សាន់ ថា អតីតកងទ័ពខ្មែរក្រហម នៅការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង
ខ្ញុំឈ្មោះ សាន់ ថា គឺជាកសិករ និងជាអ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ខ្ញុំរស់នៅភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំកើតនៅក្នុងគ្រួសារកសិករ នៅភូមិចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់ ប៉ុន្តែបានស្លាប់២នាក់ក្នុងរបបខ្មែរក្រហម។ ខ្ញុំបានសិក្សារៀនសូត្រ ដល់ថ្នាក់ទី៤ចាស់នៅសាលាបឋមសិក្សាចំការគួយ ដែលស្ថិតនៅក្នុងភូមិកំណើតរបស់ខ្ញុំ។ ដោយសារតែមានជីវភាពក្រីក្រ ខ្ញុំបានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៤នៅអាយុ១០ឆ្នាំ និងចាប់ផ្តើមរៀនលេង ភ្លេងបុរាណខ្មែរ និងប្រកបរបរលក់ទឹកត្នោត។ ខ្ញុំបានឡើងទៅលេងទ្រសោនៅទីរួមខេត្ត ក្នុងពិធីកាត់ខ្សែសីមាបញ្ចុះ ព្រះវិហារទើបសាងសង់ថ្មី ពិធីបុណ្យទាន ឬកម្មវិធីផ្សេងៗ។
នៅដើមឆ្នាំ១៩៧០ ខ្ញុំទៅលេងភ្លេងបុរាណជាមួយក្រុមភ្លេងប្រចាំភូមិ ក្នុងពិធីបុណ្យមួយនៅទីរួមខេត្តព្រៃវែង។ បន្ទាប់ពីកម្មវិធីបានបញ្ចប់ ខ្ញុំបានធ្វើដំណើរវិលត្រឡប់មកផ្ទះវិញ។ នៅតាមផ្លូវ ខ្ញុំបានឃើញសិស្សានុសិស្ស និងពលរដ្ឋធ្វើបាតុកម្មនៅទីរួមខេត្តព្រៃវៃង។ នៅពេលមកដល់ផ្ទះវិញ ខ្ញុំបាននិយាយប្រាប់ ឪពុកម្ដាយយ៉ាងភ័យតក់ស្លុតចំពោះព្រឹត្តិការណ៍ដែលបានឃើញនោះ។ ពីរខែក្រោយមក គឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារ លន់ នល់ បានកើតឡើង។ ខ្ញុំបានឮការអំពាវនាវឲ្យចូលព្រៃម៉ាគីដើម្បីតស៊ូជាមួយទាហាន លន់ នល់។ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហមបានផ្ទុះឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តលេងភ្លេងតាមកម្មវិធីបុណ្យទាន និងលក់ទឹកត្នោតជាធម្មតានៅតាមផ្សារដើម្បីទទួលបានកម្រៃចិញ្ចឹមគ្រួសារ។ រហូតដល់ឆ្នាំ១៩៧៣ កងទ័ពតស៊ូខ្មែរក្រហមបានចូលមកដល់ភូមិ។ ខ្ញុំ និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីផ្ទះយកទៅភូមិវាលតូចស្ថិតនៅក្នុងតំបន់រំដោះខ្មែរក្រហម។ បន្ទាប់ពីបានមកដល់មូលដ្ឋានតំបន់រំដោះខ្មែរក្រហម ខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើស្រែចម្ការ និងដាំដំណាំកសិកម្មផ្សេងៗ ក្នុងពេលនោះគឺពុំមានការបែងចែកជាកងចល័តនៅឡើយទេ។ សង្គ្រាមរវាង ទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម គឺកាន់តែខ្លាំងឡើងៗនៅតាមផ្លូវគោក។ ខ្ញុំបានឃើញរថក្រោះ ទាហាន លន់ នល់ បើកចេញពីភ្នំឈើកាច់ ស្រុកបាភ្នំ ទៅកាន់ស្រុកស្វាយអន្ទរ។ ក្នុងពេលនោះដែរ កងទ័ពខ្មែរក្រហមបានបើកការវាយឆ្មក់ទៅលើកងរថក្រោះទាហាន លន់ នល់ ជាញឹកញាប់នៅម្ដុំវត្តព្រះជី។ បន្ទាប់ពីទទួលរងការវាយប្រហារពីកងទ័ពខ្មែរក្រហម យន្តហោះដឹកទាហានថ្មើរជើង លន់ នល់ ចំនួន១២ គ្រឿងត្រូវបានបញ្ជូនមកធ្វើការអន្តរាគមន៍។ សមរភូមិរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម បាន បណ្ដាលឲ្យមានការស្លាប់ និងរងរបួសទាំងសងខាង រួមទាំងប្រជាពលរដ្ឋរស់ នៅក្នុងភូមិក្បែរហ្នឹងដែរ។
នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះលើទាហាន លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនទៅកាន់ភូមិដំរីពួន ដើម្បីធ្វើការនៅក្នុងកងចល័តជីកដីព្រែកមានបណ្តោយ ប្រហែល២០០០ម៉ែត្រ។ ខ្ញុំបានឆ្លងកាត់ការលំបាកចេញពីការជីកដីព្រែក ដោយមិនបានជួបមុខឪពុកម្តាយ និងបងប្អូន ហើយការហូបចុកក៏មិនគ្រប់គ្រាន់។ នៅដើមឆ្នាំ១៩៧៦ ខ្ញុំត្រូវបានអង្គការចល័តទៅលើកភ្លឺស្រែ នៅសហករណ៍ផ្សេង និងធ្វើជាឈ្លបបានរយៈពេល៣ខែ។ នៅឆ្នាំ១៩៧៦ដដែលខ្ញុំបានចូលក្នុងកងសិល្បៈខ្មែរក្រហម ប៉ុន្តែមិនដែលបានទៅលេងភ្លេងអ្វីនោះទេ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើជាកងទ័ពខ្មែរក្រហម និងហ្វឹកហ្វឺននៅវត្តព្រៃជ្រាំងបានតែ១សប្ដាហ៍តែប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំត្រូវបានបញ្ជូនទៅសមរភូមិត្រពាំងផ្លុងប្រយុទ្ធជាមួយកងទ័ពវៀតណាម និងទទួលបានជ័យជម្នះ។
នៅឆ្នាំ១៩៧៨ គោលនយោបាយដកហូតអាវុធ និងការប្រមូលផ្ដុំកងទ័ពភូមិភាគបូព៌ាដើម្បីយកទៅធ្វើព្រលានយន្តហោះថ្មីនៅខេត្តកំពង់ឆ្នាំងត្រូវបានដាក់ចេញអនុវត្តន៍។ ខ្ញុំត្រូវបានចាប់បញ្ជូនទៅខាងកំពង់ឆ្នាំង។ នៅពេលមកដល់ព្រលានយន្តហោះកំពង់ឆ្នាំង ខ្ញុំបានឃើញមានមេការចិន (អ្នកជំនាញចិន)មកការដ្ឋាន ប៉ុន្តែខ្ញុំមិនដឹងថាមកធ្វើអ្វីនោះទេ។ ខ្ញុំត្រូវធ្វើការទាំងថ្ងៃទាំងយប់ នៅការដ្ឋានព្រលានយន្តហោះ គ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។ មនុស្សជាច្រើននៅក្នុងការដ្ឋាន បានស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វើការហួសកម្លាំង ការបង្អត់អាហារ និងការកាប់សម្លាប់។ នៅដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវបានចាប់ខ្លួនយកទៅរ៉ារថភ្លើងរមាស ស្ថិតនៅខេត្តកំពង់ឆ្នាំង។ ដោយសារតែដឹងខ្លួនមុន ខ្ញុំបានរត់ភៀសខ្លួនទៅភ្នំឱរ៉ាល់ដើម្បីរួចផុតពីការកាប់សម្លាប់។ ខ្ញុំបានសំងំរស់នៅក្នុងព្រៃលើភ្នំ រហូតដល់ឆ្នាំ១៩៨០ ទើបខ្ញុំបានចុះពីភ្នំមកស្រុកគគរ។ ខ្ញុំបានជាប់ឃុំ ពីព្រោះតែការចោទប្រកាន់ថាជា កងទ័ពខ្មែរក្រហម អស់រយៈពេល៣ខែ។ នៅឆ្នាំ១៩៨៥ ខ្ញុំបានរៀបការជាមួយប្រពន្ធឈ្មោះ ស៊ន់ សឿន មានកូន៤នាក់ និងប្រកបរបរជាកសិករ និងអ្នកលេងភ្លេង បុរាណខ្មែរ ក្នុងកម្មវិធីផ្សេងៗ រហូតមកដល់សព្វថ្ងៃនេះ។
ដោយ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី