ឡេង ភាព៖ អតីតប្រធានអនុសេនាតូច កងពល៨០១

ឡេង ភាព អតីតប្រធានអនុសេនាតូច កងពល៨០១ប្រចាំការនៅខេត្តរតនៈគិរី បានរៀបរាប់ដំណើរជីវិតជាកងទ័ព ការលំបាក វេទនា និងការពិការដៃជើងកំរើកមិនបានដោយសារសង្រ្គាមនៅតាមបណ្ដោយព្រំដែនដូចខាងក្រោម៖។

ខ្ញុំឈ្មោះ ឡេង ភាព ភេទប្រុស អាយុ៧០ឆ្នាំមានស្រុកកំណើតនៅក្នុងភូមិចក ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សព្វថ្ងៃខ្ញុំប្រកបមុខរបរ ធ្វើចម្ការ ដាំពោត និងដាំសណ្ដែក។ ខ្ញុំមានប្រពន្ធ២នាក់ សរុបកូនទាំងអស់ចំនួន ៨នាក់ ក្នុងនោះមានស្រី៣នាក់ និងប្រុស៥នាក់។ ប្រពន្ធទី១ ឈ្មោះ ព្រំ ណៃ អាយុ៦៤ឆ្នាំ មានកូនចំនួន៦នាក់ ក្នុងនោះមានស្រី១នាក់ និងប្រុស៥នាក់។ សព្វថ្ងៃកូនខ្ញុំនៅលីវ៦នាក់។ ខ្ញុំមានឪពុកឈ្មោះ ពិល ឡេង ទទួលមរណៈភាពតាំងពីឆ្នាំ១៩៧០ នៅពេលខ្ញុំអាយុ១៨ឆ្នាំ។ ម្ដាយខ្ញុំឈ្មោះ ស៊ុន យ៉ែម ស្លាប់។ ខ្ញុំមានបងប្អូន៦នាក់ ក្នុងនោះមានស្រី១នាក់ និងប្រុស៥នាក់សព្វថ្ងៃ នៅសល់៣នាក់ ស្លាប់អស់៣នាក់ដោយសារជំងឺ។ ខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំបានសិក្សារៀនសូត្រដល់ថ្នាក់ទី៩សម័យសង្គមរាស្រ្តនិយម នៅសាលាបឋមសិក្សាកំពង់ចិន។ ខ្ញុំឈប់រៀនក្នុងឆ្នាំ១៩៦៩ ដោយសារតែស្រុកទេសកើតសង្រ្គាម។ ខ្ញុំបានជួយធ្វើស្រែចម្ការរជាមួយម៉ែឪ មិនបាន១ឆ្នាំ។

រហូតដល់ឆ្នាំ១៩៧០ដោយសារខ្ញុំបានស្ដាប់ការអំពាវនាវពីសម្តេចព្រះ នរោត្តម សីហនុ ឲ្យចូលព្រៃម៉ាគី ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើបដិវត្តន៍តែម្ដង។ មុនដំបូងមានមេភូមិជ្រើសរើស និងបញ្ជូនខ្ញុំឲ្យទៅរៀនសូត្រនយោបាយ។ ខ្ញុំបានចូលបដិវត្តន៍ដំបូងនៅស្រុកស្ទោង និងបានហ្វឹកហាត់យោធាប្រហែលជា២ខែរួចបន្តទៅ ខេត្តកំពង់ធំ ដើម្បីហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត។ ឆ្នាំ១៩៧២ខ្ញុំទៅធ្វើជាកងទ័ពក្នុងវរសនាតូច ដើម្បីការពារនៅតំបន់អង្គរវត្ត។ កាលនោះទាហាន លន់ នល់ គ្រប់គ្រងនៅផ្សារសៀមរាប តែអង្គរវត្តខ្មែរក្រហមអ្នកកាន់កាប់។ អង្គការមានការបែងចែកជាកងតំបន់, កងភូមិភាគ និងកងស្រួច ចំណែករូបខ្ញុំកាលនោះនៅក្នុងកងទ័ពស្រួចចំណុះមជ្ឈិម។ មួយវរសេនាតូចមានគ្នា៤០០នាក់ មានប្រធានឈ្មោះតាឡឺ និងតាធិន។ ធិន ជាជនជាតិឡាវ ចំណែកតាឡឺជាជនជាតិចារាយ។ តាប៉ៃ ជនជាតិលាវ និងតាពា ជាជនជាតិចារាយ។ មេទាំងបួននាក់មកពីខាងរតនគិរី ព្រោះពួកគាត់តស៊ូតាំងពីឆ្នាំ ១៩៦៧-១៩៦៨។ ខ្ញុំនៅជាមួយគាត់តាំងពីដំបូងក្នុងមួយក្រុមមាន១២នាក់។ ក្រោយមកខ្ញុំនៅសមរភូមិពិសេស វាយទាហាន លន់ នល់ ព្រោះខ្ញុំមានតួនាទីជាកងពិសេស។ ពេលចេញមកខ្ញុំមានមុខព្រួញទៅភ្នំអស្ឋរស ឬហៅថា ភូមិភាគពិសេសរហូតដល់រំដោះឆ្នាំ១៩៧៥ ទើបបានទៅនៅរតនគិរី។

ភូមិភាគពិសេសជាភូមិភាគដែលស្ថិតនៅជុំវិញភ្នំពេញ។ អំឡុងពេលនោះខ្ញុំស្ថិតនៅក្នុងកងពលលេខ១៤ ប្រយុទ្ធនៅសមរភូមិពាយ័ព្យភ្នំពេញ។ ប្រធានកងពលឈ្មោះ សារឿន នៅខេត្តតាកែវ ឈ្មោះសាន នៅខេត្តស្ទឹងត្រែង។ សារឿនជាប្រធានកងពលទទួលនយោបាយ និងបងសានកាន់ខាងយោធា។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៤ ខ្ញុំត្រូវរបួសនៅតាគោលតាពែក ឬសមរភូមិទួលតាសេក រថក្រោះរបស់ លន់ នល់ បាញ់បុក។ នៅក្នុងភូមិត្រពាំងព្រះ ហៅជ្វាំ។ ពេលត្រូវរបួសខ្ញុំទៅព្យាបាលនៅភូមិចង្វាលរាល ខេត្តកំពង់ឆ្នាំង ដោយមានវេជ្ជបណ្ឌិត ជួន ជឿន ជាអ្នកព្យាបាល។ ខ្ញុំដេកពេទ្យបាន៦ខែចេញពីពេទ្យមកសមរភូមិនៅឧដុង្គវិញ។ ដល់ពេលខ្ញុំត្រឡប់មកវិញ ខែវរស្សារគ្មានធ្វើអ្វីទេ។

ចូលដល់ឆ្នាំ១៩៧៥ បានប្រជាជនប្រមូលផលបានចាប់ផ្ដើមបើកសមរភូមិទៀត ហើយខ្ញុំក៏បានត្រូវរបួសម្តងទៀត។ ខ្ញុំត្រូវបញ្ជូនមកចង្វាលរាលដដែល។ ពេលខ្ញុំចេញពីពេទ្យ ខ្ញុំបានត្រឡប់មកអង្គភាពវិញ។ កាលនោះអង្គភាពខ្ញុំនៅម្ដុំពេទ្យ លោកសង្ឈ ផ្សារទឹកល្អក់ សាលារៀនសន្ធរម៉ុក មុខព្រួញរបស់ខ្ញុំ សម្រាកនៅសាលារៀនសន្ធរម៉ុក។ ខ្ញុំនៅក្នុងកងពលលេខ១៤ សាលារៀនសន្ធរម៉ុក សម្រាកបានមួយខែខ្ញុំទៅធ្វើស្រែ។ ខ្ញុំបានមកធ្វើស្រែនៅម្ដុំកប់ស្រូវ ខ្មួញ ប៉ាយ៉ាប។ ដល់ខែ១១ខ្ញុំបានត្រឡប់មកវិញ ហើយឡើងទៅរៀនរួចទៅរតនគិរីតែម្តង។ នៅចុងឆ្នាំ១៩៧៥ខ្ញុំមករៀននៅស្តាតអូរឡាំពិក រហូតដល់ខែ១២ទើបទៅខេត្តរតនគិរី។ ខ្ញុំបានទៅដល់រតនគិរី ខែមករា ព្រោះទៅឈប់នៅខេត្តស្ទឹងត្រែង ជួយច្រូតស្រូវប្រជាជន។ នៅក្នុងកងពល៨០១ មានអង្គភាពចម្រុះគ្នា ដោយតាមអង្គភាពនីមួយៗ ជ្រើសរើសកម្លាំងមកពីខាងយន្តហោះ ខាងដឹកជញ្ជូន និងខាងកាំភ្លើងធំ។ ខ្ញុំទៅដល់រតនគិរីខ្ញុំនៅតែជាប្រធានអនុសេនាតូចដដែល។ ប្រធានកងពលឈ្មោះ សារឿន ០៥ និង សាន ០៦ អនុប្រធាន។ ក្រោយអង្គការដក សាន០៦ ទៅនៅខាងមណ្ឌលគិរីកាន់កងពលលេខ៩២០។ ខ្ញុំទៅនៅព្រំដែនរួចផ្លាស់ប្ដូរកន្លែងមកធ្វើរោង កាប់ចម្ការ ដាំស្រូវ ចាំដេញវៀតណាម។ កាលដែលច្បាំងជាមួយយួនខាងជើង-ត្បូងនៅម្ដុំកន្ទុយនាគ នឹងសុទ្ធតែ ចម្ការដំឡូង និងចម្ការកៅស៊ូ។

រហូតដល់ឆ្នាំ១៩៧៧ឲ្យតែមានវៀតណាមដើរលើដីខ្មែរដឹងតែវាយគ្នា។ ខ្ញុំធ្លាប់ទៅវាយយួននៅម្ដុំអូរយ៉ាដាវ ហើយកម្លាំងវាចូលស៊ើបដល់វើនសៃអ្នកណារត់គឺបាញ់ហើយ។ ប៉ុន្តែបើសិនជាយើងចាប់បានសួរចម្លើយរួចបញ្ជូនមកភ្នំពេញ។ កាលនោះចាប់បានច្រើនណាស់ យួនវាយជាមួយខ្មែរក្រហមស្លាប់ច្រើនណាស់ គ្នាខ្ញុំ៦នាក់នៅជុំគ្នាខាងឦសាន។ ឈ្មោះ យ៉ា ជាគណៈភូមិភាគ។ ខ្ញុំបានដើរតាមព្រំដែនចេញចូលក្នុងព្រៃ។ ខែមករា ឆ្នាំ១៩៧៦ ខ្ញុំបានទៅដល់ធ្វើផ្ទះសម្បែងច្រូតស្បូវនិងពិនិត្យតាមព្រំដែន។ វៀតណាមដើរមើលដីវា បើយើងដើរ ចូលដីវៀតណាម យើងថយមកវិញ។ ខ្ញុំនៅយាមរហូតដល់ថ្ងៃត្រូវរបួសខែ១០ឆ្នាំ១៩៧៨ និងបានជិះយន្តហោះមកដេកនៅភ្នំពេញ។ ចូលឆ្នាំ១៩៧៩ ខ្ញុំបានជិះរទេះភ្លើងនិងធ្វើដំណើររហូតដីថៃ។ កាលឆ្នាំ១៩៧៨ ខ្ញុំត្រូវរបួសដៃធ្ងន់ធ្ងរ បណ្ដាលឲ្យពិការដៃ ហើយជើងក៏ត្រូវខ្លាំងបត់មិនបាន។ គ្នាខ្ញុំមានគ្នា៦នាក់នៅ២លេណដ្ឋាន គឺមួយលេណដ្ឋានមានគ្នា៣នាក់ ព្រឹកឡើងយើងទៅប្រមូលគ្រាប់បែក។ យួនវាបាញ់ៗ សុវ៉ាន់ទីណៃ(M79)មួយដើម អាការ ប៉ុនសុវ៉ាន់ទីណៃ(M79)បាញ់លើអាកាស។ គ្រាប់ផ្ទុះគឺថាគ្រាប់ក្ដក់ កាលណាគ្រាប់ដាក់ឆ្លាស់គ្នា ៣គ្រាប់អាផ្ទុះមួយៗវាមានលូតក្បាលវា។ អាការបាញ់រះចេញ៣គ្រាប់មួយគ្រាប់ផ្ទុះតែម្ដង។ វាបាញ់រះត្រូវទាំងអស់ ព្រោះជើងខ្ញុំលុតជង្គង់ ត្រូវចេញពីនេះទៅបាត់ទៅ។ វាបាញ់រះសុវ៉ាន់ទីណៃ(M79) វាបាញ់គ្រាប់សំដៅក្បាល។

នៅថ្ងៃទី២៨ខែ១០អង្គការបានបញ្ជូនខ្ញុំដាក់យន្តហោះពីរតនគិរីមកដេកពេទ្យ ព-៩៨ ពេទ្យមុន្នីវង្សពេទ្យព-៩៨ ជាពេទ្យរបស់សេនាធិការ។ ខ្ញុំដេកពេទ្យរហូតដល់ថ្ងៃរត់ ព្រោះថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ពេទ្យសែងខ្ញុំដាក់រថភ្លើងមកនៅថ្មគោល។ ពេលដែលយួនចូលឆ្នាំ១៩៧៩ ខ្ញុំមកដល់ថ្មគោល ដើរធ្លាក់ប៉ៃលិន ចេញពីប៉ៃលិន មកសំឡូត ចេញពីសំឡូត មកដល់លាចនេះ តាមផ្លូវមកនេះមោងគិរី, ក្បាលគោ, អូសោម, ធ្លាក់ថ្មដារ និងស្នាក់នៅជំរំនឹងតែម្ដង។ ខ្ញុំបានជិះរថភ្លើងមកចុះនៅថ្មគោល រួចបន្តទៅប៉ៃលិន។ ខ្ញុំដើរដោយប្រើឈើច្រត់បានតែរបួសមិនទាន់ជាទេ។ ខ្ញុំដើរបានតិចៗ ថ្នាំសុំពេទ្យលេប ហើយនៅជាមួយពេទ្យរហូត។ ខ្ញុំបានទៅដេកពេទ្យនៅជំរំបន្តទៀត។ ដៃខ្ញុំខាងស្ដាំធ្វើការងារមិនកើតទេ។ ខ្ញុំបានបន្តដំណើរពីសំឡូតចេញមកលាច។ ពេលនោះមិនថាប្រជាជន មិនថាក្រសួងមន្ទីរ ស្លាប់ច្រើនណាស់ ស្លាប់ដោយសារអត់បាយ និងខ្លះទៀតរត់ទៅថៃ។ ខ្ញុំបានចូលទៅចម្ការសាវម៉ាវ កន្លែងស្ពានថ្ម ជំរំម៉ៃរូត ខៅឡាន។ ខ្ញុំបានទៅដេកពេទ្យមួយខែ។ ខ្ញុំបានចូលមកប៉ៃលិន ចេញពីប៉ៃលិនមកត្រាំង អូរអន្លក់ មកចូលជំរំម៉ៃរូច ខៅឡាន។ ខែ៤ ឆ្នាំ១៩៧៩ ខ្ញុំបានទៅនៅទីនោះ និងរស់នៅបានមួយខែក៏ត្រឡប់ចូលមកដីខ្មែរវិញ ឡានថៃដឹកមកប៉ៃលិន ខ្ញុំចូលមករស់នៅក្នុងអង្គការភាពពិការ។ ខ្ញុំឃើញមានជនពីការច្រើនណាស់ ប្រហែលជា៣០០-៤០០នាក់។ ខ្ញុំនៅប៉ៃលិនរយពេលមួយខែ។ ជំរំភៀសខ្លួនមានមនុស្សរាប់ម៉ឺន។ យើងនៅសមុទ្រ ថ្មដារ ទៅជិតក្លងយ៉ៃ ។

ដល់ឆ្នាំ១៩៨១ខ្ញុំឡើងមកថ្មដារនៅកន្លែងជនពិការ។ តាកែន ជាអ្នកគ្រប់គ្រងនៅកន្លែងជនពិការ ប៉ុន្តែពីមុនកាន់ ក្រសួង៨៧០ ជំនួស ប៉ង់។ ឆ្នាំ១៩៨១ នៅហៅមន្ទីរ៨៧០ ដដែល។ ជំនាន់នោះខ្ញុំស្គាល់មេៗ និងឮតាមប្រជាជននាំគ្នានិយាយថាអង្គការចាប់ ប៉ង់។ រួចតាកែន បានឡើងជាប្រធានមន្ទីរ៨៧០ ហើយកុមារកំព្រាមួយម៉ឹននាក់ត្រូវបានអង្គការសម្លាប់ចោល នៅភូមិបូព៌ា។ នៅភូមិភាគបូព៌ា កុមារជំទង់ៗអាយុប្រហែលជា១៨ទៅ១៩ឆ្នាំប្រហែលជាមួយម៉ឺននាក់ កាលនោះធ្វើសំបុត្រយកទៅវាយចោល។ កាលនោះ កែវ សារឿន ថ្នាក់ដឹកនាំកងពល៨០១ ម្នាក់ត្រូវបានអង្គការចាប់ខ្លួន ដោយសារខុសសីលធម៌។ ចំណែក សារឿន០៥ និងបងសាន០៦ ទើបស្លាប់មុនសមាហរណកម្មបន្តិចនេះទេ។ ធិន ពីមុនជាវរសេនាធំ បានឡើងកងពល រួចបានចេញពីកងពលទៅជាគណៈតំបន់១០១ នៅភូមិភាគឦសាន។ ធិន ជាគណកងពលនៅ៨០១។ តាសាន មានប្រពន្ធឈ្មោះ វីន ពីមុនជាគណកងវរសេនាធំនារីដឹកជញ្ជូនក្នុង អង្គភាព៨០១។

ខ្ញុំបានរៀបការតាំងពីនៅក្នុងកងពិការ។ ខ្ញុំចេញពីកន្លែងដឹកជញ្ជូនមកនៅកន្លែងពិការ ហើយក្រោយមកចេញពីកន្លែងពិការមកនៅកន្លែងអ៊ំកែនក្បែរកងការពារតាៗ។ បន្ទាប់មកខ្ញុំមកនៅសំឡូតរហូតដល់រត់ទៅជំរំនៅប្រទេសថៃ។ ខ្ញុំនៅសំឡូតនៅភ្នំក្បាលឡាន រួចខ្ញុំបានរត់ទៅជំរំសាយខេ។ ខ្ញុំទៅនៅសំឡូតពីឆ្នាំ១៧៨៩ ដល់ឆ្នាំ១៩៩៦ នៅអូររថក្រោះជិតផ្ទះតាដន។ ឆ្នាំ១៩៩៦បានជាខ្ញុំមកនៅស្ទឹងថ្មី ស្រុកវាលវែង ព្រោះមានការជ្រើសរើសដោយស្ម័គ្រចិត្ត ព្រោះកន្លែងនេះមានមនុស្សតិច ហើយមានទឹកដីធំ ដូច្នេះត្រូវរើសអ្នកមកពីសំឡូត១០០គ្រួសារមកនៅស្ទឹងថ្មី។ ខ្ញុំឆ្លើយមិនមកបីដងហើយ ប៉ុន្តែតាពៅនៅតែយកខ្ញុំនិងគ្រួសារមកនៅទីនេះដដែល។ តាឡឺ ជាគ្រូបង្រៀន ក្រោយមកបានបួសជាព្រះសង្ឃ។ ក្រោយមកខ្មែរក្រហមបានយកលោកតាឡឺ ទៅវាយចោលរួចយកត្បូងពីលោក។ ត្បូងរបស់លោក គឺលោកទៅសុំយាយយ៉ាត ឲ្យលោកស្មោះត្រង់ ចិត្តស្មោះត្រង់នឹងធម៌ព្រះពុទ្ធ។ ដល់ពេលប្រជាជនយើងនាំគ្នាធ្វើមាតុភូមិពីជំរំសាយខេ លោកតាឡឺ បានមកគង់នៅអូសរថក្រោះសំឡូត។ ដល់ឆ្នាំ១៩៩៣ ខ្មែរក្រហមបានវាយលោកតាឡឺ ចោល។ រឿងដែលខ្មែរក្រហមវាយលោកតាឡឺដោយសារតែខ្មែរក្រហមឲ្យលោកសឹក ហើយលោកមិនព្រមសឹក។ រឿងរ៉ាវដែលខ្ញុំចាំមិនភ្លេចនោះ គឺតាំងពីខ្ញុំចេញពីផ្ទះឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៧៩ ខ្ញុំមិនធ្លាប់បានចូលផ្ទះទេ ត្រូវរស់ឃ្លាតឆ្ងាយ បែកបាក់គ្រួសារ។

អត្ថបទ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin