប់ប្រជាជនធម្មតាបានត្រឹមតែបបរនោះទេ។ គាត់​យល់​ឃើញថា ការកាត់មេដឹកនាំខ្មែរក្រហម​បានធ្វើឲ្យគាត់អស់ចិត្ត និងយល់ថា ទទួលបានយុត្តិធម៌សម្រាប់ក្រុមគ្រួសារគាត់ និងសង្គម។ នន់ ជឿជាក់ថា ការអប់រំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការកាត់ទោសនៃតុលាការខ្មែរក្រហមតាមសាលារៀន នឹងជួយការពារមិនឲ្យឧក្រិដ្ឋកម្មមនុស្សជាតិនេះកើតឡើងម្តងទៀត៕

សម្ភាសន៍ដោយ សុង ថានី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin