ការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អស់រយៈពេលជាង៤៥ឆ្នាំក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ អ្នករស់រានមានជីវិតនៅតែចងចាំនិងនឹករឭកអំពីអតីតកាលរបស់ខ្លួន ដោយផ្តើមចេញពីប្រជាជនធម្មតាម្នាក់រហូតក្លាយជាជនរងគ្រោះនៃរបបប្រល័យពូជសាសន៍និងសង្គ្រាម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ឈ្មោះ ស្រី សាលី នៅតែចងចាំមិនភ្លេចនូវបទពិសោធន៍ដែលបានកើតឡើងមកលើខ្លួននិងក្រុមគ្រួសារ។ ការចងចាំរបស់សាលីគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

ស្រី សាលី ភេទប្រុស មានអាយុ៨២ឆ្នាំ បច្ចុប្បន្នជាភិក្ខុមួយអង្គគង់នៅវត្តសង្កែ ភូមិតាជោ ឃុំសង្កែ ស្រុករំដួល ដែលពីមុនហៅថាស្រុកសំរោង ខេត្តស្វាយរៀង។ សាលី មានឪពុកឈ្មោះ ស្រី ថាប់ និងមានម្ដាយឈ្មោះ ឃុន ណាប់ ដែលបានបាត់បង់ជីវិតនៅក្រោមរបបខ្មែរក្រហមដោយសារគ្មានថ្នាំព្យាបាលជំងឺ។ សាលី គឺជាកូនប្រុសច្បងនៃគ្រួសារដែលមានបងប្អូនប្រុសស្រីចំនួន៧នាក់ ស្រី៣នាក់។[1]

នៅសម័យអាណានិគមនិយមបារាំង ដោយសារខ្មែរឥស្សរៈបានដុតបំផ្លាញសាលារៀននៅក្នុងភូមិដើម្បីប្រឆាំងនឹងបារាំង សាលី បានទៅបន្តការសិក្សារៀនសូត្រនៅសាលាកំពង់ចក និងទទួលបានសញ្ញាបត្របឋមសិក្សានៅឆ្នាំ១៩៥៤។ នៅពេលបញ្ចប់ការសិក្សា គាត់បានចាប់ផ្ដើមប្រកបមុខរបរជាអ្នកលក់ដូរមុនពេលគាត់រៀបការនៅអាយុ២១ឆ្នាំជាមួយភរិយាឈ្មោះ ប្រាក់ ផន អាយុ១៩ឆ្នាំ។ អ្នកទាំងពីរបានរៀបការនៅអំឡុងឆ្នាំ១៩៥៧ និងមានកូនចំនួន៤នាក់ ក្នុងនោះស្រីម្នាក់។

ក្រោយពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុនៅឆ្នាំ១៩៧០ នៅក្នុងភូមិមានការឃោសនាឲ្យប្រជាជនចូលព្រៃម៉ាគីដើម្បីប្រឆាំងនឹងរបបលន់នល់។ មិនយូរប៉ុន្មាននៅឆ្នាំ១៩៧៣ កងទ័ពវៀតកុងរបស់វៀតណាមខាងជើង និងបន្ទាប់មកកងទ័ពធីវគីរបស់វៀតណាមខាងត្បូងបានចូលមកក្នុងភូមិ។ កងទ័ពវៀតកុងរួមជាមួយកងទ័ពខ្មែរក្រហមបានប្រយុទ្ធជាមួយកងទ័ពលន់នល់និងកងទ័ពធីវគីរហូតដល់ឆ្នាំ១៩៧៥។

នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ នៅក្នុងភូមិឈ្មោះ ងួន ញិល ប្រធានឃុំនិងឈ្មោះ ភឹម អនុប្រធានឃុំសង្កែបានចាត់តាំងឲ្យ សាលី ធ្វើជាអ្នកដាំបាយនៅក្នុងវត្តមួយកន្លែងស្ថិតក្នុងឃុំ។ ក្រៅពីនោះមានឈ្មោះ គី និង ថូ ជាប្រធានខាងសេដ្ឋកិច្ច និង ទេព យឿង ជាជំនួយការ។ សាលី ត្រូវដាំបាយនៅក្នុងបរិវេណវត្តដោយមិនអនុញ្ញាតឲ្យចាកចេញពីទីនោះអស់រយៈពេលជាងបីខែ។ ក្នុងមួយថ្ងៃ សាលី ត្រូវដាំបាយប្រហែលជា២០ទៅ៣០កំប៉ុង សម្រាប់ចែកដល់ប្រជាជនដែលខ្មែរក្រហមជម្លៀសមកពីតំបន់ផ្សេងៗនៃខេត្តស្វាយរៀង រួមទាំងអ្នកដែលមកទីក្រុងភ្នំពេញ។  សាលី បានបញ្ជាក់ថាគាត់ត្រូវដាំបាយពីព្រឹកទល់ល្ងាចតែម្នាក់ឯង ចំណែកឈ្មោះ គី និង ថូ ជាអ្នកដឹកជញ្ជូនអង្ករ។ ប្រជាជនជាច្រើនគ្រួសារដែលជម្លៀសចេញពីទីក្រុងប្រហែលជាងមួយរយនាក់ក្នុងមួយថ្ងៃឬចំនួនតិចជាងនេះ ដែលបានមកស្នាក់នៅវត្ត ត្រូវបន្តដំណើរទៅតាមមូលដ្ឋានដែលខ្មែរក្រហមបានកំណត់ដូចជា នៅភូមិគគីរសោម និងភូមិកក់។ ភាគច្រើនអ្នកដែលជម្លៀសមកពីទីក្រុងជាអតីតមន្ត្រីរាជការ និងសាស្ត្រាចារ្យ។

បីខែក្រោយ ខ្មែរក្រហមបានបញ្ជូន សាលី ឲ្យទៅធ្វើជាកងសេដ្ឋកិច្ចនៅភូមិពោន មានតួនាទីមើលការខុសត្រូវនៅតាមរោងបាយ និងចាំទទួលសម្ភារផ្សេងៗដើម្បីចែកដល់ប្រជាជននៅតាមមូលដ្ឋានដូចជារបបអាហារ និងខោអាវ។ ក្នុងមួយឆ្នាំគឺមួយនាក់ទទួលបានខោអាវពណ៌ខ្មៅមួយសម្រាប់ និងក្រមាមួយ។ សាលីត្រូវជិះកង់ទៅដឹកយកសម្ភារពីខាងគណៈស្រុកដែលមានឈ្មោះ កុងស៊ី ជាអ្នកគ្រប់គ្រង។ ចំណែកអង្ករត្រូវប្រមូលតាមផ្ទះនីមួយៗយកមកដាក់រួមនៅក្នុងសហករណ៍។ នៅឯគណៈស្រុកមាន ប៉ូ លីវណ្ណ ជាអភិបាលស្រុកសំរោង និង សុខ សាម៉ន ជាអនុប្រធាន និង សៅ សារ៉េត មានតួនាទីខាងសន្តិសុខ។ ចំណែកនៅក្នុងឃុំសង្កែមានឈ្មោះ រ៉ន ជាប្រធានកងឈ្លប ដែលមានសមាជិកឈ្មោះ សៅ រុន, ឌឹក ណន និង សារិន។ ក្នុងចំណោមអ្នកទាំងនោះ សៅ សារុន ជាអ្នកដែលចាប់បងប្រុសរបស់គាត់ទៅសម្លាប់។

នៅថ្ងៃមួយ សៅ សារ៉េត និង កុងស៊ី កងសន្ដិសុខនៅឃុំសង្កែបានប្រកាសថាអ្នកដែលធ្លាប់ធ្វើមន្ត្រីរាជការពីរបបមុននិងត្រូវចាត់តាំងឲ្យធ្វើការបន្តទៀត ក្នុងន័យដើម្បីស្វែងរកនិងសម្លាប់អ្នកដែលធ្លាប់ធ្វើមន្ត្រីរាជការ។  ប្រជាជនថ្មីភាគច្រើនត្រូវបានចាប់ខ្លួននិងបញ្ជូនទៅខាងកំពង់អំពិល។ បងប្រុសរបស់ សាលី ឈ្មោះ ឃុនធឹម ត្រូវបានកងឈ្លបចោទថាជាក្រុមឆ្មាខ្មៅដែលធ្លាប់ធ្វើការឲ្យកងទ័ព លន់ នល់។ នៅក្នុងឆ្នាំ១៩៧៦ ឃុនធឹម ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅវត្តជន្ទង់ នៅខាងម៉ឺនជ័យដើម្បីសម្លាប់។ សាលី បានបន្តថា នៅក្នុងឃុំសង្កែគ្មានមន្ទីរឃុំឃាំងនោះទេ ប៉ុន្តែសម្រាប់ស្រុកសំរោងទាំងមូល មានមន្ទីរឃុំឃាំងនៅខាងពពកវិល និងកន្លែងសម្លាប់មនុស្សនៅវត្តកំពង់អំពិល ដែលគាត់បានដឹងថាមានប្រជាជនដែលជម្លៀសមកពីទីក្រុងត្រូវបានសម្លាប់នៅទីនោះ។

នៅមុនឆ្នាំ១៩៧៦ ប្រជាជនត្រូវបានអនុញ្ញាតឲ្យហូបបាយតាមផ្ទះ ប៉ុន្តែក្រោយមកទើបខ្មែរក្រហមរៀបចំឲ្យគាត់រួមទាំងប្រជាជនហូបបាយរួម និងធ្វើការរួមនៅតាមសហករណ៍។ នៅក្នុងសហករណ៍គាត់មានតួនាទីជាអ្នកជួយដឹកនាំការងារនិងមើលការខុសត្រូវ ហើយត្រូវរាយការណ៍ប្រាប់ប្រធានសហករណ៍ពេលប្រជុំអំពីស្ថានភាពការងារនៅក្នុងភូមិ។ នៅពេលប្រជុំជាមួយខាងឃុំ និងខាងស្រុកអំពីផែនការការងារនិងការស៊ើបអង្កេតទៅលើប្រជាជនថ្មី ប្រធានឃុំបានប្រាប់ សាលី​​ ឲ្យរាយការណ៍អំពីអ្នកណាដែលមិនធ្វើការ ឬខ្ជិលច្រអូស។​

នៅក្នុងឃុំសង្កែមានភូមិចំនួន៨គឺភូមិពោន ភូមិទួលចំបក់ ភូមិទឹកជោ ភូមិគោកក្រម៉រ ភូមិត្នោត ភូមិតាប៉ោង ភូមិតាជោ និងភូមិត្រពាំងរុន។ ក្នុងមួយភូមិមានរោងបាយតែមួយប៉ុណ្ណោះ ក្រុមរបស់គាត់ទទួលបានអង្ករកន្លះកំប៉ុងសម្រាប់ដាំបបរបរិភោគក្នុងមួយពេល។ ក្រុមរបស់គាត់មានសមាជិកចំនួន៣នាក់ ក្នុងនោះម្នាក់មានឈ្មោះ មឿន ដែលនៅរស់រានមានជីវិត។ មឿន សព្វថ្ងៃជាអាចារ្យនៅវត្តមួយកន្លែងជិតផ្សារនិងកំពង់ចម្លងអ្នកលឿងតាំងពីឆ្នាំ១៩៧៩។ ក្រុមរបស់គាត់មានទីស្នាក់ការនៅភូមិពោន និងចុះប្រចាំការក្នុងនៅក្នុងភូមិគោកក្រម៉រ ភូមិទួលចំបក់ និងភូមិត្នោតដោយមួយភូមិមានរយៈពេលពីបីទៅបួនខែ។

ដោយសារការអាណិតនិងហូបចុកមិនគ្រប់គ្រាន់ដែលមានតែបបរលាយកន្ទក់ និងស្លឹកឈើ ពីព្រោះស្រូវអង្ករដែលមានពីមុនត្រូវបានខ្មែរក្រហមប្រមូលយកចេញអស់ពីភូមិ ចំណែកស្រូវអង្ករដែលប្រមូលផលបានគឺមិនគ្រប់គ្រាន់សម្រាប់ការហូបចុក។ នៅសម័យនោះ ប្រជាជនថ្មីមិនមានបទពិសោធន៍ក្នុងការបង្កបង្កើនផល និងប្រជាជនចាស់គ្មានកម្លាំងគ្រប់គ្រាន់នោះទេ ដូច្នេះ សាលី បានត្រឹមតែណែនាំនិងមិនបានរាយការណ៍អ្វីនោះទេ នេះបើតាមការលើកឡើងរបស់គាត់។

ដោយឡែកអ្នកដែលកងឈ្លបចាប់បានត្រូវយកទៅអប់រំ ប៉ុន្តែបើកងឈ្លបឃើញជាលើកទី២នឹងត្រូវយកទៅរៀនសូត្រដែលមានន័យថាសម្លាប់។​ ថ្ងៃមួយ គាត់បានឃើញឈ្មោះ សៅ ផាន និងគ្នីគ្នាឈ្មោះ សៅ យ៉ាត់ និង សៅ សេរីមុន្នី លួចហូប ប៉ុន្តែមានតែ សៅ ផាន ម្នាក់ប៉ុណ្ណោះដែលកងឈ្លបតាមទាន់ ដូច្នេះ សាលី ក៏បានធានាអប់រំនិងលាក់ប្រវតិ្តរូបពិតប្រាកដរបស់ សៅ ផាន ដែលជាអតីតកាកបាទក្រហមសម័យ លន់ នល់ និងត្រូវជាប្អូនថ្លៃរបស់គាត់។ ចំណែកឈ្មោះភាព និង លយ នៅភូមិគោក្រម៉រ ដែលជាអតីតទាហាន គាត់បានធានាជាមួយមេឃុំ ឈ្មោះ វ៉ន នៅកំពង់អំពិលដោយកុហកថា អ្នកទាំងពីរមិនចេះអ្វីក្រៅពីធ្វើគ្រែនោះទេ។ នៅសម័យខ្មែរក្រហម សាលី បានជួយធានាមនុស្សចំនួនបីនាក់ឲ្យរស់រានមានជីវិត។

នៅដើមឆ្នាំ១៩៧៨ កូនស្រីច្បងរបស់គាត់ឈ្មោះ ស្រី សាលួន ហៅចូវ ត្រូវបានខ្មែរក្រហមនាំខ្លួនចេញពីភូមិសង្កែទាំងមិនដឹងមូលហេតុ។ ក្រោយមកទៀតខ្មែរក្រហមមកពីខាងភូមិភាគនិរតីបានមកចាប់ខ្លួន សៅ សារ៉េត និង ប៉ូ លីវណ្ណ ដោយច្រកបាវ។ ក្រោយពីហេតុការណ៍នេះកើតឡើង នៅរដូវប្រាំងអំឡុងឆ្នាំ១៩៧៨ ក្រុមគ្រួសាររបស់ សាលី រួមទាំងប្រជាជនឯទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញពីខេត្តស្វាយរៀងទៅខេត្តពោធិ៍សាត់ ដោយចេញដំណើរពីអ្នកលឿងតាមកប៉ាល់ ឆ្លងកាត់កោះជ័យ កំពង់ផែថ្មភ្នំពេញ និងបន្តដំណើរតាមរថភ្លើងធ្ពោះទៅខេត្តពោធិ៍សាត់។ ពេលទៅដល់ភ្នំពេញ ប្រជាជនបានសម្រាកនៅផ្សារថ្មីអស់រយៈពេលបីថ្ងៃ ដោយទទួលបានអាហារគ្រប់គ្រាន់ដូចជាបាយនិងត្រីចំហុយ រួមទាំងខោអាវនិងក្រមាសខ្មៅម្នាក់មួយសម្រាប់ និងមានការបញ្ចាំងកុន មុនបន្តដំណើរនៅពេលយប់តាមរថភ្លើង។ ធ្វើដំណើរទាំងយប់មកដល់ស្ថានីយ៍រថភ្លើងទទឹងថ្ងៃ គាត់ក៏បានសម្រាកនៅផ្ទះដែលគ្មានមនុស្សរស់នៅដែលនៅក្បែរនោះ។ ស្អែកឡើងប្រធានសហករណ៍ឈ្មោះ ប៉ន បានចាត់តាំងឲ្យគាត់ទៅធ្វើជាជាងអារឈើដើម្បីធ្វើរទេះ និងធ្វើបង្គីជាមួយមនុស្សប្រហែល៤នាក់ផ្សេងទៀត។ ចំណែកប្រពន្ធទៅធ្វើការនៅកងចល័ត។

នៅថ្ងៃមួយប្រធានសិប្បកម្មឈ្មោះ ឆែម បានឲ្យក្រុមរបស់គាត់ឈប់សម្រាកដើម្បីរៀបចំខ្លួនចេញទៅខាងភូមិលាច ក៏ប៉ុន្តែគាត់នៅបន្តធ្វើការជាធម្មតារហូតដល់ប្រធានកងស្រុកទទឹងថ្ងៃមកដល់។​ ប្រធានកងស្រុកបានសម្រេចទុកឲ្យគាត់ធ្វើការបន្ត ចំណែកមនុស្ស៤នាក់ទៀតត្រូវនាំខ្លួនទៅដោយមិនឃើញត្រឡប់មកវិញនោះទេ។ ប្រធានកងស្រុកនិយាយថាគាត់ត្រូវបានជំនួសដោយមនុស្សម្នាក់ផ្សេងទៀតនៅក្នុងសហករណ៍។ ក្រោយមកទៀតនៅខេត្តពោធិ៍សាត់ ប្រធានសហករណ៍ចាត់តាំងឲ្យគាត់និងមិត្តម្នាក់ទៀតឈ្មោះ រ៉ន មើលការខុសត្រូវនិងដឹកនាំមនុស្សជាង១០០នាក់ដើម្បីជីកប្រឡាយនៅភូមិប្រសូត្រ បុស្សមន និងដក់ពរ ស្រុករមាសហែក។

នៅពេលរបបខ្មែរក្រហមដួលរលំ ក្រុមគ្រួសាររបស់គាត់បានជុំជួបនិងធ្វើដំណើរដោយថ្មើរជើងអស់រយៈពេល១១ថ្ងៃមកទីក្រុងភ្នំពេញ។ ពេលមកតំបន់គីឡូលេខ៦ គាត់បានចូលធ្វើការនិងយាមនៅរោងម៉ាស៊ីនកិនស្រូវមួយកន្លែងជាមួយ សៅ ផាន ដែលជាប្អូនថ្លៃពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៥ ចំណែកប្រពន្ធនិងកូនរបស់គាត់កាត់មាត់បាវ។ នៅឆ្នាំ១៩៨៥ គាត់បានផ្លាស់ប្តូរទៅរស់នៅខេត្តកំពង់ចាម ប្រកបរបរលក់ដូរបាន១ឆ្នាំ ប្រពន្ធ របស់សាលីបានស្លាប់ដោយសារជំងឺមហារីកក្រពះ។

នៅឆ្នាំ១៩៩៦ សាលី បានបួសជាភិក្ខុ ដើម្បីផ្សះផ្សាសុខភាពផ្លូវចិត្តដោយដើរតាមនិងប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនាចំពោះអ្វីដែលកើតមានឡើងក្នុងជីវិតរបស់គាត់និងរឿងរ៉ាវជាច្រើនដែលមិនអាចបំភ្លេចបានដូចជាការបាត់បង់សមាជិកគ្រួសារនៅសម័យខ្មែរក្រហមនិងក្រោយសម័យនោះ។ ម្ដាយនិងកូនស្រីច្បង ព្រមទាំងប្រពន្ធរបស់ សាលី អ្នកទាំងបីបានបាត់បង់ជីវិតដោយសារជំងឺ និងដោយសារការកាប់សម្លាប់ក្នុងអំឡុងពេលសម័យសង្គ្រាម សម័យខ្មែរក្រហម និងក្រោយសម័យខ្មែរក្រហម។ ចំណែកកូនៗដែលរស់រានមានជីវិតត្រូវបាត់បង់ម្ដាយ ហើយត្រូវមើលថែដោយបងប្អូនបង្កើតឈ្មោះ ស្រី សំអ៊ុន។

ប្រវត្តិរបស់ ស្រី សាលី ក៏ដូចជាប្រវត្តិរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឯទៀត បានបង្ហាញពីភស្ដុតាង ការឈឺចាប់ និងរឿងរ៉ាវដែលកើតមានឡើងពីអតីតកាលក្នុងសង្គមកម្ពុជា និងការកាប់សម្លាប់ប្រជាជនជាង២លាននាក់ និងប្រជាជនជាង៥លាននាក់ទៀតដែលរងគ្រោះពីការដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានបន្សល់នូវស្លាកស្នាមនិងការប៉ះទង្គិចផ្លូវចិត្តមកទល់សព្វថ្ងៃក្នុងទិដ្ឋភាពផ្សេងៗដែលទាមទារឲ្យអ្នកជំនាញផ្នែកចិត្តសាស្ត្រស្រាវជ្រាវ និងព្យាបាល៕

អត្ថបទដោយ៖ ស្រ៊ាង លីហ៊ួរ

កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា

[1] ឯកសារលេខ SVI0093. កិច្ចសម្ភាសន៍ជាមួយ ស្រី សាលី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដោយ ឡុង ដានី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨. បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin