ដោយពិបាកក្នុងការហូបចុកពេក ខ្ញុំនិងគ្រួសារ ធ្លាប់សម្រេចចិត្តរត់ទៅប្រទេសវៀតណាម

ខ្ញុំឈ្មោះ ម៉េត សារ៉ស់[1] ភេទស្រី អាយុ៤៥ឆ្នាំ ក្នុងឆ្នាំ២០០៥ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិស្ទឹងស្លូត(វ៉ាមី) ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ខ្ញុំមានស្រុកកំណើតនៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្រី៣នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ខ្ញុំមានឪពុកឈ្មោះ ស៊ឹម ម៉េត និង ម្តាយឈ្មោះ ម៉ារីយ៉ាស់។ គ្រួសារខ្ញុំមានមុខរបរជាអ្នកនេសាទត្រី។
នៅឆ្នាំ១៩៧៣ គ្រួសារខ្ញុំបានទៅរស់នៅទីក្រុងភ្នំពេញដើម្បីគេចពីភាពចលាចលនៃសង្គ្រាមទម្លាក់គ្រាប់បែក។ កាលនោះ ខ្ញុំ និង គ្រួសារ បានទៅរស់នៅ ខណ្ឌចំកាមន ប៉ុន្តែពុំមានកន្លែងស្នាក់នៅត្រឹមត្រូវទេ។ គ្រួសារខ្ញុំប្រកបរបរនេសាទត្រី និងរស់នៅតាមទូក ដែលយើងបានចតនៅមាត់ទន្លេ។
រហូតមកដល់ឆ្នាំ១៩៧៥ ខ្មែរក្រហម បានផ្លោងគ្រាប់ចូលមកក្នុងទីក្រុងភ្នំពេញ គ្រួសារខ្ញុំបានគេចពីគ្រាប់ផ្លោងម្តងទៀត ដោយចេវទូកទៅចតនៅ ជ្រោយចង្វារ។ រយៈពេល៤ ទៅ ៥ ថ្ងៃក្រោយមក បន្ទាប់ពីខ្មែរក្រហម បានទទួលជ័យជម្នះទៅលើទីក្រុងភ្នំពេញ ខ្មែរក្រហម បានបណ្តេញគ្រួសារខ្ញុំ និងឱ្យគ្រួសារខ្ញុំ ធ្វើដំណើរតាមទូក វិលត្រឡប់មកភូមិកំណើតវិញ។ ស្របពេលដែលខ្ញុំ ធ្វើដំណើរតាមទូកមកកាន់ភូមិកំណើត ក៏មានប្រជាជនជាច្រើននាក់ទៀត ធ្វើដំណើរតាមទូកដែរ។ ប្រជាជនខ្លះ ដោយទូករបស់ខ្លួនមាន ម៉ាស៊ីន ក៏ជួយសន្តោងទូកប្រជាជនផ្សេងទៀតដែលពុំមានម៉ាស៊ីន។ បន្ទាប់ពីធ្វើដំណើរមកដល់ភូមិកំណើត ខ្មែរក្រហម មិនឱ្យប្រជាជនដែលទើបតែជម្លៀសមកថ្មីៗ មកនៅភូមិកំណើតទេ។ ខ្មែរក្រហម បានជម្លៀសប្រជាជនជនជាតិចាមជាច្រើននាក់ ទៅរស់នៅជុំគ្នានៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្រជាជនរាបសិបគ្រួសារដែលទើបតែជម្លៀសមក ដោយអ្នកខ្លះ បានធ្វើរោងដើម្បីស្នាក់នៅរៀងខ្លួន និង អ្នកខ្លះទៀត ក៏រស់នៅលើទូក ចតនៅមាត់ទន្លេ។ ជាក់ស្តែង ពេលនោះគ្រួសាររបស់ខ្ញុំ ក៏បន្តរស់នៅលើទូកមួយរយៈ រហូតដល់ខ្មែរក្រហម បានរៀបចំភូមិឃុំរួចរាល់ ក៏ជម្លៀសគ្រួសារខ្ញុំដោយថ្មើរជើង ទៅភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក បន្តទៀត។ មូលហេតុដែលខ្មែរក្រហម តែងតែធ្វើការជម្លៀសដូច្នេះគឺ ដោយសារតែក្នុងមួយភូមិ ខ្មែរក្រហម អនុញ្ញាតឱ្យប្រជាជនជនជាតិចាម រស់នៅត្រឹមតែ៤ ឬ ៥ គ្រួសារប៉ុណ្ណោះ។ និយាយអំពីសកម្មភាព ធ្វើដំណើរទៅដល់ភូមិព្រៃខ្មៅភ្លាម អង្គការបានហៅនារីៗទាំងអស់រួមទាំងខ្ញុំ ឱ្យទៅកាន់សក់ខ្លី។ ពេលនោះខ្ញុំប្រកែកដែរ ប៉ុន្តែប្រកែកមិនបាន។ អង្គការនិយាយថា ត្រូវតែកាត់សក់ខ្លីជាដាច់ខាត។ បន្ទាប់មក អង្គការ ចាប់ផ្តើម ប្រើប្រជាជនឱ្យធ្វើស្រែចម្ការ។ ការងាររបស់ខ្ញុំនៅពេលនោះគឺ ធ្វើស្រែស្ទូងដក។
នៅឆ្នាំ១៩៧៦ សហករណ៍ ភូមិថ្មី ស្ថិតនៅក្នុងស្រុកពាមរក៏ ខេត្តព្រៃង ដែលជាភូមិ គ្រួសារខ្ញុំធ្លាប់ទៅប្រកបរបររកស៊ី និង នេសាទត្រីនៅទីនោះពីមុនមក ត្រូវប្រជាជនដឹងថា ឪពុកខ្ញុំ ចេះនេសាទត្រី ក៏ស្នើសុំសហករណ៍ ឱ្យគ្រួសារខ្ញុំ មករស់នៅភូមិថ្មីនេះ ដើម្បីនេសាទត្រីជួនអង្គការ។ ស្របពេលដែលមានការហូបចុករួមនេះដែរ ខ្ញុំមានការពិបាកចំពោះការហូបចុកជាខ្លាំង។ ជួនកាលខ្ញុំមិនដឹងខ្លួន ត្រូវចុកភៅដួសសម្លខ្លាញ់ជ្រូកឱ្យហូប ជួនកាលបានហូបសម្លធម្មតា ប៉ុន្តែមិនសូវបានហូបឆ្អែតទេ។ នៅពេលហូបមិនឆ្អែតដូច្នេះ ជួនណាយប់ឡើង មេឃជិតភ្លឺ ខ្ញុំបានដើរទៅរើសផ្លែពុទ្ទ្រាហូប។ ស្រុកខ្ញុំហូបបបរដំឡូងលាយពោត ហើយជួនកាលស្ងោរពោតសុទ្ធ។ ជួនណាទៀត នៅពេលខ្ញុំឃ្លានពេក ខ្ញុំក៏លួចដកដំឡូងដែលដាំខ្លួនឯងនៅក្រោយផ្ទះយកមកហូប ប៉ុន្តែមិនហ៊ានដកឱ្យអង្គការដឹងទេ។ ដោយពិបាករឿងបញ្ហាហូបចុកពេក មានពេលមួយគ្រួសារខ្ញុំ បានសម្រេចចិត្តនាំគ្នាជិះទូក និង ហែលទឹកទាំងគ្រួសារ រត់ទៅប្រទេសវៀតណាម។ នៅសល់តែខាងដន្លង ឪពុកខ្ញុំ ដែលមិនបានទៅ ប៉ុន្តែត្រូវខ្មែរក្រហមយកទៅសម្លាប់អស់សមាជិកចំនួន៧នាក់ ដោយសារតែ ជាប់សាច់ញាតិជាមួយជនជាតិវៀតណាម។ គ្រួសារខ្ញុំ ធ្វើដំណើរពុំបានទៅដល់ប្រទេសវៀតណាមផង ក៏ត្រឡប់មកវិញ ដោយសារតែខ្លាចខ្មែរក្រហមយកទៅសម្លាប់ ហើយគ្រួសារខ្ញុំ បានធ្វើការងារជួនអង្គការ ដូចជា ធ្វើស្រែ ស្ទូងដក លើកទំនប់ និង ជីកប្រឡាយ រហូតដល់ កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះប្រទេសកម្ពុជាពីទិសខាងកើត និង សង្គ្រោះប្រជាជនបានជាបន្តបន្ទាប់នៅខែមករា ឆ្នាំ១៩៧៩[2]។
ក្រោយបែក សម័យខ្មែរក្រហម ប្រហែលជា៧ឆ្នាំ ខ្ញុំបានរៀបការជាមួយ ស្វាមីឈ្មោះ យ៉ា មានមុខរបរជាអ្នកនេសាទត្រី។ រហូតមកដល់ឆ្នាំ២០០៥ ខ្ញុំមានកូនចំនួន៥នាក់ ស្រី៣នាក់ ហើយ បានផ្លាស់ទីលំនៅ មករស់នៅភូមិស្ទឹងស្លូត(វ៉ាមី) ឃុំស្ទឹងស្លូត ស្រុកពាមរក៏ ខេត្តព្រៃវែង។
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារ D៤១៣៧១ តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ម៉េត សារ៉ស់ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិស្ទឹងស្លូត(ភូមិវ៉ាមី) ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៥»។ មានចំនួន២១ទំព័រ។ សម្ភាសដោយ សូ ហ្វារីណា ជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគម្រោង លើកកម្ពស់ឱ្យមានការទទួលខុសត្រូវ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2]ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។