ខ្លូត សាន រំឭកអំពីការបាត់បង់មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្លូត សាន អាយុ៥៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) មានស្រុកកំណើតនៅភូមិពាមចង្កង ឃុំពាមចង្កង ស្រុកកងមាស ប៉ុន្តែបានផ្លាស់មករស់នៅភូមិក្បាលអូ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សាន មានឪពុកឈ្មោះ យ៉ាន និងម្ដាយឈ្មោះ រុន។ សាន មានបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ សាន រៀបការប្ដីឈ្មោះ ឈួន ជេស ដែលជាកងទ័ពខ្មែរក្រហមនៅកងពល៣១០ និងត្រូវបានចាប់ខ្លួនយកទៅសម្លាប់នៅខែកក្កដា ឆ្នាំ១៩៧៧។ ​នៅវ័យកុមារ សាន មិនបានរៀនសូត្រអ្វីនោះទេ ពីព្រោះតែមានរដ្ឋប្រហារ លន់ នល់ និងការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងកម្លាំងខ្មែរក្រហម។ បន្ទាប់ពីឈប់រៀន សាន ជួយការងារស្រែចម្ការជាមួយឪពុកម្ដាយ។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើង។ ភូមិរបស់សាន ត្រូវបានរំដោះ និងគ្រប់គ្រងដោយកងកម្លាំងខ្មែរក្រហម។ សាន ក៏ស្ម័គ្រចិត្តចូលបម្រើបបដិវត្តន៍ និងរៀបការប្ដីឈ្មោះមិត្ត ជេស ដែលធ្វើជាកងទ័ពខ្មែរក្រហម។

នៅឆ្នាំ១៩៧៥ ប្ដីរបស់សាន ត្រូវបានបញ្ជូនទៅក្បែរទីក្រុងភ្នំពេញ ដើម្បីត្រៀមវាយផ្ដាច់ចូលគ្រប់គ្រង។ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយចូលគ្រប់គ្រងទីក្រុងភ្នំពេញ​ នៅថ្ងៃទី១៧ ខែមេសា​ ឆ្នាំ១៩៧៥, ប្ដីរបស់សាន បន្តឈរជើងនៅទីក្រុងភ្នំពេញ។ ប្ដីរបស់សាន ធ្វើជាកងទ័ពខ្មែរក្រហមនៅកងពល៣១០។ ក្នុងអំឡុងពេលនោះ សាន ត្រូវបានដាក់ឲ្យធ្វើការងារក្នុងសហករណ៍ មានដូចជា ការដកស្ទូងស្រូវ។ រហូតដល់ឆ្នាំ១៩៧៦ សាន ត្រូវបាននាំទៅរស់នៅជាមួយប្ដីនៅទីក្រុងភ្នំពេញ។ នៅពេលនោះ សាន ស្នាក់នៅជាមួយប្ដីនៅបន្ទាយកងពល៣១០ និងត្រូវបានដាក់ឲ្យធ្វើការងារនៅចង្រ្កានបាយ ដើម្បីដាំស្ល និងបាយ។​ កងពល៣១០ គឺស្ថិតនៅក្រោយវត្តភ្នំ។ ប្ដីរបស់សាន ទទួលរងរបួសក្នុងសមរភូមិ ដែលបណ្ដាលឲ្យមានពិការភាព ហើយត្រូវបានរៀបចំឲ្យធ្វើជាអ្នកលេងភ្លេងប្រចាំអង្គភាព។ ក្នុងអំឡុងពេលស្នាក់នៅកងពល៣១០ សាន ក៏ដឹងដែរថា បងប្អូនប្រុសរបស់ខ្លួន ដែលមានឈ្មោះ ហាន ហៅ ស្មេច និង ប៉ែត ក៏ធ្វើជាកងទ័ពនៅកងពេលនេះផងដែរ។ នៅពេលនោះ សាន មានកូនចំនួន៤នាក់ ដែលត្រូវបានអង្គការរៀបចំឲ្យទៅស្នាក់នៅ និងធ្វើការនៅមន្ទីរកុមារ។ សាន បានបែកពីកូនៗចាប់ពីពេលនោះមក។

អ្វីដែលសាន មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការស្លាប់បាត់បង់ជីវិតរបស់ប្ដី, កូន៣នាក់ និងបងប្អូនប្រុសទាំង២នាក់ នៅឆ្នាំ១៩៧៧។ បងប្អូនទាំង២នាក់របស់សាន ត្រូវបានចាប់ខ្លួន និងបានបាត់ដំណឹងជារៀងរហូត។ ចំណែកឯប្ដីរបស់សាន ដែលជាជនពិការ ក៏ត្រូវបានចាប់ខ្លួន និងសម្លាប់ចោល ដោយគ្មានក្ដីមេត្តាផងដែរ។ បន្ទាប់មកទៀត សាន ត្រូវបានបញ្ជូនទៅលត់ដំនៅស្ទឹងបាគូ ដែលត្រូវធ្វើការងារ ក្នុងស្ថានភាពគ្មានពេលសម្រាក, គ្មានអាហារហូបចុកគ្រប់គ្រាន់ និងភ័យតក់ស្លុត។ មិនយូរប៉ុន្មាន សាន​ ក៏ទទួលបានដំណឹងដ៏ក្រៀមក្រំមួយទៀតនោះ គឺកូន៣នាក់របស់គាត់ ដែលដាក់នៅមន្ទីរកុមារ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ក្នុងរយៈពេល២ទៅ៣ថ្ងៃ ដោយសារតែជំងឺ និងគ្មានការព្យាបាល។

សាន បន្តធ្វើការងារ និងរស់នៅស្ទឹងបាគូ រហូតដល់របបខ្មែរក្រហមដួលរលំ នៅខែមករា ឆ្នាំ១៩៧៩។[1] នៅពេលនោះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជា និងរំដោះប្រជាជនចេញពីរបបខ្មែរក្រហម។ ដោយមិនដឹងអំពីស្ថានភាពនៅពេលនោះ សាន បានរត់ទៅរកកូនដែលនៅសេសសល់នៅមន្ទីរកុមារ ប៉ុន្តែមិនឃើញ។[2]  សាន បន្តរត់ភៀសខ្លួនផង និងស្វែងរកកូនផង រហូតដល់ខាងអមលាំង និងខេត្តកំពង់ឆ្នាំង ទើបសាន អាចជួបជុំជាមួយកូនៗវិញ។ សាន បាននាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ដូចជា អមលាំង នៅខេត្តកំពង់ឆ្នាំង, ស្ទឹងលាច, ខេត្តពោធិ៍សាត់ និងបន្តមកខេត្តព្រៃវែងវិញ។ ក្រោយមកទៀត សាន បាននាំកូនៗវិលត្រឡប់មកភូមិវិញ និងប្រកបរបរកសិកម្មរហូតដល់សព្វថ្ងៃ៕

អត្ថបទដោយ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម​


[1] ឯកសារបទសម្ភាសន៍លេខKCI0797; សម្ភាសន៍ជាមួយ ខ្លូត សាន នៅភូមិក្បាលអូ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅឆ្នាំ២០០៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin