គ្រូបង្រៀននៅស្រុកមេសាងរំឮកព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ឆ្នាំទី៥០ នៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។ កាលពី៥០ឆ្នាំមុន ថ្ងៃនេះជាថ្ងៃជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ និងជាថ្ងៃដែលប្រជាជនកម្ពុជាមួយចំនួនអបអរសាទរ សប្បាយរីករាយ និងមានសង្ឃឹមក្នុងចិត្តចំពោះការវិលត្រឡប់របស់សម្តេចព្រះ នរោត្តម សីហនុ មកគ្រប់គ្រងប្រទេសកម្ពុជាដូចពេលមុន និងមានជំនឿថា ប្រជាជនកម្ពុជាទាំងអស់នឹងជៀសផុតពីការគៀបសង្កត់ កេងប្រវ័ញ្ច ជិះជាន់ និងពុករលួយពាលាអាវាសែ។ ប៉ុន្តែបន្តិចក្រោយមកក្នុងថ្ងៃដដែល ប្រជាជនកម្ពុជាបានធ្លាក់ចូលក្នុងរបត់នយោបាយដែលធ្វើឲ្យមានការបំផ្លិចបំផ្លាញជីវិតមនុស្សរាប់លាននាក់ ដោយសារតែមេដឹកនាំនៃរបបថ្មីនេះបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ មកលើប្រជាជនទូទាំងប្រទេស។ ប្រជាជនកម្ពុជាទាំងអស់បានស្គាល់បទពិសោធន៍ជីវិតដ៏ជូរចត់ លំបាកវេទនា និងបែកបាក់ក្រុមគ្រួសារដែលពុំធ្លាប់មានពីមុនមកដែរ។
ឥឡូវនេះ បទពិសោធន៍ទាំងអម្បាលមាណ បានក្លាយជាមេរៀនប្រវត្តិសាស្ត្រសម្រាប់ក្មេងៗជំនាន់ក្រោយរៀនសូត្រដើម្បីការចងចាំ អភិវឌ្ឍន៍គំនិត និងរារាំងការកកើតឡើងវិញចំពោះព្រឹត្តិការណ៍ច្រំដែលរបៀបនេះ។ ថ្វីត្បិតតែអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរាប់សែននាក់បានបាត់បង់ជីវិតជារៀងរាល់ថ្ងៃដោយសារជំងឺ ជរាភាព និងហេតុការណ៍ផ្សេងៗក៏ដោយ ក៏នៅមានអ្នករស់រានមានជីវិតរាប់លាននាក់ទៀតកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនដល់ក្មេងៗជំនាន់ក្រោយ ដើម្បីចងក្រងប្រវត្តិសាស្ត្រ និងចូលរួមការពារការវិលត្រឡប់អំពើប្រល័យពូជសាសន៍ជាថ្មីម្តងទៀត។
អត្ថបទនេះ មានគោលបំណងបង្ហាញពីការចែករំលែកបទពិសោធន៍ឆ្លងកាត់ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅក្នុងឃុំជីផុច និងឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ពីអ្នករស់រានមានជីវិត៦នាក់ ដែលបច្ចុប្បន្នគឺជាគ្រូបង្រៀននៅកម្រិតសាលាបឋមសិក្សា និងវិទ្យាល័យក្នុងស្រុកមេសាង។
ប្រជាជនគ្រប់ភូមិបានចូលរួមអបអរសាទរនឹងជ័យជម្នះទី១៧ មេសា ១៩៧៥ ដែលបានប្រព្រឹត្តទៅនៅតាមទីកន្លែងដែលបានរៀបចំទុកដោយគណៈឃុំនិងគណៈស្រុក ដូចជានៅតាមភូមិ និងនៅក្នុងបរិវេណវត្តអារ៉ាមជាដើម។ មនុស្សម្នាក្នុងភូមិជាច្រើននាក់ បានរូតរះធ្វើដំណើរទៅចូលរួមអបអរសាទរ និងស្វាគមន៍ចំពោះថ្ងៃជ័យជម្នះ១៧មេសា តាមការប្រកាសពីអាជ្ញាធរឃុំនិងស្រុក។ នៅតាមទីកន្លែងប្រារព្ឋពិធីនីមួយៗ ប្រជាជនសប្បាយរីករាយ សើចក្អាកក្អាយ រាំ ច្រៀង និងលេងតន្ត្រីសម័យ ហើយនៅកន្លែងខ្លះទៀត មានប្រគុំតន្ត្រីបុរាណខ្មែរដូចជា ទ្រ ស្គរដៃ ឆៃយ៉ុំា និងចាប៉ី។
ជា សម័យ បច្ចុប្បន្នជាគ្រូបង្រៀននៅសាលាបឋមសិក្សា ជីផុច បានរៀបរាប់ថា «កាលហ្នឹង! ខ្ញុំមិនដឹងអីទេព្រោះខ្ញុំនៅក្មេង តែខ្ញុំក៏សប្បាយហ្នឹងថ្ងៃជ័យជម្នះ១៧មេសា ជាមួយគេដែរ»។ បើតាមគ្រូបង្រៀនពីរនាក់ទៀតបង្រៀននៅវិទ្យាល័យ អង្គរស បានឲ្យដឹងថា ពិធីអបអរសាទរ និងស្វាគមន៍ចំពោះថ្ងៃជ័យជម្នះនេះ គឺមិនត្រឹមតែបានធ្វើឡើងនៅតាមទីកន្លែងដែលបានកំណត់នោះទេ ប៉ុន្តែថែមទាំងបានហែរក្បួនពីភូមិមួយទៅភូមិមួយទៀត អមជាមួយការរាំច្រៀងយ៉ាងសប្បាយក្រៃលែង។ លោកគ្រូ ជុំ សុផល អាយុ៥៩ឆ្នាំ រស់នៅភូមិអង្គរស បាននិយាយ និងសម្តែងទឹកមុខញញឹមញញែមថា «បែក១៧មេសាភ្លាម យើងផ្អាកលើកប្រឡាយម៉ា(មួយ)ថ្ងៃពីរសិន រួចនាំគ្នាទៅទទួលជ័យជម្នះ១៧មេសា និងបានចូលរួមដង្ហែរក្បួនទៅកាន់វត្តពន្លៃទៀត។ អូយ! មានរាំ មានច្រៀងទៀតណា៎។ ខ្ញុំសប្បាយនឹងការទទួលបានជ័យជម្នះនេះណាស់»។ អ្នកគ្រូ ប៉ែន សុគុណ សព្វថ្ងៃជានាយិកាវិទ្យាល័យ អង្គរស បានបន្ថែមថា «អ្នកភូមិបានចូលរួមអបអរសាទរថ្ងៃជ័យជម្នះនៅវត្តអង្គរស រួចដង្ហែរបន្តទៅកាន់វត្តពន្លៃទៀត។ មានទាំងឆៃយ៉ុំា មានទាំងស្គរដង្ហែរទៅដែរ»។ អ៊ំប្រុស ជា ប៉ាក ជាអ្នករស់រានមានជីវិតម្នាក់រស់នៅភូមិស្រះតាអឹម ឃុំអង្គរស និងជាអតីតគ្រូបង្រៀនលោកនៅវត្តស្រះតាអឹម បានមានប្រសាសន៍ថា ភូមិស្រះតាអឹមក៏មានរៀបចំពិធីអបអរសាទរ និងទទួលស្វាគមន៍ថ្ងៃជ័យជម្នះនេះដែរ។ មានទាំងឆៃយុំា ស្គរ រំាច្រៀង និងហូបអាហារជុំគ្នាយ៉ាងសប្បាយទៀតផង។ ដូចគ្នានឹងឃុំជីផុចដែរ អ្នកភូមិចូលរួមអបអរសាទរយ៉ាងសប្បាយអឺងកងចំពោះថ្ងៃជ័យជម្នះនេះ ព្រោះយល់ឃើញថា ជាថ្ងៃដែលខ្លួនបានរួចផុតពីការគ្រប់គ្រងរបស់ លន់ នល់។ លោកគ្រូ ហំ គា ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ជីផុច បានឲ្យដឹងថា គាត់បានឃើញអ្នកភូមិសប្បាយខ្លាំងណាស់ ហើយសភាពការណ៍ក្នុងភូមិ ក៏ពោរពេញទៅដោយភាពអ៊ូរអរ រាំច្រៀង និងស្រែកជ័យឃោស។ «ខ្ញុំសប្បាយហ្នឹងគឺដែរ គឺសប្បាយមែន។ សប្បាយគ្រប់កន្លែងទាំងអស់។ រាំច្រៀង វ៉ៃស្គរ វ៉ៃប៉ោត មានទាំងទ្រអីហ្នឹងសប្បាយណាស់»។ លោកគ្រូចូលនិវត្តន៍ឈ្មោះ ហាស់ ឆឹម អាយុ៨០ឆ្នាំ រស់នៅភូមិនិងឃុំអង្គរស មានប្រសាសន៍ថា «គណៈឃុំបានអនុញ្ញាតឲ្យយើងកាប់ជ្រូកមាន់ទា និងវេចនំអន្សមហូប ដើម្បីទទួលថ្ងៃមហាជ័យជម្នះ។ យើងក្នុងភូមិសប្បាយគ្រប់ៗគ្នា»។
ក្នុងថ្ងៃដដែល ក្បួនហែរ អង្គមិទ្ទិញ ការរាំច្រៀង និងភ្លេងតន្ត្រីនានា ត្រូវផ្អាក និងបញ្ឈប់យ៉ាងតក់ក្រហល់បំផុត។ ស្គរ ចាប៉ី ទ្រ និងឆៃយ៉ុំា ត្រូវបានបំផ្លាញចោលគ្មានសល់។ អ្នកចូលរួមអបអរសាទរទាំងប៉ុន្មាន ត្រូវបានប្រាប់ឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរៀងៗខ្លួនវិញ និងចាប់ផ្តើមរៀបចំខ្លួនដើម្បីទទួលភារកិច្ចថ្មី។ ព្រឹត្តិការណ៍នេះ បានកើតឡើងដូចៗគ្នានៅតាមឃុំនីមួយៗក្នុងស្រុកមេសាង។ នៅក្នុងឃុំជីផុច លោកគ្រូ ហំ គា បានមានប្រសាសន៍ប្រាប់ថា «សប្បាយ! អាហ្នឹងសប្បាយម៉ាពេល។ តែមិនយូរទេ ខ្ញុំឃើញអត់យូរអញ្ចេះ មិនយូរយ៉ាងម៉េច? រយៈពេលក្រោយមក ស្រាប់តែក្រុមហ្នឹងដដែល ក្រុមរាំច្រៀងហ្នឹង ដូចថារាំច្រៀងលេងតែរយៈពេលប្រហែលជាម៉ា(មួយ)ម៉ោង ឬម៉ាម៉ោងកន្លះទៅ២ម៉ោងអញ្ចឹង! ស្រាប់តែទម្លាក់ទ្រ ទម្លាក់ស្គរ រាំជាន់បាក់ខ្ទេចអស់។ កម្ទេចចោលទាំងអស់តែម្តង ហើយក៏មិនដឹងដែរថា វាជាគោលការណ៍គេឲ្យកម្ទេចចោលទាំងអស់ឬយ៉ាងណាទេ ហើយខ្ញុំក៏មិនដឹងធ្វើម៉េចដែរ ដូចថាភ្លើងឆេះឈុលអញ្ចឹងទៅ ក៏ពន្លត់ទៅវិញភឹបតែម្តង។ ដូចថាចាប់ពីពេលហ្នឹងមក វាដូចថាប្លែកៗរហូតមក»។ នៅឃុំអង្គរសឯណេះវិញ លោកគ្រូ ជុំ សុផល, អ្នកគ្រូ ប៉ែន សុគុណ, អ៊ំប្រុស ជា ប៉ាក, លោកគ្រូ ហាស់ ឆឹម និង លោកគ្រូ ជិន ថន បានមានប្រសាសន៍ដូចគ្នាថា ឧបករណ៍ភ្លេងទាំងឡាយ ត្រូវបានកម្ទេចចោលគ្មានសល់ ហើយអ្នកចូលរួមក្នុងពិធីទាំងប៉ុន្មាន បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរៀងៗខ្លួនវិញ ជាមួយនឹងចម្ងល់ក្នុងចិត្តពីទង្វើដែលបានកើតមាន។ «កំពុងតែសប្បាយជុំគ្នាទទួលជ័យជម្នះនេះ ស្រាប់តែឃើញអ្នករំាច្រៀង អ្នកកាន់ស្គរ អ្នកកាន់ចាប៉ី ឆៃយុំា គេនាំគ្នាទម្លាក់ និងបោះចោលឧបករណ៍ទាំងនោះ រួចនាំគ្នារាំជាន់កម្ទេចចោល ហើយស្រែកថា លះបង់ឲ្យអស់! កម្អែលសក្តិភូមិនាយទុន។ ម្នាក់ៗនាំគ្នាស្រងាកចិត្តគ្រប់ៗគ្នា តែមិនហ៊ាននិយាយ រួចនាំគ្នាវិលត្រឡប់មកផ្ទះវិញ»។
លោកគ្រូ ជិន ថន, លោកគ្រូ ជា ប៉ាក, លោកគ្រូ ម៉ាត់ កូយ និងគ្រូបង្រៀនមួយចំនួនទៀត បានរំឮកពីថ្ងៃដែលប្រជាជននាំគ្នាទៅចូលរួមអបអរសាទរនេះថា គឺក្នុងគោលបំណងទទួលស្វាគមន៍ចំពោះការយាងនិវត្តន៍របស់សម្តេចឪចូលក្នុងប្រទេសវិញ តាមការសន្យាពីក្រុមខ្មែររំដោះដែលបានសន្យាក្នុងរយៈពេលកន្លងមក។ ម្នាក់ៗ មានចម្ងល់គ្រប់ៗគ្នាថា ហេតុអ្វីបានជាពិធីអបអរសាទរមិនបានរំឮកដល់ឈ្មោះរបស់សម្តេចឪទាល់តែសោះ។ លោកគ្រូ ជិន ថន ជាគ្រូបង្រៀនចូលនិវត្តន៍ រស់នៅភូមិស្រះតាអឹម ឃុំអង្គរស បាននិយាយដូច្នេះថា «គោលការណ៍ខ្ញុំ គឺទៅចូលរួមដើម្បីទទួលការវិលត្រឡប់របស់សម្តេចឪ ព្រោះគេបានប្រាប់ថា ពេលជ័យជម្នះទាំងស្រុងហើយ គេនាំសម្តេចឪចូលស្រុកវិញ។ ដល់ទៅ មានណា! គេអត់មានស្រែកជយោសម្តេចឪផង។ គេស្រែកតែជយោ ប៉ុល ពត សោះ។ ខ្ញុំខកចិត្ត។ អ្នកចូលរួមផ្សេងទៀតក៏ខកចិត្តដែរ»។ ចំណែកឯលោកគ្រូ ម៉ាត់ កូយ ជាគ្រូចូលនិវត្តន៍ រស់នៅក្នុងភូមិអង្គ្រង ឃុំអង្គរស បានប្រាប់ថា គាត់មានការសោកស្តាយចំពោះពេលវេលារបស់គាត់ ក្នុងការគាំទ្រចលនាខ្មែររំដោះ ព្រោះគាត់បានគិតថា នៅពេលដែលទទួលបានជ័យជម្នះលើរបប លន់ នល់ រួចហើយ ប្រទេសជាតិពិតជាទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចឪដូចពេលមុនទៀត។ «ពេលទទួលបានជ័យជម្នះ ១៧មេសា ហើយ យើងស្មានតែបានសេរីភាពពេញបរិបូរណ៍ហើយ។ តាមពិតវាផ្ទុយស្រឡះពីការប៉ាន់ស្មានរបស់យើង»។
ការអធិប្បាយខាងលើ ជាការចងក្រងពីរឿងរ៉ាវពិតស្តីពីហេតុការណ៍ថ្ងៃ១៧ មេសា នៅក្នុងឃុំពីរនៃស្រុកមេសាង គឺឃុំជីផុច និងឃុំអង្គរស។ ការលើកយកព្រឹត្តិការណ៍នេះមកអធិប្បាយ គឺដើម្បីបង្ហាញពីរឿងរ៉ាវពិតមួយដែលបានកើតឡើងនៅក្នុងទឹកដីនៃតំបន់រំដោះខ្មែរក្រហមក្នុងខេត្តព្រៃវែង។ នៅតាមកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា គឺប្រាកដជាមានរឿងរ៉ាវដូចគ្នា ឬស្រដៀងគ្នា ឬខុសគ្នាខ្លះៗ អាស្រ័យលើពេលវេលា ទីកន្លែង និងបរិយាកាសសង្គម សេដ្ឋកិច្ច និងនយោបាយ។
សម្រង់សម្តីអ្នករស់រានមានជីវិត៦នាក់នៅឃុំជីផុច និងឃុំអង្គសរ ពីហេតុការណ៍ថ្ងៃ១៧ មេសា ១៩៧៥
ខាងក្រោមនេះ ជាការដកស្រង់សម្តីខ្លីក្នុងពេលធ្វើបទសម្ភាសកាលពីដើមឆ្នាំ ២០២១ ទាក់ទងនឹងការឆ្លងកាត់ និងឃើញហេតុការណ៍ផ្ទាល់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥៖
ជា សម័យ ហៅ ម៉ៃ អាយុ៥៩ឆ្នាំ គ្រូបង្រៀននៅសាលាបឋមសិក្សា ជីផុច។[1]
«…កាលនោះខ្ញុំនៅក្មេងនៅឡើយ ហើយខ្ញុំដឹងតែពីសប្បាយ។ ប៉ុន្តែខ្ញុំដឹងថា នៅថ្ងៃទីនោះ (១៧ មេសា ១៩៧៥) មានភាពច្របូកច្របល់កើតឡើងដែរ។ មានមនុស្សស្លាប់នៅលើផ្ទះដោយគ្មាននរណាដឹង និងមានភាពរញ៉េរញ៉ៃរត់ឈូរឆដើម្បីយករបស់របរគេ!។ ប៉ុន្តែនៅក្នុងភូមិទាំងមូលវិញ គឺមានការធ្វើពិធីអបអរសាទរចំពោះថ្ងៃជ័យជម្នះនេះដែរ។ ប្រជាជនក្នុងភូមិបានចូលរួមក្នុងពិធីនេះគ្រប់ៗគ្នា។ បន្តិចក្រោយមក ស្រាប់តែស្ងាត់ទៅវិញ ហើយខ្ញុំសង្កេតឃើញមានមនុស្សចម្លែកៗចូលមកក្នុងភូមិខ្ញុំច្រើននាក់។»

ហំ គា អាយុ៥៣ឆ្នាំ គ្រូបង្រៀននៅសាលាបឋមសិក្សា ជីផុច។[2]
«ថ្ងៃទី១៧ មេសា ហ្នឹង ខ្ញុំសប្បាយម៉ាពេលហ្នឹង។ សប្បាយហ្នឹងសប្បាយមែន! សប្បាយគ្រប់កន្លែងគ្រប់កាឡុកកាលៀតទាំងអស់!។ យើងរាំច្រៀង វ៉ៃស្គរប៉ោត និងកូតទ្រ។ ប៉ុន្តែការសប្បាយរាំរែកច្រៀងអីហ្នឹង មិនបានយូរទេ។ រយៈពេលក្រោយមក ស្រាប់តែក្រុមហ្នឹងដដែល ដែលរាំច្រៀងវ៉ៃស្គរអីហ្នឹង បោះចោលស្គរ ទ្រ ចាប៉ីអស់រលីង បន្ទាប់ពីច្រៀង រាំរយៈពេលប្រហែលជា១ម៉ោង ឬ ២ម៉ោងរួច។ ពួកគេហ្នឹងនាំគ្នាទម្លាក់ទ្រទម្លាក់ស្គរ ហើយរាំជាន់បាក់ខ្ទេចអស់! កម្ទេចចោលទាំងអស់តែម្តង ហើយក៏មិនដឹងដែរថា ជាគោលការណ៍យ៉ាងម៉េចទេ ដែលនាំគ្នាជាន់កម្ទេចចោលទាំងអស់អ៊ីចឹង ហើយខ្ញុំក៏មិនដឹងធ្វើម៉េចដែរ កាលនោះនៅក្មេងនៅឡើយ។ ដូចថាចាប់ពីពេលហ្នឹងមកវា ដូចថាប្លែកៗ រហូតមក។ រហូតមកដល់សម័យ ប៉ុលពត គឺធ្ងន់ធ្ងរតែម្តង គឺចាប់ផ្ដើមមនុស្សលែងទុកចិត្តគ្នាហើយ។ គ្រូឯងតាមដានខ្ញុំ។ ខ្ញុំតាមដានគ្រូឯងវិញ។ លោកគ្រូឯនេះ តាមដានឯនោះអញ្ចឹងគ្រប់គ្នាទៅណា។»

ជុំ សុផល អាយុ ៥៩ឆ្នាំ គ្រូបង្រៀននៅ វិទ្យាល័យហ៊ុន សែន អង្គរសរ។[3]
«… គ្រាន់តែបែកថ្ងៃ១៧មេសាភ្លាម គេឲ្យយើងផ្អាកលើកប្រឡាយម៉ាថ្ងៃពីរថ្ងៃសិន ព្រោះគេឲ្យយើងនាំគ្នាទៅទទួលជ័យជម្នះ១៧មេសានៅវត្តពន្លៃ។ ប្រជាជននាំគ្នាដង្ហែគ្នាពីផ្ទះទៅវត្ត។ អូយ! មានរាំ! មានច្រៀង! សប្បាយណាស់ ព្រោះយើងបានជ័យជម្នះហើយ។ អ្នកមានស្គរគេយកស្គរទៅជាមួយ! គេគោះស្គរផង រាំច្រៀងដង្ហែរតាមផ្លូវផង! មើលទៅសប្បាយណាស់។ ដល់ចប់ពីអា១៧មេសាងហ្នឹង! គេនាំគ្នាត្រឡប់មកផ្ទះវិញ តាមផ្លូវគេនាំគ្នាបោកស្គរចោលអស់ អត់មានឲ្យលេងទេ។ គេលែងឲ្យមានអារក្សអ្នកតាអីទៀតហើយ! គេវ៉ៃស្គរបែកខ្ទេចខ្ទីអស់! ហើយគេបំផុសឲ្យយើងមកជីកប្រឡាយហ្នឹងបង្ហើយ ព្រោះប្រឡាយហ្នឹង យើងជីកមកយូរហើយ។ ខ្ញុំឈប់សប្បាយនឹងជ័យជម្នះ បែរមករែកដីវិញ។ ពេលរែកដីបន្ទាប់ពីថ្ងៃជ័យជម្នះមក ខ្ញុំស្តាប់ឮបទចំរៀង ១៧មេសា រាល់ថ្ងៃ។ ពិរោះណាស់! ស្តាប់ម្តងៗ ខ្ញុំមានអារម្មណ៍ល្អណាស់ ហើយខ្ញុំធ្វើការមិនខ្លាចហត់នឿយឡើយ។»

ជា ប៉ាក អាយុ៧៤ឆ្នាំ ជាគ្រូបង្រៀន និងអាចារ្យវត្តស្រះតាអឹម។[4]
«នៅថ្ងៃជ័យជម្នះ ១៧ មេសា ១៩៧៥ ប្រជាជនគ្រប់ភូមិទាំងអស់ក្នុងឃុំអង្គរស បានចូលរួមប្រារព្ធពិធីអបអរសាទរចំពោះមហាជ័យជម្នះរបស់ខ្មែរក្រហម នៅក្នុងបរិវេណវត្តស្រះតាអឹម។ គណៈឃុំ ថឹង សាក់ និងគណៈស្រុក ពុត ជ្រង បានថ្លែងសុន្ទរកថានៅក្នុងពិធីនេះ។ ខ្ញុំមិនបានចាំថា អ្នកទាំងពីរបានថ្លែងអ្វីខ្លះទេ ប៉ុន្តែគ្រាន់តែដឹងថា បន្ទាប់ពីថ្លែងសុន្ទរកថារួច ក្រុមឆៃយ៉ុំាបានចាប់ផ្តើមសម្តែងរហូតដល់ចប់ពិធី។ គេនាំគ្នារាំច្រៀងពេញទីធ្លាវត្ត។ នៅពេលខ្ញុំវិលត្រឡប់មកដល់ផ្ទះវិញបានបន្តិច ស្រាប់តែឮថា គេឲ្យផ្អាករំាច្រៀង ហើយនាំគ្នាចុះទៅធ្វើការលើកទំនប់ និងធ្វើស្រែវិញ។ កិច្ចការងារលើកទំនប់ ជីកប្រឡាយ ដកស្ទូង ច្រូតកាត់ និងដាំដំណាំកសិកម្ម គឺជាកិច្ចការងារស្នូលសម្រាប់ប្រជាជនក្នុងឃុំអង្គរស។ ប្រជាជនភាគច្រើន ត្រូវចាត់ចូលទៅក្នុងកងចល័តដែលតម្រូវឲ្យធ្វើការនៅតាមទីកន្លែងឆ្ងាយៗពីផ្ទះសម្បែង និងសម្រាកនៅក្បែរៗការដ្ឋានការងារ។ ប្រជាជនខ្លះទៀតដែលធ្វើការនៅក្នុងភូមិ ឬក្បែរៗភូមិ អាចមកសម្រាកជាមួយសមាជិកគ្រួសារនៅតាមផ្ទះរៀងខ្លួន។»

ជិន ថន អាយុ អាយុ៧៦ឆ្នាំ ជាអតីតគ្រូបង្រៀននៅសាលាបឋមសិក្សា ស្រះតាអឹម។[5]
«គេខ្ញុំឲ្យចូលរួមអបអរសាទរថ្ងៃជ័យជម្នះទី១៧ មេសា ១៩៧៥ហ្នឹងដែរ។ ខ្ញុំខំស្រែកជ័យឃោសថា ជយោ! សម្តេចឪៗ។ អ្នកផ្សេងទៀត ក៏ស្រែកដូចខ្ញុំដែរ។ ប៉ុន្តែតាមការពិត មិនមានវត្តមានសម្តេចឪឯណា។ គណៈឃុំគេថ្លែងសុន្ទរកថានិយាយតែពីឈ្មោះ ប៉ុល ពត សោះ។ ខ្ញុំខកចិត្តជាខ្លាំងនៅថ្ងៃនោះ។ ប៉ុន្តែខ្ញុំមិនហ៊ានសួរ ឬតវ៉ា ឬនិយាយស្តីអ្វីទេ។ បន្ទាប់មក ប្រជាជនខ្លះត្រូវបង្ខំឲ្យធ្វើការស្រែចម្ការ និងទាហាន ហើយខ្ញុំនៅធ្វើស្រែក្នុងភូមិរហូតដល់បែកឆ្នាំ១៩៧៩។»

ហាស់ ឆឹម ភេទប្រុស អាយុ៨០ឆ្នាំ។[6]
«ក្នុងថ្ងៃ១៧ មេសា ១៩៧៥ ប្រធានលេខាឃុំគេជប់លៀងកាប់គោ ជ្រូក មាន់ទា ដើម្បីអបអរសាទរជ័យជម្នះ។ គេបើករបបឲ្យយើង។ គេហៅថារបប ដែលទទួលបានដើម្បីអបអរ សាទថ្ងៃជ័យជម្នះ។ ឧបមាថាផ្ទះបាយអញ្ចឹងទៅ គេអនុញ្ញាតឲ្យធ្វើជ្រូកមួយអញ្ចឹង។ ផ្ទះបាយនោះគេឲ្យធ្វើមាន់ ឬគោអ៊ីចឹងទៅ។ អាហ្នឹងគេហៅថាបើកកម្មវិធីអញ្ចឹង ដែលគេអនុញ្ញាតឲ្យយើងទទួលជ័យជម្នះ។ បើធ្វើ (សម្លាប់) ជ្រូក គេចែកក្រុមនេះ ក្រុមនោះបន្តិចៗស្លរចែកគ្នាហូប ប៉ុន្តែជ្រូក គោ និងមាន់ទា ជារបស់យើងទេ តែគេអនុញ្ញាតឲ្យយើងធ្វើហូបនៅថ្ងៃនោះ។ គេក៏អនុញ្ញាតឲ្យធ្វើនំអន្សមចែកគ្នាហូបដែរ។ ឧបមាថាយើងកូនប្រាំនាក់ ទាំងឪទាំងកូន៧នាក់ចឹង គេចែកឲ្យបាន៧ដែរ។»

ដោយ៖ ផេង ពង្សរ៉ាស៊ី
[1] ជា សម័យ ហៅ ម៉ៃ (គ្រូបង្រៀននៅសាលាបឋមសិក្សា ជីផុច ស្រុកមេសាង ខេត្តព្រៃវែង), សម្ភាសដោយ ផេង ពង្សរ៉ាស៊ី, ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ទីកន្លែងសម្ភាស៖ ភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
[2] ហំ គា (គ្រូបង្រៀននៅសាលាបឋមសិក្សា ជីផុច ស្រុកមេសាង ខេត្តព្រៃវែង), សម្ភាសដោយ ផេង ពង្សរ៉ាស៊ី, ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ទីកន្លែងសម្ភាស៖ ភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
[3] ជុំ សុផល (គ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន អង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង), សម្ភាសដោយ ផេង ពង្សរ៉ាស៊ី, ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ ទីតាំងសម្ភាស៖ ឃុំអង្គរស ស្រុកមេសាង។
[4] ជា ប៉ាក (គ្រូបង្រៀន និងអាចារ្យវត្ត ស្រះតាអឹម ស្រុកមេសាង ខេត្តព្រៃវែង), សម្ភាសដោយ ផេង ពង្សរ៉ាស៊ី, ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។ ទីតាំងសម្ភាស៖ ភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង។
[5] ជិន ថន (អតីតគ្រូបង្រៀននៅសាលាបឋមសិក្សា ស្រះតាអឹម ស្រុកមេសាង ខេត្តព្រៃវែង), សម្ភាសដោយ ផេង ពង្សរ៉ាស៊ី និង សូ ហាន់, ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។ ទីតាំងសម្ភាស៖ ភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង។
[6] ហាស់ ឆឹម (អតីតគ្រូបង្រៀននៅសាលាបឋមសិក្សា ស្រះតាអឹម ស្រុកមេសាង ខេត្តព្រៃវែង), សម្ភាសដោយ ផេង ពង្សរ៉ាស៊ី និង ភា រស្មី, ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ទីតាំងសម្ភាស៖ ភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង។