រឿងរ៉ាវនៅក្នុងភូមិ គួរតែមានសរសេរ ចងក្រងថែរក្សាទុក ឲ្យក្មេងជំនាន់ក្រោយបានដឹង

មជ្ឈមណ្ឌលឯកសារកម្ពុជា[1]បានសម្ភាស និងរៀបចំវេទិកាជាច្រើនក្នុងសហគមន៍ជនជាតិចាម ជាពិសេស ភូមិស្វាយឃ្លាំង ដែលមហាជនស្គាល់ និង មានភាពព្រឺព្រួចចំពោះព្រឹត្តិការងើបបះបោរប្រឆាំងជាមួយខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩។ ការងើបបះបោរប្រឆាំងជាមួយទាហានខ្មែរក្រហម គឺមកពីការគាបសង្កត់លើសេរីភាពនៃការគោរពសាសនា និងការចាប់យកប្រជាជនដែលមានចំណេះដឹងក្នុងភូមិស្វាយឃ្លាំងយកទៅសម្លាប់ ដោយគ្មានហេតុផល។ បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាចំណែកមួយដ៏មានសារសំខាន់ចំពោះការថែរក្សាប្រវត្តិសាស្រ្តទុកសម្រាប់យុវជនជំនាន់ក្រោយបានរៀនសូត្រ និងជាផ្នែកមួយនៃការទប់ស្ដាត់អំពើប្រល័យពូជសាសន៍។ ស្មាន កាជិ[2] ភេទប្រុស អាយុ៥៥ឆ្នាំ (ក្នុងឆ្នាំ១៩៩៩) បានរៀបរាប់ថា ការថែរក្សាទុកនូវប្រវត្តិសាស្រ្តរបស់ជនជាតិចាមក្នុងភូមិស្វាយឃ្លាំង ពីហេតុការបះបោរគួរចងក្រង ថែរក្សាទុកសម្រាប់យុវជនជំនាន់ក្រោយដើម្បីរៀនសូត្រ ឈ្វេងយល់ និងដឹងពីប្រវត្តិសាស្រ្តក្នុងសហគមន៍របស់ខ្លួន។ ហេតុនេះក្នុងនាមជាជំនួយការហាកឹម អ្នកដឹកនាំក្នុងភូមិ, រដ្ឋអំណាចភូមិ ឃុំ និង ចាស់ៗមួយចំនួន នាំគ្នាពិគ្រោះស្រាវជ្រាវ ពីពេលវេលា ថ្ងៃខែ ការចងចាំពីមនុស្សម្នាក់ៗ ក្នុងរឿងរ៉ាវកំឡុងពេលបះបោរ ត្រូវបានកត់ត្រាទុក។ ចំណែកក្នុងវេទិកាកម្រិតមូលដ្ឋាន ដែលប្រារព្ធឡើងក្នុងភូមិស្វាយឃ្លាំង លោក ឆាំង យុ បានលើកឡើងថា «ប្រវត្តិសាស្រ្តរបស់ជនជាតិចាមគឺត្រូវតែថែរក្សាទុក បើមិនដូច្នោះទេ ការឈឺចាប់របស់ជនជាតិចាម និងត្រូវបានបំភ្លេចចោល»។ លោកបានបន្ថែមទៀតថា «ផលប៉ះពាល់នៃការឈឺចាប់នឹងមិនត្រូវបានដោះស្រាយទេ ដរាបណាយើងមិនហ៊ានប្រឈមមុខនឹងការឈឺចាប់ទាំងនោះ»[3]។
សព្វថ្ងៃអ្នកភូមិស្វាយឃ្លាំង ដែលជាជនរងគ្រោះនៃការបង្រ្កាបការបះបោរ និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មួយចំនួនធំបានបាត់បង់ជីវិតទៅហើយក៏ពិតមែន ប៉ុន្តែសាច់រឿង និង បទសម្ភាសរបស់គាត់ត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជា ចងក្រង ថែរក្សា តម្កល់ទុកជាឯកសារសម្រាប់យុវជនជំនាន់ក្រោយបានសិក្សាស្រាវជ្រាវជាមេរៀន។
ខាងក្រោមនេះគឺជាការចែករំលែកបទពិសោធន៍ក្នុងរបបខ្មែរក្រហម របស់លោក ស្មាន កាជិ ជាមួយក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា៖
ខ្ញុំរស់នៅក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆា្មរ តាំងពីកុមារភាព ព្រមទាំងបានឆ្លងកាត់របបសង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្ដេចព្រះ នរោត្តម សីហនុ និងបន្តមក របបខ្មែរក្រហម ដែលមកគ្រប់គ្រងក្នុងភូមិស្វាយឃ្លាំងក្នុងអំឡុងក្រោយរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីតំណែង។ ដំណាក់កាលដំបូងៗ ខ្មែរក្រហមមិនទាន់ធ្វើការគាបសង្កត់មកលើជនជាតិចាមខ្លាំងក្លានោះទេ គ្រាន់តែបង្កើតរូបភាពធ្វើការជាក្រុមសាមគ្គីបង្កបង្កើនផលក្នុងឆ្នាំ១៩៧៣។ ដល់ឆ្នាំ១៩៧៤ ខ្មែរក្រហមក៏ចាប់ផ្ដើមបង្កើតទៅជាសហករណ៍នៅតាមភូមិ តែជាសហករណ៍លក់ដូរ។ សហករណ៍លក់ដូរគឺអង្គការប្រើពាក្យ «ពាណិជ្ជកម្ម» ដោយមានអ្នកចាំទទួលទិញផលិតផលពីប្រជាជន យកទៅដាក់សហករណ៍ធំនៅភូមិរកាខ្នុរ រួចត្រូវលក់ចេញឲ្យប្រជាជនវិញ។ ស្ថានភាពបែបនេះ គឺបង្កឲ្យប្រជាជនមានការអាក់អន់ចិត្តជាមួយថ្នាក់ដឹកនាំក្នុងភូមិឃុំ ទោះបីជាមានការចែករបបឲ្យហូបតាមផ្ទះរៀងៗខ្លួនក៏ដោយ។ បន្ទាប់មកខ្មែរក្រហមបានរំសាយសហករណ៍លក់ដូរ អង្គការក៏បង្កើតទៅជាសហករណ៍រួម គឺតម្រូវឲ្យមានការហូបរួម ប្រមូលសម្ភារពីប្រជាជនយកទៅដាក់រួម។ ក្នុងអំឡុងឆ្នាំ១៩៧៣-១៩៧៤ នេះដែរ ខ្មែរក្រហមបានរើសយកមនុស្សសំខាន់ៗ ដែលអាចហៅថាជាចាស់ព្រឹទ្ធចារ្យ ហាកឹម តួន ក្នុងភូមិយកសម្លាប់។ ការគោរពប្រតិបត្តិសាសនា ឬសកម្មភាពប្រពៃណីផ្សេងៗ គឺត្រូវអង្គការចាប់ផ្ដើមហាមឃាត់ និង ចាត់ទុកថាសាសនាគឺពុករលួយ។ ពេលនោះភូមិរបស់ជនជាតិខ្មែរ ក៏អង្គការរើសយកដង្ខៅមួយចំនួនយកទៅសម្លាប់ តែមានចំនួនតិចជាជនជាតិចាម។
ក្នុងឆ្នាំ១៩៧៥ មូលហេតុដែលនាំឲ្យមានការងើបប្រឆាំងជាមួយកងកម្លាំងខ្មែរក្រហម ដំបូងមកពីការបាត់ខ្លួនអ្នកមានចំណេះដឹងក្នុងភូមិ រួចក៏ឃើញថាអង្គការមានគោលដៅ ចាប់ប្រជាជនចំនួន៨០នាក់ទៀត យកទៅសម្លាប់។ អ្នកភូមិបានដឹងផែនការនេះ ក៏ព្រោះ តាថុល អតីតមានតួនាទីជាមេឃុំ និង បានដឹងតាមរយៈមិត្តភក្តិជាជនជាតិខ្មែរ បានលួចប្រាប់ប្រជាជនភូមិស្វាយឃ្លាំង និង សុំឲ្យអ្នកភូមិប្រុងប្រយ័ត្នខ្លួនជាមុន ព្រោះសភាពការយប់នេះមិនស្រួលទេ។ ពាក្យថាសភាពការមិនស្រួលស្ថិតក្នុងរបបខ្មែរក្រហម គឺធ្វើឲ្យប្រជាជនមានភាពភ័យខ្លាចជាខ្លាំង ព្រោះមិនមែនប្រើលើបញ្ហាវ៉ៃខ្មាំងនៅសមរភូមិអ្វីនោះទេ គឺមានតែសំដៅលើការចាប់ប្រជាជនក្នុងភូមិយកទៅសម្លាប់។ ដូចស្ថានភាពកន្លងមក រាល់យប់ខ្មែរក្រហមចាប់អ្នកភូមិចង រួចដាក់លើរទេះសេះយកទៅបាត់រហូតដល់សព្វថ្ងៃ។ អ្នកភូមិបានដឹងសភាពការហើយក៏ត្រៀមខ្លួនជាមុន តែផ្ទះនីមួយៗគ្មានអ្វីសម្រាប់តតាំងជាមួយខ្មែរក្រហមនោះទេ ព្រោះអង្គការបានប្រមូលកាំបិត ដាវ ពូថៅ និង ផ្គាក់យកទៅដាក់ក្នុងសហករណ៍រួម ដូច្នោះតាមផ្ទះនីមួយៗមានតែត្រូវបិទទ្វារទាំងអស់ គ្មានអ្នកណាហ៊ានយំ គ្មានអ្នកណាហ៊ានស្រែកអ្វីទេ មានតែយប់ឡើងពន្លត់ចង្កៀងចូលសម្រាលរៀងៗខ្លួន។ នៅវេលាម៉ោង៦ល្ងាច ក៏ស្រាប់តែមានកងកម្លាំងខ្មែរក្រហមមកចាប់អ្នកភូមិ យុវជនក្នុងភូមិប្រហែលជា២០នាក់ បានងើបប្រឆាំងឡើង ព្រមទាំងសម្លាប់កងកម្លាំងខ្មែរក្រហមម្នាក់ឈ្មោះ ច្រែត។ ព្រឹកថ្ងៃបន្ទាប់ទាហានខ្មែរក្រហមចូលមកតាមផ្លូវទឹក ធ្វើការវាយប្រហារយ៉ាងសន្ធឹកមកកាន់ភូមិស្វាយឃ្លាំង ក្នុងគោលបំណងកម្ទេចភូមិទាំងមូល។
ក្រោយពីការបង្រ្កាបរួច អ្នកភូមិគ្មានសិទ្ធិរស់នៅក្នុងភូមិបន្តទៀតទេ គឺត្រូវកងទ័ពខ្មែរក្រហមចាប់ជម្លៀសចេញភ្លាមៗ ដើម្បីយកទៅឃុំឃាំងនៅឡថ្នាំ វត្ត សាលារៀន ស្ថិតនៅមន្ទីរស្រុកក្រូចឆ្មារ។ ខ្ញុំត្រូវខ្មែរក្រហម ឃុំនៅក្នុងឡថ្នាំរយៈពេល២៥ថ្ងៃ។ ស្ថិតនៅទីតាំងឃុំខ្លួន ជារៀងរាល់យប់កងសន្តិសុខតែងតែមកហៅប្រុសៗយកទៅសួរចម្លើយ។ អ្នកខ្លះមានសំណាងបានត្រឡប់មកកាន់កន្លែងឃុំឃាំងវិញ អ្នកខ្លះទៀតក៏បាត់ខ្លួន។ ខ្ញុំត្រូវអង្គការជម្លៀសម្ដងទៀត ទៅខាងភូមិសូភាសទី១ សង្កាត់សូភាស ស្រុកស្ទឹងត្រង់។ គ្រួសារខ្ញុំនៅរស់នៅក្នុងជង្រុកស្រូវរបស់អ្នកមូលដ្ឋាន និងត្រូវទៅធ្វើការងារ គឺភ្ជួរដី និង រាស់ដីស្រែ។ ចំណែករបបអាហារគឺត្រូវទៅហូបក្នុងរោងបាយសហករណ៍រួម។ អង្គការដឹងថាខ្ញុំជាជនជាតិចាម មិនហូបសាច់ជ្រូក ហេតុនេះអង្គការតម្រូវឲ្យហូបសាច់ជ្រូក ដោយឈ្លបកូនក្មេងចាំមើលយើងជានិច្ច។ ក្នុងករណីមិនព្រមហូបសាច់ជ្រូក គឺក្មេងនោះនឹងវាយក្បាលយើងពីក្រោយ។
ឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសបានរំដោះរួច ខ្ញុំនិងគ្រួសារក៏ត្រឡប់មកភូមិស្វាយឃ្លាំងវិញ។ ក្នុងភូមិផ្ទះធំៗត្រូវខ្មែរក្រហមរុះរើអស់ វិហារក៏បាត់ សូវ៉ាវ ចំនួនពីរក៏ខ្ទេចខ្ទីអស់។ ក្នុងភូមិនៅមានប្រជាជនដែលខ្មែរក្រហមជម្លៀសមករស់នៅ មិនទាន់បានចាកចេញនោះទេ។ អ្នកភូមិក៏នាំគ្នាចរចារជាមួយអ្នកភូមិទាំងនោះ ដើម្បីទាមទារផ្ទះរស់នៅវិញរៀងៗខ្លួន។ ខ្ញុំក៏ត្រូវរបបរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ស្នើឲ្យធ្វើជាមេភូមិ និង ត្រូវទៅរៀននៅមន្ទីរស្រុករយៈកាលមួយអាទិត្យម្ដង ឬ ពីរដង ទៅតាមការតម្រូវ។
ឆ្នាំ១៩៨៥ ខ្ញុំនិងចាស់ៗក្នុងភូមិ បាននឹកឃើញចង់សរសេររឿងរ៉ាវ ដែលខ្មែរក្រហមបានប្រព្រឹត្តមកលើភូមិស្វាយឃ្លាំងទុកជាប្រវត្តិសាស្រ្តសម្រាប់ក្មេងៗជំនាន់ក្រោយ។ ខ្ញុំជាអ្នកកត់ត្រាផ្ទាល់ ដោយស្ដាប់ពីការរៀបរាប់ពីឈ្មោះ សុះ មីន, ប៉ិន ម៉ាត់, សេន កូប, លី តាំ និង លី ទូម៉ាន។ តែដោយសារអក្សររបស់ខ្ញុំមិនស្អាត បានជាសរសេរបានតែពីរទំព័រ៕
អត្ថបទដោយ មីន សាណាស់
[1]ប្រវត្តិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) https://khmerrougehistory.org/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9E%B7%E1%9F%92%E1%9E%8F%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B-dc-cam-link/
[2] ស្មាន កាជិ ផ្ដល់បទសម្ភាស ជាមួយលោក ឆាំង យុ (នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា) លោក អ៊ីសា ឧស្មាន , ផាត កុសល្យ និង ស៊ឹម សូរិយា ក្នុងឆ្នាំ១៩៩៩ និង ឆ្នាំ២០០០ (ឯកសារលេខ D24673-D24675)
[3] រ៉េនដល ឌើហ្វាល់កូ , ស្រង់ចេញពីទស្សនាវដ្តីស្វែងរកការពិតលេខ ១២០ ខែធ្នូ ឆ្នាំ២០០៩ ក្នុងផ្នែកប្រវត្តិសាស្រ្ត និងការស្រាវជ្រាវ