ខ្មែរក្រហមធ្វើបាបប្រជាជន

(ស្ទឹងត្រែង)៖ នី ស៊ីម ភេទប្រុស មានអាយុ ៧៨ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ីម មានឪពុកឈ្មោះ មុយ, ម្ដាយឈ្មោះ វណ្ណ និងជាកូនច្បង ក្នុងចំណោមបងប្អូនបីនាក់ (ស្រីពីរនាក់)។
អំឡុងសម័យសង្គមរាស្ត្រនិយម ភូមិអូរស្វាយត្រូវបានបង្កើតឡើយ និងមានប្រជាជនប្រហែល ៧០គ្រួសារ រស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ មិនយូរប៉ុន្មាន នៅឆ្នាំ១៩៧៤ យោធាខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិ ដែលធ្វើឲ្យការរស់នៅរបស់ប្រជាជនមានការលំបាក។ នៅពេលនោះ ខ្មែរក្រហម បានចាត់តាំង ស៊ីម ឲ្យធ្វើជាកងឈ្លបភូមិ។
នៅឆ្នាំ១៩៧៥ ស៊ីម និងប្រជាជនក្នុងភូមិ ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅតាមសហករណ៍។ នៅសហករណ៍ ស៊ីម ត្រូវរស់នៅរួម ធ្វើការរួម និងហូបបាយរួមយ៉ាងលំបាក។ ស៊ីម បន្តថា ក្រោយមក មានការកាប់សម្លាប់មនុស្សនៅក្នុងសហករណ៍។ ខ្មែរក្រហម បានចាត់ទុកអ្នកដែលមានស្នេហាលួចលាក់ ថាខុសសីលធម៌ និង យកទៅវាយសម្លាប់ដោយប្រើត្បូងចប។ ក្រៅពីនេះ សិទ្ធិសេរីភាពរបស់ប្រជាជនត្រូវបានបំបិទ សូម្បីតែការនិយាយស្តី។ ខ្មែរក្រហម បានបង្ខំឲ្យប្រជាជនធ្វើការទាំងគ្មានពេលសម្រាក និងហូបចុកមិនគ្រប់គ្រាន់។ ស៊ីម បានបញ្ជាក់ថា ប្រសិនបើអ្នកណាម្នាក់មិនទៅធ្វើការ នឹងត្រូវខ្មែរក្រហមដាក់ទារុណកម្ម។
ដោយសារការហូបចុកមិនគ្រប់គ្រាន់ ប្រជាជនមួយចំនួនបានលួចនេសាទត្រី ដើម្បីហូប។ ខ្មែរក្រហម បានចោទអ្នកទាំងនោះថាជាខ្មាំងរបស់អង្គការ ក្នុងនោះក៏មានបងប្អូនរបស់ ស៊ីម ដែរ ដែលបានបាត់បង់ជីវិត។
នៅឆ្នាំ១៩៧៩ ស៊ីម និងសមាជិកគ្រួសារដែលរស់រានមានជីវិត ត្រូវបានខ្មែរក្រហមជម្លៀសចេញពីសហករណ៍ដោយថ្មើរជើងឲ្យទៅរស់នៅភ្នំដងរែក អស់ជាច្រើនឆ្នាំ។ ក្រោយមក ស៊ីម បានត្រលប់មករស់នៅភូមិកំណើត និងរៀបការឈ្មោះ ម៉ៅ គីមស្រៀង ហើយមានកូនប្រាំពីរនាក់ ក្នុងនោះស្រីបួននាក់។ សព្វថ្ងៃ ស៊ីម ប្រកបរបរជាកសិករ និងអ្នកនេសាទដើម្បីចិញ្ចឹមជីវិត៕
សម្ភាសដោយ អ៊ី រក្សា ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥