ឡុច តុង៖ យុវជន នៅអង្គភាព៧០៦ កងពល៧០៣

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣៣ទំព័រ ជារបស់ ឡុច តុង[1] មុនអង្គការចាប់ខ្លួន មានតួនាទី ជាយុវជននៅអង្គភាព៧០៦ កងពល៧០៣។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៥១០) បង្ហាញអំពីសកម្មភាពរបស់តុង ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំពីឈ្មោះ សំ មានតួនាទីទាហានសក្ដិ២ នៅបន្ទាយវត្តព្រែកសំរោង និងបញ្ចូលជា សេ-អ៊ី-អា។ ការចូលបម្រើបដិវត្តន៍នេះ តុង បានធ្វើសកម្មភាពបំផុសមហាជនចូលបង្កប់ខ្លួនក្នុងអង្គភាពនិងប្រឆាំងនឹងអង្គការបដិវត្តន៍។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ឡុច តុង៖
ឡុច តុង ភេទប្រុស អាយុ២៤ឆ្នាំ នៅលីវ មានស្រុកកំណើតនៅភូមិកណ្ដោល ឃុំកណ្ដោល ស្រុក១៥៤ តំបន់១៥ ខេត្តកំពត។[2] តាំងពីដឹងក្ដីមក តុង រស់នៅជាមួយឪពុកម្ដាយ។ នៅពេល តុង មានអាយុ១២ឆ្នាំ ឪពុកម្ដាយបានបញ្ជូនទៅរៀននៅសាលាវត្ត វិហាrកំបោ។ តុង ចូលរៀនបានរយៈមួយឆ្នាំ ក៏ឈប់ ហើយត្រឡប់មកជួយរកស៊ី ឪពុកម្ដាយនៅស្រុកកំណើតវិញ។ ស្របពេលនោះ ពូ របស់តុង ដែលគាត់រស់នៅភូមិចាស់ ឃុំជ្រលង ខេត្តកំពង់ធំ បានហៅឲ្យទៅជួយឡើងត្នោត។
រហូតដល់ខែសីហា ឆ្នាំ១៩៧០ តុង ក៏ត្រឡប់មកស្រុកកំណើតវិញ។ រយៈពេលពីរឆ្នាំបន្ទាប់ តុង បានចូលធ្វើទាហាន តាមរយៈមេឃុំឈ្មោះ យូរ បានបញ្ជូន តុង ទៅសាលាស្រុកកន្ទួតរយៈពេលមួយថ្ងៃក៏បញ្ជូនបន្តទៅនៅវត្តព្រែកសំរោង។ ពេលនោះ តុង ក៏ទទួលបានការអប់រំពីឈ្មោះ សំ មានតួនាទីទាហានសក្ដិ២ នៅបន្ទាយវត្តព្រែកសំរោង។ ក្រោយមក តុង ត្រូវទំនាក់ទំនងជាមួយខ្សែគិញចំនួន៥នាក់ ទទួលបានការចាត់តាំងពីឈ្មោះ សំ ឲ្យចូលទៅបង្កប់ខ្លួនតាមមុខសញ្ញាដាច់ដោយឡែកពីគ្នា។ ចំណែក តុង និងម្នាក់ទៀតឈ្មោះ សាន់ ឲ្យចូលបង្កប់ខ្លួនធ្វើជាប្រជាជននៅឯស្រុកកំណើតវិញ។ បន្ទាប់មក តុង និងម្នាក់ទៀត ឈ្មោះ សាន់ ទទួលបានប្រាក់ចំនួន៤០០០រៀល។ នៅខែកុម្ភៈ ឆ្នាំ១៩៧១ តុង បានត្រឡប់ទៅផ្ទះចំនួន១៤ថ្ងៃ ក៏ជួបជាមួយឈ្មោះ សាន់ ក៏ណែនាំឲ្យស្គាល់ឈ្មោះ នី និងកែវ។ អ្នកទាំងពីរនេះ បានធ្វើសកម្មភាពបំផុសបំផុលប្រជាជន នៅឃុំកណ្ដោល ឲ្យចូលធ្វើទាហានបានចំនួន១៤នាក់។ ជាពិសេស តុង ក៏បានអប់រំប្រជាជនឲ្យឃើញពីការរស់នៅក្នុងសង្គមដែលទទួលបានប្រាក់ខែ និងមានសម្លៀកបំពាក់ទាន់សម័យជាដើម។ ជាងនេះទៅទៀត តុង និងសមាជិក បានរាយការណ៍ទៅឲ្យឈ្មោះ សំ ពីទីកន្លែង កងទ័ពបដិវត្តន៍នៅតំបន់នេះផងដែរ។ ក្រោយពីទទួលដំណឹងភ្លាម សំ បានបញ្ជូនទាហានចំនួន២៣០នាក់ មកព័ន្ធបាញ់ធ្វើឲ្យរបួសចំនួនពីរនាក់ រួមមានកងទ័ពបដិវត្តន៍ និងប្រជាជន។ ក្រោយមក ទាហានទាំងអស់ក៏ត្រឡប់មកបន្ទាយវិញ។ តាមរយៈឈ្មោះ នី និងកែវ បានឲ្យ តុង ធ្វើទំនាក់ទំនងជាមួយខ្សែចំនួន៤នាក់។ តាំងពីពេលនោះ តុង ត្រូវផ្ដាច់ទំនាក់ទំនងជាមួយឈ្មោះ នី និងកែវរហូតមក។ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧១ តុង បានចូលធ្វើបដិវត្តន៍ នៅភូមិស្រែរយោង នៅអង្គភាពដដែល និងបានទំនាក់ទំនងជាមួយសមាជិកចំនួនពីរនាក់។
នៅដើមឆ្នាំ១៩៧២ តុង និងសមាជិកបានដើរបំភ័យប្រជាជន ឲ្យរត់ចូលតំបន់ខ្មាំងអស់ចំនួន៣០គ្រួសារ និងបំផុសឲ្យប្រជាជនបញ្ចេញគោជ្រូកឲ្យរត់ចូលតំបន់ខ្មាំងអស់ចំនួន១៩ក្បាល និងបំផ្លាញស្រូវអស់ចំនួន៦រទេះ។ លើសពីនេះ ថែមទាំងបំផុស ឲ្យប្រជាជននៅភូមិពោស្មាត ឃុំជើងកែប ស្រុក១៥៤ តំបន់១៥ ខេត្តកំពត[3] ស្អប់នឹងការធ្វើបដិវត្តន៍។ មួយវិញទៀត អង្គការបានជម្លៀសប្រជាជនមួយចំនួនដោយបង្ខំ ឲ្យចាកចេញពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត[4] និងបានកាប់កងទ័ពបដិវត្តន៍ធ្វើឲ្យរងរបួសចំនួន២នាក់។ បន្ទាប់មក តុង ក៏បានចេញពីអង្គភាពឈ្លប ឃុំកណ្ដោល មកនៅអង្គភាពកងវរសេនាតូច១១៦វិញ។ ក្រោយមក តុង ក៏បានទាក់ទងជាមួយឈ្មោះ ឡីយ មានតួនាទី អនុសេនាតូច នៅក្នុងអង្គភាពកងវរសេនាតូច៧០៦។ បន្ទាប់មក តុង ក៏បានបោះចោលគ្រាប់កាំភ្លើង៦០មីលីម៉ែត្រអស់ចំនួន៥គ្រាប់។ ភ្លាមៗស្រាប់តែមាន យន្ដហោះ មកទម្លាក់គ្រាប់បែកនៅតាមបណ្ដោយខ្សែត្រៀម បណ្ដាលឲ្យរបួសចំនួនពីរនាក់ និងស្លាប់ម្នាក់។
នៅដើមឆ្នាំ ១៩៧៤ តុង បានទំនាក់ទំនងជាមួយឈ្មោះ សៅ មានតួនាទីយុវជន។ អ្នកទាំងពីរ ធ្វើពុតជាឈឺ ហើយនាំគ្នារត់ចោលខ្សែត្រៀមចំពេលដែលទាហានកំពុងប្លោងដាក់។ សកម្មភាពពេលនោះ បានធ្វើឲ្យកម្លាំងបដិវត្តន៍ ត្រូវរបួសចំនួនពីរនាក់ និងស្លាប់ម្នាក់។ ចំណែក តុង បានយកកាំភ្លើង អ៊ែ កែញ ទៅបាញ់សត្វធ្វើឲ្យបែកខូចខាតអស់ចំនួនមួយដើម ថែមទាំងបំភ័យឲ្យយុវជនរត់ទៅផ្ទះអស់ចំនួនម្នាក់។ នៅចុងឆ្នាំ១៩៧៤ តុង បានត្រូវរបួសនៅសមរភូមិឫស្សីស្រុក ហើយបានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រែកថ្មី។ នៅមន្ទីរពេទ្យ តុង បានធ្វើសកម្មភាពដើរហើរដោយសេរី មិនគោរពវិន័យឡើយ។ ថែមទាំងលួចកាច់ពោត និងអំពៅរបស់ប្រជាជនទៀត។ ក្រោយមក តុង បានចេញពីមន្ទីរពេទ្យ ប៉ុន្តែមិនទាន់ចូលបម្រើក្នុងសមរភូមិបានឡើយ។ អង្គភាពក៏បញ្ជូន តុង មកសម្រាកនៅមន្ទីរអ្នកពិការនៅកំពង់កុង រយៈពេល១០ថ្ងៃ ទើបជាសះស្បើយ។ លុះពេលបន្ទាប់ តុង ក៏បានទៅរស់នៅកន្លែងឃ្វាលគោនៅខាងមុខវត្តទួលស្លែង។ នៅទីនោះ តុង និងសមាជិក បានបង្វក់សតិអារម្មណ៍ប្រជាជនឲ្យនាំគ្នាផឹកទឹកត្នោតជូរ ហើយបានធ្វើឲ្យបាត់គោអស់ចំនួន២ក្បាល ក៏ត្រឡប់មកនៅកំពង់កុងវិញ។
នៅឆ្នាំ១៩៧៥ នៅពេលបែកទីក្រុងភ្នំពេញ តុង និងឈ្មោះ នី ត្រូវបានអង្គការចាត់តាំង ឲ្យមករស់នៅម្ដុំចាក់អង្រែ ហើយនាំសមាជិកដទៃទៀត ដើរផឹកស៊ី ហើយថែមទាំងដើររុករើតាមផ្ទះប្រជាជន និងគាស់ទូ ធ្វើឲ្យខូចខាតទូអស់ចំនួន២។ ក្នុងពេលជាមួយគ្នា អង្គការ ក៏ផ្លាស់មកនៅខាងត្បូងរោងចក្រឆេកូ។ ពេលនោះ តុង ត្រូវបានអង្គការចាប់ដាក់ច្រវាក់ ចំនួន៧ថ្ងៃ។ មូលហេតុ ដោយសារតែ តុង បាននាំសមាជិកដទៃទៀត ទៅផឹកស្រានៅចាក់អង្រែ។ មួយរយៈពេលក្រោយមក អង្គការក៏បានដោះលែង ឲ្យមានសេរីភាពឡើងវិញ។ អង្គការ ក៏ចាត់តាំង តុង ឲ្យទៅធ្វើស្រែ នៅម្ដុំវត្តក្របៅ ក៏ជួបជាមួយឈ្មោះ ហេង មានតួនាទីប្រធានមន្ទីរកងវរសេនាតូច១១៦។ អង្គការ បានចាត់តាំងឲ្យ តុង ទៅឡើងត្នោត ដោយកំណត់ចំនួន២០ដើមក្នុងមួយថ្ងៃ ហើយ តុង អាចធ្វើបានគ្រប់តាមចំនួន។ ពេលនោះ ដោយសារភាពឆ្លាតវៃ រួមផ្សំនឹងការអស់កម្លាំងផង តុង ធ្វើពុតជាឈឺសតិអារម្មណ៍ ថែមទាំងធ្វើឲ្យត្នោតខូចអស់ជាងពាក់កណ្ដាល។
នៅដើមឆ្នាំ១៩៧៦ អង្គការ បានចាត់តាំង តុង ឲ្យទៅរស់នៅក្នុងអង្គភាពអនុសេនាធំទី៤។ នៅទីនោះ តុង បានភ្ជួរដីនៅចុងព្រែក ដើម្បីរៀបចំ ដាំពោត ក៏បានជួបជាមួយឈ្មោះ ហ៊ន និងបានពិភាក្សាពីសកម្មភាពក្បត់នឹងបដិវត្តន៍ ដោយបំផ្លាញដំណាំ និងភ្ជួរបំបុកគល់ ធ្វើឲ្យបាក់នង្គ័លអស់ចំនួនមួយ។ ជាងនេះទៅទៀត តុង បានភ្ជួរធ្វើឲ្យមុតជើងគោ ថែមទាំងចាក់គូដគោ ធ្វើឲ្យមានដំបៅ បង្កឲ្យរាំងស្ទះដល់ការកសាងប្រទេស។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ តុង ទទួលបានការអប់រំពីឈ្មោះ ហេង ឲ្យធ្វើសកម្មភាពវាយស្របច្បាប់ ដោយបំផុសមហាជនឲ្យប្រឆាំងនឹងអង្គការ។ ផែនការបន្ទាប់ តុង ត្រូវកសាងកម្លាំងក្បត់ឲ្យបានមួយក្រុមដើម្បីចូលទៅបង្កប់ខ្លួនក្នុងអង្គភាព។ បន្ទាប់ពីការដាក់ផែនការចប់ទៅ តុង អប់រំកម្លាំងក្បត់បានចំនួន២នាក់។ កន្លងរយៈពេលមួយខែ ហេង បានណែនាំ តុង ឲ្យស្គាល់ខ្សែរយៈដែលក្បត់នៅក្នុងកងពល៧០៣ មានចំនួន២១នាក់។ លុះដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៧ តុង និងសមាជិកចំនួន៣នាក់ បានលួចរត់ទៅនៅផ្ទះ នៅវេលាម៉ោង១១យប់ ដោយយកអាវុធ អ៊ែ កែញ ចំនួនមួយដើម និងវិទ្យុចំនួនមួយ ក៏ត្រឡប់មកអង្គភាពវិញ។ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៧៧ តុង ត្រូវបានអង្គការចាប់ខ្លួន ហើយសារភាពចម្លើយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៧៧៕
ដោយ៖ ជីម សុខគា
[1] ឯកសារ (J០០៥១០) តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ឡុច តុង៖ យុវជន នៅអង្គភាព ៧០៦ កងពល៧០៣»។ បង្ហាញអំពីសកម្មភាព តុង ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំ ពីឈ្មោះ សំ មានតួនាទីទាហានសក្ដិ២ នៅបន្ទាយវត្តព្រែកសំរោង និងបញ្ចូលជា សេ-អ៊ី-អា។ ការចូលបម្រើបដិវត្តន៍នេះ តុង បានធ្វើសកម្មភាពបំផុសមហាជនចូលបង្កប់ខ្លួនក្នុងអង្គភាពនិងប្រឆាំងនឹងអង្គការបដិវត្តន៍។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),៣៤។
[3] ឯកសារដូចគ្នា។
[4] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),១៧-១៨។