ហ៊ូ ម៉ាឡា៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ហ៊ូ ម៉ាឡា ភេទស្រី អាយុ ៥៧ឆ្នាំ កើតក្នុងឆ្នាំ ១៩៦៩។ ទីកន្លែងកំណើតស្ថិតនៅភូមិរការកណ្តាល ឃុំរការកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ។ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ថន ម្តាយខ្ញុំឈ្មោះ ណាវ អេន, ខ្ញុំមានបងប្អូនបង្កើត ចំនួន១៤នាក់ ខ្ញុំជាកូនទី៤។
ក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅធ្វើការនៅកងកុមារ។ នៅកងកុមារខ្ញុំត្រូវបានខ្មែរក្រហមប្រើឱ្យ ដើររើសអាចម៍គោនិងកាប់ស្លឹកទន្រ្ទានខេត្ត។ ចំពោះរបបអាហារហូបចុកវិញខ្ញុំពុំបានទទួលបានគ្រប់គ្រាន់នោះទេ គឺបានតែពីរពេលក្នុងមួយថ្ងៃ ខ្ញុំបានចាំថាអាហារដែលខ្មែរក្រហមបានឱ្យខ្ញុំហូបមានបបរ និងបាយមួយចានជាមួយសម្លមួយវែក។ កន្លែងដែលខ្មែរក្រហមបានឱ្យខ្ញុំសម្រាកនៅពេលយប់គឺមានរោងសង់ជាល្វែងប្រក់ស្លឹកត្នោត ក្នុងមួយកងៗមានប្រជាជន៣០នាក់ទៅ៤០នាក់។ ការព្យាបាលជំងឺវិញខ្មែរក្រហមពុំមានមន្ទីរពេទ្យព្យាបាលជំងឺនោះទេ មានតែថ្នាំអាចម៍ទន្សាយ និងសេរ៉ូមដែលធ្វើមកពីទឹកដូង។ ប្រជាជនដែលមានជំងឺធ្ងន់គឺខ្មែរក្រហមទុកឱ្យស្លាប់ដោយពុំមានថ្នាំព្យាបាលនោះទេ។ ខ្ញុំបានដឹងថាខ្មែរក្រហមបានសម្លាប់ប្រជាជនអស់ជាច្រើន ចំពោះសមាជិកគ្រួសាររបស់ខ្ញុំបានបាត់បង់ចំនួន២នាក់ ឈ្មោះ ថន ដែលត្រូវជាលោកឪពុករបស់ខ្ញុំ និងប្អូនស្រីពៅម្នាក់ទៀតឈ្មោះ ស្រីពៅ។ ប្អូនស្រីពៅខ្ញុំស្លាប់ដោយសារជំងឺកញ្ជឹ្រល ប្អូនខ្ញុំបានកើតជំងឺនេះតាំងពីនៅតូចមកម្លេះ។ រហូតដល់ឆ្នាំ១៩៧៩ ខ្ញុំបានវិលត្រឡប់ពីកន្លែងធ្វើការមករកឪពុក ម្តាយ និងបងប្អូនវិញបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ ខ្ញុំត្រូវបានម្តាយបញ្ជូនឱ្យចូលរៀននៅសាលាបឋមសិក្សាឡើងវិញ ខ្ញុំបានរៀនត្រឹមថ្នាក់ទី៣ ក៏ឈប់រៀនត្រឡប់មកជួយធ្វើការងារម្តាយវិញ។ ក្នុងឆ្នាំ១៩៨៥ ម្តាយបានរៀបចំទុកដាក់ឱ្យខ្ញុំមានគូស្រករ បន្ទាប់ពីខ្ញុំបានរៀបអាពាហ៍ពិពាហ៍ ខ្ញុំនិងប្តីរបស់ខ្ញុំចាប់ផ្តើមប្រកបមុខរបជាកសិករធ្វើស្រែចម្ការ និងបានប្រករបរមួយមុខទៀតគឺ លក់នំបាញ់ឆែវបន្ថែមពីលើការងារកសិករ។ ប្តីរបស់ខ្ញុំបានស្ម័គ្រចិត្តចូលជាទាហានបម្រើប្រទេសជាតិ។ រហូតឆ្នាំ២០០០ ខ្ញុំបានផ្លាស់ប្តូរទីលំនៅពីភូមិរកាកណ្តាល ឃុំរកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ មករស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ មុខរបរបស់ខ្ញុំនិងប្តីនាពេលបច្ចុប្បន្ននេះគឺជាអាជីបលក់ដូរអីវ៉ាន់ចាបហួយ និងប្តីរបស់ខ្ញុំបានធ្វើជាទាហានដដែល។ នៅពេលបច្ចុប្បន្ននេះខ្ញុំនៅតែចងចាំរឿងរ៉ាវដែលកើតឡើងក្នុងរបបខ្មែរក្រហម ជាពិសេសការស្លាប់លោកឪពុក និងប្អូនស្រីពៅខ្ញុំ ព្រមទាំងនឹកឃើញការកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើន។
បច្ចុប្បន្ននេះខ្ញុំមានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺលើសឈាម ជំងឺសន្លាក់ដៃ សន្លាក់ជើង និងជំងឺក្រពះពោះវៀន។ មូលហេតុដែលបណ្តាលឱ្យខ្ញុំកើតមានជំងឺខាងលើនេះគឺបណ្តាលមកពី កាលពីកុមារភាពខ្ញុំកើតមកចំប្រទេសមានសង្គ្រាមជាពិសេសនៅរបបខ្មែរក្រហម ការហូបចុកមិនគ្រប់គ្រាន់ កង្វះអាហារូបត្ថម្ភ និងរហូតមកពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើន របបអាហារនៅពេលបច្ចុប្បន្នសម្បូរទៅដោយសារធាតុគីមី។ ចំពោះការព្យាបាលជំងឺរបស់ខ្ញុំវិញ ខ្ញុំបានទៅមន្ទីពេទ្យដែលនៅក្នុងស្រុក និងកាលពីអំឡុងឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯសារកម្ពុជា បានអញ្ជើញខ្ញុំទៅចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពជូនប្រជាជនដែលរស់នៅ ភូមិបាក់នឹម ដែលបានចូលរួមចំនួន១៤៨នាក់។ នៅពេលពិនិត្យសុខភាពខ្ញុំបានទទួលបានការណែនាំព័ត៌មានអំពីរសុខភាពរបស់ខ្ញុំជាច្រើនពីក្រុមគ្រូពេទ្យ ថែមទាំងបានទទួលនៅកូនសៀវភៅតូចមួយក្បាលដែលណែនាំអំពីជំងឺរបស់ខ្ញុំដែរកើតឡើងនៅពេលបច្ចុប្បន្ននេះ។ រីឯការទៅព្យាបាលជំងឺនៅមន្ទីពេទ្យនៅក្នុងភូមិស្រុកវិញ ខ្ញុំក៏ទទួលការណែនាំសុខភាពពីលោកគ្រូពេទ្យនិងឱ្យថ្នាំចាក់និងលេប។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែល បានចុះនិងមកសួរសុខទុក្ខដល់ខ្ញុំ។ ជាចុងក្រោយខ្ញុំសូមជួនពរឱ្យក្រុមការងាររបស់មជ្ឈមណ្ឌលឯសារកម្ពុជាជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕[1]
អត្ថបទដោយ ផាត ពន្លក
[1] ហ៊ូ ម៉ាឡា៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត