តុង សុថាត់ រំឭកអំពីបទពិសោធន៍ជាគ្រូបង្រៀនក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំមានឪពុកឈ្មោះ លេង វ៉ន និងម្ដាយឈ្មោះ ប៉ាច សៃអេង។[1] ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំរៀនបានថ្នាក់ទី៧ (សង្គមចាស់) នៅសាលាបឋមសិក្សាកំពង់ក្របី។ នៅដើមឆ្នាំ១៩៧០ ខ្ញុំបានបន្តការសិក្សា នៅអនុវិទ្យាល័យ ព្រះសីហនុ នៅទីរួមខេត្តកំពង់ចាម ។ ខ្ញុំបានស្នាក់នៅផ្ទះជាមួយអ្នកគ្រូខ្ញុំដែលស្ថិតនៅក្បែរមាត់ទន្លេ។ ក្នុងរយៈពេល៣ខែដំបូង ខ្ញុំតែងឃើញការធ្វើបាតុកម្មដង្ហែ តាមដងផ្លូវ និងក្រោយមកទៀតមានរដ្ឋប្រហារ លន់ នល់ កើតឡើង។ ខ្ញុំ រៀននៅអនុវិទ្យាល័យព្រះសីហនុ បានរយៈពេល៦ខែ។ ដោយក្តីព្រួយបារម្ភអំពីសុវត្ថិភាព ឪពុករបស់ខ្ញុំក៏ឡើងទៅយកខ្ញុំមកភូមិវិញ។ ខ្ញុំ និងឪពុក បានដើរពេញមួយថ្ងៃចេញ ពីទីរួមខេត្តកំពង់ចាមរហូតដល់ភូមិចំការសាមសិបវិញ។ នៅឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមប្រហែល១០នាក់បានចូលមកដល់ភូមិខ្ញុំដើម្បីប្រកាសប្រាប់ឱ្យអ្នកភូមិចូលរួមជាមួយបដិវត្តន៍ដើម្បីការ ពារទឹកដី។ នៅពេលនោះ ទាហានលន់ នល់ ត្រូវបានបញ្ជូនមកដើម្បីវាយបណ្ដេញកងទ័ពខ្មែរក្រហមចេញពីភូមិ។ ទាហាន លន់ នល់ ដាក់​កម្លាំងឈរជើងនៅបន្ទាយទាហានចំការគយសិ្ថតនៅភូមិកំពង់ក្របី។​ ចាប់ពីឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩​៧៣ ទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម បានប្រយុទ្ធជាមួយគ្នាក្នុងសមរភូមិជាច្រើន។ នៅឆ្នាំ១៩៧២ ភូមិរបស់ខ្ញុំត្រូវកងទ័ពខ្មែរក្រហមវាយរំដោះគ្រប់គ្រង។ នៅពេលនោះ ខ្ញុំបានចូលបម្រើនៅក្នុងកងសិល្បៈឃុំ ដែលមានសមមិត្ត ហ៊ាន ជាប្រធាន។ ការសម្ដែងសិល្បៈបានធ្វើឡើង គឺនៅពេលដែលមានមីទ្ទិញកងទ័ពខ្មែរក្រហម ពីព្រោះទាហាន លន់ នល់ បានបើកការវាយប្រហារទាំងផ្លូវអាកាស និងផ្លូវគោកជាញឹកញាប់។

នៅឆ្នាំ១៩៧៥ ខ្ញុំបានជួបជាមួយឪពុកមាឈ្មោះ ចេក ជឿន ដែលជាមេភូមិមាន់ហើរ។​ សមមិត្ត ជឿន បានរៀបចំផ្ទះឈើរបស់អ្នកភូមិចំនួន៣ខ្នង ដើម្បីប្រើប្រាស់ជាថ្នាក់រៀន និងកន្លែងស្នាក់នៅ៖ ផ្ទះទី១ គឺសម្រាប់បង្រៀនថ្នាក់ទី១, ផ្ទះទី២ គឺសម្រាប់បង្រៀនថ្នាក់ទី២ និងផ្ទះទី៣ គឺសម្រាប់បង្រៀនថ្នាក់ទី៣។ ទីកន្លែងបង្រៀនគឺធ្វើឡើងនៅក្រោមផ្ទះ ចំណែកឯទីកន្លែងស្នាក់នៅគឺនៅលើផ្ទះ។ ខ្ញុំត្រូវបង្រៀនថ្នាក់ទី១ ដែលមានកូនប្រជាជនមូលដ្ឋានប្រមាណពី៦ទៅ១០នាក់។ ខ្ញុំបង្រៀនអក្សរខ្មែរនៅពេលព្រឹក និងលេខនៅពេលរសៀល។ នៅពេលសម្រាកថ្ងៃត្រង់ ខ្ញុំ និងកូនសិស្សបានទៅរោងបាយសហករណ៍រួមដើម្បីហូបបាយ។ បន្ទាប់ពីបង្រៀនរួចរាល់ ខ្ញុំបានដឹកនាំកូនសិស្សថ្នាក់ទី១ទៅដំាដំណាំ និងដើរប្រមូលលាមកសត្វមកធ្វើជី។ ខ្ញុំបង្រៀនកូនសិស្សជារៀងរាល់ថ្ងៃ។ នៅចន្លោះចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមភូមិភាគនិរតីចូលមកដល់ និងចាប់ផ្ដើមចាប់ខ្លួនកម្មាភិបាលខ្មែរក្រហមមូលដ្ឋាន យកទៅសម្លាប់ចោល។ ឪពុកមារបស់ខ្ញុំ គឺសមមិត្ត ជឿន ក៏ត្រូវកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់ចោលទាំងគ្រួសារដែរ។ នៅពេលនោះ ខ្ញុំពិតជាភ័យតក់ស្លុតអំពីការចាប់យកទៅសម្លាប់ចោល។ ខ្ញុំបានឃើញអ្នកភូមិចំនួន៥នាក់ ត្រូវគេចាប់ចងដាក់នៅលើរទេះសេះ និងដឹកយកទៅក្រោយភូមិបាត់។

ស្របពេលដែលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីធ្វើការកាប់សម្លាប់ប្រជាជនកាន់តែច្រើនឡើង អ្នក​ភូមិ​ខ្លះក៏រត់ចូលក្នុង​ព្រៃលើភ្នំហាន់ជ័យដើម្បីតស៊ូប្រឆាំងជាមួយខ្មែរក្រហមភូមិភាគនិរតី។ ខ្ញុំដឹងថា ខ្មែរក្រហមមកពីភូមិភាគនិរតី បានដាក់ឈ្មោះឱ្យអ្នកភូមិដែលរត់ភៀសខ្លួនទៅភ្នំហាន់ជ័យទាំងនោះថាជា «ក្រុមខ្មែរស»។ នៅយប់មួយ កងឈ្លបខ្មែរក្រហមបានមកហៅខ្ញុំ យកទៅសម្លាប់នៅក្រោយភូមិ។ ខ្ញុំបាននិយាយផ្តែផ្តាំកូនសិស្ស និងចាកចេញទៅជាមួយកងឈ្លប។ ខ្ញុំត្រូវបានចាប់ចងស្លាបសេក និងដឹកយកទៅដាក់នៅក្បែររណ្ដៅកប់សាកសព។ នៅពេលនោះ កងឈ្លបបានសួរថាតើខ្ញុំចង់ស្លាប់ទៅតាមឪពុកមារបស់ខ្ញុំដែរឬទេ។ ខ្ញុំឆ្លើយតបវិញថា ខ្ញុំមិនចង់ទេ ខ្ញុំដើរតាមអង្គការ។ បន្ទាប់មក កងឈ្លបក៏ដោះលែងខ្ញុំឱ្យវិលត្រឡប់ទៅផ្ទះវិញ។ នៅពេលដែលមកដល់ផ្ទះ កូនសិស្សរបស់ខ្ញុំមានអារម្មណ៍ភ័យផង និងត្រេកអរផង។  បន្ទាប់ពីខ្ញុំត្រូវបានដោះលែងមកវិញ​ ខ្ញុំបន្តបង្រៀនកូនសិស្សដូចធម្មតា ប៉ុន្តែសមមិត្តនារីឈ្មោះ សេរី យុទ្ធ​ គឺជាមេភូមិមកពីភូមិភាគនិរតី​ តែងចុះមកពិនិត្យការបង្រៀនរបស់ខ្ញុំជារឿយព្រមទាំងនិយាយគំរាមកំហែងខ្ញុំគ្រប់ពេលវេលា។ នៅចុងឆ្នាំ១៩៧៧ សមមិត្តនារី យុទ្ធ បានយកខ្ញុំធ្វើជាជំនួយការ ដើម្បីធ្វើបញ្ជី និងកត់ត្រាផ្សេងៗ។ ខ្ញុំបានធ្វើបញ្ជីអំពីប្រជាជននៅក្នុងភូមិមាន់ហើរ ដោយបានប្រើបាស់គំរូបញ្ជីចាស់ ប៉ុន្តែខ្ញុំមិនបានដឹងថាតើបញ្ជីនោះយកទៅប្រើប្រាស់ដើម្បីអ្វីនោះទេ។ ខ្ញុំបានសរសេរលិខិតអំពីការអនុញ្ញាតផ្លាស់ប្តូរមូលដ្ឋានរស់នៅ។ បន្ទាប់ពីសរសេររួចខ្ញុំបានអានឱ្យសមមិត្តនារី យុទ្ធ ស្តាប់​ដើម្បីរកចំណុចកែតម្រូវ។ បន្ទាប់មក ខ្ញុំក៏កែតម្រូវ​តាមអ្វីដែលសមមិត្ត យុទ្ធ ប្រាប់។ នៅពេលដែលខ្ញុំបញ្ចប់ការ​សរសេរលិខិតប្រមាណ៤-១០ច្បាប់ សមមិត្ត យុទ្ធ បានបោះត្រាលើលិខិតទាំងនោះ ដើម្បីបង្ហាញអំពីការអនុញ្ញាតផ្លាស់ប្ដូរមូលដ្ឋានរស់នៅ។ ខ្ញុំបានដឹងមុនថា មុននិងក្រោយ កម្មាភិបាលភូមិភាគនិរតីនឹងយករូបខ្ញុំ​ទៅសម្លាប់ចោល ដូច្នេះខ្ញុំបានលួចលិខិតមួយច្បាប់ និងរត់ចេញពីភូមិមាន់ហើរទៅកាន់ភូមិចំការសាមសិបវិញ។ នៅពេលដែលខ្ញុំមកដល់ភូមិកំណើតវិញ ខ្ញុំបានបង្ហាញលិខិតមានត្រាឈ្មោះ សេរី យុទ្ធ ដល់មេភូមិមូលដ្ឋាន។ ខ្ញុំត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងភូមិ។[1] ខ្ញុំបានរួចផុតពីការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម នៅពេលដែលរបបខ្មែរក្រហមដួលរលំ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះ និងសង្គ្រោះប្រជាជនកម្ពុជា។

 

[1] បទសម្ភាសន៍ជាមួយ តុង សុថាត់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin