កែវ ថុន ៖ រត់ភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីរស់

ខ្ញុំឈ្មោះ កែវ ថុន កើតនៅឆ្នាំ១៩៤០ នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ កែវ ថែ និង ម្តាយឈ្មោះ នួន សាម៉ន។ ខ្ញុំមានប្រពន្ធឈ្មោះ ផាំង ង៉ូយ និងមានកូនចំនួន៦នាក់។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៧នាក់ គឺប្រុស៤នាក់ និងស្រី៣នាក់។ បងប្អូនខ្ញុំនៅរស់តែពីរនាក់ប៉ុណ្ណោះ ក្រៅពីនោះបានស្លាប់ក្នុងរបបខ្មែរក្រហមអស់ហើយ។
បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានប្រជាជនជាច្រើនបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនេះ។ ឆ្លៀតឱកាសនោះ កងទ័ពវៀតកុង (កងទ័ពរណសិរ្សរំដោះវៀតណាមខាងត្បូង គាំទ្រប្រទេសវៀតណាមខាងជើង) ជាច្រើនបានចូលមកឃោសនានៅក្នុងភូមិរបស់ខ្ញុំឱ្យប្រជាជនចូលជាមួយកងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា និងចូលព្រៃម៉ាក់គីដើម្បីវាយរបប លន់ នល់ និងរំដោះប្រជាជន។ វៀតកុងបានចាត់តាំងជនជាតិខ្មែរដើម្បីដឹកនាំ និងជ្រើសរើសអ្នកស្ម័គ្រចិត្តនៅតាមភូមិ។ រយៈពេលមួយខែក្រោយមក ក្មេងៗជំទង់ជាច្រើននាក់នៅក្នុងភូមិ រួមទាំងប្អូនប្រុសបន្ទាប់ពីខ្ញុំឈ្មោះ កែវ សារិន បានស្ម័គ្រចិត្តចូលរួមជាមួយកងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា។ មុននឹងប្អូនរបស់ខ្ញុំចាកចេញពីផ្ទះ ខ្ញុំបាននិយាយជាមួយប្អូន ថា «ធ្វើម៉េចស្រុកទេសយើងអីចឹង បងមិនដឹងគិតយ៉ាងណាទេ ឥឡូវឯងទៅមុនអញចុះ អញនៅជាមួយម៉ែឪ» ដើម្បីជួយការងារនិងដឹកស្រូវអង្ករ។ មិនយូរប៉ុន្មាន ប្អូនប្រុសរបស់ខ្ញុំម្នាក់ទៀតឈ្មោះ កែវ ខែត និងចុងក្រោយប្អូនប្រុសឈ្មោះ កែវ សាវ៉ាត់ ក៏បានស្ម័គ្រចិត្តទៅចូលរួមជាមួយរណសិរ្សនេះដែរ។ បន្ទាប់ពីប្អូនប្រុសៗរបស់ខ្ញុំចាកចេញទៅអស់ ខ្ញុំនិងឪពុកម្តាយ រស់នៅ និងធ្វើការនៅក្នុងភូមិដដែល។
អំឡុងពេលនោះដែរ នៅក្នុងភូមិស្រុករបស់ខ្ញុំក៏ចាប់ផ្តើមមានសង្រ្គាមជាញឹកញាប់ ព្រោះមានកងរថក្រោះរបស់ទាហានរដ្ឋការ ឬ ទាហានធីវគី (សាធារណរដ្ឋវៀតណាម ឬវៀតណាមខាងត្បូង) បានចូលមក និងវាយប្រយុទ្ធគ្នាជាមួយកងទ័ពវៀតកុង។ ដូច្នេះឪពុកម្តាយនិងបងប្អូនខ្ញុំ រួមទាំងប្រជាជននៅក្នុងភូមិបាននាំគ្នារត់គេចខ្លួន ហើយមួយចំនួនបានរត់ចូលពួននៅក្នុងព្រៃ។ នៅឆ្នាំ១៩៧១ ខ្ញុំបានចេញពីផ្ទះទៅចូលធ្វើទាហាន លន់ នល់ នៅជីភូ ក្នុងខេត្តស្វាយរៀង ដោយសារការរស់នៅក្នុងភូមិច្របូកច្របល់ ហើយទាហានធីវគីតែងតែឃាត់ខ្លួនខ្ញុំដើម្បីសួរនាំ និងធ្វើបាបពេលឃើញខ្ញុំដឹកស្រូវអង្ករនៅតាមផ្លូវម្តងៗ។
ពេលកងទ័ពខ្មែរក្រហមរំដោះបានប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានត្រឡប់មកជួបឪពុកម្តាយ និងប្អូនៗនៅផ្ទះវិញ។ មួយរយៈក្រោយមក ខ្មែរក្រហមបានរៀបចំបង្កើតជាសហករណ៍នៅតាមភូមិឃុំ ហើយខ្ញុំក៏ចូលធ្វើការនៅក្នុងកងចល័ត។ នៅពាក់កណ្តាលឆ្នាំ១៩៧៦ ប្អូនប្រុសរបស់ខ្ញុំឈ្មោះ កែវ សារិន ដែលបានចេញទៅបម្រើកងទ័ពតាំងពីឆ្នាំ១៩៧០ បានជិះម៉ូតូម៉ូប៊ីឡែតដឹកប្រពន្ធដែលធ្វើការជាមួយគ្នា និងមានស្រុកកំណើតនៅតាខ្មៅមកលេងឪពុកម្តាយខ្ញុំនៅក្នុងភូមិពោធិ៍។ ពេលនោះប្អូនប្រុសខ្ញុំពិការជើងម្ខាង និងប្រាប់ថា គាត់ធ្វើជាប្រធានក្រុមនៅរោងចក្រភួយនៅទីក្រុងភ្នំពេញ។ ប្អូនប្រុសខ្ញុំបានយកភួយចំនួន២មកផ្ញើឪពុកម្តាយខ្ញុំដែរ។ ភួយនោះមាន៣ពណ៌។ ពេលប្អូនខ្ញុំមកលេងផ្ទះ ម្តាយខ្ញុំបានទៅស្នើសុំអង្ករពីសហករណ៍យកមកដាំបាយឱ្យប្អូនៗហូប។ ខ្ញុំបានទៅជួបសួរសុខទុក្ខប្អូនបានតែមួយភ្លែតប៉ុណ្ណោះ ព្រោះខ្ញុំជាប់រវល់ជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែនៅតាមកងចល័ត។ ប្អូនខ្ញុំមកលេងផ្ទះបានរយៈពេលបីថ្ងៃប៉ុណ្ណោះក៏ត្រឡប់ទៅវិញ ហើយបាត់ដំណឹងគាត់រហូត។
នៅឆ្នាំ១៩៧៧ ខ្ញុំបានរៀបការប្រពន្ធ ចំពេលកងទ័ពខ្មែរក្រហមមានជម្លោះជាមួយវៀតណាមនៅតាមបណ្តោយព្រំដែន។ អង្គភាពទ័ពរបស់ខ្មែរក្រហមបានមកបោះបន្ទាយនៅវត្តមេសថ្ងក ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភូមិរបស់ខ្ញុំ។ ក្រៅពីប្រចាំការ និងល្បាត កងទ័ពខ្មែរក្រហមបានធ្វើស្រែ និងស្ទូងដកនៅទីនោះតែម្តង។ នៅក្នុងឆ្នាំ១៩៧៧ ដដែល កងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម បានវាយប្រយុទ្ធគ្នា ហើយខ្មែរក្រហម ក៏បានដកខ្ញុំពីកងចល័តឱ្យមកចាំសែងកងទ័ពខ្មែរក្រហមដែលរងរបួសនៅលើសមរភូមិយកទៅព្យាបាលបន្ត។
បន្ទាប់ពីការវាយប្រយុទ្ធគ្នាស្ងប់ស្ងាត់ គណៈស្រុកខ្មែរក្រហមបានឃោសនាប្រាប់តាមសហករណ៍ ឱ្យដើរកត់ចំនួនក្របីចាស់ៗនៅក្នុងភូមិដែលប្រើការលែងកើត ដើម្បីយកទៅដូរយកក្រណាត់ និងអំបិលជាមួយវៀតណាម។ ប៉ុន្តែតាមពិត ខ្មែរក្រហមយកក្របីទាំងនោះទៅដូរយកប្រជាជនខ្មែរដែលរត់ភៀសខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាមត្រឡប់មកកម្ពុជាវិញ ហើយការដោះដូរនោះគឺនៅបាវិត។ ជនភៀសខ្លួនខ្មែរដែលវៀតណាមចាប់បញ្ជូនឱ្យខ្មែរក្រហមដើម្បីដូរយកក្របីនៅពេលនោះ ត្រូវបានចាត់ទុកថា ៖ ១) មិនគោរពច្បាប់ទម្លាប់របស់វៀតណាម ២) ជាប់ទោសពីបទលួច និង ៣) មិនអាចកែប្រែខ្លួនឡើងវិញបាន។ ខ្មែរក្រហមបានបិទបាំងព័ត៌មាននៃការដោះដូរក្របីជាមួយជនភៀសខ្លួនខ្មែរទាំងនោះ ដោយមិនឱ្យប្រជាជនដឹងឡើយ។ ប៉ុន្តែខ្ញុំបានឃើញ និងជួបជនភៀសខ្លួនខ្មែរដែលវៀតណាមបញ្ជូនមកទាំងនោះ ពេលខ្ញុំដើរទៅធ្វើការនៅកងចល័ត។ ខ្មែរក្រហមបានយកជនភៀសខ្លួនខ្មែរទាំងនោះទៅដាក់នៅកោះគោ (ស្ថិតនៅក្នុងឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង) ហើយអ្នកទាំងនោះគឺជាមុខសញ្ញានៃការយកទៅសម្លាប់ចោលទាំងអស់។ ក្រោយមកទើបព័ត៌មាននៃការសម្លាប់ជនភៀសខ្លួនខ្មែរដែលវៀតណាមបញ្ជូនមក បានលេចឮទៅខាងក្រៅ។ ដូច្នេះនៅពេលដែលអាជ្ញាធរវៀតចាប់បញ្ជូនជនភៀសខ្លួនខ្មែរដែលរត់ចូលទឹកដីរបស់ខ្លួន មកឱ្យខ្មែរក្រហមដើម្បីដូរយកក្របីក្រោយៗមកទៀត ទើបមានជនភៀសខ្លួនខ្មែរខ្លះបានតវ៉ាដាច់អហង្ការមិនព្រមត្រឡប់មកកម្ពុជាវិញ ហើយជនភៀសខ្លួនខ្លះទៀតបានលោតពីលើរថយន្តបណ្តាលឱ្យជនភៀសខ្លួនខ្មែរខ្លះរបួសបាក់ដៃ និងខ្លះទៀតបាក់ជើង ព្រោះភ័យខ្លាចពេលចូលមកដល់ប្រទេសកម្ពុជាត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល។
នៅដើមឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមនិងកងទ័ពវៀតណាមចាប់ផ្តើមមានជម្លោះជាមួយគ្នាម្តងទៀត ហើយកងទ័ពវៀតណាមក៏វាយលុកចូលដល់ស្រុកប្រសូត្រ ក្នុងខេត្តស្វាយរៀង។ ពេលនោះ ខ្ញុំនិងប្រជាជនខ្មែរជាច្រើននាក់ទៀតបានរត់ភៀសខ្លួនចោលប្រពន្ធកូន និងក្រុមគ្រួសារពីឃុំស្វាយតាយាន (ស្ថិតនៅខាងកើតស្រុកប្រសូត្រ) ទៅរស់នៅជំរំឡុងយ៉ាវ ប្រទេសវៀតណាម។ កងទ័ពវៀតណាមបោះទីតាំងនៅក្នុងទឹកដីខេត្តស្វាយរៀងមួយរយៈខ្លីប៉ុណ្ណោះ ក៏ដកកងទ័ពត្រឡប់ទៅវិញអស់ ទើបខ្មែរក្រហមចូលមកកៀរប្រជាជន រួមទាំងឪពុកម្តាយ និងប្អូនរបស់ខ្ញុំទៅទិសខាងលិចអស់។ ខ្មែរក្រហមបានចោទប្រជាជននៅខេត្តស្វាយរៀងថា «ក្បាលយួនខ្លួនខ្មែរ» និងបានយកប្រជាជនមួយចំនួនទៅសម្លាប់នៅភ្នំឈើកាច់ (ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង) រីឯប្រជាជនមួយចំនួនទៀត រួមជាមួយឪពុកម្តាយនិងប្អូនរបស់ខ្ញុំ ត្រូវបានបញ្ជូនទៅកាន់ខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងភូមិភាគពាយ័ព្យ ហើយបានស្លាប់នៅទីនោះទាំងអស់។ ដោយឡែកប្រធានកង ប្រធានសហករណ៍ គណៈឃុំ គណៈស្រុក នៅស្រុកចន្រ្ទា ក៏ត្រូវបានខ្មែរក្រហមចាប់ចងលើកដាក់រថយន្តដែលមានឃ្លុបបិទជិត យកទៅសម្លាប់ដែរ។
នៅពេលខ្ញុំទៅដល់ជំរំឡុងយ៉ាវ វៀតណាមបានបង្កើតអង្គភាពសម្រាប់ជនភៀសខ្លួនខ្មែរដែលមានលេខរៀងពីអង្គភាពលេខ១១ ដល់អង្គភាពលេខ១៨ ស្ថិតនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ពីទីក្រុងព្រៃ នគរ (សព្វថ្ងៃទីក្រុងហូជីមិញ)។ ទីនោះគឺជាអតីតបន្ទាយរបស់កងទ័ពធីវគី ដែលមានព្រៃដុះជុំជិត និងមិនមានប្រជាជនរស់នៅឡើយ។ ខ្ញុំស្នាក់នៅតាមរបងព្រលានយន្តហោះចាស់។ ខ្ញុំបានចូលទៅហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តយោធានៅអង្គភាពលេខ១១ ដោយមានគ្រូជនជាតិវៀតណាមបង្រៀនអំពីរបៀបកាន់កាំភ្លើង។ ក្រោយមក ខ្ញុំក៏ផ្លាស់ពីអង្គភាពលេខ១១ ទៅនៅអង្គភាពលេខ១៥វិញ។ ខ្ញុំហ្វឹកហាត់បានរយៈពេលប្រមាណ៣ខែ ក៏ឃើញសម្តេច ហ៊ុន សែន ទៅដល់ទីនោះដែរ។ បន្ទាប់ពីខ្ញុំហ្វឹកហាត់ចប់ អង្គភាពទ័ពបានយករថយន្តមកដឹកខ្ញុំទៅដាក់នៅកន្ទុំ ស្ថិតនៅក្នុងខេត្តតាយនិញ ប្រទេសវៀតណាម មានព្រំប្រទល់ជាប់ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកំពង់ចាម ដើម្បីត្រៀមបែងចែកកម្លាំង និងត្រៀមវាយលុកចូលប្រទេសកម្ពុជា។ នៅអំឡុងពេលនោះ ប្រពន្ធរបស់ខ្ញុំដែលបានរត់ភៀសខ្លួនជាមួយរទេះក្របីចេញពីភូមិកំណើតមករស់នៅប្រទេសវៀតណាមដែរ បានទៅតាមរកខ្ញុំឃើញ ដូច្នេះខ្ញុំក៏បានចាកចេញពីអង្គភាពទ័ព ហើយនាំគ្នាមករស់នៅ និងរកស៊ី នៅខេត្តឡុងអាន ប្រទេសវៀតណាម មានព្រំប្រទល់ជាប់នឹងស្រុកចន្រ្ទា ខេត្តស្វាយរៀងវិញ។ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបខ្ញុំ និងប្រពន្ធត្រឡប់មករស់នៅភូមិកំណើតនៅប្រទេសកម្ពុជាវិញ។
អត្ថបទដោយ៖ សោម ប៊ុនថន
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា