ស្នង នឿន ៖ «ពីសុរិន្ទដល់ស្ទឹងត្រែង»

ខ្ញុំឈ្មោះស្នង នឿន[1] អាយុ ៨០ ឆ្នាំ មានបងប្អូន ២នាក់ ខ្ញុំជាកូនទី២ រៀបការនៅឆ្នាំ១៩៦២ ប្ដីខ្ញុំឈ្មោះ ភួយ អូន មានកូន២នាក់ ប្រុស១ ស្រី១ ភួយ មិត និងភួយ ឆេន ម្ដាយឈ្មោះ ឈុំ សំណើន ឪពុកឈ្មោះម៉ៃស្នង ចន្ត្រៃយ ឪពុករបស់ប្ដីខ្ញុំឈ្មោះ តា ភួយ បែបហ្នឹងហើយបានជាកូនរបស់ខ្ញុំកើតមកដាក់ត្រកូលភួយទាំងអស់។
កាលពីអតីតកាលស្រុកកំណើតខ្ញុំនៅសុរិន្ទ ខ្ញុំមកប្រកបមុខរបរស៊ីឈ្នួលកាប់អុសដុតធ្វើធ្យូងនៅអារញ្ញ ពេលនោះខ្មែរក៏បានជ្រើសរើសទាហានខ្មែរសេរី នៅអូរជ្រៅ ស្ថិតនៅដីខ្មែរប្ដីខ្ញុំក៏បានស្ម័គ្រចិត្តចូលធ្វើទាហានជាមួយអ្នកដទៃទៀត គ្រាន់បានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ ចំណែកខ្ញុំប្រកបរបរស៊ីឈ្នួលកាប់អុសដុតធ្យូងឱ្យឈ្មួញកណ្ដាល និងវិចអន្សមលក់។ រាជរដ្ឋាភិបាលកម្ពុជាក៏បានចែកដីឲ្យក្រុមគ្រួសាររបស់ខ្ញុំសម្រាប់ធ្វើកសិកម្ម ដាំពោត ស្រូវ និង ដំណាំទំាងនោះ កំពុងតែល្អស្រាប់តែមេបញ្ជាការបានហៅអ្នករាល់គ្នាទៅលេងបុណ្យបំពាក់ស័ក្តិ ស្ថិតនៅភ្នំវិល័យ ពេលទៅដល់ឃើញឪពុកខ្ញុំកំពង់តែធ្វើម្ហូបសម្រាប់ទទួលឲ្យអ្នករាល់គ្នាបរិភោគ។ ខ្ញុំបរិភោគមិនទាន់ រួចរាល់ផង ស្រាប់តែទាហានយកគោយន្តមកដឹកខ្ញុំ និងអ្នកដែលបានមកចំនួន ១០០គ្រឿង ខ្ញុំចាំបានថាពេលនោះខែពិសាខ មេយកំពង់តែមានភ្លៀងរលឹម មានទាំងក្មេងមានទាំងចាស់ ដាក់មនុស្សមួយគោយន្តៗឡើងចង្អៀតសុទ្ធសឹងតែជាខ្មែរសុរិន្ទ ទាហានថាអ្នកទាំងអស់គ្នាទៅមើលពិធីបំពាក់ស័ក្តិ តែតាមការពិត គេយកខ្ញុំមកខ្មែរសោះ មិនមែនមកមើលបុណ្យបំពាក់ស័ក្តិឯណា។ ពេលមកដល់ ស្វាយស៊ីសាផុន ក្រុងប៉ោយប៉ែត ខ្ញុំក៏មិនទាន់ដឹងថាអ្នកណាយកខ្ញុំមកទីនេះនៅឡើយទេ។ ពេលមកដល់ទាហានក៏បានរៀបចំអាហារទទួលប្រជាជនដែលបានមកដល់។
មិនយូរប៉ុន្មានមានយន្តហោះ ហោះខ្វិតខ្វែងពីលើអាកាស ទាហានដឹកត្រីកញ្ចុះត្រីងៀតមកឲ្យយើងបរិភោគ ខ្ញុំក៏ចាប់ផ្ដើមយំតែម្ដង ម្ដាយ ឪពុក ព្រម ទាំងកូនខ្ញុំទៀត មិនដឹងថាគេយកយើងទៅសម្លាប់ចោលនៅឯណាទេ(នេះជាការភ័យខ្លាចរបស់ខ្ញុំ)ពេលមកដល់ស្វាយស៊ីសុផុន មនុស្សយ៉ាងច្រើនកុះករ ទាហានឲ្យយើងនៅបន្ទាយទាំងក្មេងចាស់ មានមនុស្សទាំងអស់ខ្វះតែបីនាក់ទេគ្រប់ ១០០០ នាក់ ។ ទាហានឲ្យរស់នៅស្វាយស៊ីសាផុនប្រហែលមួយខែ ក៏ខ្ញុំនៅតែមិនទាន់ដឹងថាអ្នកណាបញ្ជាឲ្យ យើងមកនៅទីនេះនៅឡើយទេ។ ក្រោយមកប្ដីខ្ញុំក៏មកតាមខ្ញុំជួបគ្នានៅស្វាយស៊ីសុផុន។ ខ្ញុំយំអត់បាយអត់ទឹកមុនពេលប្ដីខ្ញុំមកដល់ដោយសារតែខ្លាចទាហានយកទៅសម្លាប់ផងពិបាកក្នុងការរស់នៅផង និងមិនចេះភាសាខ្មែរ។
បានមួយខែមានអ្នកតូចអ្នកធំ និងមានយន្តហោះ ហោះចុះហោះឡើងមកមើលយើងហើយ ពេលនោះមេបញ្ជាការក៏បានប្រាប់យើងថាឲ្យ ផ្លាស់ទីទៅពោធិ៍ចិនតុង។ ពេលមកដល់ពោធិ៍ចិនតុងទាហានក៏បានសួរប្ដីខ្ញុំថា តើអ្នកឯងចង់ធ្វើអ្វី? ប្ដីខ្ញុំឆ្លើយថា ខ្ញុំធ្វើទាហាន! អ្នកណាដែលធ្វើទាហានត្រូវទៅរៀននៅខេត្តពោធិ៍សាត់ចំនួន ៣ខែថែមទៀត មានទាំងប្ដីខ្ញុំ និងអ្នកដទៃជាច្រើនទៀត។ ក្រោយមកបាន ៣ខែទាហានក៏បានឲ្យស្រីៗរួមទាំងខ្ញុំ ទៅជួបប្ដីនៅឯពោធិ៍ចិនតុង។ ពេលនោះហើយទើបខ្ញុំបានឃើញសម្ដេចព្រះនរោត្តមសីហនុ។ សម្ដេចបានចែករបស់សព្វគ្រប់ មានទាំងក្រណាត់សង្គមរាស្ត្រនិយម របស់របរប្រើប្រាស់ហូបចុកច្រើនណាស់ ព្រមទាំងថវិកាមួយចំនួនធំផងដែរសម្រាប់មួយគ្រួសារៗ។ នៅវិមានឯករាជ្យសម្ដេចព្រះនរោត្តម សីហនុ មានបន្ទូលថា «អរគុណកូនចៅៗ!» យើងទាំងអស់គ្នាក៏បានស្រែកឡើងថា «ជយោសម្ដេចឪៗ» ខ្ញុំបានឮអ្នករាល់គ្នានាំខ្ញុំស្រែកបែបហ្នឹង ខ្ញុំចេះតែស្រែកតាមទៅ តែការពិតខ្ញុំមិនទាន់ចេះភាសាខ្មែរទេនៅពេលនោះ។ ដល់ពេលចេញពីទីនោះខ្ញុំនិងគ្រួសារក៏បានជិះកប៉ាល់ម៉ារីន ប្រហែលជាបីជាន់ដោយសារទូកធំ និងមានទម្ងន់ធ្ងន់ទើបចំណាយពេលយូររហូតដល់ពីយប់ពីរថ្ងៃពីភ្នំពេញដល់ខេត្តក្រចេះ ខ្ញុំបានឃើញសត្វផ្សោតលោតចេញពីទឹក មនុស្សនាំគ្នាទៅមើលកប៉ាល់ម៉ារីនផ្អៀងមួយចំហៀងខ្ញុំភ័យណាស់តែមិនមានបញ្ហាអ្វីទេ។ ទាហានហៅក្រុមយើងខ្ញុំថា« ខ្មែរសេរី» ពេលឈប់នៅខេត្តក្រចេះទាហានក៏បានបែងចែកគ្នាទៅប្រចាំតាមព្រំដែន មេទាហានបានហៅប្ដីខ្ញុំថា ភួយ អូន ទៅប្រចាំព្រំដែនឡាវ ហើយអ្នកផ្សេងទៀតទៅ រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង អ្នកដែលមកស្ទឹងត្រែងជាមួយខ្ញុំ ទៅសៀមប៉ាងខ្លះ ទៅព្រះរំកិលខ្លះហើយចំណែកខ្ញុំមកប្រចាំនៅអូរស្វាយជាមួយប្ដីខ្ញុំ។
ខ្ញុំមកដល់អូរស្វាយក្នុងឆ្នាំ១៩៦៨ ពេលមកដល់អូរស្វាយដំបូងខ្ញុំបានឃើញមាន ស្នាក់ការ, កន្លែងរាំវង់, ព្រលានយន្តហោះ, បន្ទាយទាហាន, វត្ត, មានផ្សារ, ស្តូបកន្លែងដើមពោធិ៍ និងមានសួនច្បារផ្ការីកស្គុះស្គាយមើលទៅស្រស់ស្អាតខ្លាំងណាស់ តែសព្វថ្ងៃកន្លែងមួយចំនួនធំត្រូវបានបាក់ចូលទន្លេខ្លះហើយ នៅសេសសល់តិចតួចប៉ុណ្ណោះ ដូចជា ស្ដូបនៅកន្លែងដើមពោធិ៍ និងវត្ត។ ពេលខ្ញុំមកដល់អូរស្វាយនៅក្នុងឆ្នាំដដែលខ្ញុំមិនបានរស់នៅផ្ទះកាឡុងដែលសម្ដេចព្រះនរោត្តមសីហនុ កសាងជូន ដូចជាពលរដ្ឋដដៃទេ ព្រោះបានចែកអស់រួចទៅហើយ ខ្ញុំរស់នៅជាមួយនឹងប្ដីរបស់ខ្ញុំនៅក្នុងបន្ទាយ ចំពោះការរស់នៅក្នុងបន្ទាយមិនពិបាកប៉ុន្មានទេ នៅពេលដែលយើងអស់អង្ករ អត់អំបិល អាចទៅបើកនៅ (ផូយេ) អស់របស់ប្រើប្រាស់ខ្ញុំទៅយកនៅទីហ្នឹងបាន ដោយកាត់ប្រាក់ខែតាមអ្វីដែរបានប្រើបា្រស់។
ខ្ញុំរស់នៅអូរស្វាយបាន២ឆ្នាំ ក៏មានទាហានវៀតណាមចូលមកពេញភូមិពេញស្រុកក្រោយមកក៏យន្តហោះអាមេរិ កាំងទម្លាក់គ្រាប់បែកកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលមាននៅអូរស្វាយគ្មានសេសសល់មានតែរណ្ដៅធំៗបន្សល់ទុកគ្រប់ទីកន្លែង។ ខ្ញុំក៏នៅក្នុងទិដ្ឋភាពហ្នឹងដែរនៅពេលដែលយន្តហោះអាមេរិ កាំងទម្លាក់គ្រាប់បែក ខ្ញុំ និង ក្រុមគ្រួសារនាំគ្នាចូលក្នុងរណ្ដៅត្រង់សេមិនហ៊ានចេញមកក្រៅទេមានតែសំងំ នៅក្នុងរណ្ដៅត្រង់សេឮសូរតែសំឡេងផ្ទុះ។ ពេលដែលខ្ញុំដាំបាយធ្វើម្ហូបមិនហ៊ានបង្កាត់ភ្លើងឲ្យហុយចេញផ្សែងខ្លាំងទេព្រោះយន្តហោះអាមេរិ កាំងឲ្យតែឃើញផ្សែងនៅទីណាទម្លាក់គ្រាប់នៅទីនោះ។ ដូច្នេះហើយនៅពេលដាំបាយបរិភោគមួយពេលចំណាយពេលរាប់ម៉ោងទើបឆ្អិនបានបរិភោគ។
បន្ទាប់មកទៀតខ្មែរក្រហមក៏បានចូលមកអូរស្វាយក្នុងឆ្នាំ ១៩៧៥ នៅពេលដែលខ្មែរក្រហមចូលមកក្នុងភូមិមុនដំបូង ខ្មែរក្រហមបានធ្វើនយោបាយឲ្យអ្នកភូមិជឿ ខ្មែរក្រហមឲ្យយើងសាមគ្គីគ្នា បរិភោគបាយនៅពេលល្ងាចរួចហើយនាំគ្នារាំ គឺខ្មែរក្រហមធ្វើយ៉ាងណាឲ្យយើងជឿទៅលើនយោបាយរបស់អង្គការ។ ខ្មែរក្រហមក៏បានចាប់ផ្ដើមប្រើខ្ញុំឲ្យបិតជម្រូង (បិតឈើស្រួច)សម្រាប់យកទៅដាក់តាមព្រុំដែននៅពេលដែលសត្រូវដើរជាក់ធ្វើឲ្យមុតដើង ស្រីៗជាអ្នកបិត នៅពេលធ្វើរួចហើយអង្គការបានបញ្ជាឲ្យមនុស្សប្រុសជាអ្នកយកទៅដាក់។ បន្ទាប់មកអង្គការចាប់ផ្ដើមឲ្យធ្វើស្រែប្រវ៉ាស់ដៃក្រោយមករឹតបន្តឹង ងទៅៗ ចាប់ផ្តើមឲ្យធ្វើស្រែរួម បរិភោគរួមអ្វីៗគឺរួមទាំងអស់។ ចំណែកកូនរបស់ខ្ញុំ ប្ដីរបស់ខ្ញុំអង្គការមិនបានឲ្យនៅជុំគ្នាទេអង្គការបានបំបែកចេញពីខ្ញុំទាំងអស់ កូនខ្ញុំអាយុ ៧ ឆ្នាំ ៨ ឆ្នាំ អង្គការថាឲ្យទៅមន្ទីរកុមារ អង្គការឲ្យទៅកាប់ដើមទន្ទ្រានខេត្ត មើលគោ មើលក្របី លីអុស ដកសំណាបម្នាក់ ២០ កណ្ដាប់ ដករួចហើយទើបអង្គការឲ្យកូនខ្ញុំទៅមន្ទីរកុមារវិញ។ ខ្ញុំវិញអង្គការប្រើឲ្យទៅគាស់គល់ឈើកាប់ឫស្សីព្រៃ មួយថ្ងៃតម្រូវឲ្យខ្ញុំកាប់មួយគុម្ព ទាំងដែរខ្ញុំកំពង់មានផ្ទៃពោះយ៉ាងពិបាក។ ចំណែកឯការបរិភោគអាហារវិញអង្គការឱ្យមួយថ្ងៃបរិភោគតែពីរដងទេ ព្រឹក និងល្ងាចដោយបរិភោគម្ដងមួយចានចង្កឹះប៉ុណ្ណោះ ខ្ញុំបរិភោគមិនឆ្អែតទេពេលដែលខ្ញុំដើរទៅស្រែតែងតែបេះស្លឹកឈើហូបតាមផ្លូវមានតែអំបិល ទឹកប្រហុក យូរៗទើបបានត្រីម្ដង យូរៗទៅទើបបានសាច់ម្ដង។ ខ្ញុំអាចរស់បានដោយសារតែ មើមក្ដួចមើមដំឡូង ខ្ញុំឆ្លៀតពេលដែលអង្គការឲ្យសម្រាកប្រហែលមួយម៉ោង ខ្ញុំបានដើរទៅជីកយកមើមក្ដួច និងមើមដំឡូងយកមកទុក នៅពេលយប់ឡើងចិតត្រាំទឹកទុកគ្រាន់បានបរិភោគ បានហូបមើមក្ដួច មើមដំឡូង ទើបបានឆ្អែត តែបើបាយរបបដែលអង្គការឲ្យបរិភោគមិនដែរបានឆ្អែតទេ។ នៅក្នុងរបបខ្មែរក្រហមប្រហែល ២ឆ្នាំអង្គការក៏ចាប់ផ្ដើមយកឆ្នាំងយកចានមិនដឹងយកទៅណាអស់ទេ អង្គការទុកតែខោអាវពីរសម្រាប់ សម្រាប់ផ្លាស់ប្ដូរ។ អង្គការក៏បានឲ្យស្បោងមួយតូចក្នុងនោះមានស្លាបព្រាមួយ គ្រប់ៗគ្នា ខ្មែរក្រហមក៏បានជម្លៀសចេញពីអូស្វាយទៅនៅគុជចំបក់ បានប្រហែលមួយឆ្នាំខ្មែរក្រហមក៏ជម្លៀសខ្ញុំឲ្យទៅនៅញើន។ នៅពេលដែលខ្ញុំបានទៅជីកទំពាំងដូចមានអ្វីនាំខ្ញុំឲ្យដើរទៅកន្លែងមួយដែរអាថ៍កំបាំងអញ្ចឹង ខ្ញុំចេះតែដើរទៅៗ ស្រាប់តែខ្ញុំបានទៅជួបកន្លែងមួយ ខ្ញុំបានឃើញមានដប គល់ឫស្សីបួនដប់កំណាត់នៅលើខ្ទម ខ្ញុំច្បាស់ក្នុងចិត្តណាស់ថាជាគល់ឫស្សីសម្រាប់សម្លាប់មនុស្ស រួចហើយខ្ញុំបានឃើញស្រះមានព្រៃដុះពីលើជិតឈឹង ខ្ញុំក៏បានមើលទៅក្នុងស្រះទឹកនោះទឹកឡើងខៀវ មានឃើញក្បាលមនុស្សទាំងតូចទាំងធំនៅពាសពេញស្រះ ពេលនោះហើយទើបខ្ញុំភ្ញាក់ខ្លួនថាមកធ្វើអ្វីកន្លែងនេះ ខ្ញុំបានមើលឆ្វេងមើលស្ដាំខ្ញុំរត់គ្មានឈប់នោះទេរហូតដល់មន្ទីរវិញ។ ពេលមកដល់កន្លែងវិញខ្ញុំមិនហ៊ាននិយាយប្រាប់អ្នកណាទាំងអស់ រហូតមកដល់បច្ចុប្បន្នទើបខ្ញុំហ៊ាននិយាយប្រាប់។ នៅកន្លែងនោះគេហៅថាព្រៃ ដកពរ ខ្ញុំចាំបានថាដើរទៅភាគឦសាន ប្រហែលជា ៥គីឡូពីមន្ទីរដែលខ្ញុំរស់នៅ។
ចំពោះការលំបាករបស់ខ្ញុំ នៅពេលដែលខ្ញុំមានផ្ទៃពោះអង្គការបានប្រើខ្ញុំឲ្យទៅជញ្ជូនគល់ឈើ, គល់ឫស្សី ដែរកាត់ជាកង់ៗរួចហើយយកគល់ឈើ និងគល់ឫស្សីទាំងនោះទៅដាក់នៅដំបូក ខ្ញុំពិបាកខ្លាំងណាស់ទើបអាចមានជីវិតដល់សព្វថ្ងៃនេះ។ បន្ទាប់មកខ្ញុំ សម្រាលកូនបានប្រហែលមួយខែ អង្គការមិនបានឲ្យនៅទំនេរទេអង្គការឲ្យខ្ញុំមើលកូន ដេរកន្ទេល ខ្ញុំឈឺចុករោយចង្កេះដល់បច្ចុប្បន្នដោយសារតែមើលកូនផងត្បាញកន្ទេលផង។ មួយខែក្រោយមកអង្គការចាប់ផ្ដើមបំបែកកូនចេញពីខ្ញុំ អង្គការឲ្យខ្ញុំទៅធ្វើការចំណែកឯកូនរបស់ខ្ញុំវិញ អង្គការចងជើងមិនឲ្យទៅណារួចទេ ខ្ញុំសែនអាណិតកូន។ ពេលមកពីធ្វើការវិញឃើញមុខកូនមានតែស្រក់ទឹកភ្នែករយៈពេលពីរខែ អង្គការឲ្យយកកូនមកតាម ខ្ញុំមិនដឹងយកកូនទៅទុកនៅឯណានៅពេលខ្ញុំចុះធ្វើការមានតែទុកនៅតាមគល់ឈើយកតែក្រណាត់កៅស៊ូក្រប ធ្វើការផងមើលកូនផង ក្រោយមកកូនខ្ញុំក៏ស្លាប់ទៅដោយសារតែជំងឺ និងមើលថែមិនបានដិតដល់។ ប្ដីរបស់ខ្ញុំត្រូវបានខ្មែរក្រហមរកយកទៅសម្លាប់ចំនួនបីដងតែមិនស្លាប់មូលហេតុ ពេលនោះ អង្គការថាឲ្យប្ដីខ្ញុំចាំចម្លងមនុស្សមកពីអូរស្វាយ ពេលនោះខ្ញុំរស់នៅកោះព្នៅ ខ្ញុំនិយាយថា«យកប្ដីខ្ញុំទៅសម្លាប់ចោលមិនដឹង មានមនុស្សឯណា ចាំចម្លងនោះ» កាលពីពេលនោះមនុស្សត្រូវបានខ្មែរក្រហមជម្លៀសចេញពីអូរស្វាយអស់ហើយ ខ្ញុំក៏ហាមថា «ទេ ខ្ញុំមិនឱ្យប្ដីខ្ញុំទៅទេមានតែយកប្ដីខ្ញុំទៅសម្លាប់ចោលហើយ ខ្ញុំមិនឲ្យទៅទេ» ប្រកែកគ្នាមួយសន្ទុះក៏ទាហានខ្មែរក្រហមឲ្យត្រឡប់ទៅវិញ។ មកដល់ពេលយប់ជ្រៅខ្ញុំក៏បានឮសំឡេងឆ្កែព្រុស គេមកម្ដងទៀត លើកនេះមានគ្នាពីរនាក់មានកាំភ្លើងគ្រប់ដៃហៅប្ដីខ្ញុំថា«អូនៗ ងើបៗ ក្រោកមកនេះបន្តិច»ប្ដីខ្ញុំក៏ស្រវ៉ាកាំបិតដែលមាននៅក្បាលដំណេកយកទៅជាមួយដែរ ចំណែកខ្ញុំក៏ងើបបីកូនដើរទៅជាមួយគ្នា។ ខ្ញុំបាននិយាយជាមួយប្ដីខ្ញុំរួចហើយថា មានរឿងអ្វីក៏មានជាមួយគ្នាដែរ។ ប្ដីខ្ញុំកាន់កាំបិតជាប់នឹងដៃដើរកៀកនិងអ្នកស្ពាយកាំភ្លើងដល់ពេលដើរទៅឆ្ងាយប្រហែលវាធ្វើអត់ចេញបានឲ្យប្ដីខ្ញុំនឹងខ្ញុំត្រឡប់មកផ្ទះវិញទាំងយប់។ ដល់ពេលម្ដងទៀតទាហានឲ្យប្ដីខ្ញុំចាំចម្លងមនុស្សទៀត ពីអូរស្វាយទៅកោះព្នៅដោយអង្គការឲ្យកូនទាហានម្នាក់មកហៅប្ដីខ្ញុំ «ទៅអង្គុយចាំនៅកន្លែងស្នាក់ការអូរស្វាយចាំចម្លងទាហាន» ប្ដីខ្ញុំនិយាយថា «បើចង់ឱ្យខ្ញុំទៅចម្លងត្រូវឱ្យកាំភ្លើងខ្ញុំមួយដើមមកបានខ្ញុំទៅ»ដល់រួចហើយទាហានក៏យល់ព្រមឲ្យកំភ្លើងប្ដីខ្ញុំមួយដើម។ ប្ដី ខ្ញុំ មកត្រើយម្ខាងខាងអូរស្វាយ អង្គុយចាំ តែមិនឃើញមានអ្នកណាមកប្ដីខ្ញុំក៏ត្រឡប់មកផ្ទះវិញទៅ ហើយ ម្ដងទៀតមុនពេលក្រុមគ្រួសាររបស់ខ្ញុំទៅនៅគុជចំបក់អង្គការបានហៅឡើងសម្ភាសត្រូវនិយាយប្រាប់អង្គការឲ្យត្រង់កុំកុហកលាក់លៀម ប្ដីខ្ញុំក៏និយាយតាមត្រង់។ កាលពីមុនឡើយពួកខ្ញុំនេះជាជនជាតិថៃទេតែមកធ្វើទាហានខ្មែរសេរីនៅតាមព្រំដែន។ បន្ទាប់មកអង្គការក៏ជម្លៀសគ្រួសាររបស់ខ្ញុំឲ្យទៅនៅគុជចំបក់អង្គការនិយាយថាផ្ញើ គ្រួសារនេះផងពួកគេនេះជាជនជាតិថៃមិនមែនជនជាតិខ្មែរទេធ្លាប់ធ្វើជាទាហានខ្មែរសេរី អង្គការចោទប្រកាន់យើងគ្រប់សព្វ រង់ចាំតែថ្ងៃចូលបញ្ជីខ្មៅទេ។
គ្រួសាររបស់ខ្ញុំក៏មានអ្នកបាត់ខ្លួនដែរ ដោយសារតែពេលឪពុករបស់ខ្ញុំមកពីថៃនោះមេបញ្ជាការបានសន្យាថាដំឡើងស័ក្តិ ក្រោយមកកុហកមិនបានដំឡើងស័ក្តិជូនគាត់មេបញ្ជាការក៏បានសួរគាត់ថាធ្វើទាហានឬ មួយធ្វើស្រែចម្ការឪពុករបស់ខ្ញុំគាត់ខឹងក៏សុខចិត្តទៅធ្វើស្រែ តាំងពីពេលនោះមកបានបែកគ្នាទៅ ម្ដាយខ្ញុំទៅនៅបាត់ដំបងខ្ញុំមកនៅអូរស្វាយ។ បន្ទាប់ខ្មែរក្រហមក៏ចូលមកដល់ក្នុងឆ្នាំ១៩៧៥ បងប្អូនខ្ញុំចេញពីប្រទេសថៃដើម្បីស្វែងរកខ្ញុំតែជាអកុសលត្រូវបានយន្តហោះអាមេរិកទម្លាក់គ្រាប់បែកស្លាប់ ម្ដាយ ប្អូនខ្ញុំពីរនាក់ ក្មួយបីនាក់ ស្លាប់នៅក្នុងរណ្ដៅតែមួយ អត់តែឪពុករបស់ខ្ញុំត្រូវបានទាហានជម្លៀសទៅនៅ កំពង់សោម ឪពុកខ្ញុំក៏យកប្រពន្ធថ្មីជាជនជាតិខ្មែរទៅនៅប្រទេសថៃ តែបច្ចុប្បន្នឪពុកខ្ញុំគាត់បានស្លាប់ហើយ។ នៅក្នុងរបបខ្មែរក្រហមដេកគិតដេកយំរាល់ថ្ងៃបន់ស្រន់ថាអ្នកណាអើយជាអ្នកស្នេហាជាតិអ្នកណាអើយមកសង្គ្រោះឲ្យខ្ញុំរស់រានមានជីវិតខ្ញុំបន់ស្រន់រហូត។ នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយ រំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។[2] ពេលនោះខ្ញុំកំពង់តែលាបលានចំនួន ១០ ប្រហែលម៉ោង១១ ឮសូរតែសំឡេងកាំភ្លើង ចាស់ៗថាវៀតណាមចូលមកហើយកំពង់វ៉ៃជាមួយខ្មែរក្រហម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឮសំឡេងជិតទៅៗ ថ្ងៃមួយនោះមកពីលាបលានវិញ ឃ្លានបាយណាស់ម៉ោង១១ មនុស្សនៅក្នុងភូមិបានរត់ទៅអស់នៅសល់តែក្រុមខ្ញុំដែលទៅលាបលានមិនបានដឹងត្រឡប់មកវិញស្ងាត់ឱ្យឈឹងជួបលោកតាម្នាក់គាត់ប្រាប់ថាយកអ្វីក៏យកទៅអ្នកភូមិបានរត់ទៅអស់ហើយ។ ខ្ញុំក៏បានកើបអង្ករមួយស្បោងរួចឆ្លងទូកពីត្រើយម្ខាងញើនមកខាងគុជចំបក់។ ពេលមកដល់ល្ងាចបាត់ទៅហើយ ចេះតែនាំគ្នារត់ កូនរបស់ខ្ញុំក៏យំ ណាមួយស្ពាយអ៊ីវ៉ាន់ណាមួយបីកូនយ៉ាងពិបាកវេទនាណាស់ ចេះតែរត់គ្មានគោលដៅ ប្ដីក៏ទៅផ្សេងខ្លួនខ្ញុំកាន់តែពិបាក ខ្ញុំបានដេកតាមផ្លូវ។ ព្រឹកឡើងក៏ធ្វើដំណើរទៀតចេះតែទៅដើរតាមអ្នកភូមិ ប្ដីខ្ញុំជាអ្នកដឹកជញ្ជូនគាត់ដឹងស្ថានភាពមិនសូវស្រួលគាត់ក៏វិលត្រឡប់មករកខ្ញុំវិញចេះសំណាងល្អបានជួបគ្នានៅសែបី រួចក៏ធ្វើដំណើរមកអូរស្វាយ ជិះទូកឆ្លងទន្លេមេគង្គទៅព្រះរំកិល។ ទៅដល់កំពង់សាមី ទាហានខ្មែរក្រហមថាមិនឲ្យធ្វើដំណើរទៅទៀតទេតែឡើងទៅជួបវៀតណាម។ ខ្មែរក្រហមបានភ្ជង់កាំភ្លើងឲ្យត្រឡប់មកវិញ ទៅកន្លែងណាក៏មិនឱ្យទៅដែរត្រឡប់ទៅត្រឡប់មក ខ្ញុំបានឃើញមនុស្សចាស់ត្រូវបានទុកចោល ដោយសារតែទៅកន្លែងណាក៏ខ្មែរក្រហមមិនឱ្យទៅមានតែទុកចោល យករួចខ្លួនរៀងៗខ្លួន។ ខ្ញុំបានទៅដល់ភូមិប្រា ភូមិណារ៉ុង ខ្ញុំក៏ដួលសន្លប់ដោយសារតែធ្វើដំណើរច្រើនថ្ងៃពេក ខ្ញុំឮប្ដីខ្ញុំនិយាយជាមួយកូនៗថា«ម្ដាយឯងស្លាប់មានតែកាយដីខ្សាច់កប់នៅទីនេះហើយ»។ ខ្ញុំក៏សំងំដេកសម្លឹងទៅឃើញផ្លែផ្ដៅក៏ប្រាប់ឲ្យប្ដីរបស់ខ្ញុំ ទៅបេះឱ្យជញ្ជក់ក្រែងមានកម្លាំងព្រោះបាយលេបលែងចូលហើយ គាត់ក៏បេះអោយខ្ញុំ ជញ្ជក់មួយសន្ទុះក៏មានកម្លាំងធ្វើដំណើរបន្តទៅមុខទៀត។ ធ្វើដំណើរទៅដល់ភូមិដងផ្លិតក៏ទៅជួបកងទ័ពវៀតណាម ទាហានបានយកកូនខ្ញុំមកស្រុកថាឡាបរិវ៉ាត់មុន ខ្ញុំក៏ភ័យម្ដងទៀតចេះសំណាងល្អបានជួបកូនវិញ។ បន្ទាប់មកទាហានរើសមនុស្សឲ្យរស់នៅខេត្តស្ទឹងត្រែង តែខ្ញុំឆោតណាស់មិននៅខេត្តទេខ្លាចអត់មានអុសដុត ក៏បបួលប្ដីខ្ញុំឲ្យមករស់នៅញើនវិញ ពេលមកដល់ញើនដំបូង ខ្ញុំ និងប្ដី ខ្ញុំ នាំគ្នាទៅយកស្រូវដែលភ្លើងឆេះសេសសល់នៅគុជចំបក់ មកទុកធ្វើពូជ និងបរិភោគ។ ខ្ញុំរស់នៅញើនបានមួយឆ្នាំពេលរំដោះដំបូងប្ដីរបស់ខ្ញុំទៅប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមជារៀងរាល់ថ្ងៃពេលនោះកងទ័ពខ្មែរក្រហមនៅអុកឡុកនៅឡើយ។ ក្រោយមកខ្ញុំមកនៅអូរស្វាយវិញក្នុងឆ្នាំ ១៩៨០ ខ្ញុំបានជញ្ជូនស្រូវអង្ករដែលធ្វើបានពីញើនចាប់ក្របីមកធ្វើស្រែ ចម្ការ រស់នៅលើកោះព្នៅជួបជុំក្រុមគ្រួសាទៅ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចរហូតមកដល់សព្វថ្ងៃនេះគឺខ្មែរក្រហមធ្វើបាបមិនឲ្យហូបឆ្អែត បែកបងប្អូន ពេល ឈឺ មិនបាននៅមើលថែ។ អ្វីដែលបន្សល់ទុកពីរបបខ្មែរក្រហមកន្លងមកខ្ញុំមានជំងឺប្រចាំកាយ មានដូចជាជំងឺលើសឈាម ទឹកនោមផ្អែម ក្រពះ និងឈឺសន្លាក់៕
អត្ថបទដោយ ស្រេង លីដា
[1] បទសម្ភាសន៍ជាមួយ ស្នង នឿន នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៤, ឯកសារបទសម្ភាសន៍នេះ មានតម្កល់រក្សាទុកនៅមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤