គុយ យ៉ុន៖ កុមារដឹកជញ្ជូនសម្លៀកបំពាក់សាកសពក្នុងរបបខ្មែរក្រហម

នៅឆ្នាំ១៩៧៨ យ៉ុន ត្រូវបានខ្មែរក្រហមប្រើឲ្យបររទេះគោដឹកជញ្ជូនសម្លៀកបំពាក់សាកសព ដែលខ្មែរក្រហមបានវាយសម្លាប់រួច ហើយសម្លៀកបំពាក់ទាំងអស់ត្រូវយកទៅបោកទុកចែកឲ្យប្រជាជននៅតាមសហករណ៍។
ឈ្មោះ គុយ យ៉ុន[1] ភេទប្រុស មានអាយុ៥៨ឆ្នាំ។ សព្វថ្ងៃ យ៉ុន ប្រកបមុខរបរជាកសិករ។ យ៉ុន មានទីកន្លែងកំណើតនៅក្នុងភូមិសំរោង ឃុំផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ យ៉ុន មានឪពុកឈ្មោះ មូល មឿន (ស្លាប់) និងម្ដាយឈ្មោះ សួង យ៉ម (ស្លាប់)។ យ៉ុន មានបងប្អូនបង្កើតចំនួន៧នាក់ ក្នុងនោះមាន (ស្រី៤នាក់) ហើយ យ៉ុន ជាកូនទី៦។ យ៉ុន មានប្រពន្ធឈ្មោះ តែម ប៉ូ មានអាយុ៥៣ឆ្នាំ និងមានកូនចំនួន៤នាក់ (ស្រី៣នាក់ និងប្រុសម្នាក់) កូនរបស់យ៉ុនមានគ្រួសារម្នាក់។ កាលនៅវ័យកុមារ យ៉ុន មិនបានរៀនសូត្រនោះទេ បានត្រឹមទៅមើលបងៗរៀននៅក្រោមដើមឈើ ព្រោះភូមិស្រុកកំពុងស្ថិតក្នុងភ្លើងសង្រ្គាម។
នៅឆ្នាំ១៩៧២ យ៉ុន បានឮសំឡេងយន្តហោះ បើកមកទម្លាក់គ្រាប់បែកបេ៥២ជាច្រើននៅក្នុងភូមិសំរោង និងភូមិក្បែរៗផ្សេងទៀត ទាំងខាងលិច ខាងកើត និងនៅតាមផ្លូវជាតិលេខ៥៦ (បច្ចុប្បន្នផ្លូវជាតិលេខ៥៥)។ ក្នុងអំឡុងពេលជាមួយគ្នា យ៉ុន បានដឹងថា ប្រជាជនក្នុងភូមិទាំងអស់ត្រូវរងទុក្ខវេទនា ព្រោះត្រូវនាំកូននាំចៅរត់ខ្ជាត់ខ្ជាយចេញពីភូមិសំរោង ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ យ៉ុន បន្តថា ការទម្លាក់គ្រាប់បែក បានធ្វើឲ្យប្រជាជនបាត់បង់ជីវិត ខូចខាតផ្ទះសម្បែងអស់ជាច្រើនខ្នង ប៉ុន្តែមិនបានដឹងថាប្រជាជនស្លាប់អស់ប៉ុន្មាននាក់ទេ ព្រោះក្នុងសម័យសាធារណរដ្ឋខ្មែរមានភាពច្របូកច្របល់ពាសពេញភូមិស្រុក ព្រោះមានការប្រយុទ្ធតតាំងរវាងកងទ័ពខ្មែរក្រហមជាមួយ ទាហានរបស់ លន់ នល់។ ដំបូងឡើយ យ៉ុន រស់នៅជួបជុំគ្នាជាមួយឪពុកម្ដាយ និងបងប្អូននៅតាមផ្ទះធម្មតា លុះសង្រ្គាមកាន់តែធ្ងន់ធ្ងរ បងប្រុសទី១របស់ យ៉ុន ឈ្មោះ យ៉ុង ត្រូវបានខ្មែរក្រហមបង្ខំឲ្យចូលបម្រើកងទ័ព ហើយបានចាកចេញបីផ្ទះ ដើម្បីទៅប្រយុទ្ធតាមសមរភូមិ។ ឆ្នាំ១៩៧៣ ឪពុកម្ដាយរបស់ យ៉ុន និងប្រជាជនមួយចំនួនត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិសំរោងដើរដោយថ្មើរជើងទៅរស់នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ទៅដល់អូររំចេក ការរស់នៅរបស់ក្រុមគ្រួសារ យ៉ុន និងអ្នកភូមិកាន់តែលំបាកខ្លាំង ត្រូវរត់គេចពីការទម្លាក់គ្រាប់បែកទៅរស់នៅក្នុងព្រៃដាច់បាយដាច់ទឹក រហូតម្ដាយរបស់ យ៉ុន ឈឺគ្មានថ្នាំព្យាបាលរហូតត្រូវស្លាប់នៅព្រៃក្នុងភូមិអូររំចេក។ ម្ដាយរបស់ យ៉ុន បានស្លាប់ចោលកូនៗ និងកូនស្រីពៅដែលទើបសម្រាលបានរយៈពេល៦ខែប៉ុណ្ណោះ។ ខណៈពេលនោះ យ៉ុន មានអាយុប្រហែល៦ឆ្នាំ មិនបានដឹងថាម្ដាយស្លាប់នោះទេ ទើបដើរទៅដេកក្បែរ និងប្រលែងលេងជាមួយម្ដាយដូចរាល់ដង ប៉ុន្តែ យ៉ុន បានឃើញយាយៗចាស់ៗនាំគ្នាយំ ហើយយាយៗបានប្រាប់ថា «ម្ដាយចៅស្លាប់បាត់ហើយ» ទើប យ៉ុន បានដឹងថាម្ដាយបានស្លាប់ចោលទៅហើយ។ បន្ទាប់មក ខ្មែរក្រហមបាន ក្រុមគ្រួសាររបស់ យ៉ុន និងប្រជាជនចេញពីភូមិអូររំចេកទៅកាន់ភូមិផ្ទះរុងវិញ។ ចុងឆ្នាំ១៩៧៤ ក្រុមគ្រួសាររបស់ យ៉ុន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិផ្ទះរុងទៅកាន់ភូមិកំណើតនៅភូមិសំរោងវិញ។
ដើមឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយបែកស្រុកភ្នំក្រវ៉ាញ។ បន្ទាប់មក ខ្មែរក្រហមបានចាប់ផ្ដើមបំបែកបំបាក់ប្រជាជនតាមគ្រួសារនីមួយៗ ដោយបំបែកកូនៗឲ្យទៅផ្សេង ម៉ែទៅផ្សេង ឪទៅផ្សេង ហើយ យ៉ុន ត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុក ឲ្យទៅរស់នៅ និងធ្វើការងារនៅកន្លែងផ្សេងៗគ្នាមិនឲ្យរស់នៅជួបជុំគ្នានោះទេ។ អំឡុងពេលជាមួយគ្នា យ៉ុន មានអាយុប្រហែល៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្មែរក្រហមបានបំបែកមិនឲ្យនៅជាមួយឪពុកទាល់តែសោះ។ ខ្មែរក្រហមបានចាត់ឲ្យ យ៉ុន ចូលក្នុងកងកុមារ ដែលឈ្មោះ តា តឹក ជាប្រធានគ្រប់គ្រងកងកុមារភូមិសំរោង ហើយមានកុមារសរុបប្រហែល១០០នាក់។ តា តឹក បានប្រើឲ្យកុមារទាំងអស់ រើសអាចម៌គោ កាប់ដើមទន្រ្ទានខេត្រ ដើម្បីចិញ្ចាំធ្វើជីដាក់ស្រែ រើសស្មៅស្រូវ ដោយធ្វើការងារចល័តពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែ យ៉ុន និងកុមារទាំងអស់ត្រូវត្រឡប់មកស្នាក់នៅទីតាំងមួយហៅថា បាត់តាដេស ដែលស្ថិតក្នុងភូមិសំរោង២។ បច្ចុប្បន្នតា តឹក បានស្លាប់បាត់បង់ជីវិតហើយ។ ។ នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងក្នុងភូមិសំរោងដំបូង ខ្មែរក្រហមចាប់ផ្ដើមបំផ្លាញវត្តអារាម វាយព្រះពុទ្ធរូបមួយចំនួនបំបែកចោល មួយចំនួនទៀតយកទៅកប់ដី និងវាយទម្លាក់ទឹក ផ្សឹកព្រះសង្ឃទាំងអស់។ កុមារដែលមានអាយុចន្លោះពី១ទៅ៤ឆ្នាំ ត្រូវបានខ្មែរក្រហមបំបែកឲ្យយាយៗដែលមានវ័យចាស់ជរាមើលថែ មិនឲ្យកុមារនៅជាមួយឪពុកម្ដាយនោះឡើយ។ ចំណែកកុមារដែលអាយុចន្លោះពី៥ទៅ១០ឆ្នាំ ខ្មែរក្រហមចាប់ផ្ដើមឲ្យធ្វើការងារដោយប្រើពលកម្មលើកុមារ។ រីឯឪពុករបស់ យ៉ុន មានវ័យចំណាស់ ត្រូវបានខ្មែរក្រហមប្រើឲ្យវេញខ្សែ និងកិនស្រូវនៅតាមការដ្ឋាននៅច្រាំងចោត ស្ថិតក្នុងភូមិសំរោង។ ខ្មែរក្រហមបានប្រមូលយកចាស់ៗទៅរស់នៅច្រាំងចោត និងឲ្យកូនក្មេងបំបែកឲ្យរស់នៅ និងធ្វើការងារនៅបាត់តាដេស។
នៅដើមឆ្នាំ១៩៧៦ យ៉ុន បានឃើញ ខ្មែរក្រហមជម្លៀសប្រជាជនថ្មីមកជាច្រើនគ្រួសារឲ្យចូលមករស់នៅជាមួយប្រជាជនក្នុងសហករណ៍សំរោង ហើយប្រជាជនថ្មីត្រូវបានជម្លៀសមកពីតាមបណ្ដាខេត្តនានា និងពីទីក្រុងភ្នំពេញ ប៉ុន្តែ យ៉ុន បានដឹងថាប្រជាជនភាគច្រើន គឺមកពីខេត្តស្វាយរៀង ព្រោះនៅក្នុងកងកុមារជាមួយ យ៉ុន សុទ្ធកុមារមកពីស្វាយរៀង។ សម្រាប់ប្រជាជនថ្មីការធ្វើការងារ និងហូបចុកដូចគ្នាជាមួយប្រជាជនមូលដ្ឋានដែរ ប៉ុន្តែសម្រាប់ការកាប់សម្លាប់ឬការដាក់ទណ្ឌកម្ម ប្រជាជនថ្មី ជាពិសេសមកពីខេត្តស្វាយរៀងទទួលទោសធ្ងន់ធ្ងរជាង។ នៅពេលកុមារមកពីស្វាយរៀង ធ្វើខុសឬលួចរបស់ហូបដែលជាកម្មសិទ្ធិរបស់អង្គការ អង្គការនឹងចាប់ដាក់ទោសធ្ងន់ធ្ងរជាងកុមារដែលរស់នៅក្នុងមូលដ្ឋានស្រាប់។ យ៉ុន និងកុមារទាំងអស់ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃគ្មានពេលវេលាសម្រាកនោះទេ។ នៅរៀងរាល់ព្រឹក ប្រសិនបើកុមារទៅធ្វើការងារមិនទាន់ម៉ោងដែលខ្មែរក្រហមបានកំណត់ទេ ខ្មែរក្រហមនឹងដាក់ពិន័យឬធ្វើទារុណកម្ម (វាយ ឬទះកំផ្លៀង) ហើយគំរាមថានឹងដករបបអាហារ ធ្លាប់ហូប២វែកឲ្យហូបតែ១វែក ប៉ុណ្ណោះ ព្រោះអង្គការបានហាមមិនឲ្យធ្វើខុសច្បាប់របស់អង្គការទេ។ សម្រាប់របបអាហារហូបបបររាវៗ មួយថ្ងៃ២ដង ព្រឹក និងល្ងាច។ បន្ទាប់មក យ៉ុន និងកុមារមួយចំនួន ត្រូវបាន តា តឹក ប្រើឲ្យលើកទំនប់បាត់តាដេស កុមារទាំងអស់ត្រូវតម្រៀបគ្នាឈរជាជួរ រួចហុចអាចម៌ដីមួយដុំៗបន្តគ្នា ដែលក្នុងមួយជួរមានកុមារ៣០នាក់។ សម្រាប់ម៉ោងធ្វើការគឺ មិនទៀងទាត់នោះទេ ធ្វើតាមខ្មែរក្រហមដាក់បញ្ជា ជួនកាលម៉ោង២ទៅម៉ោង៣ព្រឹក ខ្មែរក្រហមដើរដាស់ឬវាយជួង ដើម្បីឲ្យទៅរើសស្មៅចេញពីស្រែទុកសម្រាប់ចាស់ៗស្ទូងនៅពេលព្រឹកព្រលឹម។ យ៉ុន ត្រូវធ្វើការងារសព្វគ្រប់បែបយ៉ាង ទាំងដែល យ៉ុន នៅជាកុមារម្នាក់ប៉ុណ្ណោះ ប៉ុន្តែខ្មែរក្រហមប្រើឲ្យធ្វើការដូចមនុស្សដែលមានវ័យជំទង់។ ការហូបចុកក្នុងឆ្នាំ១៩៧៦ គឺមានការខ្វះខាត និងលំបាកវេទនាខ្លាំងជាងឆ្នាំ១៩៧៥ ដែលបបរ១កំប៉ុង ត្រូវហូបរួមគ្នាយ៉ាងតិច៤០នាក់។
ចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមបានប្ដូរ យ៉ុន ឲ្យទៅដើររើសកួរស្រូវ ហើយត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការងារចល័តដូចកងយុវជនពេញកម្លាំង កងចល័តទៅធ្វើការងារនៅទីណា ក្រុមរបស់ យ៉ុន ជាកុមារត្រូវចល័តទៅទីនោះដូចគ្នា។ យ៉ុន បានដើររើសកួរស្រូវគ្រប់ទីកន្លែងដូចជា ភូមិក្រញាំ ភូមិក្រសាសន៍ ភូមិត្រពាំងអណ្ដែង ប៉ោយឃ្លង់ ដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង វិលទៅភូមិដំណាក់អំពិល ឃុំលលកស រហូតវិលត្រឡប់មកដល់ភូមិសំរោងវិញ។ យ៉ុន និងកុមារទាំងអស់ ត្រូវដើរដោយជើងទទេ ពិតជាកំសត់វេទនាជាពន់ពេក។ របបអាហារកាន់តែពិបាកខ្លាំងបន្ថែមលើសមុនទៅទៀត ត្រូវហូបបបរ១កំប៉ុង ៤០នាក់ រហូតឡើងដល់១កំប៉ុង៦០នាក់។ ជួនកាល យ៉ុន និងកុមារទាំងអស់មិនមានបបរហូបនោះទេ មានតែសម្លល្ពៅលាយដំឡូង លាយជាមួយស្លឹកដំឡូង និងស្លឹកបាស ស្លលាយគ្នាបានហូបម្នាក់បន្តិចៗ ហើយអង្គការបានប្រាប់ថា «អត់មានបបរឲ្យហូប ព្រោះដឹកស្បៀងមកអត់ទាន់ » យ៉ុន បានត្រឹមឆ្ងល់ថា «មូលហេតុអ្វីបានជាចេះតែដាច់ស្បៀងទៅៗ » ប៉ុន្តែមិនមានហ៊ានសួរ ឬប្រកែកតវ៉ាជាមួយអង្គការនោះទេ បើហ៊ានតវ៉ាប្រាកដជាដូរផ្ទះ រួចបាត់ខ្លួនជាមិនខាន។ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៨ យ៉ុន បានបែកគ្នាជាមួយឪពុក និងមិនអាចសុំអនុញ្ញាតទៅលេងឬសួរសុខទុក្ខឪពុកបាននោះឡើយ។ អំឡុងពេលដើរធ្វើការងារ យ៉ុន បានជួបជាមួយបងៗ២ទៅ៣ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ក្នុងរយៈពេលជាមួយគ្នាបងប្រុសច្បងរបស់ យ៉ុន ឈ្មោះ យ៉ុង មានតួនាទីជាកងឈ្លបប្រចាំនៅទីកន្លែងផ្សេង(មិនស្គាល់) តែងតែលួចដំឡូង និងពោតក្រហម យកមកឲ្យ យ៉ុន និងប្អូនៗផ្សេងៗទៀតក្នុងមួយសប្ដាហ៍ ២ទៅ៣ដង ហើយ យ៉ុង តែងតែលួចយកមកឲ្យប្អូនៗនៅពេលយប់។ ថ្ងៃមួយ យ៉ុន នឹកឪពុកពេក ទើបដាច់ចិត្តសុំអង្គការទៅលេងឪពុក ប៉ុន្តែអង្គការមិនអនុញ្ញាតជាដាច់ខាត។ យ៉ុន និងកុមារដទៃ មិនអាចទៅជួបឪពុកម្ដាយ ឬបងប្អូននោះទេ។ នៅយប់មួយ យ៉ុន បានលួចរត់ចេញពីបាត់តាដេសរកទៅឪពុកនៅច្រាំងចោត(ភូមិសំរោង)ទាំងកណ្ដាលយប់ម្នាក់ឯង រហូតបានជួបជាមួយឪពុក។ លុះមេឃជិតភ្លឺ យ៉ុន បានលួចរត់ចេញច្រាំងចោត រត់ត្រឡប់មករោងកុមារនៅបាត់តាដេសវិញ ដើម្បីបានធ្វើការងារឲ្យបានទាន់ពេលវេលា។ បន្ទាប់មក យ៉ុន បានបន្តទៅរើសកួរស្រូវនៅត្រពាំងអណ្ដែង ស្ថិតក្នុងស្រុកភ្នំក្រវ៉ាញ យ៉ុន និងកុមារ៤នាក់ទៀតបានជួបជាមួយពូៗចាស់ៗដឹកកណ្ដាប់ ពូៗបានសួរថា អាអូន គេឲ្យហែងរើសកួរស្រូវហ្នឹងរើសមិច? យ៉ុន បានឆ្លើយថា «គេឲ្យរើស១ព្រឹក១បាវ ល្ងាច១បាវពូ អើយ » ពូៗបន្តថា «បើឃើញអាញ់ត្រុយកន្លែងណា ទៅកន្លែងនោះទៅ អាញ់ទុកកណ្ដាប់ឲ្យ២ទៅ៣កណ្ដាប់ ហែងជជុះកណ្ដាប់ហ្នឹងទៅដាក់ក្នុងបាវ ហើយក្ដិចកួរស្រូវប្រហែលជាកន្លះកញ្ជើដាក់ទៅក្នុងបាវទៅ ក្រែងមានពេលបានរកត្រីទុកហូបខ្លះ» ។ បន្ទាប់មក យ៉ុន បានធ្វើពូៗ។ រយៈពេលប្រហែល២ទៅ៣ថ្ងៃក្រោយ អង្គការបានដឹងថាមានកុមារក្បត់ជាមួយអង្គការ ស្រាប់តែប្រហែលម៉ោង១០យប់ អង្គការបានហៅក្រុមកុមារទៅប្រជុំភ្លាមៗ។ បន្ទាប់មកទៀត អង្គការបានប្រកាសថា ក្នុងចំណោមកុមាររើសកួរស្រូវទាំងអស់ មាន៣ទៅ៤នាក់ជាខ្មាំង ហើយ យ៉ុន និងកុមារទាំង៣នាក់ បានលួចកេសគ្នាទៅវិញទៅមក ព្រោះមានភាពភ័យខ្លាច ប៉ុន្តែអង្គការមិនបានធ្វើអ្វីនោះទេ។ បន្ទាប់ពីបញ្ចប់ការប្រជុំ យ៉ុន និងកុមារ៣នាក់ទៀត បានដឹងស្រាប់ហើយថា នៅរៀងរាល់ពេលដែលអង្គការនិយាយពាក្យថា «ខ្មាំង» នៅយប់បន្តិច អង្គការនឹងយកកុមារទាំងនោះទៅបាត់ហើយ។ ក្រោយមក យ៉ុន និងកុមារទាំង៣នាក់បាននាំគ្នារត់គេចចេញពីការដ្ឋានកុមារនៅត្រពាំងអណ្ដែង ប៉ុន្តែមិនស្គាល់ផ្លូវត្រឡប់មកភូមិសំរោងវិញនោះទេ។ យ៉ុន និងកុមារទាំង៣នាក់ បាននាំគ្នាចូលដេកនៅក្នុងគំនរចំបើងនៅលានបញ្ជាន់ស្រូវមួយដែលមានចម្ងាយមិនឆ្ងាយពីរោងកុមារ។ មិនយូរប៉ុន្មាន យ៉ុន និងកុមារទាំង៣បាក់ បានដេកលក់ក្នុងគំនរចំបើង លុះពេលទៀបភ្លឺ មានពូៗបរអាត្រាក់ទ័រមកដឹកស្រូវនៅក្បែរគំនរចំបើង ទើបជាន់ត្រូវក្បាលកុមារម្នាក់ក្នុងចំណោម៣នាក់ ផ្ទុះផោងស្លាប់ភ្លាមៗ ហើយ យ៉ុន និងកុមារ២នាក់ទៀតមានភាពភ័យខ្លាចរឹតតែខ្លាំងឡើង ទើបនាំគ្នារត់បែកគ្នាអស់ ហើយ យ៉ុន បានរត់ត្រឡប់ទៅរកឪពុកនៅច្រាំងចោត(ភូមិសំរោង)។
នៅខែតុលា ឆ្នាំ១៩៧៨ យ៉ុន ត្រូវបានខ្មែរក្រហម ប្រើឲ្យបររទេះគោទៅដឹកជញ្ជូនសម្លៀកបំពាក់សាកសពមនុស្ស។ ក្រោយវាយសម្លាប់មនុស្ស ខ្មែរក្រហមបានដោះយកសម្លៀកបំពាក់ទាំងអស់ចេញ រួចប្រើ យ៉ុន ឲ្យទៅជញ្ជូនសម្លៀកបំពាក់ទាំងអស់មកដាក់លើរទេះ ហើយដឹកទៅដាក់នៅការដ្ឋានពាណិជ្ជនៅច្រាំងចោត(ភូមិសំរោង) ហើយបោកសម្លៀកបំពាក់ទាំងអស់ទុកចែកប្រជាជនតាមសហករណ៍។ យ៉ុន បានឃើញដោយផ្ទាល់ភ្នែកថា ខ្មែរក្រហមបានសម្លាប់ប្រជាជនអស់ជាច្រើនរយនាក់នៅភូមិសំរោង។ នៅពេលដឹកសម្លៀកបំពាក់សាកសពមានរទេះគោចំនួន២ គឺ យ៉ុន និងមិត្ត(ភ្លេចឈ្មោះ)។ យ៉ុន និងមិត្តម្នាក់ទៀត មិនបានដឹកសម្លៀកបំពាក់មួយកន្លែងនោះទេគឺមាន ប៊ួតាក្អាត់ ធុងជ័រ និងបឹងល្មៀត ស្ថិតក្នុងភូមិសំរោង។ ខ្មែរក្រហម តែងតែបណ្ដើរប្រជាជនចូលទៅសម្លាប់ម្ដង៣ខ្សែ ហើយ យ៉ុន បានទៅលបមើលការសម្លាប់ ឃើញប្រជាជននាំគ្នាលើកដៃសំពះអង្វរសុំកុំឲ្យសម្លាប់ កងឈ្លបក្មេងៗ មិនស្ដាប់ការអង្វរនោះទេ បានយកដំបង និងត្បូងចបវាយយកៗដួលទាំងខ្សែ ប្រជាជនមួយចំនួនបានស្លាប់ភ្លាម មួយចំនួនទៀតមិនទាន់ស្លាប់ បាននាំគ្នាស្រែកដោយភាពឈឺចាប់ពិតជាគួរឲ្យអាណិតខ្លាំងណាស់។ ចំណេកឪពុករបស់ យ៉ុន ត្រូវបានខ្មែរក្រហមប្រើឲ្យជញ្ជូនសាកសពទៅកប់។ ឪពុករបស់ យ៉ុន កប់សាកសពបានរយៈពេលត្រឹមតែ១ថ្ងៃ ក៏ត្រឡប់ទៅវិញ ព្រោះគាត់មានភាពតក់ស្លុតខ្លាំងពេក រហូតធ្លាក់ខ្លួនឈឺ។ នៅពេលឈឺ យ៉ុន មិនហ៊ានសុំអង្គការឈប់សម្រាកពីការងារនោះឡើយ ព្រោះ យ៉ុន បានឃើញនៅពេលកុមារដទៃឈឺ មិនទៅធ្វើការងារ គឺអង្គការបានផ្ដាច់របបអាហារ ហើយកុមារដែលឈឺញឹកញាប់ពេក ត្រូវបានអង្គការចោទថា មានសតិអារម្មណ៍យកទៅធ្វើទារុណកម្ម។ យ៉ុន ផ្ទាល់ត្រូវបានខ្មែរក្រហមធ្វើទារុណកម្មនៅអំឡុងពេលដឹកជញ្ជូនសម្លៀកបំពាក់សាកសព ព្រោះខ្មែរក្រហមបានប្រើឲ្យដឹកជញ្ជូននៅពេលយប់ជ្រៅមិនមានពេលសម្រាកគ្រប់គ្រាន់ ហើយ យ៉ុន បានងងុយដេកតាមផ្លូវ ទើបយកខ្សែគោចងជាប់នឹងកជើងឲ្យស៊ីស្មៅ។ លុះ យ៉ុន ដេកលក់គោបានស៊ីស្រូវអស់ប្រហែល១០គុម្ព ទើបអង្គការចោទ យ៉ុន ថា ខ្មាំង ជាលើកទីពីរ។ បន្ទាប់មក យ៉ុន បានលួចរត់គេចលែងហ៊ាននៅកន្លែងដឹកជញ្ជូន រត់ផងដើរផងទៅរកឪពុកនៅច្រាំងចោត។ សម្រាប់ការហូបចុកនៅចុងឆ្នាំ១៩៧៨ យ៉ុន បានហូបបបរខាប់។
ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលរំដោះក្នុងភូមិសំរោង ហើយ យ៉ុន បានមីងៗចាស់ហាមឃាត់មិនឲ្យរត់ឡើងភ្នំជាមួយប្រជាជនដទៃ ទើប យ៉ុន បានជួបជុំជាមួយឪពុក និងបងៗចំនួន២នាក់។ ចំណែក បងៗផ្សេងទៀតបានរត់ឡើងភ្នំជាមួយប្រជាជនដទៃ។ អស់រយៈពេល២ខែក្រោយមក ទើបបងៗរបស់ យ៉ុន ៣នាក់ទៀតរត់ត្រឡប់មករស់នៅក្នុងភូមិសំរោងវិញ។ រឿងរ៉ាងដែល យ៉ុន បានចងចាំ និងមិនអាចបំភ្លេចបានក្នុងសម័យខ្មែរក្រហមគឺ យ៉ុន បានបាត់បង់មិត្តភក្ដិជាទីស្រឡាញ់អស់ជាច្រើនាក់កាលពីកុមារភាព ដែលយ៉ុនបានស្គាល់ក្នុងអំឡុងពេលរបបខ្មែរក្រហម មួយចំនួនត្រូវបានស្លាប់បាត់បង់ជីវិតដោយសារមានជំងឺ និងស្លាប់ក្នុងពេលអាត្រាក់ទ័របើកជាន់ក្នុងឆ្នាំ១៩៧៨។ ឯមួយចំនួនទៀតនៅរស់រានមានជីវិត រួចត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។ ជីវិតជាកុមាររភាពរបស់ យ៉ុន ពិតជាទទួលរងការលំបាក និងកំសត់វេទនាខ្លាំង ហើយមានភាពខុសគ្នាជាមួយកុមារនាពេលបច្ចុប្បន្ននេះ៕
ដោយ មឿន ស្រីណុច
[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយឈ្មោះ គុយ យ៉ុន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។