រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង អាងទំនប់ម្លេច

បើធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត តាមបណ្តោយផ្លូវជាតិលេខ៣ មកដល់គីឡូម៉ែត្រលេខ៩៨ ត្រង់ព្រំប្រទល់ខេត្តតាកែវ-កំពត នៅពីខាងស្តាំដៃក្បែរជើងភ្នំនារាយណ៍ គឺមានផ្លូវមួយបត់ស្តាំចម្ងាយប្រមាណ៤គីឡូម៉ែត្រ យើងនឹងឃើញរមណីយដ្ឋានមួយកន្លែងដែលឈ្មោះថា «ទំនប់ម្លេច»។ បច្ចុប្បន្ន ទំនប់នេះ សិ្ថតនៅ ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ទំនប់ប្រវត្តិសាស្រ្តមួយនេះ ត្រូវបានកសាងឡើងក្នុងរបបខ្មែរក្រហមចន្លោះពីចុងឆ្នាំ១៩៧៧ និងដើមឆ្នាំ១៩៧៨ ដែលបណ្ដាលឲ្យមានប្រជាជនខ្មែរស្លូតត្រង់ឈឺបាក់កម្លាំង និងស្លាប់រាប់ម៉ឺននាក់ ដោយសារការបង្ខំឲ្យរែកដីលើកទំនប់តាមផែនការកំណត់របស់អង្គការ ដោយមិនមានរបបអាហារគ្រប់គ្រាន់ ព្រមទាំងការបង្ខំឲ្យធ្វើការមិនមានពេលសម្រាក និងមានជំងឺទៀតផង។ ការសាងសង់ «ទំនប់ម្លេច» គឺពិតជាធ្វើឲ្យប្រជាជនខ្មែរបានរងទុក្ខវេទនានិងស្លាប់រាប់ពាន់នាក់ ជាពិសេស គឺប្រជាជនថ្មីដែលត្រូវបានជម្លៀសមកពីតំបន់ឆ្ងាយៗ ហើយត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការនៅទីនោះ។ «ទំនប់ម្លេច» គឺជាទីតាំងប្រវត្តិសាស្ត្រមួយកន្លែងដែលអ្នករស់រានមានជីវិតពីរបបនេះ នៅចងចាំមិនអាចបំភ្លេចបាន ហើយមានរឿងរ៉ាវជូរចត់ច្រើនរាប់មិនអស់។ ខ្មែរក្រហមបានបញ្ជូនអ្នកដែលត្រូវបានជម្លៀសឲ្យទៅលើកទំនប់និងជីកអាងទឹកដ៏ធំមួយនៅកន្លែងនោះ។ យោងតាមបទសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្បែរ «ទំនប់ម្លេច» និងធ្លាប់ធ្វើការងារជីកទំនប់មួយនេះបានរៀបរាប់ អំពីប្រវត្តិរបស់ខ្លួនដូចខាងក្រោម៖

ខ្ញុំឈ្មោះ ឡុក ពេច ភេទស្រី កើតនៅឆ្នាំ ១៩៦៣ បច្ចុប្បន្នមានអាយុ ៦១ឆ្នាំ និងមានទីកន្លែងកំណើត ស្ថិតនៅក្នុងឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ឡុក មាស បានស្លាប់ដោយសារជំងឺ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ម្ដាយខ្ញុំឈ្មោះ តុប ញី បានស្លាប់នៅពេលដែលបានរត់ភៀសខ្លួន ក្នុងអំឡុងពេលកងទ័ពវៀតណាមចូលមក ក្នុងឆ្នាំ១៩៧៩។ ខ្ញុំមានបងប្អូនបង្កើតទាំងអស់ ៦នាក់។ កាលពីកុមារភាព ខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី៦ តែប៉ុណ្ណោះ។ ខ្ញុំរៀនមិនយូរប៉ុន្មានផង ប្រទេសក៏កើតព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ។ ភ្លាមៗនោះប្រទេសក៏កើតសង្គ្រាម ដោយមានការទម្លាក់គ្រាប់បែក ដែលនាំឲ្យប្រជាជនភ័យខ្លាចយ៉ាងខ្លាំង ព្យាយាមរត់គេចចេញពីសង្រ្គាម និងការទម្លាក់គ្រាប់បែក។ ក្នុងឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមបានឡើងកាន់អំណាច ខ្ញុំមានអាយុ១២ឆ្នាំ។ ពេលនោះ ខ្មែរក្រហម បានជម្លៀសប្រជាជនចេញពីភូមិកំណើត ដោយបញ្ជូនទៅរស់នៅតាមសហករណ៍ជនបទ និងធ្វើការងារតាមកងចល័ត។ ខ្ញុំត្រូវបានខ្មែរក្រហមបំបែកចេញពីក្រុមគ្រួសារ ឪពុកម្តាយនិងបងប្អូន ត្រូវបានចាត់ឲ្យចូលធ្វើការងារនៅកងចល័ត។ ខ្មែរក្រហមបានចាត់តាំងខ្ញុំទៅលើកទំនប់ រែកដី និងជីកប្រឡាយ នៅទំនប់ម្លេច។ នៅការដ្ឋានទំនប់ម្លេច ក្រុមខ្មែរក្រហមបានប្រើមនុស្សដោយមិនគិតពីការឈប់សម្រាក និងផ្តល់អាហារមិនគ្រប់គ្រាន់។ ក្នុងពេលនោះ ខ្ញុំបានធ្លាក់ខ្លួនឈឺ ប៉ុន្តែខ្ញុំមិនហ៊ានសុំឈប់សម្រាកនោះទេ ពីព្រោះខ្ញុំខ្លាចខ្មែរក្រហមធ្វើបាប ឫុយកទៅសម្លាប់ចោល។

មានពេលមួយ ខណ:ដែលខ្ញុំកំពុងសម្រាកថ្ងៃត្រង់ ខ្ញុំបានឃើញខ្មែរក្រហមមួយក្រុមចូលមកហៅប្រជាជនកំពុងសម្រាក ហើយបណ្តើរយកចេញទៅក្រៅ ប៉ុន្តែខ្ញុំមិនដឹងថាតើប្រជាជនទាំងនោះត្រូវបានបញ្ជូនទៅទីណានោះទេ។ ខ្ញុំធ្លាប់បានឃើញ ខ្មែរក្រហមប្រើអ្នកទោសឲ្យទៅរុញឡាន។ នៅទីនោះ ខ្ញុំធ្លាប់បានឭុថា៖ខ្មែរក្រហមបានប្រើឲ្យប្រជាជនជីករណ្ដៅ រួចហើយទើបសម្លាប់ប្រជាជនទាំងអស់ក្នុងរណ្តៅនោះ។ នៅក្បែរការដ្ឋានទំនប់ម្លេច ខ្មែរក្រហមក៏បានធ្វើទារុណកម្មប្រជាជនរហូតដល់ស្លាប់ ហើយមានសាកសពខ្លះត្រូវយកទៅកប់នៅក្នុងរណ្ដៅរួមមួយ ដោយមានឆ្អឹងគរលើគ្នាពាសពេញទីនោះ។ ក្នុងការដ្ឋានទោះបីជាយើងស្នាក់នៅក្នុងកន្លែងជាមួយគ្នាក៏ពិតមែន តែខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជននិយាយគ្នា ឬប្រមូលផ្តុំគ្នានោះទេ ដោយសារខ្លាចប្រជាជនប្រឆាំងនឹងអង្គការ។

ចំពោះការរៀបអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហមវិញ គឺប្រជាជនស្រីប្រុស បានឈរតម្រៀបគ្នាជាជួរ ដើម្បីរៀបចំចាប់គូគ្នា ហើយឡើងប្តេជ្ញាចិត្តតែ។ វិធីរៀបការនៅក្នុងសម័យខ្មែរក្រហមមិនមានភ្លេងការតាមលក្ខណ:ប្រពៃណី និងគ្មានចាស់ទុំឬឪពុកម្តាយរៀបចំទុកដាក់ឡើយ ជាពិសេសកូនក្រមុំនិងកូនកំលោះមិនទាំងបានស្គាល់គ្នាផង។ ខ្មែរក្រហមបានហាមប្រាមមិនឲ្យប្រណិប៍តន៍សាសនា ដោយកម្ទេចវត្តអារាមចោលទាំងអស់។ ខ្មែរក្រហមបានចាប់ព្រះសង្ឃផ្សឹកដើម្បីយកមកធ្វើការតាមការដ្ឋាននានា ឬយកទៅធ្វើជាទាហាន។

រហូតដល់ឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមចូលមកដល់ ដោយសារមានមានការភ័យខ្លាចសង្គ្រាមកើតឡើងម្ដងទៀត ខ្ញុំបានរត់ភៀសខ្លួនដល់ខេត្តពោធិ៍សាត់ បន្ទាប់មកខ្ញុំក៏បានជួបនឹងម្ដាយខ្ញុំនិងបងប្អូនបង្កើតរបស់ខ្ញុំនៅតាមផ្លូវ ហើយខ្ញុំនឹងម្ដាយបានបន្តដំណើរឡើងលើភ្នំនៅតាមបណ្តោយព្រំដែនភាគខាងលិច។ ជាអកុសល ម្ដាយខ្ញុំបានស្លាប់នៅពេលកំពុងរត់ ដោយសារជើងរបស់គាត់ហើម នឹងអស់កម្លាំងក្នុងការរត់បន្តទៅមុខទៀត។ បន្ទាប់ពីសង្រ្គាមបានបញ្ចប់ទាំងស្រុង ខ្ញុំនិងក្រុមគ្រួសារបានត្រឡប់មករស់នៅក្នុងស្រុកកំណើតវិញ។ ខ្ញុំបានរស់ជាមួយក្រុមគ្រួសារ និងប្រកបរបរធ្វើស្រែ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

អត្ថបទដោយ៖ ផាត ពន្លក (មជ្ឈមណ្ឌលផ្សះផ្សាសហគមន៍បាក់នឹម សាខាខេត្តកំពត)

កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin