វ៉េង គី ហៅ នេត អនុប្រធានដឹកជញ្ជូនជើងទឹក

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ វ៉េ​ គី[1] ហៅ នេត អាយុ៤៨ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧។ ខ្ញុំមានស្រុកកំណើតនៅ ឃុំពាមជីលាំង ស្រុកពាមជីលាំង តំបន់២១ ភូមិភាគបូព៌ា (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ពេលខ្ញុំអាយុ៥ឆ្នាំ ឪពុកស្លាប់ចោល រស់នៅជាមួយម្ដាយ។ ពេលខ្ញុំអាយុ៩ឆ្នាំ ឪពុកមាខ្ញុំឈ្មោះ ងួន គឺជាអ្នកឧបត្ថម្ភឱ្យខ្ញុំបានរៀនសូត្រ។ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាស្រុកស្ទឹងត្រង់ដល់ថ្នាក់ទី៩។ ឆ្នាំ១៩៤៥ ខ្ញុំឈប់រៀនមករស់នៅជាមួយម្ដាយធ្វើចម្ការមន និងចិញ្ចឹមដង្កូវនាង។ នៅឆ្នាំ១៩៥៦ ម្ដាយខ្ញុំរៀបការប្រពន្ធឱ្យខ្ញុំ នៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ តំបន់២១។ ខ្ញុំនៅជាមួយឪពុកក្មេកដល់ឆ្នាំ១៩៥៩ ខ្ញុំផ្លាស់មកនៅភូមិទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ តំបន់៤១ ភូមិភាគឧត្ដរ។ កាលនោះឈ្មោះ ឯក ជុំ គឺជាមេឃុំព្រះឃ្លាំង បានអប់រំខ្ញុំជាបន្តបន្ទាប់ឱ្យធ្វើជាគិញ ស៊ើបការណ៍ តាមមើលគ្រប់សកម្មភាពដែលប្រឆាំងនឹងរាជការ។ ខ្ញុំស្ម័គ្រចិត្តបម្រើសកម្មភាពស៊ើបការណ៍ផ្ដល់ព័ត៌មានជូនមេឃុំ ឯក ជុំ។

ឆ្នាំ១៩៦០ ឌួង ឃិន ចៅហ្វាយស្រុកស្ទឹងត្រង់ មកប្រតិបត្តិការណ៍នៅក្នុងសង្កាត់ទួលព្រះឃ្លាំង សម្រាកនៅលើផ្ទះមេឃុំមួយយប់។ ឌួង ឃិន ឱ្យប៉ូលីសហៅខ្ញុំទៅជួបអប់រំនយោបាយថា៖ ​ទោះបីសន្និសីទហ្សឺណែវសម្រេចឱ្យរំសាយខ្មែរវៀតមិញ (ក្រុមកុម្មុយនីសប្រឆាំងនឹងបារាំង និងជាសមាជិកក្រុមខ្មែរឥស្សរៈ) ចេញពីព្រៃមកស្រុកវិញ និងហាមមិនឱ្យធ្វើនយោបាយ។ វៀតណាមខាងជើង(វៀតមិញ)នៅតែញុះញង់ឱ្យខ្មែរវៀតមិញលួចធ្វើសកម្មភាពដើម្បីបង្កអសន្តិសុខ ផ្ដួលរំលំរដ្ឋាភិបាលនាំទុក្ខវេទនាដល់រាស្រ្តខ្មែរ។ ឌួង ឃិន ចង់ចាត់តាំងខ្ញុំឱ្យធ្វើជាគិញប្រចាំសង្កាត់ព្រះឃ្លាំង ហើយខ្ញុំយល់ព្រម។ ក្រោយប្រគល់ភារកិច្ចហើយ ឌួង ឃិន សរសេរលិខិតចាត់តាំងខ្ញុំជាគិញប្រចាំសង្កាត់ទួលព្រះឃ្លាំង។

ឆ្នាំ១៩៦៣ ចៅហ្វាយស្រុកស្ទឹងត្រង់ ​ឌួង ឃិន ឱ្យដំណឹងថា មានខ្មែរក្រហមមួយក្រុមចេញពីកំពង់ថ្ម ចូលមកទឹកដីស្ទឹងត្រង់ ខ្ញុំបានទៅទាក់ទង ខៀវ និង គិញ សូភាស សួរបញ្ជាក់ពីបញ្ហាទីកន្លែងដែលខ្មែរក្រហមធ្លាប់សម្រាកលាក់ខ្លួន។

ឆ្នាំ១៩៧៣ ទ័ពរំដោះវាយបន្ទាយព្រែកអំពិល បាន៨០ភាគរយ យើងធ្វើសកម្មភាពក្បត់បណ្ដាលឱ្យខ្មាំងយកវិញ។ ពេលប្រជុំលើកទិសដៅ គ្រប់អង្គភាពប្ដេជ្ញាចិត្តកម្ទេចគ្រប់ទីតាំង។ ចំណែក ង.១៨២ ប្ដេជ្ញាកម្ទេចបន្ទាយព្រែកអំពិល។ ទិសដៅឱ្យវរសេនាតូច២២៣, ២២៤ និង២២៥ ក្នុងមួយវរសេនាតូចប្រើកម្លាំងមួយអនុសេនាធំ។ ចំណែកវរសេនាតូចកម្លាំងពេញ២អនុសេនាធំសម្រាប់ត្រៀមជំនួយ។ ម៉ោង២ទៀបភ្លឺផ្ទុះអាវុធ ដោយមានកម្លាំងបញ្ជាយោធា សូ​ រឿង គឺជាអ្នកបញ្ជាសមរភូមិ។ ទោះបីជាយើងបានទាំងស្រុងប៉ុន្តែយើងពិបាកការពារដោយសារកៀកក្រុងភ្នំពេញ។ គណៈបញ្ជាការ ង.១៨២ ទាំងអស់គ្នារួមសកម្មភាពក្បត់ ទុកដល់វេលាម៉ោង៦ភ្លឺ ទើបបញ្ជា​ឱ្យកម្លាំងជំនួយឡើង។ កម្លាំងជំនួយទើបចេញដល់ពាក់កណ្ដាលផ្លូវទាហានវាយបុកពីព្រែកហ្លួងចូលបន្ទាយអំពិលបានវិញ។

ឆ្នាំ១៩៧៤ វរសេនាធំ១៨២ របស់តំបន់២២ ត្រូវដកចេញវិញប្រគល់ឱ្យភូមិភាគ។ ការចាត់តាំងគណៈបញ្ជាការថ្មីដូចជា៖ ង៉ែត គឺជាប្រធាននយោបាយ, សូ រឿង គឺជាអនុនយោបាយ, ឈាង គឺជាប្រធានយោធា និង ឆេង គឺជាប្រធានសេនាធិការ។ តំបន់២២ ចាត់តាំងមួយវរសេនាធំទៀតដាក់ឈ្មោះ ង-វរសេនាធំ១៥២ ចាត់តាំងគណៈបញ្ជាគឺ ឌឹម[2] ប្រធាននយោបាយ, សយ អនុនយោបាយ, ស៊ីម ប្រធានយោធា, សំ អនុយោធា ប្រធានសេនាធិការ និង ខ្ញុំគឺជាអនុសេនាធិការ។ ក្នុងការចាត់តាំងនេះ ទុំ ជ្រើសរើសតែអ្នកនៅភូមិកំពង់ដឹង ស្រុកអូររាំងឪ ដែលជាមូលដ្ឋានចាស់របស់ ទុំ។ ក្រោយពីការចាត់តាំងហើយលើកទិសវាយកោះឧកញ៉ាតី និងកោះខ្សាច់កណ្ដាល។ ខ្ញុំត្រូវដកទម្លាក់ទៅនៅសមាជិកវរសេនាតូច២២៥​ គណៈវរសេនាតូច ២២៥ មានឈ្មោះ ស្រ៊ន ប្រធាននយោបាយ, ឌីម អនុប្រធាននយោបាយ, សាគុន ប្រធានយោធា និងខ្ញុំសមាជិក។ ពេលនេះខ្ញុំមើលឃើញកាន់តែច្បាស់ពីបក្ខពួកនិយម ខ្ញុំកើតសេចក្ដីអន់ចិត្តកើតសកម្មភាពក្បត់។ ក្រោយពីដឹងថា ថាន់សាន គណៈបញ្ជាការបន្ទាយព្រែកតាមាក់ប្រុងរត់ជាមួយបន្ទាយព្រែកអញ្ចញ។ គណៈបញ្ជាការវរសេនាតូច ស្រ៊ន បញ្ជាឱ្យខ្ញុំរៀបគ្រាប់ហាក់(H)៦២ ត្រៀមចាំបាញ់ត្រង់បាក់ខែងចំនួន១២គ្រាប់, វត្តល្វា១២គ្រាប់ ក្បាលកោះ១២គ្រាប់ ទល់មុខព្រែកអញ្ចញ១២គ្រាប់ កោះរកា១២គ្រាប់ ទាំងអស់៦០គ្រាប់។ ចុងឆ្នាំ១៩៧៤ ខ្ញុំទៅចូលរួមប្រជុំសន្និបាតរបស់តំបន់២២ នៅស្រុកស្រីសន្ធរ ពេលសម្រាកខ្ញុំជួប ប៊ុន គង់ ហៅ ងិន[3] គឺជាលេខាស្រុកពារាំង, តាលុយ ពេលនោះគឺជាលេខាស្រុកស្រីសន្ធរ បច្ចុប្បន្ន គឺជាលេខាស្រុកកោះសូទិន,ផុន គឺជាលេខាស្រុកមុខកំពូល, យោន គឺជាលេខាស្រុកល្វាឯម មិត្តដូច បច្ចុប្បន្នគឺជាលេខាស្រុកស្រីសន្ធរ, វណ្ណៈ ភាព គឺជាប្រធានសុខាភិបាលតំបន់២២, ​ធា គឺជាប្រធានមន្ទីរតំបន់២២​និង ជាង គឺជាអនុលេខាស្រុកមុខកំពូល។

ក្រោយពីបែកភ្នំពេញ ឆ្នាំ១៩៧៥ វរសេនាតូច២២៥ ត្រូវទទួលកងជើងទឹកជ្រោយចង្វារ។ ស្រ៊ន គឺជាគណៈបញ្ជាការវរសេនាតូច២២៥ បញ្ជារឱ្យខ្ញុំបើកម៉ារីនឆ្ពោះទៅមន្ទីរសេនាធិការដឹកអង្ករ។ ខ្ញុំបើកដល់មន្ទីរសេនាធិការតំបន់២២ នៅព្រែកតាមាក់ ទុំ នាំតាភឹម និង តាភួង ចុះមកលេងលើម៉ារីន។ ខ្ញុំជួប តាភឹម និង តាភួង លើកទី១ ម៉ារីនបុកច្រាំងនៅព្រែកអញ្ចញ(ស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល) ទុំ នាំតាភឹម និងតាភួង ឡើង។ កងការពារបានដាក់ម៉ូតូចុះពីម៉ារីនភ្លាម ខ្ញុំដឹកអ្នកទាំងអស់គ្នាមកក្រុងភ្នំពេញ។ ពេលខ្ញុំកំពុងបើកម៉ារីនខ្ញុំនិយាយថា «ម៉ារីនងាយបើកទេ ពីមុនមិនស្មានថាវាងាយបើកយ៉ាងនេះ»។ តាមភឹមថា «បើងាយមិត្តបើកវាទៅ»។ គណៈបញ្ជាការវរសេនាតូច២២៥ ប្រជុំចាត់តាំងខ្ញុំឱ្យទទួលជាប្រធានរោងជាងជួសជុលម៉ាស៊ីនម៉ារីន, សាគុន ទទួលឃ្លាំងអាវុធ គ្រាប់រំសេវ និងសម្ភារទាំងអស់។ ពេលនោះខ្ញុំឃើញ ស្រ៊ន ទៅវត្តកៀនឃ្លាំងឱ្យទាហានចុះឈ្មោះ ចូលធ្វើការវិញ។ ប្រមូលទាហានបានចំនួន២០០នាក់ មកនៅជាមួយយោធាធ្វើការក្នុងបន្ទាយកងជើងទឹកជ្រោយចង្វារ។ ក្រោយមកនៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ទើបជម្លៀសទាហានចេញទៅសហករណ៍អស់។ នៅខែឧសភា ឆ្នាំ១៩៧៥ មុត ប្រធានតំបន់២២ មកជួប ស្រ៊ន ហើយ ស្រ៊ន ហៅខ្ញុំមកជួប​ មុត បានអានលិខិត សោ​ ភឹម ចាត់តាំងខ្ញុំទៅខាងនាវាដឹកជញ្ជូនកៅស៊ូបូព៌ា។ នៅខែមិថុនា ឆ្នាំ១៩៧៥ ខ្ញុំចេញពីអង្គភាពយោធា មកនៅអង្គភាពនាវាដឹកជញ្ជូនកៅស៊ូ ជាមួយឈ្មោះ ជា, លី, ឡេង, បានជួប តាភួង នៅមន្ទីរពាណិជ្ជកម្មភូមិភាគបូព៌ា។

នៅខែមិថុនា ឆ្នាំ១៩៧៦ ពេលប្រជុំសន្និបាតចម្ការកៅស៊ូ តាភួង បានឧទ្ទេសនាមពីផែនការចិនសាងសង់ រោងចក្រ៤។ តាភួង ត្រៀមរៀបចំបែងចែកភារកិច្ចថា៖ យើងពុំចាំបាច់ខំធ្វើការពេកទេ ៤ទៅ៥ឆ្នាំទៀត ទើបសង់រោងចក្ររួចក៏បានដែរ។ នៅខែសីហា ឆ្នាំ១៩៧៦ ទុំ ឡើងពីកាណូតជាមួយនីរសារឈ្មោះ ម៉េង មកឈរលើផែខ្ញុំ។ ទុំ សួរខ្ចីផែខ្ញុំទៅទទួលភ្ញៀវប្រតិភូចិន។ ទុំ ស្នើខ្ញុំជួសជុលផែនេះឱ្យទាន់ពីម៉ោង៩ព្រឹកដល់ម៉ោង១២។ ខ្ញុំមិនហ៊ានទទួលរួចឬអត់ទេទាល់សួរកម្មករទាំងអស់សិន ក្រោយមកកម្មករថាធ្វើបាន។ ទុំ ចេញកាណូតទៅវិញ។ ដល់ម៉ោង១២ ទុំ យកកាណូតមកអូសផែនេះទៅដាក់នៅផ្ទះគាត់សម្រាប់ទទួលភ្ញៀវបរទេសនៅមុខវត្តភ្នំ។

នៅខែកុម្ភៈ ឆ្នាំ១៩៧៧ តាភួង មករោងចក្រកៅស៊ូក្រែប គីឡូលេខ៦ លើផ្ទះឡេង។ តាភួង សួរខ្ញុំថា យើងមានស្រឡាងតូចពីរទេ? ខ្ញុំឆ្លើយថាមានពីរ។ តាភួង ថាឱ្យទៅមិត្ត ស៊ាត ឆែ ហៅ ទុំ លេខាតំបន់២២[4] ។ បន្ទាប់មកមានទូរស័ព្ទពីអង្គការ ក-២២ ស្នើ ឡេង ជាលេខារោងចក្រ និងគមនាគមន៍ជើងទឹក ដឹកជញ្ជូនកៅស៊ូស្នើឱ្យយកនាវាខាងកៅស៊ូទៅដឹកស្រូវអង្ករនៅបូព៌ា មកភ្នំពេញ។ ឡេង បានប្រើឱ្យខ្ញុំទៅស្នើតាភួង។ ខ្ញុំបានទៅជួបតា ភួង នៅកំពង់ផែទន្លេបិទ។ ខ្ញុំបានរាយការណ៍ជូន តាភួង អំពីអង្គការ ក-២២ ស្នើស្រឡាងដឹកអង្ករពីបូព៌ាទៅភ្នំពេញ។ តាភួង បានប្រាប់ថា«អង្គការក៏ដោយ ឱ្យវាមកដឹកខ្លួនឯងទៅកុំរវល់ជាមួយវាឱ្យសោះ»។ តាភួង មិនឯកភាព ខ្ញុំមិនហ៊ានទៅដឹកឡើយ។ បន្ទាប់មកទុំឡើងពីការណូតជាមួយ ម៉េង គឺជានីរសាររបស់ទុំ ជួបខ្ញុំនៅថ្នល់មាត់ច្រាំង។ ទុំ សួរខ្ញុំអំពីស្រឡាងពីរគ្រឿង តាភួង ឱ្យមកខាងទុំ នៅឯណា? ខ្ញុំចង្អុលប្រាប់។ ទុំ ក៏ឡើងឡានទៅបន្ទាយម៉ារីនភ្លាម ហើយនាវាខាងកង១៥២ មកអូស្រឡាងនោះទៅ។

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៧ ប្រជុំម្ដងទៀតបន្ទាប់ពី ហ៊ួន, ខ្ញុំ និង ជឿន រាយការណ៍ពីសភាពការណ៍ក្នុងអង្គភាព។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៧ ខ្ញុំទៅស្រុកឆ្លូងជួប​ សាអ៊ុន ទើបមកពីមន្ទីរ ៤៥ របស់តាភួង។ សាអ៊ុន និយាយប្រាប់ខ្ញុំថា «តាភួង បានឧទ្ទេសនាម ហូនឹម, ទុំ, តាភួង និងកូនចៅទាំងអស់អង្គការចាប់អស់ហើយ»។ ពេលនោះខ្ញុំគិតមើលមានអ្វីពាក់ព័ន្ធនយោបាយជាមួយទុំទេ គិតទៅគ្មានខ្ញុំសម្រេចចិត្តមិនរត់។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧៧ ជឿន ប្រាប់ខ្ញុំថា «អង្គការផ្ដាំឱ្យ តានេត ឯងទៅជួបគាត់»។ ខ្ញុំទៅដល់មន្ទីរកងការពារ ហើយមន្ទីរកងការពារឱ្យខ្ញុំទៅមន្ទីរសន្តិសុខ ដល់មន្ទីរសន្តិសុខ ខ្ញុំត្រូវអង្គការចាប់ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៧​ មានកងការពារសន្តិសុខអតីតកងការពារ តាភួង​ផ្ទាល់ព្រោះពេលខ្ញុំជួប តាភួង លើកទី១ ឃើញមិត្តនេះមកជាមួយ តាភួង មិត្តនេះមុខស្គម ស្រួចខ្មៅ មិត្តនេះមកចងខ្ញុំ ហើយនាំខ្ញុំទៅជិះឡានឡង់រ៉ូវែ៕

សរសេរដោយ៖ ដារ៉ារដ្ឋ មេត្តា


[1] ឯកសារលេខ J00860 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង, «វ៉ែង គី ហៅ នេត ៖ អនុប្រធានដឹកជញ្ជូនជើងទឹក កៅស៊ូភូមិភាគបូព៌ា» សរសេរជាអង្គលីលេខចំនួន៨៣ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ វ៉េង គី ហៅ នេត ពិតឬយ៉ាងណានោះទេ?

[2] ឯកសារលេខ J០០៥៤៩ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ចម្លើយសារភាព ហឹង ឌឿន ហៅ ឌឹម៖ អនុកងពល១៦៤»សរសេរដោយដៃចំនួន២៥៦ទំព័រ។

[3] ឯកសារលេខ D១០៣៧១ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ចម្លើយសារភាព ហឹង ឌឿន ហៅ ឌឹម៖ អនុកងពល១៦៤»សរសេរដោយដៃចំនួន២៥៦ទំព័រ។

[4] ឯកសារលេខ J០០៩០២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ចម្លើយ៖ ស៊ាត ឆែ ហៅ ទុំ អតីតលេខាតំបន់២២ បូព៌ា»សរសេរវាយអង្គីលេខចំនួន១៥៩ទំព័រ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin