ជីវិតរត់ភៀសខ្លួនក្នុងពេលសង្រ្គាម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ធី វាសនា អាយុ៦៦ឆ្នាំ រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំជាមេផ្ទះ និងរស់នៅជាមួយកូន។ ខ្ញុំរៀបការប្ដីឈ្មោះ ម៉េង អាន និងមានកូនប្រុសស្រីចំនួន៥នាក់។ ឪពុកខ្ញុំឈ្មោះ ធី និងម្ដាយឈ្មោះ សន។ ខ្ញុំជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិននេះតែម្ដង។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាវត្តគ្រូអ៊ុករហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់មក ខ្ញុំរស់នៅជាមួយបងស្រីនៅទីរួម ខេត្តកំពង់ចាម និងបន្តចូលរៀននៅសាលាបឋមសិក្សាទួលថ្ម រហូតដល់ថ្នាក់ទី៦ចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានផ្ទុះឡើង ហើយក្បួនបាតុករដង្ហែរចូលមកដល់ទីរួម ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តស្នាក់នៅជាមួយគ្រួសារនៅទីរួម ខេត្តកំពង់ចាម ប៉ុន្តែខ្ញុំឈប់រៀនទៅហើយ ពីព្រោះនៅពេលនោះមានសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះកាន់តែខ្លាំងឡើងៗ។ កងទ័ពរំដោះខ្មែរក្រហមបានបើកការវាយប្រហារ និងរំកិលចូលមកទីរួមខេត្តជារៀងរាល់ថ្ងៃ។

នៅពាក់កណ្ដាលឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានឡោមព័ទ្ធទៅដោយកងទ័ពរំដោះខ្មែរក្រហម។ ខ្ញុំ និងគ្រួសារ នាំគ្នារត់ទៅជិះម៉ារីនរបស់ទាហាន លន់ នល់ ទាំងយប់មកទីក្រុងភ្នំពេញ។ នៅតាមដងទន្លេពីទីរួមខេត្តកំពង់ចាម ទៅកាន់ទីក្រុងភ្នំពេញ នាវាម៉ារីនរបស់ទាហាន លន់ នល់ ដែលដឹកជញ្ជូនប្រជាជនជម្លៀសនៅទីរួមខេត្តកំពង់ចាម ទទួលរងការវាយប្រហារពីកងទ័ពរំដោះខ្មែរក្រហមជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណាក៏ដោយ នាវាប្រយុទ្ធម៉ារីនរបស់ទាហាន លន់ នល់ បានចេញមកធ្វើអន្តរាគមន៍ដោយបានបាញ់គ្រាប់ទប់ទល់ និងបើកផ្លូវសុវត្ថិភាពឲ្យនាវាម៉ារីនដែលដឹកប្រជាជនបន្តដំណើរទៅមុខទៀត។ ខ្ញុំ និងគ្រួសារមកដល់ទីក្រុងភ្នំពេញនៅព្រឹកបន្ទាប់ និងទៅស្នាក់នៅម្ដុំស្ទឹងមានជ័យ។ បន្ទាប់មកខ្ញុំបានចូលរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាកែសុងគីម។ នៅឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានវាយបែកភ្នំពេញ និងជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ នៅពេលនោះ ខ្ញុំបែកពីឪពុកម្ដាយខ្ញុំ ប៉ុន្តែក្រោយមក ខ្ញុំទទួលបានដំណឹងថា គាត់ទាំងពីរនាក់បានមកដល់ភូមិកំណើត។ ខ្ញុំ និងគ្រួសាររបស់បងស្រីដើរចេញពីទីក្រុងភ្នំពេញកាត់តាមព្រែកព្នៅ និងចំណាយពេលកន្លះខែទើបបានមកដល់ភូមិកំណើត។ បន្ទាប់ពីមកដល់ភូមិ ខ្ញុំរស់នៅជាមួយយាយ និងធ្វើការងាររែកដីនៅក្នុងភូមិ។

នៅឆ្នាំ១៩៧៦ គ្រួសារខ្ញុំត្រូវបានជម្លៀសទៅតាំងគោកតាមសាឡាង ទៅពាមជីកង និងបន្ទាប់មក បន្តដំណើរតាមរថយន្តទៅតាំងគោក ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅកងចល័តស្រុកដើម្បីទៅរែកដី និងលើកទំនប់នៅការដ្ឋានកំពង់ថ្ម។ ខ្ញុំត្រូវងើបពីម៉ោង៥ទៅប្រជុំជួរ ហើយចាប់ផ្ដើមធ្វើការដល់ម៉ោង១១ថ្ងៃត្រង់ទើបឈប់សម្រាកហូបបបរ។ ខ្ញុំបន្តធ្វើការពីម៉ោង១ដល់ម៉ោង៥ល្ងាច ដោយដឹកនាំប្រធានក្រុមឈ្មោះមិត្តសេង។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅភ្នំសន្ទុក ដោយលើករងដំឡូងក្នុងម្នាក់ឲ្យបានប្រវែង១០០ម៉ែត្រ។ ខ្ញុំធ្វើការនៅការដ្ឋាននេះរហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិចូលមករំដោះប្រជាជនចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ខ្ញុំរួចផុតពីសេចក្ដីស្លាប់នៅពេលនោះ និងវិលត្រឡប់មករស់នៅជួបជុំគ្រួសារវិញ។

ដោយ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin