រឿងរ៉ាវរបស់កងនារីបដិវត្តន៍ខ្មែរក្រហម

ខ្មែរក្រហមជ្រើសរើសតែអ្នកស្មោះត្រង់នឹងអង្គការបដិវត្តន៍ អ្នកមានវណ្ណៈថ្នាក់ទាប កូនកសិករក្រដែលមិនមានការអប់រំខ្ពង់ខ្ពស់ ហើយរងការជិះជាន់កេងប្រវ័ញ្ចពីអ្នកមាន និងអ្នកមានអំណាច, លះបង់ និងអ្នកខិតខំធ្វើការឲ្យចូលក្នុងជួរបដិវត្តន៍របស់ខ្លួន។ តាមរយៈលក្ខខណ្ឌខាងលើ យូ អុន, តូ រ៉ុង និង ចាន់ យីន ត្រូវខ្មែរក្រហមជ្រើសរើសឱ្យចូលធ្វើការជាកងនារីដឹកជញ្ជូនស្បៀង និងបម្រើអង្គភាពផ្សេងៗជាបន្តបន្ទាប់។ ខាងក្រោមគឺជាការរៀបរាប់របស់ យូ អុន, តូ រ៉ុង និង ចាន់ យីន អំពីមូលហេតុនៃការចូលរួមជាមួយខ្មែរក្រហម និងរឿងរ៉ាវផ្ទាល់ខ្លួនដូចខាងក្រោម៖
ខ្ញុំឈ្មោះ យូ អុន អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិបន្ទាយដែក ឃុំកៀនស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ខ្ញុំមានឪពុកឈ្មោះ ហុង និង ម្ដាយឈ្មោះ យ៉ន។ ខ្ញុំមានបងប្អូនចំនួន១០នាក់។ ខ្ញុំមិនបានរៀនសូត្រទេ។ នៅពេលមានការទម្លាក់គ្រាប់បែកក្នុងឆ្នាំ១៩៧២ ខ្មែរក្រហមបានកៀរប្រជាជនដែលរស់នៅភូមិបន្ទាយដែក ឲ្យមករស់នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ គ្រួសារខ្ញុំមិនមានដីធ្វើចម្ការទេពេលទៅដល់កោះធំ។ អ្នកភូមិនៅទីនោះធ្វើចម្ការ ដាំពោត, សណ្ដែក, ត្រសក់ និងបន្លែបង្ការផ្សេងៗ យកទៅលក់បោះនៅផ្សារអូរឫស្សី ក្នុងក្រុងភ្នំពេញ។ ប្រសិនបើអ្នកមិនមានដីស្រែដូចគ្រួសារខ្ញុំ គឺអាចដើរបេះបន្លែចុងដៃ (បន្លែដែលម្ចាស់ចម្ការប្រមូលផលបេះរួច) នៅតាមផ្ទះនិងចម្ការយកទៅលក់យកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅឆ្នាំ១៩៧២ ខ្ញុំបានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពបដិវត្តន៍ខ្មែរក្រហម និងធ្វើការនៅកងដឹកជញ្ជូនស្បៀងឱ្យកងទ័ពខ្មែរក្រហមដែលវាយប្រយុទ្ធជាមួយទាហាន លន់ នល់ នៅលើសមរភូមិ។ មូលហេតុដែលខ្ញុំចូលរួមជាមួយកងទ័ពបដិវត្តន៍ខ្មែរក្រហម ដោយសារឪពុកម្ដាយខ្ញុំក្រីក្រ និងមានកូនច្រើន ម្យ៉ាងទៀតខ្មែរក្រហមបានឃោសនាថា ពេលចូលធ្វើការគឺមានរបបហូបចុកគ្រប់គ្រាន់។ ផ្ទុយពីការឃោសនាខាងលើ កងនារីដឹកជញ្ជូនមិនទទួលបានរបបហូបចុកគ្រប់គ្រាន់ឡើយ ហើយជួបការលំបាកទៀតផង។ ខ្ញុំចង់ឈប់ធ្វើជាកងនារីដឹកជញ្ជូន ប៉ុន្តែមិនអាចឈប់បាន។ ជួនកាល ខ្ញុំដឹកអង្ករ អាហារក្រៀម និងពេលខ្លះដឹកបាយឱ្យយោធាខ្មែរក្រហម ដែលត្រូវប្រឈមនឹងគ្រោះថ្នាក់នៅតាមផ្លូវ។ ខ្ញុំត្រូវចំណាយ ពេល៣ថ្ងៃក្នុងការធ្វើដំណើរ ពីស្រុកកោះធំ ដែលនៅជិតព្រំដែនប្រទេសវៀតណាមទៅសមរភូមិ។
នៅឆ្នាំ១៩៧៤ ខ្ញុំឈប់ធ្វើជាកងនារីដឹកជញ្ជូនមកចូលធ្វើការនៅកងត្បាញក្រមា ស្ថិតនៅស្រុកកោះធំដដែល។ ក្រុមតម្បាញរបស់ខ្ញុំ មានសមាជិកប្រហែល៦០នាក់។ អង្គការផ្តល់អំបោះឱ្យខ្ញុំ និងនារីតម្បាញ ដើម្បីត្បាញក្រមាដែលមានពណ៌ក្រហម, ពណ៌ស និងពណ៌ខ្មៅ។ ក្រមាទាំងនោះក្រឡាធំៗជាងក្រមាយើងសព្វថ្ងៃ។ កីត្បាញមានចំនួន៣០០។ ខ្ញុំទទួលបានអាហារពីរពេលគឺ ពេលថ្ងៃ និងពេលល្ងាច។ របបអាហារពេលនោះ គឺខាងចុងភៅចែកបបររាវៗម្នាក់មួយវែក ហូបជាមួយសម្លម្ជូរដែលមានត្រីពីរកង់សម្រាប់មនុស្សមួយក្រុម ហើយពេលខ្លះមិនមានសម្លឡើយ។ នៅពេលឈឺខ្ញុំត្រូវទៅព្យាបាលនៅពេទ្យកងពល។ នៅពេលខ្ញុំឈឺស្រាល គឺផឹកថ្នាំអាចម៍ទន្សាយ លើកលែងតែឈឺធ្ងន់ទើបមានថ្នាំប៉ារ៉ា ឬថ្នាំតានីន។
នៅឆ្នាំ១៩៧៥ ខ្ញុំឃើញកងទ័ពមួយក្រុមគ្នាចំនួន៥០នាក់ ត្រូវបានឈ្លបខ្មែរក្រហមចំនួន១៥នាក់បាញ់សម្លាប់ចោល ហើយសាកសពខ្លះត្រូវបានទម្លាក់ចូលក្នុងរណ្ដៅ។ ក្រោយខ្មែរក្រហមកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំផ្លាស់ពីកងត្បាញទៅធ្វើស្រែវិញ។ ក្រោយមក ទើបខ្មែរក្រហមផ្លាស់ខ្ញុំឱ្យទៅធ្វើប្រលានយន្តហោះ នៅខេត្តកំពង់ឆ្នាំង។ ខ្ញុំនៅក្នុងកងពលលេខ១២។ ខ្ញុំនៅខាងដំថ្មយកទៅក្រាលធ្វើផ្លូវសម្រាប់យន្តហោះចុះចត។ នៅដើមឆ្នាំ១៩៧៩ ខ្ញុំរត់ទៅប៉ៃលិនជាមួយ អ៊ី ឈាន និងធ្វើការនៅពេទ្យ១៧ (កង១៧) ព្យាបាលជំងឺគ្រុនចាញ់។ ពេលនោះមន្ទីរពេទ្យមានថ្នាំគ្រប់គ្រាន់ ហើយអាហារហូបចុកក៏មិនខ្វះខាតដែរ។ ខ្ញុំរស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រហូតមក។ សព្វថ្ងៃ ខ្ញុំមិនអាចធ្វើការដូចមុនបានទេដោយសារខ្ញុំចេះតែវិលមុខ។ ខ្ញុំមិនដែលនិយាយរឿងរ៉ាវខ្ញុំប្រាប់កូនចៅរបស់ខ្ញុំទេ ព្រោះខ្ញុំមិនចង់ឱ្យក្មេងៗស្ដាប់រឿងរ៉ាវលំបាករបស់ខ្ញុំ។
ខ្ញុំឈ្មោះ តូ រ៉ុង ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ខ្ញុំមានទីកន្លែងកំណើតនៅចាក់អង្រែក្រោម ក្រុងភ្នំពេញ។ ខ្ញុំមានឪពុកឈ្មោះ គង់ ម៉ានៅ និងម្ដាយឈ្មោះ គីម ហៀង។ ខ្ញុំមិនបានចូលរៀនទេព្រោះគ្រួសារខ្ញុំសែស្រឡាយចិន មិនចង់ឱ្យកូនស្រីរៀនសូត្រទេគឺឱ្យរៀនតែកូនប្រុស។ ឪពុកម្ដាយខ្ញុំមានមុខរបរជាអ្នកដាំបន្លែលក់។ កាលនោះខ្ញុំបន់ឱ្យតែខ្មែរក្រហមចូលក្រុងភ្នំពេញព្រោះរស់នៅលំបាកខ្លាំងណាស់ អីវ៉ាន់ និងអាហារហូបចុកឡើងថ្លៃទាំងអស់។ នៅពេលខ្មែរក្រហមចូលមក ខ្ញុំសប្បាយរីករាយណាស់និងស្វាគមន៍ ប៉ុន្តែខ្មែរក្រហមបែរជាឱ្យប្រជាជនចាកចេញពីផ្ទះទៅវិញ។ ខ្មែរក្រហមប្រុងយកខ្ញុំទៅសម្លាប់ ព្រោះគិតថារូបរាងខ្ញុំសាកសមជានិស្សិត ប៉ុន្តែតាមពិតសូម្បីតែអក្សរមួយតួក៏ខ្ញុំមិនចេះដែរ។ ខ្មែរក្រហមយកខ្ញុំទៅលត់ដំ និងដាក់កំហិតការងារឱ្យធ្វើ ហើយប្រសិនបើខ្ញុំធ្វើមិនបាននឹងយកខ្ញុំទៅវាយចោល។ រាល់ការងារអ្វីក៏ដោយដែលអង្គការដាក់មកឱ្យខ្ញុំធ្វើ គឺខ្ញុំធ្វើបាន ដូច្នេះអង្គការមិនមានលេសយកខ្ញុំទៅសម្លាប់ឡើយ ហើយក៏បញ្ជូនខ្ញុំទៅនៅកងនារី ប៉ុន្តែខ្ញុំមិនព្រមទៅដោយសារខ្ញុំមានម្ដាយឪពុកចាស់ និងមានប្អូនតូចៗនៅក្នុងបន្ទុក។ ពេលម្តាយខ្ញុំឈឺ អង្គការក៏បញ្ជូនទៅពេទ្យមោងឫស្សីដើម្បីព្យាបាល។ ខ្ញុំមានប្អូន២នាក់ ដូច្នេះប្អូនខ្ញុំទទួលបានអង្ករពីរស្លាបព្រាបាយ និងកន្ទក់ពីរស្លាបព្រា។ ចំណែកខ្ញុំមិនទទួលបានរបបទេព្រោះខ្ញុំបដិសេធមិនទៅកងនារី។ រយៈពេល៣ខែខ្ញុំហូបតែត្រកួនស្រុសប៉ុណ្ណោះ។ ខ្ញុំនៅចាំថា ថ្ងៃមួយអង្គការចែកកន្ទក់ឱ្យខ្ញុំមួយស្លាបព្រា ខ្ញុំបានបៀមកន្ទក់នៅក្នុងមាត់ ស្រាប់តែអ្នកនៅក្នុងភូមិហៅខ្ញុំថា «មិត្តរ៉ុង» ខ្ញុំភ្លេចខ្លួនឆ្លើយចាស៎ ទើបកន្ទក់ដែលបៀមក្នុងមាត់ហុយចេញអស់។ ខ្ញុំស្តាយកន្ទក់យ៉ាងខ្លាំងព្រោះមិនទាន់បានលេបចូលក្នុងពោះ ម្យ៉ាងទៀតខ្ញុំកំពុងឃ្លានខ្លាំង។
នៅឆ្នាំ១៩៧៦ ខ្ញុំចូលកងនារីជញ្ជូនស្បៀងឡើងភ្នំ។ ខ្ញុំលីអង្ករលើស្មាបណ្ដាក់គ្នាក្នុងចម្ងាយ១០ម៉ែត្រគឺមានមនុស្សម្នាក់ចាំទទួលបន្ត។ បន្ទាប់ពីរួចហើយ ខ្ញុំដើរមកម្ខាងទៀតកុំឱ្យដើរបុកគ្នាជាមួយអ្នកដែលលីអង្ករឡើងមកតាមក្រោយ។ មិនយូរប៉ុន្មាន អង្គការដកខ្ញុំមកជួយដកស្មៅស្រូវ ប្រសិនបើដកដោយស្រូវមួយដើមឈ្លបនឹងកក់ឈ្មោះទុក។ គំនរស្មៅត្រូវដាក់នៅពីមុខអ្នកបោច ហើយអ្នកជញ្ជូនស្មៅត្រូវចាំមុខអ្នកបោចដែរ ប្រសិនបើកងឈ្លបវែកមើលមានដោយស្រូវ១ដើមគឺកត់ឈ្មោះអ្នកបោចលើកទី១ ហើយប្រសិនបើឃើញ៣ដើមគឺយកទៅវាយចោលតែម្ដង។ ដូច្នេះខ្ញុំនិងប្រធានក្រុមលួចប្រជុំគ្នាក្នុងកងឱ្យចេះជួយគ្នា ដោយខ្ញុំលើកឡើងថា «ជីវិតយើងថ្លៃណាស់ឪពុកម្ដាយខំចិញ្ចឹមដោយលំបាកណាស់យើងត្រូវចេះជួយគ្នាក្រែងអាចរួចផុតពីរបបនេះបានសងគុណឪពុកម្ដាយវិញ។ បម្រើខ្មែរក្រហមហើយ ខ្មែរក្រហមវាយចោលទៀតមិនបានទេ កុំយកមុខយកមាត់មិនបានអី្វទេ រស់នៅម្នាក់ឯងឯកោណាស់» ហើយយើងក៏ឯកភាពគ្នា។ ដូច្នេះ នៅពេលអ្នកជញ្ជូនស្មៅមើលឃើញស្រូវមួយដើមឬពីរដើមដែលសមាជិកក្នុងកងដកដោយ គឺត្រូវជាន់កប់ភក់តែម្តង។
នៅដើមឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមក ខ្ញុំរត់គេចខ្លួនព្រោះឮខ្មែរក្រហមឃោសនាថាកងទ័ពវៀតណាមចាប់អាកសម្លាប់ចោល។ ក្រោយមកខ្ញុំរៀបការដោយមានម្ដាយគឺជាអ្នកផ្សំផ្គុំ។ ខ្ញុំមកដល់ប៉ៃលិននៅពេលខ្មែរក្រហមផ្ដាច់ខ្លួនចុះចូលជាមួយរាជរដ្ឋាភិបាល។ ខ្ញុំបាត់បង់ឪពុកនិងប្អូនប្រុសចំនួន៣នាក់ដោយសារជំងឺហើមនិងអត់អាហារក្នុងរបបខ្មែរក្រហម។ ខ្ញុំធ្លាប់និយាយរឿងរ៉ាវរបស់ខ្ញុំប្រាប់កូន ប៉ុន្តែកូនខ្ញុំមិនជឿថាមានរបបខ្មែរក្រហមពិបាកយ៉ាងនេះទេ។
ខ្ញុំឈ្មោះ ចាន់ យី អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះវិហារ។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ខ្ញុំចូលរួមជាមួយកងទ័ពរំដោះខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៧២ ផ្នែកដឹកជញ្ជូនស្បៀងអាហារ មកព្រំដែនកម្ពុជា-ថៃ។ ក្រុមខ្ញុំគឺទូលតែអង្ករប៉ុណ្ណោះ ចំណែកក្រុមផ្សេងទៀតគឺដឹកជញ្ជូនគ្រាប់រំសេវ។ ក្នុងមួយកងមានសមាជិកចំនួន៣០នាក់។ ខ្ញុំផ្លាស់អង្គភាពញឹកញាប់តាមការចាត់តាំងពីថ្នាក់លើ ព្រោះខ្មែរក្រហមមិនឱ្យយើងនៅអង្គភាពតែមួយយូរទេ គឺខ្លាចបែកការណ៍។ ក្រោយមក ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យរៀនពេទ្យដោយសារខ្ញុំចេះអានអក្សរ និងអាចសរសេរបានត្រឹមត្រូវ។ ដំបូង ខ្ញុំនៅផ្នែកព្យាបាលជំងឺទូទៅ និងព្យាបាលយោធាដែលត្រូវរបួសនៅសមរភូមិ។ ក្រោយឆ្នាំ១៩៧៥ ខ្ញុំផ្លាស់មកធ្វើជាពេទ្យឆ្មបវិញ។ ឧបករណ៍ពេទ្យខ្ញុំមានប្រើប្រាស់គ្រប់គ្រាន់ ដោយឡែកថ្នាំសង្កូវយកមកពីប្រទេសចិនមិនបានគ្រប់គ្រាន់ទេ។ ខ្ញុំទទួលបានបបរខាប់ ហូបជាមួយបន្លែននោងដែលយើងអាចបេះស្ងោរហូបខ្លួនឯង។
ខ្ញុំរៀបការនៅក្នុងឆ្នាំ១៩៧៨ ដែលថ្ងៃរៀបការនោះមានទាំងអស់ចំនួន១០គូ ហើយខ្មែរក្រហមបានធ្វើមាន់ទាឱ្យយើងហូប។ ខ្ញុំធ្លាប់ឃើញជនបរទេសមកផ្ដល់ជំនួយ ដូចជា ទឹកដោះគោ និងខោអាវឱ្យខាងអង្គភាពខ្ញុំដែរ។ នៅពេលកងទ័ពវៀតណាម វាយចូលមកក្នុងឆ្នាំ១៩៧៩ ខ្ញុំរត់ទៅព្រៃក្នុងទឹកដីថៃជាមួយប្ដី។ ខ្ញុំជួយបង្កើតកូនឱ្យប្រពន្ធរបស់ទាហានដែលរត់ភៀសខ្លួនជាមួយគ្នានៅតាមផ្លូវ។
ខ្ញុំចង់ឱ្យកូនចៅរបស់ខ្ញុំ និងក្មេងៗជំនាន់ក្រោយដឹងថា ពេលប្រទេសគ្មានសង្រ្គាមយើងរស់នៅស្រួល ប៉ុន្តែប្រសិនបើប្រទេសមានសង្រ្គាមដូចខ្ញុំ គឺរស់នៅវេទនាខ្លាំងណាស់ និងរត់ទៅជ្រកកោនក្នុងទឹកដីគេ។
អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា