ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមសម្លាប់ទម្លាក់ចូលក្នុងរណ្ដៅសាកសពរួមយ៉ាងព្រៃផ្សៃ

ខ្ញុំឈ្មោះ ស្រេង ស៊ីថា អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាអតីតគ្រូបង្រៀនថ្នាក់ទី១នៅសាលាបឋមសិក្សាទីប្រជុំ។ ខ្ញុំរៀបការប្ដីឈ្មោះ អ៊ុត ម៉ៅ និងមានកូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ ស ស្រេង គឺជានាយទាហាន លន់ នល់ និងម្ដាយឈ្មោះ មែន ជា។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់។ នៅចុងឆ្នាំ១៩៧៨ ឪពុកម្ដាយ និងបងប្អូនត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ជាមួយគ្រួសារប្រជាជន១៧មេសាជាច្រើនផ្សេងទៀតនៅក្នុងភូមិប្រមាត់ដី។ នៅពេលនោះ ខ្ញុំមិនបាននៅជិតគ្រួសារនោះទេ ពីព្រោះខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើត្រីនៅទន្លេសាបក្នុង ខេត្តកំពង់ធំ និងបោចវល្លិនៅខេត្តព្រះវិហារ។ ខ្ញុំមានស្រុកកំណើតនៅភូមិចុងកោះជើង ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាបឋមសិក្សាទួលថ្មរហូតដល់បញ្ចប់ថ្នាក់៧ចាស់។ ខ្ញុំបានប្រឡងចូលរៀនថ្នាក់ទី៦នៅ វិទ្យាល័យព្រះសីហនុ។
បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ នៅដើមឆ្នាំ១៩៧០ ខ្ញុំឃើញមានការធ្វើបាតុកម្មនៅទីរួមខេត្តកំពង់ចាម។ បាតុកម្មបានអស់បន្លាយរយៈពេលប្រហែលជា២-៣ថ្ងៃ។ មិនយូរប៉ុន្មានបន្ទាប់ពីបាតុកម្មបានបញ្ចប់ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើង។ នៅពេលនោះ ឪពុករបស់ខ្ញុំគឺជានាយទាហាន លន់ នល់ ថ្នាក់អនុសេនីយ៍ឯក។ ចាប់ពីចុងឆ្នាំ ១៩៧០ដល់ឆ្នាំ១៩៧២ សង្រ្គាមរវាងទាហាន លន់ នល់ ដែលឈរជើងនៅព្រំប្រទល់ចូលទីរួមខេត្តកំពង់ចាម និងកងទ័ពរំដោះខ្មែរក្រហមដែលឈរជើងនៅតាមភូមិផ្ទុះកាន់តែខ្លាំងឡើង។ នៅឆ្នាំ១៩៧៣ ដោយបានឃើញស្ថានភាពមិនស្រួល ឪពុករបស់ខ្ញុំបានយកគ្រួសារជិះយន្តហោះនៅព្រលានយន្តហោះស្ថិតនៅម្ដុំវាលវង់ ខេត្តកំពង់ចាម ដើម្បីរកកន្លែងសុវត្ថិភាពគឺទីក្រុងភ្នំពេញ។ បន្ទាប់មក ឪពុករបស់ខ្ញុំបានផ្លាស់ទៅធ្វើការនៅកំពង់សោម។ ខ្ញុំ និងគ្រួសារបានទៅរស់នៅជាមួយឪពុកនៅទីនោះ។
នៅឆ្នាំ១៩៧៤ ឪពុករបស់ខ្ញុំត្រូវបានផ្លាស់មកភ្នំពេញវិញ។ នៅពេលនោះ ឪពុកនិងម្ដាយខ្ញុំបានទិញផ្ទះមួយនៅម្ដុំវត្តទឹកល្អក់។ ខ្ញុំបានចូលរៀននៅសាលាឯកជនមួយឈ្មោះ តារាសាស្រ្ត ដោយបានរៀនត្រឹមថ្នាក់ទី៤។ ប៉ុន្មានខែបន្ទាប់ ឪពុករបស់ខ្ញុំទទួលបានតួនាទីជាបាឡ័តខេត្តកំពត។ នៅពេលនោះ ឪពុករបស់ខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តកំពតតាមរយៈយន្តហោះខ្នាតតូច ពីព្រោះតែការធ្វើដំណើរតាមផ្លូវជាតិគឺមិនមានសុវត្ថិភាព និងអាចទទួលរងការវាយប្រហារពីកងទ័ពរំដោះខ្មែរក្រហម។ ម្ដាយ និងបងប្អូនខ្ញុំផ្សេងទៀតគឺបន្តរស់នៅទីក្រុងភ្នំពេញ។ នៅពេលដែលកងទ័ពរំដោះខ្មែរក្រហមខិតជិតចូលមកដល់ទីក្រុងភ្នំពេញ ឪពុករបស់ខ្ញុំសម្រេចចិត្តជិះយន្តហោះខ្នាតតូចវិលត្រឡប់មកភ្នំពេញដើម្បីជួបជុំជាមួយគ្រួសារ។ ឪពុកខ្ញុំបានមកដល់ផ្ទះវិញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ គឺមួយថ្ងៃមុនពេលកងទ័ពរំដោះខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ នៅវេលាប្រហែលម៉ោង៤រសៀល ខ្ញុំឮសូរការទម្លាក់គ្រាប់បែកនៅម្ដុំខ្ញុំរស់នៅ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ កងទ័ពខ្មែរក្រហមបានមកគោះទ្វារផ្ទះ ប៉ុន្តែឪពុកខ្ញុំឲ្យបានប្រាប់ថាឲ្យស្នាក់នៅផ្ទះមួយយប់សិន។ នៅព្រឹកថ្ងៃបន្ទាប់គឺថ្ងៃទី១៨ ខែមេសា កងទ័ពខ្មែរក្រហមបានមកប្រាប់គ្រួសារខ្ញុំចាកចេញពីទីក្រុងភ្នំពេញត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ ភ្លាមនោះ ម្ដាយខ្ញុំបានរៀបចំយកមុង, ភួយ និងខោអាវខ្លះ មុនពេលចាកចេញពីផ្ទះ។ គ្រួសាររបស់ខ្ញុំដើមតាមផ្លូវទឹកល្អក់ រហូតដល់អង់តែនទួលគោកឆ្ពោះទៅគីឡូម៉ែត្រលេខ៦ និងបន្តឆ្ពោះទៅព្រែកក្ដាមដើម្បីឆ្លងទន្លេទៅខាងកំពង់ចាម។ ខ្ញុំឃើញមានប្រជាជនជាច្រើននាក់ដើរពាសពេញផ្លូវទៅព្រែកក្ដាម។ គ្រួសារខ្ញុំបានដើររយៈពេល៤ថ្ងៃទើបទៅដល់កំពង់ចម្លងព្រែកក្ដាម។ ខ្ញុំនៅចាំបានថា កងទ័ពខ្មែរក្រហមបានស្កាត់សួរអំពីប្រវត្តិរបស់ប្រជាជនជម្លៀសពីភ្នំពេញ។ ការស្កាត់សួរអំពីប្រវត្តិលើកទី១គឺនៅក្នុងវត្តមួយ ដែលខ្ញុំមិនបានចាំឈ្មោះវត្តនោះទេ។ នៅពេលនោះ ឪពុករបស់ខ្ញុំប្រាប់កងទ័ពខ្មែរក្រហមថា គាត់គឺជាអ្នកបើកឡាននៅភ្នំពេញ។ ការស្កាត់សួរអំពីប្រវត្តិលើកទី២គឺនៅម្ដុំរការកោង។ ប្រជាជនជាច្រើននាក់ ដែលត្រូវបានស៊ើបដឹងថា ធ្លាប់បម្រើការជាគ្រូបង្រៀន, ទាហាន ឬមន្រ្តីក្នុងរបប លន់ នល់ ត្រូវបានកងទ័ពខ្មែរក្រហមមិនអនុញ្ញាតឲ្យបន្តដំណើរទៅមុខបាននោះទេ និងក្រោយមកត្រូវបានយកទៅសម្លាប់ចោល។ គ្រួសារខ្ញុំបន្តដំណើរទៅដល់ភូមិត្រពាំងស្នោរ និងបានស្នាក់នៅប្រហែល១ខែ។
នៅខែមិថុនា ឆ្នាំ១៩៧៥ គ្រួសារខ្ញុំបានលួចរត់ទាំងយប់ចេញពីភូមិត្រពាំងស្នោរ ដើម្បីមកភូមិកំណើតរបស់ជីដូន ដែលកំពុងរស់នៅភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ។ ចាប់ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ខ្ញុំចូលធ្វើការក្នុងកងចល័តនារីឃុំស្វាយទាប ដោយបានដើរលើកទំនប់ ជីកដី និងភ្ជួររាស់។ ចំណែកឯ ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅតាមកងរៀងៗខ្លួន។ នៅថ្ងៃមួយ ខ្ញុំនិងកងចល័តនារីត្រូវបានប្រាប់ឲ្យទៅប្រជុំនៅផ្ទះលេខាភូមិភាគ គឺមិត្ត កែ ពក។ នៅពេលនោះ ខ្ញុំឃើញមានកងចល័តជាច្រើនបានអង្គុយប្រជុំ។ មិត្ត កែ ពក បានប្រាប់ឲ្យយើងខិតខំធ្វើការងារ។ នៅឆ្នាំ១៩៧៨ កងចល័តនារីរបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរទៅលើកទំនប់នៅ ខេត្តកំពង់ធំ គឺទំនប់១មករាអស់រយៈពេល៣ខែ។ ការដ្ឋានទំនប់១មករា មិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែកងចល័តនារីរបស់ខ្ញុំត្រូវបានផ្លាស់មកកាន់ភូមិប្រមាត់ដីវិញ។ បន្ទាប់ពីមកដល់ភូមិបានប្រហែល២-៣ខែ ខ្ញុំត្រូវបានមិត្ត រឿន ដែលជាប្រធានកងចល័តឃុំ ជ្រើសរើសឲ្យចូលក្នុងកងកម្លាំង ស្រួច ដែលមានសមមិត្តប្រហែល២៥នាក់ទៀត ដើម្បីទៅធ្វើការនៅកន្លែងនេសាទត្រីនៅ ខេត្តកំពង់ធំ និងទៅបោចវល្លិនៅខេត្តព្រះវិហារ។ ខ្ញុំបាននិយាយលាឪពុកម្ដាយ និងបងប្អូនមុនពេលចេញដំណើរទៅ។ បន្ទាប់ពីបានទៅធ្វើការឆ្ងាយចេញពីភូមិរយៈពេល៣ខែ ខ្ញុំបានមកលេងផ្ទះបាន៣ថ្ងៃ។ នៅពេលដែលខ្ញុំចេញពីផ្ទះវិលត្រឡប់ទៅធ្វើការងារវិញ ប្អូនប្រុសរបស់ខ្ញុំបានសុំខ្ញុំទៅជាមួយ។ ប៉ុន្តែខ្ញុំមិនបានយកប្អូន ទៅជាមួយ ពីព្រោះខ្ញុំធ្វើការបោចវល្លិនៅក្នុងព្រៃក្បែរភ្នំត្បែង ដែលពិបាករស់នៅណាស់។ ៤ថ្ងៃបន្ទាប់ពីខ្ញុំចាកចេញពីផ្ទះលើកនេះ ខ្ញុំទទួលបានដំណឹងថា គ្រួសាររបស់ខ្ញុំរួមមាន ឪពុកម្ដាយ ដែលកំពុងពពោះជិត គ្រប់ខែ និងបងប្អូនទាំងអស់ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់។ នៅពេលទទួលដំណឹងអំពីការស្លាប់របស់គ្រួសារ ខ្ញុំគ្មានព្រលឹងក្នុងខ្លួននោះឡើយ។ ប៉ុន្តែមិត្ត រឿន បាននិយាយលើកទឹកចិត្តខ្ញុំឲ្យពង្រឹងស្មារតីក្នុងការធ្វើការងារ ពីព្រោះខ្ញុំត្រូវបានដាក់ឲ្យស្ថិតនៅក្នុងប្រជាជនមានប្រវត្តិមិនល្អ ដែលប្រឈមការចាប់យកទៅសម្លាប់គ្រប់ពេលវេលា។
នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ទីរួមខេត្តកំពង់ចាម កងចល័តទាំងអស់ត្រូវបានរំសាយ។ នៅពេលនោះ ខ្ញុំនិងមិត្តនារី៣នាក់ទៀត បានចែវទូកតាមទន្លេមកភូមិវិញ និងត្រូវបានស្កាត់ដោយកងទ័ពខ្មែរក្រហមដែលនៅសេសសល់។ ប៉ុន្តែខ្ញុំនិងមិត្តនារីទាំងនេះត្រូវបានដោះលែងនិងបន្តចែវទូករហូតមកដល់ភូមិវិញ។ ខ្ញុំដឹងថា មានប្រជាជនជាច្រើនគ្រួសារក៏បានចែវទូកនៅពីក្រោយខ្ញុំ ប៉ុន្តែត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ទាំងអស់។ ខ្ញុំរួចផុតពីសេចក្ដីស្លាប់នាពេលនោះ ប៉ុន្តែបានបាត់បង់សមាជិកគ្រួសារទាំងអស់។
សរសេរដោយ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា