ចូលបម្រើកងទ័ពយ៉ាងស្ងាត់ៗ ដោយសារអត់ឃ្លានខ្លាំងពេក
អ៊ុន ហយ ភេទប្រុស អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកពារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ហយ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខាងក្រោមនេះគឺជាចាស់រឿងរបស់ ហយ៖ ៖
ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ ឳពុកម្តាយរបស់ខ្ញុំមានមុខរបរជាកសិករ។ ខ្ញុំមិនបានរៀនសូត្រនោះទេកាលពីកុមារភាព ដោយសារជីវភាពគ្រួសារមានការលំបាកពេក។ នៅពេលខ្ញុំធំដឹងក្ដីបន្ដិច ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យចូលកងចល័តលើកភ្លឺស្រែ និងជីកប្រឡាយ។ ខ្ញុំបានធ្វើការនៅភូមិថ្នល់ទទឹង តាមបណ្តោយថ្នល់ជាតិលេខ៥។ ខ្ញុំបានធ្វើការនៅទីនោះមួយរយៈធំ ដោយបែកបាក់បងប្អូន។ ក្រោយមក ខ្ញុំត្រូវបានបញ្ជូនទៅកាន់ ខេត្ដកំពង់ឆ្នាំង ក្នុងនាមជាកងចល័តដដែល។ ខ្ញុំមានការលំបាកខ្លាំងណាស់នៅទីនោះ។ ខ្ញុំគិតថាយើងមុខជាស្លាប់ដោយសារអត់បាយជាមិនខាន។ ដោយសារភាពអត់ឃ្លានខ្លាំងពេក ខ្ញុំបានលួចចុះឈ្មោះចូលបម្រើកងទ័ពយ៉ាងស្ងាត់ៗ។ នៅពេលមានការប្រកាសឲ្យឡើងឡានទៅហ្វឹកហាត់ ទើបមនុស្សនៅក្នុងសហករណ៍បានដឹងពីរឿងនេះ។ រថយន្ដដឹកទ័ពជាច្រើនគ្រឿងបានមកទទួលយើងដើម្បីយកទៅកាន់អង្គភាពនៅឯស្រុកវាលវង់ ខេត្ដកំពង់ឆ្នាំង។ មនុស្សភាគច្រើនធ្លាប់ធ្វើការងារជុំគ្នាបាននាំគ្នាយំ ព្រោះអ្នកទាំងនោះមិនចង់ឲ្យខ្ញុំចូលកងទ័ពទេ។ ម្យ៉ាងទៀត ការចូលបម្រើក្នុងជួរកងទ័ព គឺមនុស្សភាគច្រើនហាក់មានអារម្មណ៍ថាមិនមានសង្ឃឹមបានរស់ទៀតទេ ដោយសារប្រឈមនឹងការប្រយុទ្ធគ្នាយ៉ាងគ្រោះថ្នាក់។ ក្នុងពេលនោះ យើងត្រូវបានថ្នាក់លើខ្មែរក្រហមបញ្ជូនឲ្យទៅទស្សនាខ្សែភាពយន្ដចិនអំពីការប្រយុទ្ធគ្នាក្នុងសមរភូមិ ដើម្បីផ្ស៉ាំខ្លួនទៅនឹងជីវិតកងទ័ព និងជួយខ្លួននៅពេលចូលសមរភូមិមុខនឹងជួបស្ថានភាពបែបនោះដែរ។ ខ្ញុំបានឃើញទិដ្ឋភាពស្លាយពណ៌ខ្មៅដែលចាក់បញ្ចាំងរយៈពេលពេញមួយថ្ងៃ។ ឃើញបែបនេះហើយកងទ័ពម្នាក់ៗ ដូចជារូបខ្ញុំផ្ទាល់ មិនធ្លាប់គិតថាដកថយ ឬរួញរានៅក្នុងការតស៊ូនោះទេ។ អ្វីដែលយើងគិតនោះគឺថា បើយើងនៅសមរភូមិក្រោយ យើងប្រាកដជាស្លាប់ដោយសារអត់បាយ។ នៅសមរភូមិមុខ យើងបានជួបនឹងលទ្ធភាពមួយនៃការហូបចុកបានប្រសើរជាងប្រជាជននៅសមរភូមិក្រោយ។
កាតព្វកិច្ចប្រចាំថ្ងៃរបស់ខ្ញុំ គឺត្រូវដឹកជញ្ជូន និងសែងអ្នករបួសនៅសមរភូមិមុខ។ ក្រុមរបស់ខ្ញុំមានសមាជិកជាង១០នាក់ និងមិនមានអាវុធទេ។ ជាទូទៅយើងតែងតែសែងអ្នករបួសពីសមរភូមិមុខមកទីស្នាក់ការនីមួយៗដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រពីទីនោះ។ ការហូបចុកប្រចាំថ្ងៃរួមមានសម្ល និងសាច់សត្វព្រៃ។ ជាទូទៅ ខ្ញុំតែងដឹកជញ្ជូនបាយនិងម្ហូបទៅទម្លាក់នៅក្នុងលេណដ្ឋាន ដែលហៅថា តូបទី១ តូចទី២ និងបន្ដបន្ទាប់ ដោយទទួលបានបាយពូតនិងក្រមាចំនួន២ដុំ។ កងទ័ព៣នាក់ទទួលបានបាយមួយដុំ។ ក្រោយមក ខ្ញុំត្រូវបានបំពាក់អាវុធដើម្បីប្រយុទ្ធនៅសមរភូមិមុខ និងទទួលបានការហ្វឹកហាត់។ យើងម្នាក់ៗក៏មានការភ័យខ្លាចនៅពេលប្រើប្រាស់អាវុធ និងជួបស្ថានការណ៍ប្រយុទ្ធគ្នាដំបូងៗ។ អ្នកខ្លះថែមទាំងញ័រញាក់ទៀតផង នៅពេលដែលគ្រាប់កាំភ្លើងមិនទាន់ចេញពីកានោះជាលើកដំបូង។ យើងហាក់មានភាពក្លាហានបន្ដិចម្ដងៗបន្ទាប់ពីស៊ាំនឹងស្នូរកាំភ្លើង។
ក្នុងពេលប្រយុទ្ធគ្នាមួយបានកើតឡើងជាមួយកងទ័ពវៀតណាម កងកម្លាំងក្នុងអង្គភាពរបស់ខ្ញុំប្រហែល១០០០នាក់ត្រូវបានឡោមព័ទ្ធ នៅក្នុងព្រៃ ហើយត្រូវបានបាញ់រះស្លាប់អស់ជាច្រើននាក់។ ចំណែកកងកម្លាំងដែលនៅសេសសល់បានរកឱកាសដើម្បីចេញ ហើយសម្រេចចិត្ដបើកផ្លូវឈាម។ កងកម្លាំងម្នាក់ៗបានវែកប្រឡោះ និងលូនរកច្រកចេញយ៉ាងស្ងាត់ៗ ហើយនៅពេលសភាពការណ៍អំណោយផលបន្ដិច យើងក៏បានរត់ចេញពីការឡោមព័ទ្ធបានចំនួន១៥នាក់។ ក្រោយមក យើងបានបកទៅជួយសង្គ្រោះកងកម្លាំងដែលកំពុងជាប់នៅក្នុងការឡោមព័ទ្ធនោះវិញដោយមានជំនួយពីរថក្រោះចំនួន១៥គ្រឿង។ កងកម្លាំងភាគច្រើនអាចរស់រានមានជីវិតនិងបន្ដដំណើរមកកាន់ភ្នំដងរែក និងទៅរស់នៅក្នុង ភូមិ៤០ ដែលជាជំរំកងទ័ព និងតំបន់០២។ នៅទីនោះ ខ្ញុំបានរៀបការជាមួយនារីដឹកជញ្ជូនដែលរៀបចំឡើងដោយតាម៉ុក។ តាម៉ុកបានរៀបចំកម្មវិធីបន្ដិចបន្ដួចដល់យើង ដូចជាការហូបចុកជាដើម។ បច្ចុប្បន្ននេះ ខ្ញុំមានកូន៨នាក់ហើយ មានគ្រួសារ និងចៅៗថែមទៀតផង៕
អត្ថបទដោយ៖ មេក វិន, សួត វិចិត្រ និងលី សុខឃាង
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា