ហែម ភ័ណ្ឌ៖ កងនារីស្រែអំបិល (កំពត)

នៅ ឆ្នាំ១៩៧៥ ភ័ណ្ឌ និងកងតំបន់៣៣ទាំងអស់ ត្រូវបានផ្លាស់ចេញពីផ្សារស្ពឺ បញ្ជូនឲ្យទៅស្រែអំបិលនៅក្នុងខេត្តកំពត។
ភ័ណ្ឌ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ភ័ណ្ឌ ភេទស្រី អាយុ៦៥ឆ្នាំ សព្វថ្ងៃធ្វើមេភូមិក្រពើពីរក្រោម។ ភ័ណ្ឌ មានស្រុកកំណើតនៅភូមិទឹកអំបិល ឃុំល្វៀង ស្រុកសំរោង ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ភ័ណ្ឌ មានឪពុកឈ្មោះ ហែម សែ (ស្លាប់) និងម្ដាយឈ្មោះ ចិន ផាន (ស្លាប់)។ ភ័ណ្ឌ មានបងប្អូន៧នាក់ (ស្រី៤នាក់)។ ភ័ណ្ឌ ជាកូនទី១នៅក្នុងគ្រួសារ ។ ភ័ណ្ឌ មានប្ដីឈ្មោះ អែម អឿន អាយុ៧១ឆ្នាំ (ស្លាប់)។ ភ័ណ្ឌ មានកូនចំនួន៤នាក់ (ស្រីម្នាក់) សព្វថ្ងៃកូនរបស់ ភ័ណ្ឌ មានគ្រួសារអស់ហើយ។
កាលពីក្មេង ភ័ណ្ឌ បានចូលរៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់) នៅសាលានៅបឋមសិក្សា រ៉ូម ដែលស្ថិតក្នុងឃុំល្វៀង ខេត្តតាកែវ។ ភ័ណ្ឌ ចូលរៀនដំបូងមានអាយុប្រហែល៨ឆ្នាំ ។ មុនដំបូង ភ័ណ្ឌ មិនចង់ចូលរៀននោះទេ ដោយសារតែឪពុកម្ដាយបង្ខិតបង្ខំឲ្យចូលរៀន ទើប ភ័ណ្ឌ ចូលរៀន។ ភ័ណ្ឌ ចូលរៀននៅឆ្នាំ ១៩៦៩ ហើយបានឈប់រៀនវិញ។ នៅឆ្នាំ១៩៧០ នៅពេលលោកសេនាប្រមុខ លន់ លន់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ។ បន្ទាប់ពីឈប់រៀនមិនបានកន្លះខែ ភ័ណ្ឌ បានឃើញប្រជាជនជាច្រើនបាននាំគ្នាឡើងទៅធ្វើបាតុកម្មនៅសាលាស្រុកសំរោង ដើម្បីទាមទារឲ្យ សម្ដេចព្រះនរោត្ដម សីហនុ យាងចូលមកក្នុងប្រទេសវិញ។ ប្រជាជនដែលឡើងទៅធ្វើបាតុកម្មភាគច្រើនត្រូវបានកងទ័ពរបស់លោកសេនាប្រមុខ លន់ នល់ បាញ់សម្លាប់ដោយមិនញញើតដៃ ព្រោះដោយសារមានបញ្ជាពីលោកសេនាប្រមុខលន់ នល់ ផ្ទាល់។ ដោយឃើញសភាពការណ៍ច្របូកច្របល់ ឪពុកម្ដាយ ភ័ណ្ឌ បានជម្លៀស ភ័ណ្ឌនិងប្អូនៗទាំងអស់ឲ្យទៅរស់នៅផ្លូវជាតិលេខ៣បានរយៈពេលជិត១ឆ្នាំ ទើបត្រឡប់មករស់នៅស្រុកកំណើតវិញ។
នៅឆ្នាំ១៩៧៣ ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែកដោយទាហានអាមេរិ កាំង មកលើភូមិដែល ភ័ណ្ឌកំពុងរស់នៅ។ នៅ អំឡុងពេលនោះប្រជាជននៅក្នុងភូមិត្រូវបានស្លាប់ និងរងរបួសជាច្រើននាក់ រីឯផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ និងឆាបឆេះគ្មានសល់។ បន្ទាប់ពីស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែកប្រជាជននៅក្នុងភូមិបាននាំគ្នាជីករណ្ដៅត្រង់សេទុកសម្រាប់លាក់ខ្លួន។ គ្រាប់បែកដែលទាហានអាមេរិកកាំងទម្លាក់មកភាគច្រើនសុទ្ធតែ បេ៥២ និងគ្រាប់បែកចង្កោម។ នៅពេលយប់ ប្រជាជននៅក្នុងភូមិមិនសូវហ៊ានសម្រាកប៉ុន្មានទេ ព្រោះដោយសារយន្តហោះអាមេរិកកាំងបានហោះប្រត្រុយជាច្រើនដងក្នុងមួយថ្ងៃ ។
ក្នុងឆ្នាំ១៩៧៤ ភ័ណ្ឌ បានស្ម័គ្រចូលធ្វើជាកងនារីខ្មែរក្រហម នៅក្នុងកងតំបន់៣៣ ដែលដឹកនាំដោយ តា ធី។ បន្ទាប់មក តា ធី បានជ្រើសរើសឲ្យ ភ័ណ្ឌ ចូលធ្វើជានីរសារនៅតំបន់៣៣។ ការងារដែល ភ័ណ្ឌ ត្រូវធ្វើគឺ ត្រូវរត់សំបុត្រពីរណ្ដៅត្រង់សេមួយ ទៅរណ្ដៅត្រង់សេមួយទៀត ពេលដែលមានផែនការផ្លាស់ប្ដូរម្ដងៗ ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលទៅដល់ទីក្រុងភ្នំពេញ ពេលនោះកងតំបន់លេខ៣៣ទាំងអស់ បានចូលវាយទៅតាមផ្លូវចោមចៅ(ភ្នំពេញ) ហើយបានឈរជើងនៅផ្លូវជាតិលេខ៤។ មិនប៉ុន្មានម៉ោងផង កងទ័ពខ្មែរបានវាយរំដោះបានទីក្រុងភ្នំពេញ ហើយបានគ្រប់គ្រងទីក្រុងភ្នំពេញទាំងស្រុង។ បន្ទាប់ពីទទួលបានជ័យជម្នះទៅលើកងទ័ពលោកសេនាប្រមុខ លន់ នល់ កងទ័ពខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ព្រោះខាងកងទ័ពខ្មែរក្រហមត្រូវការបោសសម្អាតអ្នកដែលពាក់ព័ន្ធជាមួយលោកសេនាប្រមុខ លន់ នល់ ប្រជាជនដែលរឹងទទឹងមិនព្រមចេញខ្មែរក្រហមបាញ់សម្លាប់នៅក្នុងផ្ទះតែម្ដង ។ បន្ទាប់ពីចូលកាន់កាប់ភ្នំពេញបានរយៈពេលមួយថ្ងៃ កងតំបន់លេខ៣៣ទាំងអស់ ត្រូវបានដកឲ្យត្រឡប់មករស់នៅផ្សារស្ពឺវិញ (ខេត្តកំពង់ស្ពឺ)។ បន្ទាប់ពីរស់នៅផ្សារស្ពឺបានរយៈពេលប្រហែល១ខែ កងតំបន់៣៣ទាំងអស់ត្រូវបានផ្លាស់ឲ្យមករស់នៅខេត្តកំពត ដើម្បីធ្វើស្រែអំបិលនៅទីនោះ។ នៅពេលផ្លាស់មកក្នុងខេត្តកំពតដំបូង កងតំបន់៣៣ ទាំងអស់ត្រូវបានបញ្ចូលក្នុងក្របខណ្ឌ័រដ្ឋខ្មែរក្រហម ខាងធ្វើអំបិល ។ ភ័ណ្ឌ បាននិយាយបន្តថា សម្រាប់ការងារនៅក្នុងខេត្តកំពត នៅពេលថ្ងៃធ្វើស្រែអំបិល រីឯពេលយប់កាន់កាំភ្លើងយាមនៅតាមឆ្មេរសមុទ្រ។ សម្រាប់ការងារការផលិតអំបិលវិញ នៅខែប្រាំង ភ័ណ្ឌ និងកងតំបន់៣៣ ទាំងអស់ ចាប់ផ្ដើមសម្អាតទីធ្លានៅក្នុងស្រែ ខែវស្សាចាប់ផ្ដើមបូមទឹកដាក់ស្រែ ពេលទទួលបានអំបិលក៏នាំគ្នារែកទាំងយប់ទាំងថ្ងៃដាក់ក្នុងឃ្លាំង ។ ពេលដែលឈឺថ្កាត់ម្ដងៗមានគ្រូពេទ្យចាំជួយពិនិត្យ និងបើកថ្នាំឲ្យលេប ។
ក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ខេត្តកំពត នៅខណៈពេលនោះកងតំបន់៣៣ ទាំងអស់បានប្រមូលកម្លាំង ដើម្បីទៅទប់ទល់ជាមួយកងទ័ពវៀតណាម ដោយកងទ័ពវៀតណាមមានកម្លាំងច្រើនមិនអាចទប់ទល់កងទ័ពតំបន់៣៣ ទាំងអស់បានរត់ចេញពីខេត្តកំពត សំដៅមកព្រំដែនថ្មដា (ខេត្តពោធិ៍សាត់) ហើយបានរត់បន្តចូលទៅរស់នៅក្នុងទឹកដីថៃ។ លុះដល់ខែ១២ ឆ្នាំ១៩៧៩ ភ័ណ្ឌ និងកងតំបន់៣៣បានចេញពីទឹកដីថៃ ត្រឡប់មករស់នៅថ្មដាវិញ ។ ភ័ណ្ឌ រស់នៅថ្មដារហូតដល់ឆ្នាំ១៩៩១ ទើបចុះពីថ្មដាមករស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានបន្តរស់នៅរហូតមកដល់បច្ចុប្បន្ន ដោយប្រកបមុខរបរធ្វើស្រែចម្ការ និងធ្វើជាមេភូមិនៅក្រពើពីរក្រោម៕
អត្ថបទដោយ ចាន់ ណារិទ្ធ