ស៊ន ស៊ីចាន់៖ ធ្វើការងារនៅក្នុងកងចល័តពិសេស

ស៊ន ស៊ីចាន់[1] អាយុ៥៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ស៊ីចាន់ មានឪពុកឈ្មោះ សួន ស៊ន និងម្ដាយឈ្មោះ សុខ សឹង ព្រមទាំងមានបងប្អូនចំនួន៥នាក់។ ស៊ីចាន់ រៀបការជាមួយប្ដីឈ្មោះ សឿង វង និងមានកូនចំនួន៥នាក់។ កាលពីក្មេង ស៊ីចាន់ រៀនបានត្រឹមថ្នាក់ទី២(បើប្រៀបធៀបជាមួយបច្ចុប្បន្ន)។ បន្ទាប់ពីឈប់រៀន ស៊ីចាន់ ចេញទៅលក់ត្រីជាមួយឪពុក។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែង នៅភូមិបចាម ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែក និងចលាចលដោយសារការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់។ ប្រជាជនជាច្រើននាក់ត្រូវបានទាហាន បាញ់សម្លាប់នៅក្នុងលេណដ្ឋាន និងខ្លះទៀតត្រូវអំបែងគ្រាប់បែងស្លាប់។ ដោយសារសង្គ្រាម និងការទម្លាក់គ្រាប់បែក គ្រួសាររបស់ ស៊ីចាន់ បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ។ គ្រួសាររបស់ស៊ីចាន់ បានធ្វើដំណើតាម ច្បារអំពៅ បន្តដំណើរតាមផ្លូវជាតិលេខ១ កាត់តាម កៀនស្វាយ, ស្វាយប្រទាល់ រហូតដល់ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ គ្រួសារស៊ីចាន់ ត្រូវឈប់នៅឃុំត្រើយស្លា រស់នៅក្នុងភូមិលេខ៧ ក្នុងចំណោមភូមិទាំង៩។ មុនដំបូង អង្គការមិនបានប្រើ ស៊ីចាន់ ឲ្យទៅធ្វើការងារនោះទេ ព្រោះគាត់នៅតូចពេក។ ពេលនៅផ្ទះ ស៊ីចាន់ មានតួនាទីជាអ្នកដាំបាយឲ្យគ្រួសារ។ ចំពោះឪពុករបស់ស៊ីចាន់ អង្គការចាត់តាំងឲ្យធ្វើការងារឡើងត្នោត, ធ្វើស្ករ, វិញខ្សែ និងលើកភ្លឺស្រែ ភ្លឺទំនប់ ចំណែកម្ដាយរបស់គាត់គឺភ្ជួរស្រែ និងធ្វើស្រែ។ ឪពុករបស់ស៊ីចាន់ គឺជាអ្នកឡើងត្នោត និងធ្វើស្ករម្នាក់គត់នៅក្នុងឃុំ ដើម្បីផ្គត់ផ្គង់ប្រជាជន៩ភូមិ។
នៅឆ្នាំ១៩៧៦ ឪពុកស៊ីចាន់ បានស្លាប់ដោយសារតែធ្លាក់ពីលើដើមត្នោត។ ស៊ីចាន់ បានឲ្យដឹងថា នៅថ្ងៃដែលឪពុកស្លាប់ មានខ្យល់យ៉ាងខ្លាំង។ ឪពុករបស់គាត់បានដឹងថាដើមត្នោតរៀបនឹងបាក់ ដូច្នេះហើយទើបគាត់ខំឆ្លងពីដើមត្នោតមួយទៅដើមត្នោតមួយទៀត និងព្យាយាមចុះក្រោម។ ឪពុករបស់ស៊ីចាន់ចុះមិនទាន់ដល់ដីផង ស្រាប់តែដើមត្នោតបាក់នៅត្រឹមពាក់កណ្ដាលដើម ផ្លោងឪពុកស៊ីចាន់ ឡើងលើនិងធ្លាក់ចុះមកវិញស្លាប់ភ្លាមៗ។
នៅក្នុងសហករណ៍លេខ៧ អង្គការចាត់ទុក គ្រួសាររបស់ស៊ីចាន់ជាប្រជាជនបញ្ញើ ព្រោះឪពុករបស់គាត់ ធ្លាប់ធ្វើជាទាហាន លន់ នល់។ គ្រួសាររបស់ស៊ីចាន់ ត្រូវបានអង្គការតាមដានជាបន្តបន្ទាប់ និងមានបំណងយកទៅសម្លាប់ផ្ដាច់ពូជ។ ដើម្បីគេចពីការសម្លាប់ ស៊ីចាន់ ខិតខំធ្វើការងារខ្លាំងណាស់ នៅពេលដែលអង្គការចាត់តាំងគាត់ឲ្យចូលក្នុងកងចល័តពិសេសនៅឆ្នាំ១៩៧៦។
នៅក្នុងកងចល័តពិសេស ស៊ីចាន់ ធ្វើការងាររែកដី, ជីកអាង, លើកភ្លឺ និងទប់ទំនប់ទឹក។ ក្រុមកងពិសេសដូចជា ស៊ីចាន់ ត្រូវធ្វើបង្គីធំល្មមដោយខ្លួនឯង និងរែកដីម្ដង៤បង្គី(ដាក់បង្គីត្រួតលើគ្នាម្ខាង១គូ)ឡើងលើភ្លឺទំនប់កម្ពស់ប្រមាណជិតដល់ចុងត្នោត។ នៅរដូវទឹកឡើង ក្រុមកងពិសេសត្រូវចូលរួមប្រឡងប្រណាំងជាមួយកងយុវជនក្នុងការទប់ទឹក ដើម្បីទទួលបានលេខ១។ ក្រៅពីការងារខាងលើ ស៊ីចាន់ និងណៃ (ធ្វើការងារនៅក្នុងក្រុមជាមួយគ្នា) មានតួនាទីជាអ្នកចាប់ពស់។ ស៊ីចាន់ បានឲ្យដឹងថា នៅឃុំត្រើយស្លា មានសត្វពស់ថ្លាន់ច្រើនណាស់ ដូច្នេះឲ្យតែដល់រដូវប្រមូលផលសណ្ដែកដីគាត់ត្រូវចេញទៅចាប់ពស់ថ្លាន់នៅគ្រប់ភូមិទាំងអស់ ក្នុងឃុំត្រើយស្លា។
ស៊ីចាន់ បានបន្តថា ថ្ងៃមួយគាត់ចាប់ពស់ថ្លាន់បានទំហំប៉ុនប៉ោតបេត្រូ និងយុវជនចំនួន៦នាក់ទើបសែងពស់នោះរួច។ ពេលសម្លាប់បាន ស៊ីចាន់ បានយកកូនកាំបិទទៅវះពោះពស់ យកប្រមាត់ចេញទៅដាក់ក្នុងមួកគាត់ដើម្បីទុកធ្វើថ្នាំ។ នៅថ្ងៃនោះ គណៈឃុំ, នីរសារ និងប្រធានកងជាច្រើននាក់ មានបំណងយកដើមដោះសង្កែមកវាយសម្លាប់ ស៊ីចាន់។ ប៉ុន្តែ ស៊ីចាន់ បកស្រាយថាយកប្រមាត់ពស់នោះទៅព្យាបាលមិត្តនៅក្នុងកងជាមួយគ្នា ដែលកំពង់ឈឺក្ដៅខ្លួនខ្លាំង និងសម្រាកនៅក្នុងកង ទើបអង្គការឲ្យរួចខ្លួនសិន។ នៅពេលចប់ម៉ោងការងារ ស៊ីចាន់ បានចិតប្រមាត់ពស់ដែលរឹង ចែកទៅអ្នកដែលឈឺទាំង៩នាក់នោះហូប។ ស្អែកឡើងអ្នកដែលឈឺទាំងអស់ងើបចេញទៅធ្វើការបានធម្មតា។ ឃើញដូច្នេះ អង្គការព្រមជឿជាក់ និងព្រមដោះលែង ស៊ីចាន់។
ស៊ីចាន់ សង្ស័យថា យុវនារី ដែលធ្វើការងារជាមួយគាត់ និងយុវជនជាច្រើននាក់ទៀតត្រូវបានអង្គការយកទៅសម្លាប់នៅក្នុង វត្តធនមន្ត ប៉ុន្តែគាត់មិនបានឃើញដោយផ្ទាល់ភ្នែក។ អង្គការបានឲ្យយុវជន-យុវនារី ចំនួន២ឡាន និងជិះរទេះសេះពីក្រោយបន្ថែមទៀត ទៅឈប់នៅក្នុង វត្តធនមន្ត។ ពេលទៅដល់អង្គការហៅឈ្មោះ ស៊ីចាន់ និងមិត្តរួមការងារប្រមាណ៣ទៀតប៉ុណ្ណោះឲ្យនៅចាំលើឡាន ហើយអ្នកផ្សេងទៀតចុះដើរចេញពីឡានខ្លួនទទេ។ ស៊ីចាន់ ចាំលើឡានយូរពេក ទើបគាត់ចង់ធ្វើដំណើរទៅតាមមិត្តភក្ដិ ប៉ុន្តែត្រូវបានអង្គការស្ដីបន្ទោស និងឲ្យឡើងលើឡានវិញ។ បន្ទាប់មកទៀតអង្គការដឹកអ្នកនៅលើឡានទាំងអស់ និងបាឡូរបស់យុវជនដែលចុះចេញពីឡានទៅវិញ។ ចាប់តាំងពីពេលនោះមក ស៊ីចាន់ មិនដែលឃើញយុវជនទាំងអស់នោះត្រលប់មកវិញនោះទេ។
នៅដើមឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះ បានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា “សាធារណរដ្ឋប្រជាមានិតកម្ពុជា”។[2] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង (ខ្មែរនិងដំណើរឆ្ពោះទៅកាន់វិបុលភាព) បោះពុម្ពឆ្នាំ២០២៥។
បន្ទាប់ពីទទួលបានជ័យជម្នះលើរបបខ្មែរក្រហមបានប៉ុន្មានថ្ងៃ ប្អូនរបស់ស៊ីចាន់ បានធ្លាក់ខ្លួនគ្រុនក្ដៅរហូតដល់ស្លាប់។ នៅឆ្នាំ១៩៨២ ស៊ីចាន់ បានរៀបការជាមួយឈ្មោះ សឿង វង និងប្រកបរបរលក់ដូរ។ ស៊ីចាន់ បានជួលឡានដឹកស្វាយ, ដំឡូង និងដំណាំផ្សេងៗទៀតពីស្រុកស្រែទៅដល់នៅផ្សារក្រុងតាខ្មៅ។
នៅពេលអ្នកស្ម័គ្រចិត្តចុះទៅសម្ភាសន៍ ស៊ីចាន់ ធ្វើការងារជាសមាជិកភូមិបចាម។ ស៊ីចាន់ បានយករឿងរ៉ាវរបស់ខ្លួនដែលបានឆ្លងកាត់សម័យខ្មែរក្រហមប្រាប់ទៅក្មេងជំនាន់ក្រោយ។ ប៉ុន្តែកូនៗរបស់ស៊ីចាន់ មិនជឿទៅលើសម្ដីរបស់ម្ដាយនោះទេ។ មួយវិញទៀត ស៊ីចាន់ ចង់ឲ្យស្រាវជ្រាវរកមេដឹកនាំខ្មែរក្រហមទាំងអស់ទៅទទួលការដាក់ទោស ព្រោះមានមនុស្សជាច្រើនបានស្លាប់ដោយសារខ្មែរក្រហម៕
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១១ ខែមេសា ២០២៥
[1] ជួបសម្ភាសជាមួយ ស៊ន ស៊ីចាន់ ភេទស្រី អាយុ៥៦ឆ្នាំ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០២១, សម្ភាសដោយ កែប ម៉ៃសុជាតា ក្នុងគម្រោង ការលើកកម្ពស់សិទ្ធ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាព សុខភាព អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, “ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរនិងដំណើរឆ្ពោះទៅកាន់វិបុលភាព”, ([ភ្នំពេញ]៖ អនុគណៈកម្មាការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។