ធ្វើការងារធ្ងន់ៗ និងរស់នៅបែកពីគ្រួសារ
អិន ផាត ភេទស្រី មានអាយុ៨៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងអំឡុងរបបខ្មែរក្រហម ផាត និងស្វាមី រស់នៅខេត្តក្រចេះ។ ស្វាមីរបស់ ផាត មានតួនាទីជាអ្នកឡើងត្នោត និងរត់រម៉ក។ បន្ទាប់មកអង្គការចោទប្រកាន់ ផាត និងប្តីរបស់គាត់ ជាអ្នកមាន ជាស្ពានកណ្តាល និងបានចាត់ពីរនាក់ប្ដីប្រពន្ធ ឲ្យមករស់នៅក្នុងព្រៃត្រពាំងស្ក ។
បន្ទាប់ពីទៅដល់ទីនោះ អង្គការបានឲ្យ ផាត កាប់ និងគាស់គល់ឈើធំៗ ហើយប្តីរបស់គាត់ធ្វើជាកងចល័ត។ អង្គការមិនបានអនុញ្ញាតឲ្យ ផាត នៅជុំគ្នាទេ គឺរស់នៅតែជាមួយកូន។ បន្ទាប់ពីការងារកាប់ឈើ និងគាស់គល់ឈើ អង្គការបានប្រើផាតឲ្យទៅលើកទំនប់ទាំងយប់ ទាំងថ្ងៃ។ ចំពោះរបបអាហារដែលអង្គការបានផ្ដល់ឲ្យ គឺបបរក្នុងមួយថ្ងៃបានពីរចាន បបរលាយជាមួយពោត ត្រកួន និងក្តួច។ បបរនោះមិនសូវមានសារជាតិប៉ុន្មានទេ។ កូនរបស់គាត់មិនបាននៅជាប់ជាមួយនឹងគាត់បានរហូតនោះទេ។ នៅពេលព្រឹកគាត់ត្រូវយកកូនទៅដាក់នៅមណ្ឌលដែលមានមនុស្សចាស់ៗនៅមើលថែ ដល់ពេលចេញពីធ្វើការនៅពេលល្ងាចគាត់បានទៅយកកូនមកវិញ។
ផាត មានកូនបួននាក់នៅក្នុងបន្ទុក ក្នុងនោះកូនរបស់គាត់ពីរនាក់ត្រូវយកទៅដាក់នៅមណ្ឌលកុមារជារៀងរាល់ថ្ងៃ និងកូនពីរនាក់ទៀត អង្គការបានបញ្ជូនឲ្យទៅនៅក្នុងកងកុមារ ព្រោះគ្រប់អាយុអាចចូលធ្វើការងារបាន។ ផាត និងគ្រួសារ មិនសូវជាបានជួបមុខគ្នាជាញឹកញយប៉ុន្មាននោះទេ ព្រោះត្រូវមានតួនាទីធ្វើការរៀងៗខ្លួន។ អង្គការបានកំណត់ឲ្យ ផាត ដកសំណាបឲ្យគ្រប់តាមចំនួនប្រាំផ្លូនក្នុងមួយថ្ងៃ។ គាត់បាននិយាយថាការដកសំណាបនោះគឺមានផលលំបាកសម្រាប់អ្នកដែលមិនចេះដក ប៉ុន្តែសម្រាប់អ្នកដែលមានបទពិសោធក្នុងការធ្វើការងារនោះគឺមានភាពងាយស្រួល និងគ្រប់ធ្វើបានគ្រប់ចំនួនដែលអង្គការបានកំណត់។ ផាត បាននិយាយបន្ថែមថា នៅក្នុងរបបនោះគ្រប់ប្រជាជនមិនមានសិទ្ធិប្រមូលយកផលដំណាំដែលគាត់បានដាំដោយផ្ទាល់ដៃរបស់គាត់ឡើយ ព្រោះអង្គការបានឲ្យប្រជាជនយកទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានដាក់ចូលជារបស់រួម។ ផាត ស្ទើរតែត្រូវបានអង្គការចាប់យកទៅសម្លាប់ ដោយសារតែមានអ្នករាយការណ៍ទៅកាន់អង្គការថាគាត់លួចហូបអាហារបន្ថែម។ នៅក្នុងរបបខ្មែរក្រហម មិនមានសម្លៀកបំពាក់បានល្អ ស្អាតត្រឹមត្រូវនោះទេ ព្រោះនៅក្នុងមួយឆ្នាំ អង្គការបានចែកឲ្យតែមួយសម្រាប់ប៉ុណ្ណោះក្នុងមួយនាក់។ នៅពេលសម្រាកយប់ឡើង មិនមាននរណាហ៊ាននិយាយគ្នាឡើយ ព្រោះនៅពេលយប់អង្គការតែងតែចាត់ឲ្យមានអ្នកចាំតាមដាន ក្រែងមានប្រជាជនណានិយាយមិនល្អពីអង្គការ។ ផាត បានបាត់បង់សាច់ញ្ញាតិចំនួនពីរនាក់ គឺលោកយាយរបស់គាត់ និងកូនស្រីរបស់គាត់ម្នាក់។ លោកយាយ និងកូនស្រីរបស់គាត់ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល ដោយបានចោទប្រកាន់ថាមានជាប់ខ្សែស្រឡាយជាមួយនឹងជនជាតិវៀតណាម។
អត្ថបទដោយ៖ ផុន សាវ៉ាន់
កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី