ជេរ សឿន៖ «ធ្លាក់ខ្លួនពិការដោយសារតែសង្រ្គាម»

ខ្ញុំឈ្មោះ ជេរ សឿនអាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ប៉ុន្តែខ្ញុំបានផ្លាស់មករស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ជេវ ស៊ុន និងម្ដាយឈ្មោះ អឹម ញិច។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៧នាក់។ ខ្ញុំបានរៀបការ មានកូនប្រុសស្រីចំនួន ៦នាក់។ នៅវ័យកុមារ ខ្ញុំមិនបានរៀនសូត្រទេ។
ខ្ញុំនិងគ្រួសារបានផ្លាស់មករស់នៅបុរីអូរស្វាយ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម។ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានរៀបចំបង្កើតបុរីអូរស្វាយ ដោយបាននាំយកទាហានចូលនិវត្តន៍ និងប្រជាជនមកពីតាមបណ្ដាខេត្តនានា ដើម្បីមកកសាងជីវិតរស់នៅបុរីអូរស្វាយនេះ និងការពារបូរណភាពទឹកដី។ គ្រួសាររបស់ខ្ញុំ និងប្រជាជនជាច្រើនគ្រួសារទៀត បានមករស់នៅបុរីអូរស្វាយ និងទទួលបានផ្ទះមួយខ្នង, ដីស្រែចម្ការ, ប្រាក់ឧបត្ថម្ភប្រចាំខែ, របបស្បៀងអាហារ (អង្ករ, អំបិល) និងសម្ភារផ្សេងទៀត ដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ នៅពេលដែលខ្ញុំមកដល់បុរីអូរស្វាយ, ខ្ញុំឃើញមានការអភិវឌ្ឍន៍ ដូចជា សាលារៀន, សួនច្បារ, វត្តអារាម និងបន្ទាយទាហាន។ ប្រជាជនដែលត្រូវបានបញ្ជូនមករស់នៅបុរីអូរស្វាយនេះ ក៏ជួបនូវ ផលលំបាក គឺជំងឺគ្រុនចាញ់ដែលបណ្ដាលឲ្យមានអ្នកភូមិស្លាប់ផងដែរ។ នៅឆ្នាំ១៩៦៨ ខ្ញុំ និងប្រជាជនរស់នៅបុរីអូរស្វាយ បានទៅទទួល ព្រះរាជដំណើររបស់សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គយាងមកសម្ពោធសមិទ្ធផលនៅបុរីអូរស្វាយ។ នៅពេលនោះ ខ្ញុំទទួលបានអំណោយជាក្រណាត់ប៉ាក់ «សង្គមរាស្រ្តនិយម» មួយដុំផងដែរ។
នៅក្នុងសម័យលន់ នល់ (១៩៧០-១៩៧៥), បុរីអូរស្វាយ បានក្លាយទៅជាទីតាំងទម្លាក់គ្រាប់ និងជាសមរភូមិប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ដោយមិនអាចចាកចេញទៅទីកន្លែងណាបាន, គ្រួសាររបស់ខ្ញុំ និងប្រជាជនផ្សេងទៀតបានជីករណ្ដៅត្រង់សេដើម្បីពួនសំងំគេចពីអំបែងគ្រាប់បែក។ ហេដ្ឋារចនាសម័្ពន្ធនៅបុរីអូរស្វាយ ត្រូវបានបំផ្លិចបំផ្លាញដោយសារតែសង្រ្គាម។ ខ្ញុំត្រូវបានខ្មែរក្រហមជ្រើសរើសយកទៅធ្វើជាកងទ័ព នៅពេលនោះ ខ្ញុំមានអាយុប្រហែល២៣។ ខ្ញុំត្រូវបានបញ្ជូនទៅវាយប្រយុទ្ធក្នុងសមរភូមិជាមួយទាហាន លន់ នល់ រហូតដល់ទីក្រុងភ្នំពេញ។ ក្នុងពេលប្រយុទ្ធនៅសមរភូមិ, ខ្ញុំត្រូវរបួសដៃឆ្វេងដោយទាហាន លន់ នល់ ដែលបណ្ដាលឲ្យខ្ញុំពិការដៃឆ្វេងរហូតមកដល់សព្វថ្ងៃនេះ។ បើទោះបីជាខ្ញុំពិការដៃ និងគ្រាប់កាំភ្លើងក្ដី ខ្ញុំត្រូវបានប្រើឲ្យទៅដឹកស្បៀងអាហារ, មីន, និងឆ្នាំង។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥, ខ្ញុំនៅតែបន្តធ្វើការងារផ្សេងៗ គ្មានពេលសម្រាក, អាហារហូបចុកមិនគ្រប់គ្រាន់ និងបំបែកចេញពីគ្រួសារ។ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩), ខ្ញុំធ្លាប់ឃើញរណ្ដៅសម្លាប់ប្រជាជនប្រហែល ៥០ ទៅ ៦០នាក់។ ប្រជាជនរងគ្រោះ និងស្លាប់ច្រើនណាស់ក្នុងរបបនេះ។ ខ្ញុំបានបាត់បង់ប្អូនប្រុសម្នាក់ឈ្មោះ ជេវ បឿន ដែលបានបាត់ដំណឹង រហូតមកដល់បច្ចុប្បន្ននេះ។ ខ្ញុំមិនដឹងថា ប្អូនស្លាប់ឬរស់នោះទេ។[1]
ខ្ញុំរស់រានមានជីវិតពីការកាប់សម្លាប់របស់ខ្មែរក្រហម នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។[2][2] ក្នុងអំឡុងពេលនោះ ខ្ញុំបានរត់ភៀសខ្លួនដោយជិះឡានទៅព្រំដែនខ្មែរ-ថៃ។ នៅពេលដែលទៅដល់ព្រំដែនខ្មែរ-ថៃ, មិនមានផ្លូវបន្តទៅមុខទៀត ខ្ញុំនិងអ្នកដទៃបានសម្រេចចិត្តបន្តធ្វើដំណើរថ្មើរជើង រហូតទៅដល់ទឹកដីថៃ។ នៅក្នុងទឹកដីថៃ យើងបានជួបកាកបាទក្រហមពិភពលោក ដែលមានបេសកម្មជួយជនភៀសខ្លួន ដែលមានជំងឺផ្សេងៗ និងផ្ដល់ស្បៀងអាហារសម្រាប់បរិភោគ។ បន្ទាប់មក ខ្ញុំត្រូវបានជ្រើសរើសឲ្យទៅរស់នៅប្រទេសទី៣ ប៉ុន្តែខ្ញុំបានសម្រេចចិត្តមិនចេញទៅរស់នៅប្រទេសក្រៅនោះឡើយ ហើយវិលត្រឡប់មករស់នៅមាតុប្រទេសវិញ។ ខ្ញុំមកដល់បុរីអូរស្វាយនិងបន្តរស់នៅទីនេះរហូតមកដល់ពេលសព្វថ្ងៃនេះ៕
ដោយ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
[1] បទសម្ភាសន៍ជាមួយ ជេរ សឿន នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង នៅឆ្នាំ២០០៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤