ខ្ញុំលាក់ប្រវត្តិរូបជាប្រជាជនបូព៌ាដើម្បីរស់
(ស្វាយរៀង) ៖ សូ សាត់ អាយុ៧០ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
កាលនៅសម័យ លន់ នល់ សាត់ បានឃើញទាហានវៀតណាមចូលក្នុងប្រទេសកម្ពុជាតំបន់ព្រំដែនដោយបានចាប់សត្វចិញ្ជឹមរបស់អ្នកស្រុកដូចជា មាន់ទា និងគោ ក្របី។ នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប្រជាជនបានរងទុក្ខទ្វេដង គឺរស់នៅគ្មានសិទ្ធិសេរីភាព។ ខ្មែរក្រហមបានលុបបំបាត់វណ្ណៈក្នុងសង្គមគ្មានអ្នកមាន និងអ្នកក្រ។ ទ្រព្យសម្បត្តិឯកជនទាំងអស់ត្រូវប្រមូលទុកជារបស់ សមូហភាព។ ប្រជាជនត្រូវបង្ខំឲ្យធ្វើការរួមគ្នាក្នុងសហករណ៍គ្មានពេលសម្រាកទាំងឈឺទាំងជា។
រីឯរបបអាហារវិញគឺមិនគ្រប់គ្រាន់ទេ មួយថ្ងៃខ្មែរក្រហមផ្តល់ឲ្យតែបបរលាយជាមួយបន្លែមួយកូនចាន ចំនួនពីរពេល។ មានថ្ងៃខ្លះខ្មែរក្រហមបានចែកអង្ករឲ្យប្រំាពីរកំប៉ុងសម្រាប់មនុស្ស១០០នាក់ក៏មានដែរ។ ជាងនេះទៅទៀត សាត់ បានឃើញខ្មែរក្រហមប្រើប្រជាជនឲ្យវាយកម្ទេចវត្តអារាម ចាប់ផ្សឹកព្រះសង្ឃ និងបង្ខំព្រះសង្ឃទៅធ្វើស្រែចម្ការ ដើម្បីចម្រើនដល់បដិវត្តន៍។ ប្រជាជនទាំងអស់ត្រូវស្លៀកពាក់ខ្មៅ និងអ្នកដែលមានសំលៀកបំពាក់ពណ៌ផ្សេងៗត្រូវយកទៅជ្រលក់ជាមួយផ្លែមាឃ្លឿ។
អ្នកចេះដឹងក្នុងមូលដ្ឋាន និងជម្លៀសមកថ្មីៗដូចជា គ្រូបង្រៀន និងអតីតអ្នករាជការសម័យ លន់ នល់ ត្រូវបានយកទៅសម្លាប់ចោល ព្រោះខ្មែរក្រហមគិតថា អ្នកចេះដឹងទាំងនោះអាចងើបបះបោរប្រឆាំងនឹងរបបខ្លួន។ ខ្មែរក្រហមបានទុកអ្នកគ្មានចំណេះដឹងជ្រៅជ្រះងាយស្រួលបញ្ចុះបញ្ចូល។ លើសពីនេះទៀតសូម្បីតែក្មេងៗស្ថិតក្នុងវ័យសិក្សាក៏មិនបានរៀនច្រើនទេ គឺបានត្រឹមថ្នាក់អក្ខរកម្ម និងត្រូវជួយធ្វើការងារផ្សេងដូចជា មើលគោ ក្របី និងរើសលាមកសត្វមកលាយធ្វើជី។ យុវជន យុវនារី ជាប្រជាជនពេញកម្លាំងត្រូវរស់នៅក្នុងកងចល័តធ្វើការងារធ្ងន់ជាងគេ គឺត្រូវជីកទំនប់លើកប្រឡាយ និងលើកភ្លឺស្រែឲ្យបាន១០ម៉ែត្រក្នុងម្នាក់សម្រាប់មួយថ្ងៃ។
ឪពុករបស់ សាត់ គឺជាអតីតទាហាន លន់ នល់ ត្រូវបានយកទៅសម្លាប់ ដោយចោទថាជាជនក្បត់។ សាត់ មិនបានដឹងពីកន្លែងដែលខ្មែរក្រហមយកឪពុកគាត់ទៅសម្លាប់ទេ។ ក្រោយពីការស្លាប់របស់ឪពុក សាត់ និងគ្រួសារត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់ និងបន្តទៅខេត្តបាត់ដំបង។ ពេលទៅដល់ទីនោះខ្មែរក្រហមបានធ្វើប្រវត្តិរូប តែ សាត់ បានកុហកថា គាត់រស់នៅខេត្តបាត់ដំបងនេះ ទើបគាត់អាចមានជីវិតរស់ដល់សព្វថ្ងៃ តែប្រសិនបើគាត់ប្រាប់ថា មកពីខេត្តស្វាយរៀង នោះគាត់នឹងត្រូវបានសម្លាប់ ដោយចោទប្រកាន់ថា ក្បាលយួនខ្លួនខ្មែរ។
របបអាហារនៅទីនេះគ្រាន់បើជាងនៅខេត្តស្វាយរៀងបន្តិចដោយសារគាត់ត្រូវបានប្រើឲ្យមើលចម្ការក្រូច ល្មុត និងល្ពៅ គាត់អាចលួចបេះផ្លែឈើទាំងនោះហូបបានខ្លះ ប៉ុន្តែត្រូវប្រយ័ត្នខ្លាចមានកងយុវជនចល័តមកឃើញ។ សាត់ រស់នៅដោយប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះខ្លួនបានលាក់ប្រវត្តិរូបក្នុងនាមជាប្រជាជនមកពីភូមិភាគបូព៌ា និងមានឪពុកជាអតីតទាហាន លន់ នល់ មករស់នៅភូមិភាគពាយ័ព្យនេះ។
ក្រោយមករបបខ្មែរក្រហមបានដួលរលំ សាត់ បានធ្វើដំណើរដោយថ្មើរជើងពីខេត្តបាត់ដំបងមករស់នៅជួបជុំបងប្អូននៅស្រុកកំណើតវិញ។ មកដល់ស្រុកដំបូងគាត់បានជួបប្រទះការលំបាកខ្លាំងព្រោះផ្ទះដែលធ្លាប់រស់នៅត្រូវបានរុះរើអស់ណាមួយខ្វះទាំងដើមទុនសម្រាប់រកស៊ី និងគ្រប់ពូជស្រូវសម្រាប់ការបង្កបង្កើនផលផង។ ក្រោយមករស់នៅស្រុកកំណើតបានមួយរយៈទើបគាត់និងគ្រួសារមានជីវភាពសមរម្យដូចសព្វថ្ងៃ។
សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង