សុខ ភ័ណ្ឌ៖ ម្តាយខ្ញុំគិតថាខ្ញុំបានស្លាប់បាត់ទៅហើយ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សុខ​ ភ័ណ្ឌ[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិសោប ឃុំសោប ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខ ភ័ណ្ឌ រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ។​​

ភ័ណ្ឌ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងស្រុកកំណើតជាមួយម្ដាយឪពុក។ គ្រួសារ​​​​​​ខ្ញុំ​​ប្រកប​មុខរបរធ្វើស្រែចម្ការ ហើយ​​មិនមានប្រកបរបរអ្វី​ផ្សេង​​​ក្រៅពីនេះ​ទៀត​​ទេ។ ខ្ញុំ​មិន​​បាន​រៀន​សូត្រ​​នៅ​សា​លា​ទេ ដោយសារ​តែ​ខ្ញុំ​ធំ​ដឹង​ក្ដី​​​នៅ​ក្នុងពេល​​​សង្គ្រាម។ ប្រទេស​ជាតិ​​ចាប់​ផ្ដើម​មាន​ចលា​ចល ដែល​​​​​សាលារៀន ទីផ្សារ មន្ទីរពេទ្យ និងវត្តអារាមជាដើម ត្រូវ​បិទទ្វារ។ ខ្ញុំ​ចង​ចាំ​បាន​ច្បាស់​ថា ​​ការ​ទម្លាក់​គ្រាប់​បែកនៅក្នុងភូមិរបស់ខ្ញុំ ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និង​បាក់​បែក​ផ្ទះសម្បែង អស់​ជាច្រើន​ខ្នង​។

នៅពេល​ដែល​ខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំក៏ត្រូវឃ្លាតចេញពីក្រុម​គ្រួសារ។ នៅជំនាន់នោះ​ កុមារ​ត្រូវ​បាន​ចាត់​​តាំង​​ឲ្យ​ទៅ​​ធ្វើ​ការ​នៅតាម​សហករណ៍។ ខ្ញុំ​និង​កុមារ​តូចៗផ្សេងទៀត​ ត្រូវ​កាប់ទន្ទ្រានខែត្រ និង​រើស​អាចម៌​គោ ដើម្បី​ធ្វើជីដាក់ស្រែ។ ក្រៅពីនេះ យើង​ក៏​ដាំដំណាំ​​បន្លែ​ជាមួយ​មីងៗ​នៅ​រោង​សហករណ៍។ ជា​រៀង​​រាល់ថ្ងៃ កុមារ​ចូលរួម​ការ​​ប្រជុំណែនាំ​ឲ្យចេះ​តស៊ូ និង​​ខិត​ខំ​ធ្វើការ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត។ កុមារ​មិន​ត្រូវ​​​ខ្ចិល​​ច្រអូសឡើយ។ ខ្ញុំពិតជាមិនចង់ជួបការរស់នៅបែប​នោះទេ ដោយសារតែខ្ញុំនៅក្មេង ហើយ​ខ្ញុំ​ពិត​ជា​​មាន​ការនឹករឭក​ដល់ម្ដាយឪពុក និង​បងប្អូនខ្ញុំយ៉ាង​ខ្លាំង។ ប៉ុន្តែ ខ្ញុំមិនហ៊ាន​និយាយ ឬ​សុំ​ទៅ​លេង​ផ្ទះ​នោះ​​ឡើយ។​

នៅជំនាន់នោះ ផ្ទះមិនមានមនុស្សរស់​នៅទេ។ សមាជិកម្នាក់ៗនៅ​​​​គ្រួសារ​​​សុទ្ធ​សឹងតែ​មាន​​ការងារ​រៀងៗ​​ខ្លួន នៅតាម​​សហករណ៍​។ ពីមួយខែទៅមួយខែ ហើយ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខ្ញុំ​មិន​ដែល​បាន​ជួប​ជុំ​គ្រួសារ​​ខ្ញុំវិញឡើយ។ ជារៀង​រាល់​យប់ ​ខ្ញុំតែងតែនឹករឭកដល់​ក្រុម​​គ្រួសាររបស់ខ្ញុំ។ ​ខ្ញុំស្ថិត​ក្នុង​វ័យ​​កុមារ ដែល​​​ត្រូវការថែទាំ​ពី​ឪពុកម្តាយ។ ប៉ុន្តែ​ ខ្ញុំ​​ត្រូវបំបែកចេញពីគ្រួសារទៅវិញ។ កុមារ​ខ្លះ​ក៏​បាន​លួច​ចេញ​ទៅ​លេង​ផ្ទះ​ដោយក្ដីនឹករលឹកដល់ឪពុកម្ដាយ។ កុមារ​ខ្លះ​ត្រូវ​បាន​ចាប់ ហើយ​​ក៏​ត្រូវ​ដាក់​ពិន័យ​ឲ្យ​ធ្វើការ​ច្រើន​ជាង​កុមារ​​ដទៃ​ទៀត​ ដែល​តម្រូវ​​ឲ្យ​ធ្វើ​រួចរាល់​ក្នុងពេល​មួយថ្ងៃ។ ចំណែក​ឯការ​ហូប​ចុក ខ្ញុំទទួល​បាន​មួយថ្ងៃចំនួន​ពីរពេលគឺ៖ នៅ​ថ្ងៃត្រង់ និង​រសៀល។ ខ្ញុំ​បាន​​​ហូប​បបរ​មួយកូនចានតែប៉ុណ្ណោះ។ ​

នៅពេលដែល​ខ្ញុំមាន​វ័យ​ជំទង់ ខ្ញុំក៏ត្រូវបញ្ជូនឲ្យទៅខាងកងចល័តធ្វើ​ការ​លើកទំនប់ និង​ជីក​ប្រឡាយ​​នៅ​តាម​សហករណ៍​ឆ្ងាយៗ​ម្ដង។ ខ្ញុំទៅលើកទំនប់គោកម្លូរ នៅក្នុងស្រុកបារាយណ៍​ ខេត្ត​កំពង់​ធំ។ ទំនប់ នៅ​ជំនាន់​នោះ​មាន​ទំហំ​ធំៗ​ណាស់ ដែលអាចមាន​ចំនួន​រាប់រយហិក​តា។ ការលើក​ទំនប់​នីមួយៗ​មាន​​រយៈពេលយូរឆ្នាំណាស់ទម្រាំរួចរាល់។ ​ខ្ញុំ​រស់នៅ​ និង​ធ្វើ​ការ​លើកទំនប់  ដែលស្ថិតនៅ​ក្បែរ​ខ្ទម​តូច​ៗ​នៅ​ក្បែរៗទំនប់។ យើង​​ស្នាក់នៅ និង​ធ្វើការនៅទី​នោះ​ ដោយមិន​មាន​ផ្ទះ​ធំៗ​សម្រាប់​រស់​នៅ​នោះ​ទេ។ ចំណែកឯការហូបចុកវិញ យើង​នាំគ្នា​ទៅ​រក​ម្ហូប​រក​ត្រី​តាម​វាល​ស្រែនៅពេលដែល​យើងទំនេរ​ពី​ការ​ងារ។ ពេលខ្លះក៏ យើងរកបាន ហើយ​ពេលខ្លះយើង​ក៏អត់ដែរ។

ខ្ញុំបាន​​រស់នៅ​និងធ្វើការនៅក្នុង​កង​ចល័ត​រហូត​ដល់​វៀតណាម​វាយ​ចូល​មក ហើយ​ក៏​មាន​ការ​រំសាយ​​​សហករណ៍។ ប្រជាជនក៏រត់ទៅរកផ្ទះសម្បែង និងបង​ប្អូន​នៅ​ស្រុកកំណើតវិញ។ មួយ​ចំនួន​ធំ​ផ្សេង​ទៀត​​ក៏​នាំគ្នារត់ចូលព្រៃ ព្រោះខ្លួន​​មិនហ៊ាន​ចូល​ទៅ​ភូមិវិញ​ទេ។ ប្រជាជនទាំងនោះ​បាន​ឭ​ការឃោសនាថា បើ​ចូល​ទៅភូមិវិញ យួននឹងចាប់អាកជាមួយធាងធ្នោត។ ដូច្នេះហើយ ប្រជាជន រួមទាំង​កង​ទ័ព​ក៏​បាន​ធ្វើ​ដំណើរ​ចេញពីព្រៃមួយទៅព្រៃមួយ​ដើម្បីឆ្ពោះទៅ​គោលដៅគឺ ភ្នំដងរែកនៅតាម​បណ្តោយ​ព្រំដែន-កម្ពុជា-ថៃ។

ក្នុង​អំឡុងពេលនៃ​ការធ្វើដំណើរ ខ្ញុំមានតែខោអាវពីរសម្រាប់តែប៉ុណ្ណោះសម្រាប់ផ្លាស់ប្ដូរ ហើយ​មាន​អង្ករ​​​ស្បៀង​​បន្តិច​បន្តួច។ ខ្ញុំ​ត្រូវ​សម្រាក​នៅតាមផ្លូវ ដោយ​យប់ត្រង់ណាដេកត្រង់នោះ។ ខ្ញុំ​មិន​ចេះ​ខ្លាច​ទេ​នៅ​ជំនាន់​នោះ។ ជួនកាល យើង​​ធ្វើ​ដំណើរ​ជួប​ទាហាន​ប៉ារ៉ា ហើយបាញ់គ្នាទៅវិញទៅមក។ អ្នក​ខ្លះ​ក៏​រង​របួស ចំណែក​ឯខ្លះទៀតក៏ស្លាប់។ ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ជួប​ឧបសគ្គ​ណាស់ ប៉ុន្តែ​ក៏​សំណាង​ល្អ​របស់​ខ្ញុំ​ដែរ ដែលខ្ញុំ​បានសុខសប្បាយមករហូត។

បន្ទាប់​ពីការធ្វើដំណើរ​អស់រយៈពេល​ជាច្រើនខែក៏បានទៅដល់លើភ្នំ​ ខ្ញុំរួមទាំងអ្នករួមដំណើរ​ពិត​ជា​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង។ ខ្ញុំ​បាន​​ឃើញគេឃើញឯងផ្សេងៗទៀតជាច្រើន ហើយ​គិតថាខ្ញុំ​អស់ក្តី​បារម្មណ៍ និងការអត់ឃ្លាន​ទៀតហើយ។ បន្ទាប់មកខ្ញុំ រួមទាំងនារី ក៏ចូលជាកងនារីដឹកជញ្ជូនគ្រាប់ និង​ស្បៀង​ឲ្យ​​ទៅកងទ័ព​នៅ​សមរ​ភូមិមុខ។ ខ្ញុំបន្តរស់នៅជាមួយកងទ័ពខ្មែរក្រហម រហូតដល់ខ្ញុំមានគ្រួសារ។ ប្ដីរបស់ខ្ញុំ​ធ្វើ​ជាគ្រូបង្រៀន។ ក្រោយ​ពីរៀប​ការ​ ខ្ញុំ​​បានបន្ត​​​ធ្វើ​ការ​បិត​ចំរូង​ដើម្បី​ផ្ដល់​ឲ្យ​​កង​ទ័ព​នៅ​សមរភូមិ​មុខ​។ ការ​ងារ​បិត​ចំរូង​ភាគ​ច្រើនគឺជាបន្ទុក​របស់​​មីងៗ ដែល​​ជា​ប្រពន្ធ​កង​ទ័ព​។ ​ខ្ញុំ​បិត​ចំរូង​បាន​ចំនួន​៥០០​ដើម​​ទៅ​១០០០​ដើមក្នុង​មួយ​ថ្ងៃ​​។​ ខ្ញុំ​​​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​​ប្តីមិន​បាន​រស់​នៅជាប់​ជា​មួយ​ខ្ញុំ​នោះ​ទេ។​ យូរៗ​ទើប​ប្តី​ខ្ញុំ​​បាន​មកផ្ទះ ​ដោយ​សារគាត់​​ឈរជើងនៅឯ​សមរភូមិ​មុខ​។ លុះ​ដល់​ឆ្នាំ​១៩៩៨​ តំបន់​អន្លង់​វែង​បាន​ធ្វើ​​សមាហរណកម្ម​បង្រួប​បង្រួម​ជាតិ​រវាង​កង​ទ័ព​រដ្ឋា​ភិបាល​កម្ពុជា និង​កង​ទ័ព​ខ្មែរ​ក្រហម​។ បន្ទាប់​ពី​ទទួល​បាន​​សុខ​​សន្តិ​ភាព​បាន​ពេញ​លេញ​ហើយ​ប្រជាជន​ដែល​ជា​អតីត​កង​ទ័ព​ខ្មែរ​ក្រហម​បាន​បន្ត​រស់​នៅ​ក្នុង​តំបន់​​នេះ​រហូត​ដល់​បច្ចុប្បន្ន​។​

​ក្នុងវ័យ​៣៥ឆ្នាំ​ ខ្ញុំបានត្រឡប់​ទៅ​ស្រុក​កំណើត​ដើម្បី​ទៅ​ជួប​ម្ដាយរបស់​​ខ្ញុំ។​​ ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​​ម្ដាយ​ខ្ញុំជាលើកដំបូង ម្តាយខ្ញុំ​មិនជឿ​ថាខ្ញុំគឺជាកូនស្រីបង្កើត​របស់គាត់។ អ្នក​ដែល​វិល​ត្រឡប់​មក​ភូមិ​មុនៗ បាន​ប្រាប់ម្តាយខ្ញុំ​ថា«ខ្ញុំបានស្លាប់បាត់ទៅហើយ»។ ម្តាយខ្ញុំ​​បាន​និយាយ​មក​កាន់​ខ្ញុំថា​៖«កូន​ខ្ញុំ​ស្លាប់​បាត់​​ហើយ​។ ឯង​មកកុហកខ្ញុំធ្វើអ្វី។ ខ្ញុំបាន​ពន្យល់គាត់ ហើយ​​រំឭក​​ឈ្មោះ​របស់​ខ្ញុំ​ដែល​គាត់​តែង​តែ​ហៅខ្ញុំ​​កាល​ពីក្មេងៗ។ នៅ​ពេល​នោះ​ហើយ ​គាត់ចាប់ផ្តើម​ជឿជាក់ថាខ្ញុំពិតជាកូនស្រីគាត់មែន»។ នៅពេលនោះ ម្ដាយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។​ គាត់​បាន​​អោប​ខ្ញុំ។ គាត់​​និយាយបណ្តើរ ហើយ​ទឹក​ភ្នែកគាត់ក៏បន្ត​ហូរចុះបណ្តើរ៖​ «​ម្ដាយ​នឹក​ស្មាន​​តែ​កូន​ស្លាប់​បាត់​ទៅ​ហើយ​»។

បច្ចុប្បន្ន​នេះ​ ខ្ញុំគឺ​ជា​ស្ដ្រី​មេម៉ាយនិង​រស់​នៅ​តែ​ម្នាក់​ឯង។​ កូនៗរបស់ខ្ញុំ​​មាន​គ្រួសារ​ និង​ធ្វើ​​ការ​នៅ​ឆ្ងាយៗ​អស់ហើយ​។ ​​ខ្ញុំ​រស់​នៅ​ផ្ទះ​ដើរ​ស៊ី​ឈ្នួល​បេះ​ស្វាយ​ ច្រូត​ស្រូវ​ និងដក​ស្ទូង​ ដើម្បី​​​បាន​ថវិកា​ផ្គត់​ផ្គង់​ជីវិត​ភាព​ប្រចាំ​ថ្ងៃ​»៕

ដោយ​ លី សុខឃាង


[1] មេក វិន សម្ភាសន៍ជាមួយ សុខ ភ័ណ្ឌ នៅក្នុងភូមិ​ទួលប្រាសាទ ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ​២០២៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin