អតីតកងទ័ពភូមិពាយ័ព្យបានរួចខ្លួនពីគុកព្រៃសរដោយសារជាមិត្តភក្តិរបស់ឌុ
សឿន រ៉ៃ អតីតកងទ័ពភូមិភាគពាយ័ព្យម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១ និងកន្លែងលត់ដំនៅគុកព្រៃសរ។ សឿន រ៉ៃ បានរួចខ្លួនពីគុកព្រៃសរដោយសារខ្លួនជាមិត្តភក្តិជិតស្និតជាមួយ ឌុច ប្រធានមន្ទីរស-២១។ សឿន រ៉ៃ បានរៀបរាប់អំពីជីវិតជាកងទ័ពភូមិភាគពាយ័ព្យ និងការចាប់បញ្ជូនមកមន្ទីរស-២១នៅភ្នំពេញដូចខាងក្រោម៖
សឿន រ៉ៃ ភេទប្រុស អាយុ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិវត្តតាមឹម ឃុំវត្តតាមឹម ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្ន រ៉ៃ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្រកបរបរធ្វើចម្ការ។ ឪពុករបស់ រ៉ៃ ឈ្មោះ សឿន(ស្លាប់) ចំណែកម្ដាយ(ស្លាប់) ។ រ៉ៃ មានបងប្អូនចំនួន៥នាក់ រ៉ៃ ជាកូនទី២នៅក្នុងគ្រួសារ។ កាលពីកុមារភាព រ៉ៃ រៀនបានរយៈពេល២ឆ្នាំនៅវត្តតាមឹម។ បន្ទាប់មកក៏ឈប់រៀន ដោយសារតែរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០។ ក្រោយពេលឈប់រៀន រ៉ៃបានសម្រេចចិត្តចូលបួសជាសង្ឈនៅវត្តថ្វាកស្ថិតនៅក្នុងខេត្តបាត់ដំបង។ បួសរៀនបាន១វស្សា ក៏នាំគ្នារត់ឡើងភ្នំវាយចាប ដើម្បីគេចពីការទម្រាក់គ្រាប់បែក បន្ទាប់មកទៀត រ៉ៃ បានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែររំដោះដើម្បីវាយប្រឆាំងជាមួយកងទ័ពរបស់ សេនាប្រមុខ លន់ នល់។ ពេលចូលបម្រើទ័ពដំបូងកងទ័ពត្រូវបានបែងចែកជា៣ក្រុម ក្រុមទី១ត្រូវទៅកាន់កាប់នៅទិសខាងកើត ក្រុមទី២មើលការខុសត្រូវនៅក្នុងស្រុកភូមិ។ ចំណែកក្រុម រ៉ៃ បានបោះទីតាំងនៅលើភ្នំវាយចាប ស្រុកសំឡូត មានមេដឹកនាំចំនួន៣រូប។ នៅក្នុង១ក្រុមមានសមាជិកចំនួន១២ទៅ១៣នាក់។ ម្នាក់ៗកាន់កាំភ្លើងម្នាក់មួយដើម ប្រភេទប៊ិស្តុង៨ណាត់។ ស្រុកទេសទើបជួបប្រទះបញ្ហាសង្គ្រាមដូច្នេះសម្ភារប្រើប្រាស់សម្រាប់ចូលសមរភូមិក៏មិនសូវមានគ្រប់គ្រាន់ដែរ។ បន្ទាប់មក រ៉ៃ បានផ្លាស់មកចូលជាមួយ តា វ៉ន នៅក្នុងតំបន់៤ នៅម្ដុំអូសទូក។ នៅក្នុងឆ្នាំ១៩៧២ ខ្មែរក្រហមបានបញ្ជូន រ៉ៃ ឲ្យទៅរៀននៅទីក្រុងហាណូយប្រទេសវៀតណាម ផ្នែកបច្ចេកទេសសង្គ្រាម។ ខ្មែរក្រហមបានជ្រើសរើសទ័ពចំនួន៣នាក់ក្នុងមួយអង្គភាពដែលសរុបទាំងអស់៣០នាក់ក្នុង១០អង្គភាព។ រាល់ពេលបង្រៀនមានជនជាតិខ្មែរជាអ្នកបកប្រែឲ្យស្ដាប់។ រៀនអំពីរបៀបលូន ក្រាប ពេលធ្វើសឹកសង្ក្រាម។
នៅក្នុងឆ្នាំ១៩៧៤ រ៉ៃ បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ហើយខ្មែរក្រហមបានតែងតាំងឲ្យ រ៉ៃ មានតួនាទីជាអនុសេនាធំលេខ១២ ចំណុះវរសេនាតូចលេខ១៧ កាន់កាប់ខាងភូមិភាគពាយ័ព្យ នៅតាមដងស្ទឹងសង្កែ សំឡូត មានដែលសមាជិកចំនួន១០០នាក់ជាង។ តាញឹម តែងតែចុះមកមើលការខុសត្រូវនិងសួរសុខទុក្ខដល់កងទ័ពជានិច្ច បើមិនដូច្នេះទេកងទ័ពច្បាស់ជារត់ទៅស្រុកអស់ហើយ។ កាលនោះ តាញឹម មានតួនាទីគ្រប់គ្រងផ្នែកយោធាប្រចាំភូមិភាគពាយ័ព្យ។ ក្រោយមក រ៉ៃ បានដឹកនាំកងទ័ពទៅវាយនៅកោះក្រឡបានសម្រេច ទើបផ្លាស់ទីតាំងទៅកន្លែងថ្មីមួយទៀត។ នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញទាំងស្រុងនិងឡើងគ្រប់គ្រងប្រទេសទាំងមូល។ជំហានដំបូងខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ ឲ្យមករស់នៅតាមជនបទទាំងអស់ដោយប្រើរយៈពេលតែ១សប្តាហ៍ប៉ុណ្ណោះ ប្រជាជនត្រូវចេញឲ្យអស់ពីទីក្រុងភ្នំពេញ។ ចំណែកកងទ័ពរបស់ រ៉ៃ បានផ្លាស់មកបោសសម្អាតទាហាន លន់ នល់ នៅតាមផ្លូវជាតិលេខ៥ ខេត្តបាត់ដំបងវិញ។ បន្ទាប់ពីបោសសម្អាតនៅខេត្តបាត់ដំបងរួចរាល់ ខ្មែរក្រហមចាប់ផ្ដើមមានផែនការណ៍ប្រជុំ ដើម្បីរំលាយក្រុមកងទ័ពចាស់ៗ និងបង្កើតអង្គភាពថ្មីវិញ។ ដំបូង រ៉ៃ ត្រូវបានខ្មែរក្រហមចល័តឲ្យនៅតំបន់៤ ស្រុក៤១និងស្រុក៤២ ដែលគណៈតំបន់មានឈ្មោះ តាមុត តាភឿន។
នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានដក រ៉ៃ ចេញពីយោធាឲ្យមកធ្វើស្រែ ដោយកាន់ខាងផ្នែកភ្ជួររាស់ដីនិងបង្កបង្កើនផលវិញ។ បន្ទាប់មក រ៉ៃ ត្រូវបានកម្មាភិបាលមកពីភូមិភាគនិរតីចោទប្រកាន់ថា រ៉ៃ ជាបក្សពួកខាងពាយ័ព្យរួចបានយក រ៉ៃ ដាក់នៅគុកព្រៃសរ។ ប៉ុន្តែដំបូង រ៉ៃ ត្រូវបានប្រាប់ថាយករៀនសូត្រនៅភ្នំពេញ ហើយដឹកតាមរថយន្ត ដែលបាំងយ៉ាងជិត និងមិនអាចមើលផ្លូវឃើញនោះទេ។ ពេលមកដល់ទីក្រុងភ្នំពេញខ្មែរក្រហមបានបណ្ដើរ រ៉ៃ ចូលទៅកាន់គុក ទើប រ៉ៃ ដឹងខ្លួនថាត្រូវបានខ្មែរក្រហមយកមកដាក់ឃុំឃាំងដោយមិនដឹងថាខ្លួនមានទោសកំហុសអ្វីទាល់តែសោះ។ កំឡុងពេល រ៉ៃ ជាប់ឃុំខ្លួន ខ្មែរក្រហមមិនបានដាក់ច្រវ៉ាក់ ឬធ្វើទារុណ្ឌកម្មនោះទេ គឺគ្រាន់តែប្រើ រ៉ៃ ឲ្យបោសសម្អាតនៅតាមទីធ្លារគុកប៉ុណ្ណោះ។ រ៉ៃ ជាប់នៅក្នុងគុករយៈពេល១ខែកន្លះ ស្រាប់តែបានជួបជាមួយ ឌុច ជាប្រធានប្រចាំនៅគុកស-២១។ តាំងពីរដើមឡើយ រ៉ៃ និង ឌុច ជាមិត្តភក្ដិនឹងគ្នាហើយរាប់អានគ្នាយ៉ាងជិតស្និត។ រ៉ៃបានសំណះសំណាល់ជាមួយ ឌុច។ រ៉ៃ ជាប់គុករយៈពេល១ឆ្នាំ ឌុច បានដោះលែងឲ្យមានសេរីភាពវិញ។ នៅក្នុងឆ្នាំ១៩៧៨ រ៉ៃ ចេញពីគុកព្រៃស ហើយបានធ្វើដំណើរមកកាន់ខេត្តបាត់ដំបងវិញ។ រស់នៅខេត្តបាត់ដំបង ខ្មែរក្រហមបានឲ្យ រ៉ៃ ចូលធ្វើការងារខាងភ្ជួររាស់ ហើយក្រោយមកផ្លាស់ទៅអន្លង់វិល ដោយធ្វើការងារនៅក្នុងមន្ទីររោងចក្រ ជួសជុលត្រាក់ទ័រដែលខូចៗ។ នៅបាត់ដំបង រ៉ៃ ក៏ផ្លាស់ទៅខេត្តប៉ៃលិន និងចូលកងទ័ពនៅក្នុងកងវរសេនាធំឈ្មោះ នីឡុក បានមួយរយៈពេលខ្លី។
នៅក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះប្រទេសកម្ពុជា។ រ៉ៃ បានត្រឡប់មកកាន់ស្រុកសំឡូតជាមួយ តាសេន, តាម៉េត, តាផល និងតានឹម វាយជាមួយកងទ័ពរបស់វៀតណាម។ តាសេន នៅក្នុងអង្គភាព៦៣ ជាក្រុមប៉ូលីស ចំណែក រ៉ៃ នៅក្នុងកងវរសេនាធំលេខ៧១ កងពលលេខ១ ហៅ០៥ ដែលមាន តាម៉េត ជាប្រធានកងពល។ ក្រោយមកទៀត រ៉ៃ និងកងទ័ពបានវាយជាមួយកងទ័ពវៀតណាមនៅម្ដុំផ្លូវលេខជាតិ៥៦ កោះប៉ោ ដងទង់ ស្រែអំបិល ថ្មបាំង។ កងទ័ពខ្មែរក្រហមបានប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាមយ៉ាងខ្លាំង។ កងទ័ពខ្មែរក្រហមស្លាប់បាត់បង់ជីវិតយ៉ាងច្រើន ប៉ុន្តែ រ៉ៃ បានរួចរស់ជីវិត។ ក្រោយពេលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា រ៉ៃ បានត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។ បន្ទាប់មកឪពុកម្ដាយរបស់ រ៉ៃ បានផ្សំផ្គុំគ្នាឲ្យមានគ្រួសារ និងរស់នៅក្នុងភូមិវត្តតាមឹមប្រកបរបរធ្វើស្រែចម្ការជាមួយប្រពន្ធ។ នៅក្នុងឆ្នាំ២០០០ទើប រ៉ៃ នឹងគ្រួសារបានផ្លាស់ទីលំនៅមករស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រកបរបរធ្វើចម្ការរហូតមកដល់បច្ចុប្បន្ននេះ។
អត្ថបទដោយ ឡាំ ស្រីនីត
កំណែអក្ខរាវិរុទ្ធដោយ សូ ហ្វារីណា