ទេព ទូច ៖ សន្តិសុខគុកឱ្យខ្ញុំផឹកទឹកត្នោតជូរ

បណ្ដុំរូបថតអ្នកទោសមន្ទីរស-២១។ រូបថតឯកសារទាំងនេះ បន្សល់ទុកពីរបបខ្មែរក្រហម និងរកឃើញដោយកងកម្លាំងវៀតណាម។ នៅពេលអ្នកទោស ត្រូវនាំខ្លួនមកកាន់មន្ទីរស-២១ កងសន្តិសុខបានកត់ឈ្មោះនិងថតរូបអ្នកទាំងនោះទុកជាឯកសារ។ រូបថតទាំងអស់នេះ កំពុងដាក់បង្ហាញនៅសារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ទេព ទូច[1] ឈ្មោះបដិវត្តន៍ ទេព ស៊ីថា កើតនៅឆ្នាំ១៩៤៦ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ទេព ជា និងម្តាយឈ្មោះ ចាន់ ស៊ឹម។ ខ្ញុំមានបងប្អូនចំនួន៥នាក់គឺ ទី១) ឈ្មោះ ទេព ឈុន ទី២) ខ្ញុំឈ្មោះ ទេព ទូច ទី៣) ឈ្មោះ ទេព ម៉េត ទី៤) ឈ្មោះ ទេព សារ៉េត និងទី៥)​ ទេព ភុន។

នៅឆ្នាំ១៩៦១ ខ្ញុំចូលរៀននៅសាលាក្នុងភូមិ។ ខ្ញុំរៀនបានរយៈពេល៣ឆ្នាំក៏ឈប់រៀន។ នៅឆ្នាំ១៩៦៦ ខ្ញុំបានបួសជាព្រះសង្ឃនៅកំពង់អំពិល។ ខ្ញុំបួសបានមួយព្រះវស្សាក៏ទៅរៀនបំពេញវិជ្ជារយៈពេល១០ខែបន្ថែមទៀត នៅវត្តត្រពាំងព្រីង។ បន្ទាប់មក ខ្ញុំបានប្រឡងយកវិញ្ញាបនបត្របំពេញវិជ្ជាដើម្បីបង្រៀ​នកុមារនៅក្នុងភូមិចាប់ពីឆ្នាំ១៩៦៧ រហូត លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទើបឈប់បង្រៀន ព្រោះសាលានៅក្នុងភូមិរបស់ខ្ញុំបានបិទទ្វារ។ ទោះបីជាខ្ញុំមិនទៅបង្រៀនសិស្ស ប៉ុន្តែខ្ញុំមិនទាន់សឹកទេ។

នៅឆ្នាំ១៩៧១ កងកម្លាំងរំដោះខ្មែរក្រហមបានចូលមកឃោសនាក្នុងភូមិរបស់ខ្ញុំ និងបានហៅខ្ញុំ ព្រមទាំងព្រះសង្ឃមួយចំនួនគង់នៅក្នុងភូមិមកប្រជុំប្រាប់អំពីមាគ៌ាដឹកនាំរបស់អង្គការបដិវត្តន៍។ ខ្មែរក្រហ​មលើកឡើងថា នៅក្នុងសង្គមបដិវត្តន៍ព្រះសង្ឃមិនបានធ្វើការងារទេ ដែលហាក់ដូចជាព្រួនស៊ីដោយសារគេ និងធ្វើឱ្យសង្គមមិនរីកចម្រើន ចំណែកគ្រូបង្រៀនគឺជានាយទុនប្រតិកិរិយាដែលធ្វើឱ្យប្រទេសជាតិវឹកវរ។ ព្រះសង្ឃគឺជាពួកអនុធន ដែលត្រូវតែផ្សឹក ហើយចេញទៅធ្វើការងារដូចប្រជាជនដទៃដែរ។ ពេលខ្ញុំត្រឡប់មកពីប្រជុំជាមួយកម្មាភិបាលខ្មែរក្រហម ខ្ញុំបានប្រាប់ព្រះចៅអធិការវត្តថា បន្តិចទៀតកងកម្លាំងរំដោះខ្មែរក្រហមនឹងផ្សឹកព្រះសង្ឃទាំងអស់ ហើយភ្លាមៗនោះខ្ញុំបានស្នើសុំព្រះចៅអធិការវត្តសឹកដែរ ប៉ុន្ដែព្រះចៅអធិការមិនអនុញ្ញាតដោយលើកឡើងថា មន្ទីរធម្មការស្រុកដែលគ្រប់គ្រងវត្ត និងព្រះសង្ឃបញ្ជាមកថា ប្រសិ​នបើព្រះសង្ឃណាសឹកតាមការអូសទាញរបស់ខ្មែរក្រហមនឹងបាញ់សម្លាប់ចោលតែម្តង។ ខ្ញុំមិនពេញចេញចិត្តនឹងការហាមឃាត់នេះទេ និងបានឈ្លោះប្រកែកជាមួយព្រះចៅអធិការវត្តទៀតផង។

ទោះបីមានការហាមឃាត់យ៉ាងណាក៏ខ្ញុំនៅតែសម្រេចចិត្តថានឹងសឹកដែរ។ ខ្ញុំបានទិញទឹកដោះគោ និងគ្រឿងរណ្តាប់ផ្សេងៗយកទៅជូនលោកគ្រូឧបជ្ឈាដែល​​គង់នៅវត្តភូមិក្រូចជួយផ្សឹកខ្ញុំ។ ដំបូងលោកគ្រូឧបជ្ឈាសួរបញ្ជាក់ខ្ញុំថាតើសឹកទៅធ្វើអ្វី? ខ្ញុំឆ្លើយថាខ្ញុំត្រឡប់ទៅមើលថែម្តាយចាស់នៅផ្ទះ ទើបលោកគ្រូឧបជ្ឈាយល់ព្រម។ បន្ទាប់ពីខ្ញុំសឹកបានរយៈពេលមួយខែ គណៈសង្កាត់នៅខាងកងទ័ពរំដោះខ្មែរក្រហមបានស្នើខ្ញុំឱ្យជួយបង្រៀនក្មេងនៅក្នុងភូមិកំពង់អំពិល ព្រោះដឹងថាខ្ញុំធ្លាប់បង្រៀនក្មេងៗពីមុនមក។ ខ្ញុំបង្រៀនក្មេងៗបានរយៈពេលមួយខែ ឈ្មោះ ស៊ុន និង វន គឺជាកម្មាភិបាលខ្មែរក្រហមនៅសង្កាត់កំពង់អំពិលដែលត្រូវជាបងប្អូនរបស់ខ្ញុំបានមកហៅខ្ញុំឱ្យចូលធ្វើកងឈ្លបរបស់សង្កាត់កំពង់អំពិល ព្រោះអ្នកធ្វើការមុនៗដូចជាឈ្មោះ ស៊ី ប្រធានឈ្លបសង្កាត់ និងឈ្មោះ គឺ ជាអនុប្រធានឈ្លប ត្រូវខ្មែរក្រហមចោទថាក្បត់បដិវត្តន៍ និងបាញ់សម្លាប់នៅស្វាយរលំអស់ហើយ។ បន្ទាប់ពីខ្ញុំមកធ្វើឈ្លបមួយរយៈខ្លី ខ្មែរក្រហមក៏ផ្លាស់ វន ឱ្យទៅធ្វើប្រធានសង្កាត់សង្កែ និង ស៊ុន ទៅធ្វើប្រធានសង្កាត់ចក ចំណែក ប្រាក់ សាវី ផ្លាស់ពីសង្កាត់ចក មកធ្វើជាអនុប្រធានឈ្លបសង្កាត់កំពង់អំពិលវិញ។ ប្រាក់ សាវី​ ជិតស្និទ្ធនឹង សៅ សារ៉េត គឺជាអនុប្រធានស្រុកសំរោង ទទួលបន្ទុកខាងសន្តិសុខ។

ថ្ងៃមួយកងសន្តិសុខខ្មែរក្រហមបានចាប់អ្នកទោសចំនួនពីរនាក់នៅកែវផ្លូវក្នុងឃុំថ្នាធ្នង់ ក្នុងស្រុកសំរោង[2]។ ពេលនោះខាងសន្តិសុខដឹកអ្នកទោសពីនាក់មិនរួច ក៏ហៅខ្ញុំឱ្យជួយដឹកអ្នកទោសម្នាក់ដែលចងស្លាប់សេកទៅក្រោយតាមកង់មកកាន់មន្ទីរសន្តិសុខកំពង់អំពិល។ ពេលមកដល់ភូមិត្រសក់អ្នកទោសដែលខ្ញុំដឹកបានសុំខ្ញុំឈប់ផឹកទឹក។ ពេលខ្ញុំឃើញសន្តិសុខខ្មែរក្រហមដឹកអ្នកទោសម្នាក់ទៅមុន និងស្ថិតនៅឆ្ងាយពីខ្ញុំ ទើបហ៊ានអនុញ្ញាតអ្នកទោសនោះផឹកទឹក។ អ្នកទោសដែលខ្ញុំដឹកត្រូវកងសន្តិសុខខ្មែរក្រហមយកស្វាយកាំភ្លើងវាយបែកមុខមាត់ និងរងរបួសជាទម្ងន់។  មកដល់មន្ទីរសន្តិសុខកំពង់អំពិល សន្តិសុខគុកម្នាក់បានទាញកញ្ឆក់អ្នកទោសដែលខ្ញុំដឹកបោះទៅលើគ្រែ រួចវាយអ្នកទោសនឹងរំពាត់ឫស្សីរហូតដាច់សាច់ហូរឈាមជោគជាំ។ អ្នកទោសបានស្រែកដោយការឈឺចាប់ហើយមួយរយៈក្រោយមកក៏ដេកស្តូកស្តឹង។ ខ្ញុំបានងាកមុខចេញមិនហ៊ានឈរមើលតទៀតឡើយ។ ខណៈនោះសមាជិកនៅមន្ទីរសន្តិសុខម្នាក់ឈ្មោះ កើត ស្ថិតនៅក្បែរនោះបានបក់ដៃហៅខ្ញុំទៅជួប និងបានឱ្យទឹកត្នោតជូរមកខ្ញុំផឹក ព្រោះអ្នកធ្វើការនៅមន្ទីរសុខអាចធ្វើទឹកត្នោតជូរទុកផឹកខ្លួនឯង និងមានរបបអាហារប្រសើរជាងប្រជាជន។ ខ្ញុំបានឃើញពាងទឹកត្នោតជាច្រើននៅទីនោះ។ ខ្ញុំផឹកទឹកត្នោតជូរអស់ពីរផ្តិលក៏កើតចិត្តក្លាហាន និងលែងខ្លាច។ ខ្ញុំក្រឡេកទៅឃើញសន្តិសុខគុកម្នាក់ទៀតកំពុងសួរចម្លើយអ្នកទោសម្នាក់ទៀត ដែលកំពុងលត់ជង្គង់នៅក្បែរគុម្ពឫស្សីក្បែរនោះ និងមានសន្តិសុខម្នាក់កត់ត្រា។ នៅពេលសួរចម្លើយ ប្រសិនអ្នកទោសមិនឆ្លើយថា ចូល សេ.អ៊ី.អា អាមេរិក ឬចូលធ្វើគិញឱ្យ លន់ នល់ តាមការចង់បានរបស់អ្នកសួរ កងសន្តិសុខនឹងវាយអ្នកទោសនឹងគល់ឫស្សីយ៉ាងឃោរឃៅរហូតដល់ស្លាប់តែម្តង។ នៅទីនោះ ប្រធានកងសន្តិសុខឈ្មោះ សួន គឺជាអ្នកសម្លាប់អ្នកទោសដោយផ្ទាល់បន្ទាប់ពីសួរចម្លើយរួច ចំណែកអ្នកដែលមិនហ៊ានសម្លាប់ សួន ប្រើឱ្យជីករណ្តៅកប់សាកសពអ្នកទោស។ ឈ្មោះ កើត បានខ្សឹបប្រាប់ខ្ញុំថា ក្នុងមួយថ្ងៃៗមានអ្នកទោសច្រើនណាស់បញ្ជូនមកមន្ទីរសុខនេះ។ បន្ទាប់មកឈ្មោះ កើត បានអនុញ្ញាតឱ្យខ្ញុំឡើងទៅមើលអ្នកទោសដែលជាប់ឃុំនៅខាងលើផ្ទះមួយខ្នងដែលមានជញ្ជាំងបិតដីនៅទីនោះតែម្នាក់ឯង។ ខ្ញុំឃើញកងសន្តិសុខដាក់ខ្នោះជើងអ្នកទោសជាប់ជាមួយរនុកដែកវែង និងដាក់អ្នកទោសឱ្យដេកជាពីរជួរដោយក្បាលទល់គ្នា។ នៅកន្លែងឃុំឃាំងពោរពេញដោយសត្វសង្កើច ហើយសូម្បីពេលខ្ញុំឡើងទៅលើផ្ទះមើលអ្នកទោសក៏សត្វសង្កើចទាំងនោះវារមកតោងខ្លួនខ្ញុំដែរ។ អ្នកទោសបានសុំថ្នាំជក់ពីខ្ញុំ ដោយមិនឃើញកងសន្តិសុខនៅក្បែរ ខ្ញុំក៏លួចឱ្យថ្នាំជក់ទៅអ្នកទោសទាំងនោះដើម្បីចែកគ្នាជក់។

ខ្ញុំធ្វើការនៅកងឈ្លបសង្កាត់កំពង់អំពិល រហូតដល់ឆ្នាំ​១៩៧៧។ ថ្ងៃមួយកម្មាភិបាលស្រុកសំរោងបានហៅខ្ញុំ និងសមាជិករបស់ខ្ញុំទៅប្រជុំនៅវត្តទួលច្រេស។ ពេលកំពុងប្រជុំ កងទ័ពខ្មែរក្រហមបានចូលមកប្រមូលកាំភ្លើងពីខ្ញុំ និងសមាជិកកងឈ្លបរបស់ខ្ញុំសរុបចំនួន៤០ដើម។ កងទ័ពខ្មែរក្រហមនៅយាមខ្ញុំ និងសមាជិកកងឈ្លបរបស់ខ្ញុំមិនឱ្យចេញទៅណាឡើយ។  ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេ ហើយខ្ញុំក៏មិនហ៊ានសួរកងទ័ពខ្មែរក្រហមទាំងនោះដែរ។ រយៈពេល៣ថ្ងៃក្រោយមក សៅ សារ៉េត អនុប្រធានស្រុកសំរោង ទទួលបន្ទុកប្រធានមន្ទីរសន្តិសុខស្រុក បានមកជួបខ្ញុំ និងកាន់ឯកសារមកអានឱ្យខ្ញុំស្តាប់។​​ សៅ សារ៉េត បានចោទខ្ញុំថា ជាប់ពាក់ព័ន្ធក្រុមក្បាលសរដែលជាក្រុមក្បត់ បង្កប់ខ្លួននៅតាមបណ្តោយព្រំដែន តាំងពីសម័យសង្គមរាស្រ្តនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ និងរបប លន់ នល់។ ខ្ញុំភ្ញាក់ខ្លួន និងដឹងថា ប្រាក់ សាវី គឺជាអនុប្រធានរបស់ខ្ញុំបានរាយការណ៍ទៅ សៅ សារ៉េត ឱ្យឃាត់ខ្លួនខ្ញុំ។ ខ្ញុំបានប្រកែកថា ខ្ញុំមិនស្គាល់ក្រុមនេះទេបង ចាប់តាំងពីខ្ញុំចូលធ្វើជាកងឈ្លបមក។ សៅ សារ៉េត បានបដិសេធនិងលើកឡើងថា អង្គការស្នើមិត្តទៅរៀនមួយរយៈសិន។ ដំណឹងនេះបានឮដល់ ប៉ូ លីវ៉ាន់ គឺជាគណៈស្រុកសំរោង។ ប៉ូ លីវ៉ាន់ មិនពេញចិត្តនឹងការសម្រេចរបស់ សៅ សារ៉េត ឡើយ និងបានមកជួបខ្ញុំ ហើយប្រាប់ខ្ញុំថាឥឡូវ «ស៊ីថា ឯងទៅរៀនសូត្រតាមសហករណ៍វិញចុះ ហើយប្រសិនបើមានទំនាស់អ្វីទៀតត្រូវទៅប្រាប់គាត់ជួយដោះស្រាយ»។ ខ្ញុំបានមកសុំប្រធានក្រុម និងសហករណ៍មករស់នៅក្នុងភូមិកំពង់អំពិលវិញ ប៉ុន្តែកម្មាភិបាល និងកងទ័ពខ្មែរក្រហមដែលបោះទីតាំងនៅទីនោះរើសអើង និងមិនទុកចិត្តខ្ញុំឡើយ។ ចំណែកប្រពន្ធរបស់ខ្ញុំខ្មែរក្រហមបានជម្លៀសឱ្យទៅនៅភូមិត្រសក់ មិនឱ្យជួបខ្ញុំឡើយ។

ក្រោយមក ខ្មែរក្រហមបានចាត់តាំងខ្ញុំ និងកងនារីឱ្យទៅច្រូតស្រូវនៅក្បែរព្រំដែន ដែលជាសមរភូមិវាយប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។ ដោយសារឃើញមនុស្សច្រើននៅក្បែរព្រំដែន នៅពេលល្ងាចកងទ័ពវៀតណាមបានផ្លោងគ្រាប់១២០មីលីម៉ែត្រចូលមក ដូច្នេះខ្ញុំក៏ក្រាបនៅក្បែរភ្លឺស្រែ ប៉ុន្តែសំណាងល្អគ្រាប់មិនធ្លាក់ចំខ្ញុំ។ បន្ទាប់ពីច្រូតនិងបោកបែនរួច ខ្ញុំនិងកងច្រូតបាននាំគ្នាសែងស្រូវទាំងនោះមកទុកនៅភូមិទួលក្រូច។  បន្ទាប់ពីប្រមូលផលស្រូវរួច ខ្មែរក្រហមបញ្ជូនខ្ញុំឱ្យទៅជីកប្រឡាយ និងលើកទំនប់នៅជប់ ស្ថិតនៅខាងលិចផ្សារប្រសូត្រ ក្នុងស្រុកប្រសូត្រ និងនៅស្រុកសំរោង។ ពេលខ្ញុំធ្វើការនៅកងចល័តមិនមានរបបអាហារហូបគ្រប់គ្រាន់ទេ។ ចុងភៅដាំបបរក្នុងមួយខ្ទះដាក់អង្ករតែពីរកំប៉ុងប៉ុ​ណ្ណោះសម្រាប់ចែកសមាជិកកង ក្នុងមួយថ្ងៃពីរពេល គឺពេលថ្ងៃ និងល្ងាច។ ខ្ញុំជួបការលំបាកខ្លាំងណាស់ ជាក់ស្តែងពេលទៅលើកទំនប់នៅព្រែកពក ដើម្បីសម្រេចតាមផែនការកំណត់របស់ស្រុកក្នុងមួយថ្ងៃឱ្យលើកទំនប់ឱ្យហើយ។ ពេលនោះខ្ញុំធ្វើការតាំងពីព្រឹក ដល់ម៉ោង៣រសៀលទើប ខ្ញុំបានហូបបាយថ្ងៃត្រង់។

ខ្ញុំធ្វើការនៅកងចល័តរហូតដល់កងទ័ពវៀតណាមវាយចូលមកនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩[3] ទើបខ្ញុំមកនៅផ្ទះវិញ។ ក្រោយមក ខ្ញុំបានចូលធ្វើជាមេភូមិ ប៉ុន្តែសព្វថ្ងៃខ្ញុំចូលនិវត្តន៍ហើយ៕

ដោយ សោម ប៊ុនថន


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ, បទសម្ភាសន៍ ហម សាវឿន ជាមួយ ទេព ទូច រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

[2] សព្វថ្ងៃស្រុករំដួល ខេត្តស្វាយរៀង។

[3] កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»។ ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin