ថាំ សែម៖ ជនមានពិការភាព

ថាំ សែម[1] ភេទប្រុស អាយុ៧២ឆ្នាំ មានស្រុកកំណើត នៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ បច្ចុប្បន្ន សែម រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។
សែម បាននិយាយថា៖ «ខ្ញុំបានរស់នៅក្នុងគ្រួសារមួយ ដែលមានជីវភាពធូរធារ។ ឪពុកម្ដាយរបស់ខ្ញុំគឺជាជនជាតិចារាយ។ នៅជំនាន់សម្ដេចព្រះ នរោត្តម សីហនុ ឪពុករបស់ខ្ញុំបានបម្រើការក្នុងរាជការ។ គាត់គឺជាជំទប់ទីពីររបស់ឃុំ ចំណែកឯម្ដាយខ្ញុំគឺជាស្រ្តីមេផ្ទះ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់។ បច្ចុប្បន្ននេះ បងប្អូនបង្កើតរបស់ខ្ញុំនៅសល់តែ២នាក់ប៉ុណ្ណោះ។
នៅអំឡុងឆ្នាំ១៩៦៣ ជំងឺគ្រុនចាញ់បានធ្វើឲ្យប្រជាជននៅក្នុងភូមិជាច្រើនស្លាប់ ដោយសារតែមិនមានមន្ទីរពេទ្យសម្រាប់ព្យាបាលនោះទេ។ ប្រជាជនភាគច្រើនត្រូវដេករងចាំថ្ងៃណាដែលខ្លួនអាចជាពីជំងឺដោយខ្លួនឯង។ អ្នកខ្លះទៀតរត់ទៅរកគ្រូខ្មែរស្ដោះផ្លុំ ចំណែកឯអ្នកដទៃទៀត ស្វែងរកសម្បកឈើ ដើម្បីដាំទឹកថ្នាំផឹក។ បងប្អូនជនជាតិភាគតិចមានការជឿលើគ្រូមន្តអាគមន៍ ឬអ្នកតាម្ចាស់ទឹកម្ចាស់ដីជាដើម។ នៅពេលដែលសាច់ញាតិ កូន ឬប្រពន្ធ មានជំងឺផ្សេងៗ សមាជិកនៅក្នុងគ្រួសារតែងតែធ្វើពិធីបណ្ដេញខ្មោចអាបឲ្យចេញពីខ្លួនអ្នកដែលកំពុងឈឺ ឬបន់ស្រន់អ្នកតាសុំឲ្យប្រពន្ធ កូន ឆាប់ជាពីជំងឺ។ ប៉ុន្តែ វិធីសាស្រ្តព្យាបាលទាំងអស់នេះគ្មានប្រសិទ្ធិភាពឡើយ នៅពេលនោះ។
នៅចន្លោះឆ្នាំ១៩៦៨ និងឆ្នាំ១៩៦៩ ប្រទេសជាតិចាប់ផ្ដើមធ្លាក់ក្នុងភ្លើងសង្គ្រាម។ កងទ័ព រួមទាំងក្រុមគ្រូពេទ្យរបស់វៀតណាម ក៏បានចូលមកដល់ទឹកដីខេត្តរតនគិរី និងបានបោះទីតាំងនៅក្បែរស្រុកភូមិរបស់ខ្ញុំ។ ប្រជាជននៅក្នុងភូមិ ក៏បានទទួលឱកាសព្យាបាលជំងឺជាមួយគ្រូពេទ្យវៀតណាមដែរ។ ចាប់តាំងពីមានក្រុមគ្រូពេទ្យវៀតណាមចូលមកនៅក្នុងស្រុកអណ្ដូងមាស ប្រជាជនជាច្រើនបានទទួលការព្យាបាលជំងឺ។ អ្នកជំងឺទទួលបានការមើលថែយកចិត្តទុកដាក់យ៉ាងល្អពីគ្រូពេទ្យវៀតណាម។
នៅក្នុងឆ្នាំដដែល ខ្មែរក្រហមបានប្រមែប្រមូលប្រជាជនឲ្យចូលក្នុងចលនាតស៊ូ កាន់កាំភ្លើងគ្រប់ដៃប្រឆាំងជាមួយ លន់ នល់។ នៅពេលនោះ ខ្មែរក្រហមមិនទាន់មានការផុសផុលច្រើនទេ រហូតដល់មានការអំពាវនាវពី សម្ដេចព្រះ នរោត្តម សីហនុ ដែលបានប្រកាសឲ្យបងប្អូនខ្មែរចូលព្រៃម៉ាគីតស៊ូ ដើម្បីរួបរួមសាមគ្គីជាកម្លាំងប្រឆាំងនឹងកងទ័ព លន់ នល់។
ខ្មែរក្រហមចាប់ផ្ដើមកេណ្ឌប្រជាជននៅតាមស្រុកភូមិបានកាន់ច្រើនឡើង។ ខ្ញុំក៏សម្រេចចិត្តចូលបម្រើក្នុងជួរកងទ័ពជាមួយយុវជននៅក្នុងភូមិជាច្រើននាក់ទៀត។ កងទ័ពទាំងអស់ មិនទទួលបានការហ្វឹកហាត់វិធីសាស្រ្តធ្វើសង្គ្រាមគ្រប់គ្រាន់ឡើយ។ នៅជំនាន់សង្គ្រាម កងទ័ពតម្រូវឲ្យចេះកាន់កាំភ្លើង និងកេះកៃកាំភ្លើង ដែលអាចត្រូវបានចាត់ថាគ្រប់គ្រាន់ដើម្បីបញ្ជូនបន្តទៅកាន់សមរភូមិ។ ក្នុងអំឡុងពេលដែលខ្ញុំបម្រើជាកងទ័ព ខ្ញុំបានជួបការលំបាកច្រើនណាស់ដូចជា ដើរកាត់ព្រៃក្រាស់ ដំណេកមិនគ្រប់គ្រាន់ និងគ្មានពេលសម្រាកដើម្បីជួបជុំគ្រួសារបងប្អូនសាច់ញាតិ។ ជាពិសេស កងទ័ពទាំងអស់មិនបានទទួលអាហារគ្រប់គ្រាន់ នៅពេលមានជំងឺ។ ពេលខ្លះ កងទ័ពដែលត្រូវរបួស មិនបានទទួលការព្យាបាលទេ។ កងទ័ពខ្លះត្រូវដេកស្លាប់នៅនឹងកន្លែង។ កងទ័ពតែងតែជួយសែងអ្នករបួសស្រាលៗ ដើម្បីមើលថែដោយកងទ័ពគ្នាឯង។ ការខិតខំប្រឹងប្រែងរបស់កងទ័ពខ្មែរក្រហមបានវាយរំដោះខេត្តចំនួន៥មកវិញ រួមមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ គោលដៅបន្ត គឺត្រូវវាយចូលខេត្តកំពង់ចាម កំពង់ធំ រួមទាំងបន្តវាយព័ទ្ធចូលទីក្រុងភ្នំពេញ។
លុះដល់ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ។ បន្ទាប់ពីទទួលបានជ័យជម្នះ ខ្ញុំក៏បានបម្រើការជានីរសាររបស់ «យ៉ា» ដែលជាគណៈភូមិភាគឦសាន។ តាយ៉ា គឺជាមេដ៏គួរឲ្យគោរពស្រឡាញ់ម្នាក់ ដោយសារតែចរិកលក្ខណៈរបស់គាត់ចេះស្រឡាញ់កូនចៅនៅក្រោមឱវាទ។ គាត់មិនវាយធ្វើបាប ឬប្រើពាក្យសម្ដីមិនសមរម្យ មកលើកងទ័ពរបស់ខ្លួនឡើយ។ មិនត្រឹមតែប៉ុណ្ណោះ តាយ៉ា មានចំណេះដឹងខ្ពង់ខ្ពស់ផ្នែកភាសាចំនួនប្រាំ មានដូចជា៖ ភាសាអង់គ្លេស ថៃ ឡាវ ចិន និងបារាំង។
នៅពេលមានកិច្ចប្រជុំម្ដងៗជាមួយមេដឹកនាំកំពូលៗរបស់ខ្មែរក្រហមដូចជា ប៉ុល ពត, ខៀវ សំផន, អៀង សារី និង សុន សេន ខ្ញុំតែងតែធ្វើដំណើរទៅជាមួយ តាយ៉ា។ ខ្ញុំមិនដែលខកខានម្ដងណាឡើយ។ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំគឺជានីរសាររបស់តាយ៉ាពិតមែន ប៉ុន្តែរាល់ឯកសារសំខាន់ៗរបស់គាត់មិនដែលបង្ហាញ ឬប្រាប់ឲ្យខ្ញុំដឹងទេ។ នៅក្នុងឆ្នាំដដែល ខ្ញុំបានទទួលដំណឹងអកុសលមួយគឺ ម្ដាយរបស់ខ្ញុំបានស្លាប់តាំងពីឆ្នាំ១៩៧៤។ ខ្ញុំពិតជាមានអារម្មណ៍សោកសង្រេង និងនឹកស្រណោះដល់ម្ដាយជាខ្លាំង។ ខ្ញុំគិតថា ការតស៊ូរបស់ខ្ញុំជាមួយកងទ័ពខ្មែរក្រហមកន្លងមក ហាក់ដូចជាគ្មានន័យអ្វីសោះឡើយ ដោយសារខ្ញុំត្រូវបាត់បង់ម្ដាយ និងឃ្លាតឆ្ងាយពីឪពុក បងប្អូន។
រហូតដល់ចុងឆ្នាំ១៩៧៦ យ៉ា ក៏ត្រូវបានចោទថាជាជនក្បត់។ គាត់ និងគ្រួសាររបស់គាត់ ក៏ត្រូវចាប់ខ្លួន និងសម្លាប់ចោល។ ចំណែកឯ ខ្ញុំ រួមទាំងកងទ័ព ដែលនៅក្រោមការគ្រប់គ្រងរបស់គាត់ ក៏ត្រូវបានចាត់ទុកថាជាប់និន្នាការក្បត់ ហើយត្រូវបញ្ជូនឲ្យទៅធ្វើពលកម្មជួសជុលផ្លូវ ផ្ទះ និងអគារផ្សេងៗ។ យើងក៏ត្រូវស្ថិតនៅក្រោមការតាមដាន។
បន្ទាប់ពី យ៉ា បានស្លាប់ផុតទៅ។ ថ្នាក់លើក៏បានបញ្ជូនកងកម្លាំងភូមិភាគនិរតី ដើម្បីចូលមកគ្រប់គ្រងនៅភូមិភាគឦសានជំនួសវិញ។ ចាប់តាំងពី កងកម្លាំងនៃភូមិភាគនិរតីបានចូលមក ខ្ញុំត្រូវបានប្រើឲ្យធ្វើការងារធ្ងន់ធ្ងរ ដោយគ្មានពេលឈប់សម្រាក និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំនៅបន្តជួសជុលផ្លូវរហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមក៏បានវាយចូលមកដល់ភូមិភាគឦសាន។ ខ្ញុំ រួមទាំងកងទ័ពដែលជាប់និន្នាការក្បត់ជាច្រើននាក់ទៀត បានរត់ចូលព្រៃដោយមាន រ៉ែន ដែលជាមេគ្រប់គ្រងក្ដាប់កម្លាំងក្នុងកងពល៨០១។ បន្ទាប់មក រ៉ែន ក៏បានឲ្យខ្ញុំធ្វើជាប្រធានមន្ទីរគ្រប់គ្រងឃ្លាំងសម្ភារសម្រាប់ចែកចាយឲ្យទៅកងទ័ពក្រោយ។
នៅឆ្នាំ១៩៨១ ខ្ញុំត្រូវបានកងទ័ពវៀតណាមបាញ់របួសដៃ ខណៈពេលដែលខ្ញុំធ្វើដំណើរទៅទទួលកងកម្លាំងនៅខេត្តរតនគិរី។ ភ្លាមៗនោះ នីរសាររបស់ខ្ញុំឈ្មោះ នី ក៏ត្រូវរបួសដែរ។ បន្ទាប់មក ញ៉ែម ដែលជានីរសារខ្ញុំម្នាក់ទៀត បានយកខ្ញុំមកព្យាបាលរហូតដល់ជាសះស្បើយ។ នៅពេលដែលខ្ញុំជាសះស្បើយហើយខ្ញុំនៅតែបន្តគ្រប់គ្រងឃ្លាំងសម្ភារនៅតំបន់១០០១រហូតដល់ឆ្នាំ១៩៨៨។ នៅក្នុងឆ្នាំដដែល ខ្ញុំក៏បានធ្វើដំណើរមកដល់ទឹកដីភូមិថ្នល់កែង នៅក្នុងស្រុកត្រពាំងប្រាសាទ ហើយក៏បានសម្រេចចិត្តធ្វើផ្ទះសម្បែងរស់នៅទីនេះរហូតដល់បច្ចុប្បន្ន»៕
ដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ ថាំ សែម នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៤។