ជីវិតតស៊ូរបស់សួន សាម៉ន ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ សួន សាម៉ន ភេទស្រី អាយុ៧០ឆ្នាំ។ ឪពុករបស់ខ្ញុំឈ្មោះ សំរិទ្ធ សួន និងម្ដាយឈ្មោះ យិម សែ។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ ខ្ញុំជាកូនទី៣ក្នុងគ្រួសារ។ ខ្ញុំរៀបការប្ដីឈ្មោះ កែប រឿន និងមានកូនប្រុសស្រីសរុបចំនួន៦នាក់ (ប្រុស៣ ស្រី៣)។ ខ្ញុំកើតនៅខេត្តតាកែវ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ការចាប់ផ្ដើមជីវិតនៅអូរស្វាយនេះគឺបានកើតឡើងដោយសារការងាររបស់ឪពុកខ្ញុំដែលបានបម្រើការងារជាពេទ្យទាហាន។ នៅពេលដែលខ្ញុំមកដល់ទីនេះ ប្រជាជនទទួលបានការលើកទឹកចិត្ត និងរួបរួមសាមគ្គីគ្នា។ ស្ពានត្រូវបានសាងសង់ដើម្បីឆ្លងទៅកាត់តំបន់ដែលមានអូរ។ សម្ដេចឪ ព្រះបរមរតនកោដ្ឋ បានចែកដីដល់គ្រួសារខ្ញុំ ដែលមានក្បាលដី៤០ម៉ែត្រ និងបណ្ដោយទៅក្រោយច្រើនម៉ែត្រ។ គ្រួសារខ្ញុំបានទទួលផ្ទះកាឡុង (ផ្ទះនិគមន៍ជន) និងដំណាំដាំដុះមួយចំនួនសម្រាប់ចិញ្ចឹមជីវិត។ ខ្ញុំក៏ធ្លាប់បានឃើញសម្ដេចតាយាងមកអូរស្វាយដែរ នៅពេលនោះខ្ញុំមានអាយុប្រហែល១០ឆ្នាំ សម្ដេចឪ ព្រះបរមរតនកោដ្ឋ បានចែកក្រណាត់សង្គមរាស្ដ្រនិយម ដល់ប្រជាជនដែលបានមកទទួលសម្ដេចតា។ រូបខ្ញុំផ្ទាល់ក៏បានក្រណាត់នោះដែរ។
ជីវិតបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលដែលឪពុកខ្ញុំត្រូវបានចាប់បញ្ជូនទៅកាន់ព្រៃ ដើម្បីរកសត្វមកជប់លាងស្វាគមន៍កងទ័ព ប៉ុន្តែការពិតវិញគឺជាការចាប់ខ្លួនឪពុកខ្ញុំដើម្បីសម្លាប់។ ខ្ញុំនៅក្នុងវ័យ ១៦ឆ្នាំ បានឃើញឪពុកខ្ញុំត្រូវខ្មែរក្រហមវាយដោយទង្វើដ៏សាហាវ។ ខ្មែរក្រហមបាននាំឪពុកខ្ញុំមកសាកសួរនៅចំពោះមុខប្រជាជននៅក្នុងភូមិជាច្រើននាក់ មុននឹងសម្រេចយកឪពុកខ្ញុំទៅកប់ដីទាំងរស់នៅក្បែរអូរបក្យបែល។ បងប្អូនខ្ញុំមួយចំនួនក៏បានបាត់បង់ជីវិតក្នុងពេលនោះដែរ។ បងប្អូនទី១ត្រូវបានខ្មែរក្រហមសម្លាប់នៅពេល ដែលគាត់មានគំនិតចង់នាំយើងទៅរស់នៅប្រទេសឡាវ។ បងទី២បាត់ខ្លួននៅពេលដែលខ្មែរក្រហមបញ្ឆោតឲ្យទៅយកស្រូវ ហើយមិនបានត្រឡប់មកវិញ។
ជីវិតរបស់ខ្ញុំបានជួបការលំបាកគ្មានទីបញ្ចប់។ ខ្ញុំត្រូវធ្វើការរែកដីសាងសង់ទំនប់នៅសៀមប៉ាង ធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានពេលឈប់សម្រាក។ អាហារដែលទទួលបានមានត្រឹមតែផ្លែឈើព្រៃ និងរុក្ខជាតិព្រៃសម្រាប់បរិភោគដើម្បីរស់រានមានជីវិតបន្ត។ នៅគ្រានោះ ខ្ញុំត្រូវបានបង្ខំឲ្យរៀបការជាមួយប្ដី ដែលខ្ញុំមិនស្រឡាញ់។ ការរៀបការនៅពេលនោះ ត្រូវបានរៀបចំទាំងបង្ខំដោយអង្គការ។ អង្គការប្រាប់ថាបើមិនរៀបការទេ ខ្ញុំនឹងត្រូវបានយកទៅសម្លាប់។ ខ្ញុំត្រូវធ្វើការតាមអ្វីដែលអង្គការចង្អុលបង្ហាញដោយមិនអាចប្រកែកបាននោះឡើយ។
បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយចាញ់សមរភូមិជាមួយកងទ័ពវៀតណាម ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិអូរនោងធ្វើដំណើរជាច្រើនយប់ជាច្រើនថ្ងៃមកដល់ភូមិអូរស្វាយ រួចឆ្លងទឹកទៅភូមិព្រះរំកិល ទៅដល់ទីនោះយើងបានរកស្រូវមកបុកដាំបាយហូបរួចនាំគ្នារត់ទៅមុខបន្តទៀតរហូតទៅ ដល់ស្រុកឆែប ទើបបានជួបទាហានវៀតណាម។ ទាហានវៀតណាមជម្លៀសយើងឲ្យត្រឡប់មកនៅព្រះរំកិលវិញបន្ទាប់មកទៀតទាហានវៀតណាមបានបញ្ចូនខ្ញុំមករស់នៅភូមិអូររុនវិញ៕
អត្ថបទដោយ ស្រេង លីដា