ប្រធានវរសេនាតូចកងពល៣១០ ក្លាយជាអ្នកទោសគុកទួលស្លែង

រូបថតនេះជារបស់ សាន្ត សុខ ដែលចូលរួមចលនាតស៊ូបដិវត្តន៍ក្នុងឆ្នាំ១៩៧២។ ពីឆ្វេងទៅស្ដាំ៖ អុល, អ៊ីម, ផេង, អោ, ញ៉េប(សុខ), សាន្ត សុខ និងផ្លូច។ រូបថតនេះជាអំណោយរបស់លោកសាន្ត សុខ។ គាត់បានសរសេរនៅលើខ្នងរូបថតថា “សាន្ត សុខ រួមចលនាតស៊ូបដិវត្តន៍។ ថតរួមជាមួយប្អូនៗ បុគ្គលិកអង្គភាព គណៈកម្មាធិការទទួលប្រជាជនជម្លៀស ស្រុកព្រៃកប្បាស(ហៅស្រុក៥៥)។ ថតឆ្នាំ១៩៧២។ ប្រភព៖ សាន្ត សុខ/ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកសារប្រវត្តិរូប I0៩៣៩៨ របស់ អៀម ខុន ហៅ ខែម ភេទប្រុស អាយុ២៦ឆ្នាំ បង្ហាញថាគាត់ត្រូវ​បានបញ្ជូនមកឃុំខ្លួននៅគុកទួលស្លែង[1]ក្នុងឆ្នាំ១៩៧៦។ ជួបសម្ភាសន៍ជាមួយ​ឈ្មោះ បេត ថោង អាយុ៦៥ឆ្នាំ ត្រូវជាបង​ថ្លៃរបស់ អៀម ខុន ហៅ ខែម។ ខុន មានឪពុកឈ្មោះ អៀម ឃឹម, ម្ដាយឈ្មោះ នាង ស៊ឹង និងមានបងប្អូនចំនួនបីនាក់ ក្នុងនោះស្រីពីរនាក់ ឈ្មោះ អៀម សុខន, និង អៀម សុខុម។[2]  ខុន មានស្រុកកំណើត នៅភូមិព្រែកសាម៉ាន ឃុំព្រែកសាម៉ាន ស្រុកឆ្លូង ខេត្ដ​ក្រចេះ​[3]

កាលពីកុមារភាព ខុន បានឈប់រៀនត្រឹមថ្នាក់ទី៥ (សង្គមចាស់) នៅសាលាបឋមសិក្សាសាម៉ាន ដោយសារតែប្រទេសជាតិមានរដ្ឋប្រហាររបស់ ឧត្តមសេនីយ លន់ នល់ ទម្លាក់សមេ្ដចព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ។ នៅឆ្នាំ១៩៧០ បងថៃ្លរបស់ខុន បាននិយាយថា នៅតំបន់ឆ្លូង មានប្រជាជនជាច្រើនចូលរួមដង្ហែជាក្បួនបាតុកម្ម​ប្រឆាំងនឹងវត្តមានរបស់ទាហាន លន់ នល់​ ហើយ ទាហាន លន់ នល់ បានធ្វើការបាញ់បង្ក្រាបក្រុមបាតុករ។ បាតុករបានរត់គេចខ្លួន និង​មួយចំនួនត្រូវចាប់ដាក់គុក​។ នៅឆ្នាំដដែលយន្តហោះរបស់សហរដ្ឋអាម៉េរិក​បានមកទម្លាក់គ្រាប់បែកយ៉ាងច្រើនដើម្បីសម្លាប់កងទ័ព​វៀតកុងដែលបានពួនលាក់ខ្លួននៅតាមតំបន់ព្រំដែនរវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ប្រជាជនបានរងរបួស និងស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃ ចំណែក​​ការរស់នៅជួបប្រទះទុក្ខលំបាកព្រោះមិនអាចចេញទៅប្រកបរបររកស៊ីធ្វើស្រែចម្ការដូចពីមុន។ អាជ្ញាធរ​ភូមិ ឃុំ បានការឃោស​នា​ និងបង្ខិតបង្ខំ​យុវជន-យុវនារីក្នុងភូមិឲ្យចូលរួមតស៊ូជាមួយកម្លាំងបដិវត្តន៍ខ្មែរក្រហមដោយរត់ចូលព្រៃម៉ាកគីដើម្បី​ប្រឆាំងនឹងរបប លន់ នល់។ នៅចុងឆ្នាំ១៩៧០ បងថ្លៃរបស់ខុន បានឃើញ ខុន និងយុវជនក្នុងភូមិចំនួនប្រាំបួននាក់ បានទៅចូលរួមជាមួយកម្លាំងបដិវត្តន៍​ខ្មែរក្រហមដោយរត់​ចូលព្រៃ និងមានអាជ្ញាធរភូមិឃុំជាអ្នកទទួលស្គាល់។ ខុន និងយុវជនទាំងអស់ត្រូវបានបង្ហាត់បង្រៀនពីយុទ្ធសាស្រ្តសង្រ្គាម និងក្បួនទ័ពរយៈពេលប្រមាណកន្លះខែ ហើយត្រូវបានតែងតាំងជាសេនាជនភូមិដោយដើរល្បាតតាមភូមិ។ នៅឆ្នាំ១៩៧១ ខុន និងយុវជនផ្សេងទៀតត្រូវបានចលនាបដិវត្តន៍ខែ្មរក្រហមបញ្ជូនទៅធ្វើជាយោធាប្រចាំការនៅស្រុកឆ្លូង ខេត្តក្រចេះ (តំបន់៥០៥)។

ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ បងថ្លៃរបស់ខុន បានដឹងថា ខុន និងយោធាស្រុកឆ្លូង ត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិនៅស្រុកស្ទឹងត្រង់, តំបន់បុសខ្នុរ, ស្រុកចំការលើ រហូតដល់វាយរំដោះ​បានទីក្រុងភ្នំពេញទាំងស្រុងនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ នៅពេលខែ្មរក្រហមឡើងកាន់អំណាច បងថ្លៃរបស់ខុន បានឃើញ ខុន មកលេងស្រុកកំណើតរយៈពេលមួយសប្តាហ៍។ ខុន បានប្រាប់បងថ្លៃ និងគ្រួសារថា គាត់កំពុងតែធ្វើជាយោធា នៅក្នុងវរសេនាតូចកងពល៣១០ ប្រចាំការ​នៅទីក្រុងភ្នំពេញ​។​ បងថ្លៃរបស់ខុន និយាយថា ខុន បានជិះម៉ូតូម៉ាកសេអ៊ិល, មានកាន់កាំភ្លើង  និងមានអង្គរក្សការពារចំនួនពីរនាក់។ អំឡុងពេល ខុន មកលេងផ្ទះ​មានកងឈ្លបខ្មែរក្រហមស្លៀកពាក់ខោខ្មៅអាវខ្មៅពីរនាក់បានចុះមកសួរនាំពីប្រវត្តិសាវតារ​របស់ ខុន និងអង្គរក្សការពារទាំងពីរនាក់។ ខុន បានប្រាប់កងឈ្លបខ្មែរក្រហមថាគាត់ជាយោធានៅវរសេនាតូចកងពល៣១០។ រំលងបានមួយសប្តាហ៍មាននីរសារ​របស់ស្រុកឆ្លូង បានប្រគល់លិខិតមួយហៅ ខុន និងអង្គរក្សការពារពីរនាក់ឲ្យត្រលប់ទៅភ្នំពេញវិញ។ ពេលនោះហើយជាពេលវេលាចុងក្រោយដែលបងថ្លៃ និងគ្រួសាររបស់ខុន បានជួប ខុន។ គាត់ បានបាត់ដំណឹងមិនឃើញផ្ញើសំបុត្រ ឬមកលេងក្រុមគ្រួសាររហូតដល់ពេលបច្ចុប្បន្ន។ សមាជិកគ្រួសារទាំងអស់គិតថា ខុន បានស្លាប់ ហើយរៀងរាល់ពិធីបុណ្យទានម្តងៗគ្រួសារតែងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់គាត់ជានិច្ច។

បើតាមឯកសារប្រវត្តិរូប I០៩៣៩៨ ឈ្មោះ អៀម ខុន ហៅ ខែម ជាប្រធានវរសេនាតូចកងពល៣១០។ ខុន ធ្លាប់ជាយោធានៅតំបន់កញ្ជរ និងព្រែកហែម៉ាន់ ស្រុកឆ្លូង ខេត្តក្រចះ(តំបន់៥០៥)។ ខុន ត្រូវបានខ្មែរក្រហមចាប់ខ្លួន នៅខែកញ្ញា ឆ្នាំ១៩៧៦ និងបញ្ជូនមកឃុំខ្លួននៅក្នុងផ្ទះង, បន្ទប់ធំ១, តូច១ នៃមន្ទីរសន្តិសុខ​ស-២១។[4]

រឿងរ៉ាវបងថ្លៃ និងគ្រួសាររបស់ខុន ក្នុងរបបខ្មែរក្រហម[5]

នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមចូលគ្រប់គ្រងស្រុកឆ្លូង ខេត្តក្រចេះ កងឈ្លបបានចាប់ផើ្តមបង្កើតជាសហករណ៍ធ្វើការរួម, រស់នៅរួម និងហូបរួមតាមរោងបាយ និងបានប្រែក្លាយភូមិព្រែកសាម៉ាន ទៅជារោងបាយ និងសហករណ៍ព្រែកសាម៉ាន។ នៅចុងខែមេសា ឆ្នាំ១៩៧៥ បងថ្លៃរបស់ខុន បានឃើញប្រជាជនថ្មី១៧មេសា ដែលជម្លៀសមកពីភ្នំពេញរាប់រយគ្រួសារមករស់នៅក្នុងភូមិ។ ប្រជាជន​ថ្មី១៧មេសា ត្រូវបានកងឈ្លបខ្មែរក្រហមដាក់ឲ្យរស់នៅផ្សេងពីប្រជាជនមូលដ្ឋាន​ដោយសង់ផ្ទះតូច​ៗនៅតាមវាលស្រែឲ្យស្នាក់នៅ។ ផ្ទះគ្រួសាររបស់ខុន ត្រូវបានខ្មែរក្រហមប្រើប្រាស់ជាកន្លែង ព្យាបាលជំងឺនៅពេលអ្នកភូមិឈឺម្តងៗ។ សមាជិកគ្រួសាររបស់ខុន ត្រូវបានកងឈ្លបខ្មែរក្រហមបង្ខំជម្លៀសឲ្យចេញពីផ្ទះទៅនៅភូមិព្រែកដាច់ និងបន្តជម្លៀសទៅតំបន់ល្វាធំ ស្ថិតក្នុងខេត្តកំពង់ចាម។ ការងារបងថ្លៃរបស់ខុន នៅរដូវវស្សាត្រូវធ្វើស្រែដូចជាជញ្ជូនកណ្ដាប់, ស្ទូងស្រូវ, ច្រូតស្រូវ និងនៅរដូវ​ប្រាំង អង្គការបានប្រើគាត់ឲ្យបុកស្រូវ​ និងជញ្ជូនអង្ករទុកក្នុងឃ្លាំងរបស់សហករណ៍។ ចំណែកម្តាយរបស់ខុន ត្រូវមើលថែក្មេងៗក្នុងកងកុមារ រីឯឪពុករបស់ខុន ត្រូវអង្គការប្រើឲ្យវិញខ្សែគោ និងជួយធ្វើផ្ទះឲ្យប្រជាជនថ្មីស្នាក់នៅ។ របបអាហារទទួលបានមិនគ្រប់គ្រាន់ទេ ដោយអាហារ​មានតែបបរពីរពេលក្នុងមួយថ្ងៃ (ពេលព្រឹក និងពេលល្ងាច)។ បងថ្លៃរបស់ខុន មានចម្ងល់ប៉ុន្តែមិនហ៊ានសួរអង្គការ ចំពោះការខ្វះខាតអង្ករ ព្រោះគាត់ឃើញទិន្នផលអង្ករដែលប្រជាជនធ្វើទទួលបានច្រើន ហេតុអ្វីអង្ករតែងតែខ្វះខាតខ្លាំងនៅសហករណ៍ជាពិសេសនៅរដូវប្រាំង។

ក្នុងផែនការរយៈពេល៤ឆ្នាំ(១៩៧៧-១៩៨០) លើកទី១ របស់ខ្មែរក្រហមបានបែងចែកទិន្នផលស្រូវ ដែលទទួលបានជា៤ចំណែកគឺ៖ ទី១-ស្បៀងប្រចាំថ្ងៃរបស់ប្រជាជនដែលម្នាក់ៗទទួលបានស្រូវចំនួន ៣១២គីឡូក្រាម ក្នុង១ឆ្នាំ ឬស្មើនឹង០,៨៥គីឡូក្រាមស្រូវក្នុង១ថ្ងៃ។ ទី២-ស្រូវសម្រាប់ធ្វើពូជ​។ ទី៣- ស្រូវដែលរក្សាទុកជាស្បៀងបម្រុង ទី៤-ស្រូវសម្រាប់លក់នៅឯបរទេសដើម្បីប្ដូរយករូបិយប័ណ្ណ​បរទេសដែលអាចប្រើប្រាស់ក្នុងការទិញម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការទំនិញផ្សេងៗ និងគ្រឿងសព្វាវុធ។ ចំណែកនេះជាចំណែកធំជាងគេ ក្នុងចំណោមការបែងចែកទាំង៤។ ជាអកុសលដោយសារតែទិន្នផល ស្ទើរតែមិនគ្រប់តាមផែនការដែលបានកំណត់នោះ មានស្រូវតិចតួចណាស់ដែលរក្សាទុកសម្រាប់ ចិញ្ចឹមប្រជាជន និងសម្រាប់ធ្វើជាគ្រាប់ពូជ។ ផ្ទុយទៅវិញទិន្នផលស្រូវភាគច្រើនត្រូវបានយកទៅផ្គត់ផ្គង់កងទ័ព កម្មកររោងចក្រ នាំចេញទៅប្រទេសចិន និងប្រទេសដទៃទៀត។[6]

កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[7] បងថ្លៃរបស់ខុន រស់នៅតំបន់ល្វាធំ ខេត្តកំពង់ចាមរហូតដល់របបខ្មែរក្រហមត្រូវបានរំដោះ និងត្រលប់មករស់នៅស្រុកឆ្លូង ខេត្តក្រចេះ ប្រកបរបរធ្វើស្រែ​ចម្ការរហូតដល់សព្វថ្ងៃ៕

អត្ថបទដោយ អេង សុខម៉េង


[1] យោងសៀភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផេង ពង្សរ៉ាស៊ី, et al. (២០២០). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារ កម្ពុជា. ទំព័រទី៥៣ សរសេរថា [គុកទួលស្លែងគឺជាមន្ទីរសន្តិសុខកម្រិតខ្ពស់បំផុត គឺជាមន្ទីរសន្តិសុខមជ្ឈិម មានទីទាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញដែលមានឈ្មោះថា (មន្ទីរស-២១)។ អ្នកទោសនៅក្នុងមន្ទីរស-២១ ស្ទើរតែទាំងអស់គឺជាអតីតកម្មាភិបាល និងកងទ័ពខ្មែរក្រហមដែលជាប់ចោទពីបទក្បត់បដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧៦ ស្ទើរតែពុំមានអ្នកទោសណាម្នាក់នៅតំបន់ និងថ្នាក់ស្រុកត្រូវបានដោះលែងឡើយ ហើយមានអ្នកទោសតិចតួចណាស់ដែលអាចរួចជីវិតពីមន្ទីរស-២១]។

[2] បទសម្ភាសក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវឯកសារ KRI០០៩៤. (២០០៦). សម្ភាសន៍ជាមួយឈ្មោះ បេត ថោង ភេទប្រុស អាយុ៦៥ ត្រូវជាបងថ្លៃ នៅភូមិព្រែកសាម៉ាន ឃុំព្រែកសាម៉ាន ស្រុកឆ្លូង ខេត្តក្រចេះ. ចំនួន៨៧ទំព័រ. នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា។

[3] ឯកសារលេខ I០៩៣៩៨ប្រវត្តិរូបរបស់ អៀម ខុន ហៅខែម, ទំព័រទី១. ឯកសារតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។

[4] ឯកសារដូចខាងលើ។

[5] ឯកសារដូចខាងលើ។

[6] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារ កម្ពុជា. ទំព័រទី៣៧។

[7] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin