សួន កាសេត្រ ៖ វិស្វករក្សេត្រកម្ម ត្រូវបានខ្មែរក្រហមចាប់ខ្លួន

តាមរយៈចម្លើយសារភាពឯកសារD៤១៧៨០ សួន កាសេត្រ ហៅ សេត ភេទប្រុស អាយុ៤១ឆ្នាំ(នៅក្នុងឆ្នាំ១៩៧៥)ធ្វើការនៅទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្ម ត្រូវបានឃាត់ខ្លួនយកមកសួរចម្លើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៧៦។ រីឯសៀវភៅគុកទួលស្លែងដែលដកស្រង់ចេញពីបញ្ជីឈ្មោះអ្នកទោសនៅមន្ទីរសន្តិសុខ ស-២១ ទួលស្លែង«សារមន្ទីរទួលស្លែង» នៅទំព័រអ្នកទោសផ្នែកវិស្វករ ក៏បានរកឃើញឈ្មោះ សួន កាសេត្រ ចាប់មកពីតំបន់២២ មុខងារបច្ចេកទេសកសិកម្ម ថ្ងៃចូលទី១៨ ខែមករា ឆ្នាំ១៩៧៦ ដែលមានការបរិច្ឆេទដូចគ្នា។ ដោយឡែកឯកសារ I០៨៣៦២ បានផ្ដល់ព័ត៌មានអំពី សួន កាសេត្រ ឃាត់ខ្លួននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៥ នៅភូមិទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម តំបន់២២។ ចំណែកប្អូនស្រីរបស់ សួន កាសេត្រ បានប្រាប់ថា «បងប្រុសបាត់ដំណឹងតាំងពីខ្មែរក្រហមចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខ្ញុំមិនអស់ចិត្តពី បង កាសេត្រ ក៏រកមើលហោ គ្រូហោ ថានៅរស់ប៉ុន្តែខ្ញុំមិនមានសង្ឃឹមទេបើនៅរស់ គាត់មករកផ្ទះហើយ»។ ទោះបីជាប្រភពឯកសារផ្សេងៗមិនមានផ្ដល់ព័ត៌មានអំពីកាលបរិច្ឆេទថ្ងៃកម្ទេច ប៉ុន្តែយើងអាចសន្និដ្ឋានបានថា សួន កាសេត្រ ត្រូវបានខ្មែរក្រហមសម្លាប់ នៅអំឡុងឆ្នាំ១៩៧៦។
ខាងក្រោមគឺជាចម្លើយសារភាព សួន កាសេត្រ៖
ខ្ញុំឈ្មោះ សួន កាសេត្រ ឈ្មោះហៅក្រៅ សេត មានស្រុកកំណើតនៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុកខ្ញុំឈ្មោះ សួន ស៊ឹង និង ម្ដាយឈ្មោះ ដែង ឆៅ មានមុខរបរជាកសិករ។
នៅឆ្នាំ១៩៤១ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាវត្តកំផែង ខេត្តបាត់ដំបង។ ពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤៦ ខ្ញុំរៀននៅសាលាបឋមសិក្សានិងមធ្យមសិក្សាវត្តសំពៅ និងវត្តពិភិទ ជាមួយនឹងរដ្ឋាភិបាលសៀមដែលត្រួតត្រាខេត្តបាត់ដំបងកាលសម័យនោះ។ ពីឆ្នាំ១៩៤៦ ដល់ ឆ្នាំ១៩៤៧ ខ្ញុំរៀននៅទីក្រុងបាងកក ប្រទេសថៃ ថ្នាក់មធ្យមសិក្សាឆ្នាំទី៤។ នៅឆ្នាំ១៩៤៨ ខ្ញុំត្រឡប់មកស្រុកកំណើតនៅខេត្តបាត់ដំបង និងរៀនបន្តថ្នាក់ទី៧ នៅសាលាបឋមសិក្សាកណ្ដាល ក្រុងបាត់ដំបង រហូតប្រឡងជាប់សញ្ញាបត្របឋមសិក្សា។ នៅឆ្នាំ១៩៥២ ខ្ញុំរៀននៅអនុវិទ្យាល័យបាត់ដំបងពីថ្នាក់ទី៣ដល់ថ្នាក់ទី៦ (សង្គមចាស់) ហើយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា។ ក្រោយមកដោយសារខេត្តបាត់ដំបង មិនមានកម្រិតឌីប្លូម ទើបខ្ញុំមករៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៥៥ រហូតដល់ថ្នាក់បញ្ចប់ផ្នែកគណិតសាស្រ្ត។ ពីឆ្នាំ១៩៥៥ ដល់ ឆ្នាំ១៩៦០ ខ្ញុំបន្តការសិក្សានៅវិទ្យាស្ថានជាតិក្សេត្រសាស្រ្តនៃទីក្រុង សិបប្លូ ប្រទេសបែលហ្ស៉ិក។ ខ្ញុំបានប្រឡងជាប់សញ្ញាបត្រវិស្វករក្សេត្រកម្ម ផ្នែកគង្គា រុក្ខា។
ប្រវត្តិការងាររដ្ឋការ
បន្ទាប់ពីខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញ ចន្លោះពីឆ្នាំ១៩៦១ ដល់ ឆ្នាំ១៩៦២ ខ្ញុំទទួលបន្ទុកអធិការដ្ឋានផ្នែកបច្ចេកទេសទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្ម។ ពីឆ្នាំ១៩៦២ ដល់ ឆ្នាំ១៩៦៤ ខ្ញុំគឺជាអ្នកទទួលបន្ទុកវិជ្ជាស្ថានផ្នែករុករកវិទ្យាសាស្រ្តខាងព្រៃឈើ។ ពីឆ្នាំ១៩៦៤ ដល់ ឆ្នាំ១៩៦៧ ខ្ញុំគឺជានាយករងផ្នែកបច្ចេកទេសនៃក្រុមគង្គា រុក្ខា និងប្រមាញ់។ ពីឆ្នាំ១៩៦៧ ដល់ ឆ្នាំ១៩៦៨ ខ្ញុំការធ្វើជាអគ្គនាយកក្រុមហ៊ុនជាតិផ្នែកអាជីវកម្មព្រៃឈើ នៅកំពង់សោម។ ចាប់ពីឆ្នាំ១៩៦៨ ដល់ ឆ្នាំ១៩៧១ ខ្ញុំធ្វើជានាយកក្រុមហ៊ុនគង្គា រុក្ខា និងប្រមាញ់។ ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ខ្ញុំគឺជានាយកផ្នែកស្ថិតិ សេដ្ឋកិច្ច និងផែនការ នៅទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្ម។ ពីឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៥ ខ្ញុំគឺជាអគ្គនាយកទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្មរហូតដល់ក្រុងភ្នំពេញត្រូវបានរំដោះ។
ខ្ញុំរៀបការជាមួយប្រពន្ធ ឈ្មោះ ស៊ុយ សុខុម៉ាលី រស់នៅសង្កាត់លេខ៣ ក្រុងភ្នំពេញ។ ខ្ញុំមានឪពុកក្មេកឈ្មោះ ស៊ុយ ខេង និង ម្ដាយក្មេកឈ្មោះ មាសកេតុ សុជាតិ។ ប្រពន្ធរបស់ខ្ញុំគឺជាសាស្រ្តាចារ្យមធ្យមសិក្សាផ្នែកភាសាអង់គ្លេស។ ក្រោយមកយើងមានកូនចំនួន៣នាក់គឺប្រុស១នាក់ និងស្រី២នាក់។
នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ រួមជាមួយ លិម គីម៉ារី និង ប្រពន្ធរបស់គាត់ ជូឡុង រាំងស៊ី ធ្វើការនៅធនាគារខ្មែរពាណិជ្ជកម្ម, យិម ឡាយឿន និងគ្រួសារ ធ្វើការនៅក្រុមហ៊ុនសាធារណការក្រុង, ឃុន នរាយន៍ និង គ្រួសារធ្វើការនៅក្រសួងឧស្សាហកម្ម, អ៊ឹង ថន និង គ្រួសារធ្វើការនៅទីស្ដីការរដ្ឋមន្ត្រីទី១។ នៅតាមផ្លូវធ្វើដំណើរ និងកន្លែងស្នាក់ ខ្ញុំបានជួបជាមួយ អ៊ូ វិនឌី និងគ្រួសារធ្វើការនៅក្រសួងការបរទេស, យឿន,នកយន៍ និង ថន។ អ្នកទាំងនោះទៅនៅមូលដ្ឋានទួលទ្រា តំបន់២២ ក្នុងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្ដាល ជាមួយខ្ញុំនៅដើមខែមិថុនា ឆ្នាំ១៩៧៥។
សួន ឆេន ត្រូវជាប្អូនស្រី របស់ សួន កាសេត្រ រៀបរាប់ថា ៖
បង កាសេត្រ គឺជាបងប្រុសច្បងនៅក្នុងគ្រួសារ។ បន្ទាប់ពីបងកាសេត្រ គឺមាន ខ្ញុំ (សួន ឆេន),ប្អូនស្រីរស់នៅប្រទេសបារាំង ឈ្មោះ សួន សុឆាត និងប្អូនប្រុសម្នាក់ទៀតឈ្មោះ សួន ប្រាក់សុង បាត់បង់ជីវិតដោយសារយោធាខ្មែរក្រហមបាញ់សម្លាប់។ បងប្អូនខ្ញុំកើតនៅភូមិវត្តគរ ឃុំវត្តគរ ស្រុកបាត់ដំបង (បច្ចុប្បន្នក្រុងបាត់ដំបង) ខេត្តបាត់ដំបង។
កាលបង កាសេត្រ រៀននៅថៃ ខ្ញុំនៅតូចនៅឡើយ។ ខ្ញុំឮម្ដាយខ្ញុំនិយាយថា ខ្មែរនិងថៃមានទំនាស់រួចក៏បិទព្រំដែន ដូច្នេះម្ដាយខ្ញុំបានជួលយាយម្នាក់នៅជិតផ្ទះឱ្យទៅយកបងប្រុសពីថៃមកផ្ទះវិញ ព្រោះខ្លាចមានគ្រោះថ្នាក់។ ពេលត្រឡប់មកបាត់ដំបងវិញ បង កាសេត្រ បានចូលរៀននៅបឋមសិក្សាវត្តគរ។ ក្រោយមក បងកាសេត្ររៀននៅជិតស្ពានថ្មថ្មីប៉ុន្តែខ្ញុំមិនដឹងថាសាលាឈ្មោះអ្វីទេកាលនោះ។ ពេលឡើងដល់កម្រិតវិទ្យាល័យ បង កាសេត្រ បានឡើងមករៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងក្រុងភ្នំពេញ ដោយសារខេត្តបាត់តំបងមិនមានវិទ្យាល័យ។ បង កាសេត្រ រៀនពូកែ ហើយគាត់បានប្រឡងជាប់បាក់អង បាក់ឌុប ព្រមទាំងជាប់ទាំងភាសាខ្មែរ និងភាសាបារាំង។ តមកទៀត បងកាសេត្រ ទទួលបានអាហាររូបករណ៍ទៅប្រទេសបារាំង ប៉ុន្តែស្រាប់តែរដ្ឋាភិបាលឱ្យគាត់រៀននៅប្រទេសបែលហ្ស៊ិកវិញ នៅចន្លោះឆ្នាំ១៩៥៨ ដល់ ឆ្នាំ១៩៥៩ ផ្នែកវិស្វករកសិកម្ម។ រដ្ឋាភិបាលតម្រូវឱ្យ បងកាសេត្រ ជិះកប៉ាល់ ប្រសិនបើចង់ជិះយន្តហោះគាត់ត្រូវចេញប្រាក់ថ្លៃសំបុត្រយន្តហោះដោយខ្លួនឯង។ ឪពុកម្ដាយខ្ញុំគឺជាកសិករមិនសូវសម្បូរប្រាក់ទេ។ ឪពុកម្តាយខ្ញុំដើរសុំបងប្អូនរបស់គាត់បានប្រាក់គ្រប់ចំនួនថ្លៃសំបុត្រយន្តហោះឱ្យបងកាសេត្រ។ បង កាសេត្រ រៀនផងធ្វើការផងរយៈពេល៥ឆ្នាំ។ នៅក្នុងឆ្នាំ១៩៦២ គាត់ត្រឡប់មកស្រុកខ្មែរវិញ។ ពេលមកដល់ស្រុកខ្មែរ គាត់ធ្វើការនៅក្រសួងកសិកម្មដែលមានទីតាំងនៅចំការមន។ នៅកន្លែងធ្វើការអ្នកក្រោមបង្គាប់របស់ បងកាសេត្រ ស្រឡាញ់ចូលចិត្ត បងកាសេត្រ ណាស់ ដោយសារតែគាត់ស្លូតបូត។
បង កាសេត្រ រៀបការនៅក្នុងឆ្នាំ១៩៦៣ ដូចខ្ញុំដែរ។ ប្រពន្ធរបស់គាត់ឈ្មោះ សុខុម៉ាលី ហៅ ម៉ី។ ឪពុកក្មេកគាត់ធ្វើការខាងមេព្រៃ។ បង កាសេត្រ មានកូនចំនួន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់។ មុនខ្មែរក្រហមចូលមករយៈពេលពីរខែ បង កាសេត្រ បានបញ្ជូនប្រពន្ធនិងកូនទាំង៣នាក់ទៅរស់នៅប្រទេសបារាំងជាមួយប្អូនស្រីខ្ញុំដែលមិនទាន់មានគ្រួសារ។ កូនស្រីច្បងរបស់បង កាសេត្រ ឈ្មោះ សួន សុណន់ដា, បន្ទាប់មក សួន ដានី និងកូនប្រុសពៅនៅតូចឈ្មោះ ប្រុស។ ក្រោយមក កូនរបស់បង កាសេត្រ ឈ្មោះ ប្រុស បានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនៅប្រទេសយូកូស្លាវីខណៈពេលម្ដាយខ្ញុំទៅលេងបងរបស់គាត់ធ្វើការនៅទូតយូហ្គោស្លាវី និងឆ្លៀតយកចៅប្រុសទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលមកគ្រប់គ្រងខ្ញុំមិនមានដំណឹងពី បង កាសេត្រ ទៀតទេព្រោះខ្ញុំបានផ្លាស់ទៅរស់នៅបាត់ដំបង។
ចន្លោះពីឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៨២ ផ្លូវគមនាគមន៍ពីភ្នំពេញទៅបាត់ដំបង មិនងាយស្រួលទេហើយរថយន្តក៏មិនសម្បូរដែរ គឺមានតែឡានដឹកទំនិញធំៗប៉ុណ្ណោះ។ ក្រោយមកខ្ញុំមានឱកាសទៅលេងបងប្អូននៅភ្នំពេញ ខ្ញុំបានស៊ើបដំណឹងពី បង កាសេត្រ ខ្ញុំបានចូលទៅរកឯកសារ និងព័ត៌មានទាក់ទងនឹង បង កាសេត្រ នៅក្រសួងកសិកម្មក៏មិនឃើញ។ ក្រោយមកខ្ញុំឃើញឯកសារប្រវត្តិរូប បង កាសេត្រ នៅទួលស្លែងត្រូវបានចាប់ខ្លួននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៥ ប៉ុន្តែមិនឃើញថ្ងៃសម្លាប់ឡើយ។ ខ្ញុំមិនអស់ចិត្តពី បង កាសេត្រ ក៏ទៅរកគ្រូទាយថា នៅរស់ ប៉ុន្តែខ្ញុំមិនមានសង្ឃឹមទេ ព្រោះប្រសិនបើនៅរស់ ម្ល៉េះគាត់ មករកផ្ទះហើយ។
ខ្ញុំមានឪពុកឈ្មោះ សួន ស៊ឹង និងម្ដាយ ឈ្មោះ ដែង ឆៅ។ នៅឆ្នាំ១៩៥៥ ខ្ញុំរៀននៅសាលាមុន្នីវង្សហើយ ហើយនៅឆ្នាំ១៩៦០ ខ្ញុំចេញបង្រៀនភាសាបារាំងដំបូងនៅជិតវត្តកោះ ក្រុងភ្នំពេញ រហូតដល់ឆ្នាំ១៩៧៤ ទើបខ្ញុំផ្លាស់ទៅបង្រៀននៅបាត់ដំបងវិញ។ ប្ដីរបស់ខ្ញុំឈ្មោះ មាឃ បំផុត កាលពីសង្គមចាស់គាត់ធ្វើការនៅក្រសួងហិរញ្ញវត្ថុ ក្រោយមកគាត់ប្ដូរការងារមកមន្ទីរហិរញ្ញវត្ថុ នៅខេត្តបាត់ដំបង វិញ ហើយខ្ញុំក៏ផ្លាស់មកតាមគាត់។ ពេលខ្មែរក្រហមចូលមក ខ្ញុំមិនបានជម្លៀសទៅណាឆ្ងាយទេ ខ្ញុំធ្វើការនៅចម្ងាយប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះពីផ្ទះរបស់ខ្ញុំ ដែលស្ថិតនៅក្បែរវត្តគរ។ កូនៗរបស់ខ្ញុំទៅនៅកងចល័ត ហើយសូម្បីតែកូនស្រីខ្ញុំអាយុ៥ឆ្នាំក៏ទៅកងចល័តដែរ។ ឪពុកខ្ញុំចាស់ជរាតាំងពីឆ្នាំ១៩៧២ មិនអាចធ្វើការបានទេព្រោះគាត់ស្លាប់មួយចំហៀងខ្លួន។ ខ្ញុំធ្វើការរែកដី លើកទំនប់។ ខ្មែរក្រហមយកវត្តគរធ្វើជាកន្លែងត្បាញ ហើយអ្នកធ្វើការនៅកងត្បាញមិនមែនប្រជាជននៅភូមិខ្ញុំទេ គឺទាល់អ្នកមានបងប្អូនធ្វើការនៅជួរកម្មាភិបាលទើបចូលធ្វើការក្នុងកងនេះបាន។ អ្នកធ្វើការនៅកងត្បាញ គឺស្អាតៗ មានសាច់ឈាមស្រស់ថ្លា ព្រោះមានអាហារហូបចុកគ្រប់គ្រាន់ មិនដែលធ្វើការប្រឡាក់ភក់ទេ។
ក្រោយឆ្នាំ១៩៧៩ ខ្ញុំបង្រៀននៅសាលាវត្តគរ និងឆ្លៀតបង្រៀនភាសាបារាំងដល់សិស្សដែលរៀនមុខវិជ្ជាពេទ្យ។ សិស្សរបស់ខ្ញុំមួយចំនួនបានក្លាយជាវេជ្ជបណ្ឌិតអស់ហើយ។ ចំណែកប្ដីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺតាំងពីឆ្នាំ១៩៩៣។
អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត
កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី