សោម យ៉េន ៖ គ្រប់គ្រងការដ្ធានធ្វើស្រែនៅតំបន់២៥

នៅក្នុងឆ្នាំ១៩៧៥ យ៉េន ត្រូវបាន ហួត សេ ដែលជាគណៈតំបន់២៥ ចាត់តាំងឲ្យមើលការខុសត្រូវ និងដឹកនាំប្រជាជនធ្វើស្រែនៅការដ្ឋានមួយកន្លែងដែលស្ថិតនៅឃុំបន្ទាយដែក ស្រុកអង្គរជ័យ ខេត្តកំពត។ យ៉េន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖
សោម យ៉េន[1] ភេទប្រុស អាយុ៨៥ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ យ៉េន មានស្រុកកំណើតនៅភូមិពោធិ៍ទន្លេ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ យ៉េន មានប្រពន្ធឈ្មោះ យ៉េប ម៉េង អាយុ៨៣ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ យ៉េន មានកូនចំនួន១០នាក់ (ប្រុស៣នាក់ ស្រី៧នាក់)។ កូនរបស់ យ៉េន បានទទួលមរណភាព៧នាក់ ដោយសារជំងឺ។ យ៉េន មានបងប្អូនចំនួន៥នាក់(ប្រុស៣នាក់ ស្រី២នាក់)។ យ៉េន ជាកូនទី៤ នៅក្នុងគ្រួសារ។ យ៉េន មានឪពុកឈ្មោះ សោម ទឹម (ស្លាប់ឆ្នាំ១៩៨៦ ដោយសារជំងឺ)និងម្ដាយឈ្មោះ ពេជ្រ ការ (ស្លាប់) ។
កាលពីក្មេង យ៉េន បានរៀនត្រឹមអក្ខរកម្ម ចេះអាន និងចេះសរសេរបានបន្តិចបន្តួច។ ទំនេរពីការរៀនសូត្រ យ៉េន តែងតែមកជួយការងារឪពុកម្ដាយធ្វើស្រែ ដាំពោត និងដាំសណ្ដែក។ នៅក្នុងឆ្នាំ១៩៦៤ យ៉េន ត្រូវបានឪពុករៀបចំឲ្យមានគ្រួសារ។ បន្ទាប់ពីរៀបការបានរយៈពេលមួយឆ្នាំ យ៉េន ត្រូវបានបងប្អូនហៅឲ្យទៅរស់នៅ ស្រុកពាមជ័រ ខេត្តព្រៃវែង ហើយបានចែកដីមួយចំនួនសម្រាប់ឲ្យធ្វើស្រែចម្ការ និងដាំថ្នាំសម្រាប់លក់ផ្គត់ផ្គង់ជីវភាព។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្តម សីហនុ។ នៅក្នុងអំឡុងពេលនោះ យ៉េន និងប្រពន្ធ បានសម្រេចចិត្តចាកចេញពីខេត្តព្រៃវែងត្រឡប់មកស្រុកកំណើតវិញ។ បន្ទាប់មក សម្ដេចព្រះ នរោត្ដម សីហនុ បានអំពាវនាវពីទីក្រុងប៉េកាំងថា « បើកូនចៅស្រឡាញ់ សម្ដេចឪ និងចង់ឲ្យសម្ដេចឪចូលប្រទេសវិញ សូមនាំចូលព្រៃម៉ាគីទាំងអស់គ្នា»។ បន្ទាប់ពីសម្ដេចឪអំពាវមិនបានប៉ុន្មានថ្ងៃផង ចាប់ផ្ដើមមានចលនាតស៊ូខ្មែរក្រហមចូលមកឃោសនាក្នុងភូមិថា លន់ នល់ ក្បត់ជាតិបានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ បើប្រជាជនស្រឡាញ់ សម្ដេចព្រះ នរោត្ដម សីហនុ សូមចូលរួមជាមួយកងទ័ពរំដោះទាំងអស់គ្នា។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ យ៉េន ត្រូវបានបងថ្លៃហៅចូលរួមជាមួយចលនាតស៊ូខ្មែរក្រហម និងកងទ័ពវៀតកុង នៅមន្ទីរតំបន់២៥ ដែលគ្រប់គ្រងដោយឈ្មោះ ប៉ាវ (គណៈតំបន់២៥) ដែលមានទីតាំងនៅសាលាស្រុកកោះធំ។
នៅក្នុងឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម និងកងទ័ពវៀតកុងចាប់ផ្ដើមមានជម្លោះជាមួយគ្នា។ ពេលនោះ យ៉េន និងកងទ័ពវៀតកុងដែលនៅក្រោមការគ្រប់គ្រងរបស់ ប៉ាវ ត្រូវបានផ្លាស់ចេញពីមន្ទីរតំបន់២៥ ឲ្យទៅរស់នៅខេត្តតាកែវ។ លុះធ្វើដំណើរមកដល់ខេត្តតាកែវ កងទ័ពវៀតកុងបានធ្វើនយោបាយបោកប្រាស់ដោយឲ្យកងទ័ពខ្មែរក្រហមទាំងអស់ដាក់អាវុធទុក ហើយកងទ័ពវៀតកុងប្រហែល៤ទៅ៥នាក់ បានដើរប្រមូលអាវុធទាំងអស់ទុក។ បន្ទាប់ពីប្រមូលអាវុធទុកអស់ កងទ័ពវៀតកុងបានប្រាប់ឲ្យ យ៉េន និងកងទ័ពខ្មែរក្រហមទាំងអស់ធ្វើដំណើរត្រឡប់មកមន្ទីរតំបន់២៥វិញ ដោយមិនឲ្យមានអាវុធយកទៅតាមខ្លួន។ ពេលត្រឡប់មកដល់មន្ទីរតំបន់វិញ យ៉េន និងកងទ័ពខ្មែរក្រហមទាំងអស់បានចូលមករស់នៅជាមួយ នង សួន ដែលជាគណៈតំបន់២៥ថ្មី ជំនួសប៉ាវ។ បន្ទាប់ពីស្នាក់នៅមន្ទីរតំបន់២៥ បានប្រហែលកន្លះខែ យ៉េន ត្រូវបាន នង សួន ជ្រើសរើសឲ្យចូលធ្វើនីរសារនៅមន្ទីរតំបន់២៥។ បន្ទាប់ពីធ្វើនីរសារបានប្រហែលមួយឆ្នាំ យ៉េន ត្រូវបាន នង សួន ដកចេញពីនីរសារដោយឃើញថាអាយុច្រើនជាងគេ ហើយត្រូវបានដកបញ្ជូនឲ្យមកកាន់កាប់កម្លាំងកងនារីនៅការដ្ឋានធ្វើស្រែនៅតំបន់២៥។ ពេលដែលទំនេរពីការងារច្រូតកាត់ យ៉េន តែងតែមកជួសជុលទូកដែលចាស់ៗទុកប្រើប្រាស់នៅរដូវវស្សា។
នៅឆ្នាំ១៩៧៥ នង សួន បានឡើងតួនាទីទៅជាមន្រ្តីក្រសួងកសិកម្ម ហើយត្រូវបានបញ្ជូនទៅទីក្រុងភ្នំពេញ។ ចំណែកគណៈតំបន់២៥ នង សួន បានដំឡើងឲ្យ ហួត សេ មកគ្រប់គ្រងជំនួស។ បន្ទាប់ពីឡើងតួនាទីជាគណៈតំបន់២៥ ហួត សេ បានឡើងមកធ្វើស្រែមួយកន្លែងទៀត ដែលស្ថិតនៅឃុំបន្ទាយដែក ស្រុកអង្គរជ័យ ខេត្តកំពត។ បន្ទាប់ពីរៀបចំធ្វើការដ្ឋានធ្វើស្រែរួចរាល់ ហួត សេ បានចាត់តាំងឲ្យ យ៉េន មកមើលការខុសត្រូវ និងដឹកនាំប្រជាជនធ្វើស្រែទីនោះ។ យ៉េន បាននិយាយបន្តថា សម្រាប់ការងារនៅស្រុកអង្គរជ័យគឺ ធ្វើការងារដោយឯករាជ្យត្រង់ថា ត្រូវធ្វើនង្គ័លធ្វើនង្គ័ល ត្រូវធ្វើរនាសធ្វើរនាស ត្រូវធ្វើគប់ធ្វើគប់ និងដើរមើលថានង្គ័លភ្ជួរស្រួលមិនស្រួល។ បន្ទាប់ពីរៀបចំនៅកន្លែងការដ្ឋានបានស្រួលបួល យ៉េន បានសម្រេចចិត្តបញ្ជូនកូនចៅឲ្យទៅយកប្រពន្ធកូនឲ្យមករស់នៅជាមួយប៉ុន្តែប្រពន្ធយ៉េន មិនហ៊ានទៅព្រោះខ្លាចថា ប្ដីដែលហៅយកទៅភាគច្រើនតែងតែបាត់ខ្លួនមិនត្រឡប់មកវិញ។ បន្ទាប់ពីដឹងថាប្រពន្ធមិនហ៊ានមក យ៉េន បានសម្រេចចិត្តចុះទៅយកដោយខ្លួនឯងផ្ទាល់។
នៅឆ្នាំ១៩៧៦ យ៉េង ត្រូវបាន ហួត សេ ដកចេញពីការដ្ឋានធ្វើស្រែបញ្ជូនឲ្យឡើងទៅទីក្រុងភ្នំពេញ ដើម្បីឲ្យទៅជួសជុលផ្ទះនៅបឹងបាយ៉ាប ទុកសម្រាប់ឲ្យកងទ័ពស្នាក់នៅ ដែលគ្រប់គ្រងដោយឈ្មោះ វ៉ាត់។ យ៉េន ជួសជុលផ្ទះនៅបឹងបាយ៉ាបបានរយៈពេលមួយសប្ដាហ៍ កម្លាំងដែលធ្វើស្រែនៅក្នុងការដ្ឋានអង្គរជ័យដែលធ្លាប់គ្រប់គ្រងពីមុនត្រូវបាន ហួត សេ បញ្ជូនឲ្យឡើងមកភ្នំពេញជាបន្តបន្ទាប់។ កម្លាំងដែលបញ្ជូនមកពីការដ្ឋានអង្គរជ័យត្រូវបានបែងចែកឲ្យទៅធ្វើការងារនៅរោងបឹងបាយ៉ាប និងរោងចក្រនៅខាងព្រែកព្នៅ។ បន្ទាប់ពីជួសជុលផ្ទះនៅបឹងបាយ៉ាបរួចរាល់ យ៉េន ត្រូវបាន វ៉ាត ដកបញ្ជូនឲ្យមកក្រសួងជើងទឹក ដើម្បីឲ្យមកជួយដំឡើងរោងសម្រាប់ដាក់កាណូតដែលមានចំណុះ៧តោន នៅព្រែកព្នៅ។ យ៉េនរស់នៅព្រែកព្នៅបានចំនួន៥យប់ ត្រូវបាន វ៉ាត ប្រមូលកម្មករនៅខាងក្រសួងជើងទឹកទាំងអស់សរុបប្រហែល២០០០នាក់ បញ្ជូនឲ្យទៅកាប់ឈើនៅខេត្តក្រចេះ ដើម្បីតំឡើងកាណូត និងតំឡើងកប៉ាល់នៅទីនោះ ដែលគ្រប់គ្រងដោយឈ្មោះ ម៉ន។ បន្ទាប់ពីកាប់ឈើនៅក្រចេះបានប្រហែល២៥០០កំណាត់ ក៏ចាប់ផ្ដើមកើតមានជម្លោះរវាង ប៉ុល ពត ជាមួយ កុយ ធួន។ នៅពេលនោះ យ៉េន និងក្រុមកម្មករនៅខាងក្រសួងជើងទឹកទាំងអស់ ត្រូវបានកងទ័ពខ្មែរក្រហមបណ្ដេញចេញពីព្រៃទាំងយប់។ លុះស្អែកឡើង យ៉េន និងក្រុមកម្មករទាំងអស់ត្រូវបានដឹកបញ្ជូនតាមឡានឲ្យទៅរស់នៅថ្មគ្រែ ដែលមានទីតាំងនៅលើខេត្តក្រចេះ។ យ៉េន បាននិយាយបន្តថា បន្ទាប់ពីស្នាក់នៅថ្មគ្រែបានប្រហែលកន្លះខែ កម្មភិបាលនៅក្រុងភ្នំពេញបានដឹកអង្ករចំនួន៥០បាវ និងផ្គត់ផ្គង់ម្ហូបអាហារមួយចំនួនសម្រាប់ឲ្យកម្មករហូបចុក។ បន្ទាប់ពីផ្ដល់ម្ហូបអាហារបានរយៈពេល៣ថ្ងៃ កម្មាភិបាលបានបញ្ជូនកាណូតចំនួន២គ្រឿងមកដឹកអង្ករ និងម្ហូបអាហារត្រឡប់ទៅវិញ ព្រោះកម្លាំងដែលរស់នៅថ្មគ្រែទាំងអស់ត្រូវបានបញ្ជាឲ្យធ្វើដំណើរត្រឡប់ទៅក្រុងភ្នំពេញវិញ។ ពេលមកដល់ក្រុងភ្នំពេញ យ៉េន និងកម្មករទាំងអស់ត្រូវបាន ម៉ន បញ្ជូនឲ្យមករស់នៅកន្លែងចាស់វិញ។ បន្ទាប់ពីស្នាក់ និងដំឡើងកាណូត កប៉ាល់បានកន្លះខែ ម៉ន បានរៀបចំកម្លាំងឲ្យ យ៉េន ដឹកនាំកម្មករមួយក្រុមដើម្បីទៅដឹកជញ្ជូនឈើ យកមកដំឡើងកប៉ាល់នៅព្រែកព្នៅ។ យ៉េន ធ្វើការងារនៅកន្លែងដំឡើងកប៉ាល់បានរយៈពេលមួយខែ ត្រូវបាន ម៉ន ដកឲ្យទៅជួសជុលនៅកន្លែងត្បាញវិញ។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានសហការណ៍ជាមួយកងទ័ពវៀតណាមបានវាយចូលមករំដោះទីក្រុងភ្នំពេញ។ ពេលនោះ យ៉េន និងកម្មករដែលធ្វើការងារនៅកន្លែងតម្បាញមានការតក់ស្លុតនិងជ្រួលច្របល់ជាខ្លាំង ដោយឃើញយន្តហោះចំនួន២គ្រឿង បានហោះមកទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅព្រែកព្នៅ និងព្រែកក្ដាម។ បន្ទាប់ពីសភាពការណ៍ស្ងប់ស្ងាត់ យ៉េន និងកម្មករដែលធ្វើការងារនៅកន្លែងតម្បាញបានប្រជែងគ្នាឡើងលើកាណូត ដើម្បីធ្វើដំណើរមកកាន់ខេត្តកំពង់ឆ្នាំង។ ចំណែកប្រពន្ធនិងកូនរបស់ យ៉េន បានធ្វើដំណើរមកតាមក្រោយ ហើយបានមកជួបគ្នានៅកំពង់ឆ្នាំង។ បន្ទាប់ពីជួបគ្នាជាមួយប្រពន្ធ យ៉េន និងប្រពន្ធបាននាំគ្នាបន្តដំណើរដោយឆ្លងកាត់ប៉ៃលិន ចេញពីប៉ៃលិនមកបន្ទាយសំឡូត ហើយបានឈប់សម្រាកនៅបន្ទាយសំឡូតប្រហែល៣ទៅ៤យប់ ទើបបន្តដំណើរទៅមុខទៀត។ លុះស្អែកឡើង យ៉េន និងប្រជាជនជាច្រើនបានបន្តដំណើរឡើងភ្នំ(ភ្លេចឈ្មោះ) ហើយបានជួបតាម៉ុកនៅទីនោះ។ បន្ទាប់មក តាម៉ុក បានបញ្ជាឲ្យកងទ័ពដឹក យ៉េន និងប្រជាជនទាំងអស់មកទម្លាក់នៅបរវល ហើយបានដឹកបន្តពីបរវលយកមកទម្លាក់នៅទំនប់ដាច់ម៉ក់ហើន ហើយកងទ័ពរបស់តាម៉ុកនៅទីនោះ បានកៀរប្រជាជនបន្តឲ្យចូលមករស់នៅក្នុងដីថៃ ដែលមានទីតាំងនៅត្រាំង ហើយសម្រាកនៅបានប្រហែលមួយខែ កងទ័ពវៀតណាមបានវាយចូលមកដល់។ ពេលនោះ យ៉េន និងប្រពន្ធបានរត់ចេញពីត្រាំងមករស់នៅជំរំតាង៉ុកបានរយៈពេល៨ខែ បានផ្លាស់មករស់នៅភូមិទួលធ្នូ ស្រុកម៉ាឡៃវិញ។ ពេលចូលមករស់នៅភូមិទួលធ្នូដំបូង យ៉េន និងប្រពន្ធមានការលំបាកជាខ្លាំង ព្រោះដីដែលមកនៅសំបូរទៅដោយព្រៃ និងដើមឈើធំៗដូចជា ដើមស្រឡៅ ដើមឈើទាល និងដើមឈើធំផ្សេងៗទៀតជាច្រើន។ សម្រាប់អាហារហូបរបស់ យ៉េន និងគ្រួសារមិនសូវពិបាកប៉ុន្មានទេ ព្រោះមានអង្គការជាអ្នកចាំជួយផ្គត់ផ្គង់។ បន្ទាប់មកពីរៀបចំភូមិបានស្រួលបួល យ៉េន ត្រូវបាន សុខ ភាព ជ្រើសរើសឲ្យធ្វើជាអ្នកគ្រប់គ្រងនៅក្នុងភូមិ និងមើលពីការខ្វះខាតរបស់ប្រជាជន ដើម្បីរាយការណ៍ទៅឲ្យ សុខ ភាព ដើម្បីលើកប្រជុំដោះស្រាយពីបញ្ហាខ្វះខាតទាំងអស់នេះ។ បន្ទាប់ពីធ្វើជាអ្នកគ្រប់គ្រងភូមិបានកន្លះឆ្នាំ យ៉េន បានចាប់ផ្ដើមមានបញ្ហានៅកន្លែងការងារ ព្រោះនៅកន្លែងធ្វើការមានអ្នកច្រណែននិន្ទាដោយចោទប្រកាន់ យ៉េន ថាគិតតែខំប្រឹងរកស៊ីផ្ទាល់ខ្លួន អត់គិតការងារជួយដឹកនាំប្រជាជន។ បន្ទាប់ពីឮបែបនេះ យ៉េន បានសម្រេចចិត្តសុំ សុខ ភាពលាឈប់ពីអ្នកគ្រប់គ្រងភូមិ។
នៅឆ្នាំ១៩៨៥ កងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចូលមកវាយនៅម៉ាឡៃ។ ពេលនោះប្រជាជនដែលរស់នៅម៉ាឡៃត្រូវបានជម្លៀសតាមរថយន្តឲ្យទៅរស់នៅភ្នំតាង៉ោល បណ្ដោះអាសន្ន។ បន្ទាប់ពីស្នាក់នៅភ្នំតាង៉ោលបាន៣ទៅ៤យប់ យ៉េន និងប្រជាជនទាំងអស់ត្រូវបានកងទ័ពដឹកបន្តឲ្យមករស់នៅជំរំតាង៉ុក ហើយបានធ្វើខ្ទមស្នាក់នៅទីនោះបានរយៈពេល៨ខែ ទើបប្រធានជំរំតាង៉ុក ដកឲ្យមកជំរំ៨៥វិញ។
នៅឆ្នាំ១៩៩០ យ៉េន និងប្រពន្ធបានចុះពីជំរំ៨៥មករស់នៅភូមិទួលធ្នូវិញ។ ពេលធ្វើដំណើរត្រឡប់ចូលមកក្នុងភូមិវិញ យ៉េន និងប្រពន្ធមានការលំបាកជាខ្លាំង ព្រោះផ្លូវធ្វើដំណើរចូលមកក្នុងភូមិសំបូរទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះដែលបង្កប់ដោយកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលកម្ពុជា។ ពេលធ្វើដំណើរចូលមកដល់មុខផ្ទះ យ៉េន និងប្រពន្ធបានឃើញផ្ទះធ្លាប់រស់នៅទៅដោយព្រៃក្រាស់ៗ។ បន្ទាប់មក យ៉េន និងប្រពន្ធបាននាំគ្នាកាប់ឆ្ការព្រៃ និងជួសជុលផ្ទះសារឡើងវិញ។ នៅឆ្នាំ១៩៩៦ កងទ័ពខ្មែរក្រហមនិងកងទ័ពរដ្ឋាភិបាលបានចាប់ដៃគ្នាធ្វើសមាហរណកម្ម។ ពេលនោះនៅក្នុងភូមិទួលធ្នូមានការផ្លាស់ប្ដូរជាច្រើន ប្រជាជនអាចប្រកបរបរចិញ្ចឹមជីវិតបានធម្មតា និងផលដំណាំដែលប្រជាជនធ្វើបានមានឈ្មួញចូលទិញ។ យ៉េន និងគ្រួសារ បានបន្តរស់នៅស្រុកម៉ាឡៃដោយប្រកបរបរធ្វើស្រែចម្ការ រហូតមកដល់សព្វថ្ងៃ៕
ដោយ ចាន់ ណារិទ្ធ
[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ឈ្មោះ សោម យ៉េន ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០ (BMI0067)។