ឯក សុផល ៖ អតីតគណៈតំបន់៣៧ នៃរបបខ្មែរក្រហម

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមតែងតាំង ឯក សុផល ជាគណៈតំបន់៣៧ (ខេត្តកោះកុង) នៃភូមិភាគបស្ចិម។ ភូមិភាគបស្ចិមត្រូវបានខ្មែរក្រហមបង្កើតឡើងបន្ទាប់ពីខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។ ភូមិភាគបស្ចិមរួមមាន ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុងទាំងមូល និងខេត្តកំពង់ស្ពឺប៉ែកខាងជើងផ្លូវជាតិលេខ៤។ ភូមិភាគបស្ចិមបានចែកចេញជា៥តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។ ភូមិភាគបស្ចិមដឹកនាំដោយជូ ជេត ហៅ ស៊ី។

ឯក សុផល អាយុ៧៨ឆ្នាំ មិនមានមុខរបរនោះទេ។ បច្ចុប្បន្នរស់នៅភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មានស្រុកកំណើតនៅភូមិកែវ ឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ផល មានបងប្អូនចំនួន (៧នាក់) ផល ជាកូន(ទី៦)ក្នុងគ្រួសារ និងមានប្រពន្ធឈ្មោះ សុខ រ៉េន អាយុ៦៨ឆ្នាំ មានកូនចំនួន៥នាក់ (ប្រុស២ ស្រី៣)។ កាលនៅវ័យកុមារ ផល រៀនបានត្រឹមថ្នាក់ទី៦ចាស់ នៅសាលាឧត្តមទេពប្រណមក្នុងវត្តត្រាំងនៅជិតឧដុង្គ។ បន្ទាប់មក ផល បានបួសរៀនបន្តនៅវត្តទេពឧត្តម។ ផល បួសរៀនបាន៣វស្សាក្រោយមកក៏ ផល សឹក ដោយសារតែឪពុកបានស្លាប់។ នៅឆ្នាំ១៩៧០ ផល បានប្រមូលផ្តុំគ្នាចូលទៅក្នុងព្រៃម៉ាគីតាមការប្រកាសរបស់ព្រះ នរោត្តម សីហនុ ផល បានចូលទៅក្នុងព្រៃ ភ្នំជំរាយនឹងភ្នំឪរ៉ាល់ជាមួយប្រជាជនក្នុងភូមិជាច្រើននាក់។ ពេលចូលដល់ក្នុងព្រៃ មានប្រជាជនមួយចំនួនធំបានស្លាប់ដោយសារតែអត់អាហារនិងឈឺគ្មានថ្នាំព្យាបាល។ ក្រោយមកទាហានរបស់ លន់ នល់ បានប្រកាសនិងគម្រាមដល់ប្រជាជនដែលសម្ងំក្នុងព្រៃថា(បើមិនចេញពីក្នុងព្រៃទេនិងបាញ់សម្លាប់វះពោះវៀនច្រកស្មៅចូល)។ ក្រោយមកពេលដែលប្រជាជនមិនព្រមចេញទាហាន លន់ នល់ បានបាញ់សម្លាប់ប្រជាជនពិតមែន។ បន្ទាប់មកប្រជាជនបានសម្រេចចិត្តចុះពីភ្នំជំរាយមកចូលរស់នៅក្នុងភូមិវិញ ហើយត្រូវធ្វើតាមគោលការណ៍របស់ទាហាន លន់ នល់។ ប្រសិនបើមិនធ្វើតាមគោលការណ៍ ឬចង់ប្រឆាំងនោះនឹងត្រូវសម្លាប់ភ្លាម។ ប៉ុន្តែក្រុម ផល បាននៅការពារ ហ៊ូ យន់ រហូតដល់ឆ្នាំ១៩៧២ ។ ចន្លោះឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៤ ផល បានមកកាន់ទ័ពនៅខេត្តកំពង់ឆ្នាំងវិញ។ ផល បានមកនៅក្នុងកងពលលេខ១ ដែលមានមានវរសេនាធំលេខ១៥, ១៦, ១៧ ជាចំណុះ។ ផល កាន់ក្នុងកងវរសេនាធំលេខ១៥ នៃកងពលលេខ១។ គណៈកងពលលេខ១មាន ស៊ូ មេត និង សឿង ។ ស៊ូ ម៉េត ទទួលខាងនយោបាយ ចំណែក សឿន ទទួលខាងយោធា។ នៅពេលដែលរៀបចំផ្នែកយោធារួចហើយ ផល បានវាយចេញពី ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ស្ពឺ និងទៅភ្នំពេញ ពេលខ្លះវាយតាមមុខព្រួយវាយតាមផ្លូវជាតិលេខ៥ ហើយពេលខ្លះវាយនៅកំពង់សិលា។

ឆ្នាំ១៩៧៥ បន្ទាប់ពីវាយបែកទីក្រុងភ្នំពេញហើយ ផល បានត្រឡប់មកលង្វែកវិញដើម្បីរៀបចំផែនការថ្មី ពេលនោះមានការបែងចែកកងពលទី១ជាពីរ គឺកងពលកងទ័ពអាកាស៥០២ និងកងពលលេខ១ភូមិភាគបស្ចិម ដែលប្រចាំការនៅលង្វែក និងខេត្តកោះកុង។ កងពលលេខ១ភូមិភាគបស្ចិមមានប្រធានឈ្មោះ សឿង ហើយមាន២វរសេនាធំ (វរសេនាធំ១៦ និង១៧) ប្រចាំការនៅលង្វែក និងវរសេនាធំ១៥ ទៅប្រចាំការនៅខាង ខេត្តកោះកុង ដើម្បីការពារព្រំដែន និងបង្ករបង្កើនផលសម្រាប់ផ្តល់ទៅកងទ័ពនៅជួរមុខ។ ចំណែកកងពលអាកាស ៥០២ ត្រូវប្រចាំការនៅពោធិ៍ចិនតុង ដែល មាន ស៊ូ ម៉េត ជាប្រធានកងពល។ ក្នុងឆ្នាំ១៩៧៥ ដដែលនេះ ផល ដែលជាប្រធានវរសេនាធំលេខ១៥ នៃកងពលលេខ១ត្រូវបានផ្លាស់ទៅប្រចាំការនៅ ខេត្តកោះកុង ដើម្បីការពារព្រំដែនកម្ពុជាក្នុង ខេត្តកោះកុង។ អំឡុងពេលសង្គ្រាមវៀតណាមជាមួយខ្មែរក្រហមនៅកោះត្រល់ កងទ័ពរបស់ ផល មិនបានចូលរួមវាយជាមួយវៀតណាមទេ ប៉ុន្តែប្រចាំការនៅកោះខ្យងទល់មុខកោះត្រល់។ ឆ្នាំ១៩៧៧-១៩៧៨ ផល ត្រូវបានតែងតាំងជាគណៈតំបន់៣៧បានមកឈរជើងនៅកោះកុងវិញ។ សម្រាប់ទ័ពនៅលង្វែកមាន សឿង និង កែវ សាន នៅមើលការខុសត្រូវ។ ផល បានបន្តមើលកងទ័ពនៅកោះកុងដដែល គឺតំបន់៣៧ទាំងអស់ និងចូលរួមជួយបង្កបង្កើនផលប្រជាជនដើម្បីបានស្បៀងមកចិញ្ចឹមក្នុងអង្គភាពនិងជួយដល់សហករណ៍ដកស្ទូងនិងការងារផ្សេងៗ ។

ឆ្នាំ១៩៧៨ នៅពេលដែល ជូ ជេត ហៅស៊ី ត្រូវបានចាប់ខ្លួន ផល ត្រូវបានថ្នាក់លើបញ្ឈរជើងរយៈពេលមួយឆ្នាំ ដោយសារខ្មែក្រហមមានការសង្ស័យថា ផល មានការចូលរួមជាមួយ ជូ ជេត (ហៅស៊ី) ។ បន្ទាប់ពីដក ផល មកបញ្ឈរជើង តំបន់៣៧ត្រូវបានថ្នាក់លើរបស់ខ្មែរក្រហមមើលការខុសត្រូវដោយផ្ទាល់តែម្តង។ ឆ្នាំ១៩៧៨ដដែល ផល បានជួបជាមួយតាម៉ុក។ តាម៉ុក ប្រាប់ ផល ឲ្យនៅស្ងៀម មិនបាច់ធ្វើអ្វីទេ។ តាម៉ុក បានមកមន្ទីតំបន់៣៧នៅស្រែអំបិល និងតាមដាន ផល មួយរយៈពេល។ បន្ទាប់មក តាម៉ុក បានឲ្យ ផល មកហ្វឹកហ្វឺនកងទ័ព ហើយទទួលដំណែងជាគណៈតំបន់៣៧វិញ។ ចុងឆ្នាំ១៩៧៨ចូល១៩៧៩ នៅពេលកងទ័ពវៀតណាមបានវាយសម្រុកខ្លាំង តាម៉ុក បានបញ្ជាឲ្យ ផល ប្រមូលទ័ពជាង១០០០នាក់មក ខេត្តកំពង់ឆ្នាំង។ ពេលទ័ពមកដល់ ខេត្តកំពង់ឆ្នាំង ក៏បញ្ជូនទៅខាងមាត់ទន្លេព្រៃគ្រី ដើម្បីរាយកងទ័ពនៅតាមមាត់ទន្លេរហូតដល់ព្រៃប្រស់ខាង ខេត្តកំពង់ធំ។ ពេលនោះកងទ័ពរបស់ ផល និង ជឹម ប៉ា វាយនៅតាមជើងទឹកតាមដងទន្លេសាប។ ក្រោយមកមានកងទ័ពស្លាប់ច្រើនដោយសារការអត់អាហារ និងរងរបួស។ ផល ក៏សម្រេចចិត្តឈប់វាយជាមួយវៀតណាម ហើយរត់យករួចខ្លួនមួយរយៈសិន។

ចូលដល់ឆ្នាំ១៩៨២ តាម៉ុក បានហៅ ផល ទៅអន្លង់វែងដើម្បីរៀបចំកងទ័ពចុះពីអន្លង់វែងមកធ្វើតម្រួតនៅខាងខេត្តព្រះវិហារ ភ្នំម្រេច ប្រាសាទកំពង់ធំ សៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ បន្ទាប់មក ផល បានជួបជាមួយនារីម្នាក់នៅអង្គភាពឧត្តរទិសក៏បានរៀបការនៅអន្លង់វែង។ បន្ទាប់ពីរៀបការរួច ផល នៅបន្តការងាររហូតដល់ឆ្នាំ១៩៨៦ ផល និងកងទ័ពបានឆ្លងកាត់ទន្លេរសាបត្រឡប់មកកំពង់ឆ្នាំងវិញ។ ពេលមកដល់កំពង់ឆ្នាំង ផល និង ធី បានរៀបចំកងពលថ្មី បន្ទាប់មកមានកងទ័ពមួយចំនួនចូលទៅក្នុងព្រៃ និងមួយចំនួនទៀតនៅតាមភូមិ។ ផល នៅកំពង់ឆ្នាំរហូតដល់ដើមឆ្នាំ១៩៩៦។ ឆ្នាំ១៩៩៦ បន្ទាប់ពីសមាហរណកម្ម ផល ក៏បានមកនៅខាងពោធិ៍សាត់វិញ ហើយមានតួនាទីជាប្រធានកងពល១៤ ។ រហូតឆ្នាំ២០០០ ផល បានមករស់នៅស្រុកវាលវែងធ្វើជាប្រធានមន្ទីរអភិរក្សព្រៃឈើ។ ឆ្នាំ២០០៩ ផល បានឈរឈ្មោះចូលជាក្រុមប្រឹក្សាស្រុកវាលវែងបានរយៈពេល៥ឆ្នាំក៏លាឈប់។

អត្ថបទដោយ៖ ធី គឹមហុង

កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin