ពាក់ ធឿយ ជាប្រធានកងធារាសាស្រ្តប្រចាំ សង្កាត់បន្ទាយឆ្មារ

ពាក់ ធឿយ (២០១០)

ធារាសាស្រ្ត[1]គឺ វិទ្យាសាស្ត្រដែលសិក្សាអំពីផ្លូវទឹក, ប្រព័ន្ធផ្លូវទឹកក្នុងប្រទេសឬតំបន់ណាមួយ។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងឲ្យ ពាក់ ធឿយ ជាប្រធានកងធារាសាស្រ្តប្រចាំឃុំបន្ទាយឆ្មារ ដើម្បីរៀបចំប្រព័ន្ធធារាសាស្រ្តធ្វើប្រព័ន្ធប្រឡាយផ្លូវទឹកសម្រាប់ធ្វើស្រែប្រាំង និងវស្សា។ ខាងក្រោមនេះជាសាច់រឿងរបស់ ពាក់ ធឿយ៖

ខ្ញុំឈ្មោះ ពាក់ ធឿយ[2] ភេទប្រុស អាយុ៥៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ឪពុកខ្ញុំឈ្មោះ វ៉ាន់ ពាក់ ជាអតីតទាហានប្រចាំឃុំបន្ទាយឆ្មារ(ស្លាប់)និង ម្ដាយឈ្មោះ ណៅ ហ៊ុន ស្លាប់ដោយសារជំងឺ នៅឆ្នាំ២០០៤។ ខ្ញុំមានបងប្អូន១១នាក់ (ស្រី៥នាក់)។ ខ្ញុំជាកូនទី១ នៅក្នុងគ្រួសារ។ ប្រពន្ធខ្ញុំឈ្មោះ ប៉េ សួន និងមានកូនចំនួន ៣នាក់ (ស្រី២នាក់)។

កាលពីកុមារខ្ញុំបានរៀនត្រឹមថ្នាក់ទី៧ នៅសាលាបន្ទាយឆ្មារ។ នៅឆ្នាំ១៩៧០ ខ្ញុំបានឈប់រៀន ដោយសារតែសាលានៅឆ្ងាយពិបាកក្នុងការធ្វើដំណើរទៅវិញទៅមក។ ម្យ៉ាងទៀតអំឡុងពេលនោះប្រទេសកំពុងតែមានភាពចលាចល។ បន្ទាប់ពីឈប់រៀន ខ្ញុំនៅជួយធ្វើស្រែចម្ការឪពុកម្ដាយរហូតដល់សម័យខ្មែរក្រហម។

នៅពេលខ្មែរក្រហមចូលមកក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ) ដំបូងខ្មែរក្រហមបានបែងចែកមនុស្សជាក្រុម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ ប្រជាជនទាំងអស់ ត្រូវមានការងារធ្វើ រួមទាំងកុមារ ហើយប្រជាជនទាំងអស់ត្រូវរស់រួម ធ្វើជាការរួម និងហូបបាយរួមគ្នា ដោយគ្មានការបែងចែកកម្មសិទ្ធិឯកជន។

អង្គការប្រជុំណែនាំយុវជនឲ្យចូលធ្វើបដិវត្តដោយប្រើគោលការណ៍ “បើធ្វើស្រែបានយកទៅដូរអាត្រាក់ រួចតខ្សែភ្លើងឲ្យតាមភូមិស្រុក”។ អង្គការណែនាំឲ្យប្រជាជនខិតខំធ្វើស្រែ និងបង្កើនផលស្រូវឲ្យបានខ្ពស់។ ប្រធានភូមិបន្ទាយឆ្មារខាងជើងឈ្មោះ សុំា។ តាញ៉េប ជាគណៈសង្កាត់បន្ទាយឆ្មារ។ គណៈរងឈ្មោះយី និង សមាជិកឈ្មោះតឹក។ រួចបានចាត់តាំងឲ្យមានក្រុមដើរប្រមូលទ្រព្យសម្បិត្តនៅតាមផ្ទះរបស់ប្រជាជន ដើម្បីយកទៅដាក់ឃ្លាំងជាសម្បត្តិរួម។ ក្រុមដើរប្រមូលទ្រព្យសម្បិត្តតាមផ្ទះភាគច្រើនមានចំនួន១២នាក់ ហើយភាគច្រើនជាសមមិត្តនារី ប្រមូលទ្រព្យសម្បត្តិដាក់ឃ្លាំង និងប្រមូលមាសប្រាក់ចូលសមូហភាព។ អង្គការបាននិយាយថា ឈប់ចាយលុយ សូមបងប្អូនកុំទុក ហើយប្រជាជនខ្លាចក៏ប្រមូលឲ្យអង្គការទាំងអស់ ខ្លាចអង្គការសម្លាប់។

នៅចុងឆ្នាំ១៩៧៥ ខ្ញុំបានស្ម័គ្រចិត្តរៀបការជាមួយប៉េ សួន។ ពេលនោះខ្ញុំរៀបការជាមួយសមមិត្ត ៦០គូផ្សេងទៀត។ ពិធីរៀបការក្នុងសម័យខ្មែរក្រហមមិនដូចសម័យឥឡូវទេ ហើយភាគច្រើនឪពុកម្ដាយកូនប្រុសស្រី មិនសូវបានចូលរួមទេ។ គូនីមួយៗភាគច្រើនមិនបានស្គាល់គ្នាមុនទេ គឺអង្គការចាប់គូឲ្យ។ នារីនៅក្នុងសម័យ ខ្មែរក្រហមច្រើនគ្មានជ្រើសរើសគូស្រករដោយខ្លួនឯងនិងគ្មានសិទ្ធិតវ៉ាបានឡើយ។

អង្គការជម្លៀសប្រជាជននៅក្នុងភូមិបន្ទាយឆ្មារខាងជើងទាំងអស់ឲ្យមកនៅបន្ទាយឆ្មារ ព្រោះខ្លាច ប្រជាជននាំគ្នារត់ទៅប្រទេសថៃ។ រួចអង្គការបង្កើតជាឈ្លបសម្រាប់តាមដានតាមផ្ទះប្រជាជន បើសិនមាន ប្រជាជននិយាយមិនល្អពីអង្គការ ឈ្លបនឹងរាយការណ៍ចាប់ខ្លួន។ កាលនោះអង្គការរៀបចំមានក្រុមកុមារ ក្រុមយុវជន និងក្រុមវ័យកណ្ដាល។ អង្គការចាត់តាំងឲ្យក្រុមកុមារត្រូវមើលគោ ក្របី រើសអាចម៌គោ និងកាប់ដើម ទន្រ្ទានខេត្តសម្រាប់ធ្វើជីដាក់ដំណាំ និងបន្លែផ្សេងៗ។ ខ្ញុំនៅក្នុងក្រុមយុវជនឬក្រុមកងចល័ត នៅខាងក្រុមភ្ជួររាស់។ ដំបូងឡើយខ្ញុំនៅជាកងចល័តឃុំបន្ទាយឆ្មារ មានប្រធានក្រុមកងល័តឈ្មោះឆេង អឿន។ ខ្ញុំភ្ជួរស្រែអុចចន្លុះ ដើម្បីឲ្យទាន់គោលការណ៍អង្គការ ហើយនៅសម្រាប់ខែប្រាំង ខ្ញុំធ្វើស្រែប្រាំង។ ចំណែកទឹកសម្រាប់ធ្វើស្រែប្រាំងយកមកពីអាងជើងគ្រោះ។ ខែវស្សាធ្វើស្រែធម្មតា ដោយមានប្រធានក្រុមភ្ជួរឈ្មោះ លឺត។

នៅដើមឆ្នាំ១៩៧៦ ខ្ញុំបានទៅលើកអាងជើងគ្រុសមានទីតាំងស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបាត់ដំបង។ ខ្ញុំនៅលើកអាងជើងគ្រុសបានប្រហែលជា៤ខែ អង្គការបានដកខ្ញុំទៅវិញ។ កាលនោះដោយសារតែកម្លាំងតិចពេកធ្វើឲ្យទំនប់នោះមិនសូវធន់ ហើយទំនប់អាងជើងគ្រុសតូចពិបាកក្នុងការយកទឹកមកប្រើប្រាស់។

នៅឆ្នាំ១៩៧៧ ខ្ញុំបានត្រឡប់មកធ្វើអាងជើងគ្រុសម្ដងទៀត ដោយមានកម្លាំងចូលរួមប្រហែលជា ៥០០០នាក់។ ខ្ញុំអង្គការឲ្យធ្វើខាងប្រព័ន្ធធារាសាស្រ្តប្រព័ន្ធប្រឡាយទឹកសម្រាប់ធ្វើស្រែប្រាំងនិងវស្សា។ កាលនោះខ្ញុំជាប្រធានកងធារាសាស្រ្តសង្កាត់បន្ទាយឆ្មារមានសមាជិកចំនួន១០នាក់។ ខ្ញុំមានតួនាទី តម្រង់និង វាស់វែងភ្លឺស្រែ និងបើកប្រព័ន្ធទឹក។ ពេលខ្លះទៀត ខ្ញុំជួយមើលសភាពដី ដើម្បីឲ្យធ្វើប្រព័ន្ធធារាសាស្រ្ត, របៀបស្ដុកទឹក និងរបៀបយកទឹកមកប្រើប្រាស់។ អង្គការរៀបចំប្រព័ន្ធ ធារាសាស្រ្ត ដើម្បីផ្គត់ផ្គង់សម្រាប់ធ្វើស្រែប្រាំង និងស្រែវស្សា ម្យ៉ាងទៀតសម្រាប់ស្រោចដំណាំ និង យកមកផ្គត់ផ្គង់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

នៅចុងឆ្នាំ១៩៧៧ ឪពុកខ្ញុំត្រូវបានអង្គការយកទៅសម្លាប់ ដោយសារជាអតីតទាហាន លន់ នល់។ បើតាមខ្ញុំដឹងអង្គការយកឪពុកខ្ញុំទៅសម្លាប់នៅបន្ទាយចាស់(ថ្មពួក)។ ថ្ងៃនោះអង្គការបានចាប់ខ្ញុំយកទៅ សាលាបន្ទាយឆ្មារ ដើម្បីសួរចម្លើយ ដោយសារតែប្រធានសហករណ៍បានចោទថា ខ្ញុំលួចដំឡូង និងលួចល្ពៅ។ អង្គការនិយាយថាត្រូវតែកសាង ប៉ុន្តែជាសំណាង សមមិត្ត ហាក់ ជួយធានាឲ្យខ្ញុំ ទើបអង្គការបន្ថយទោស រួចដោះលែងមកវិញ ដើម្បីតាមដានសកម្មភាព។ សមមិត្ត ហាក់ ធ្វើខាងសេដ្ឋកិច្ច។

នៅដើមឆ្នាំ១៩៧៨អង្គការបញ្ជូនខ្ញុំមកខាងប្រព័ន្ធធារាសាស្រ្តនៅឃុំបន្ទាយឆ្មារដដែល  ចំណែកសមាជិកនៅជាមួយខ្ញុំមាន១០នាក់ដដែល គ្រាន់តែដូរសមាជិកក្រុម។ ក្រោយពេលបែកឆ្នាំ១៩៧៩ ខ្ញុំមិនបានទៅជីករណ្ដៅរកអដ្ឋិធាតុឪពុកនៅបន្ទាយចាស់ទេ ប៉ុន្តែខ្ញុំធ្លាប់ ធ្វើបុណ្យនៅទីនោះ៕

វី ស៊ីថា៖ មជ្ឈមណ្ឌលឯកសារកោះថ្ម


[1] ជួន ណាត វចនានុក្រមខ្មែរ ២០២២

[2] មជ្ឈមណ្ឌលឯកសារ BMI0121 សម្ភាសន៍ជាមួយ ឈ្មោះពាក់ ធឿយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin