ប្រាក់ ថា៖ ខ្ញុំត្រូវបានបញ្ជូនទៅឈរជើងការពារព្រំដែននៅអូរដាក់ដាំ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រាក់​ ថា[1]​ ភេទ​ប្រុស អាយុ​៧៦ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​​ភូមិ​ស្វាយ​ទៀប ឃុំ​ស្វាយ​ទៀប ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម​។ ថា​ សព្វ​ថ្ងៃ​រស់​នៅក្នុង​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​​។

ប្រាក់ ថា​ បាន​និយាយ​​ថា៖​ «កាល​ពី​កុមារភាព ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០​ពី​សង្គមចាស់​។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​​បួសរៀន​​នៅ​វត្ត​តាំងគោក​​នៅក្នុង​ឆ្នាំ​១៩៦១។ ខ្ញុំ​បាន​​បន្ត​​រៀន​​ជា​មួយ​ព្រះ​សង្ឃ​អស់​រយៈ​ពេល​៦វស្សា​។ ការ​​​សិក្សា​​បាន​ផ្តោត​លើ​​​​ភាសា​បាលី និងព្រះ​ធម៌ ហើយ​ក៏បាន​​​អនុវត្តការ​​បង្រៀនជាមួយ​សិស្ស​ក្មេងៗនៅ​ក្នុង​វត្ត​​ជា​ដើម​។​ កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម​ ខ្ញុំ​ដើរ​តាម​ឡាន​ដុត​អុស ដែល​បាន​​​ធ្វើ​ដំណើរ​ពី​ខាង​ស្វាយ​ទៀប​ទៅ​ខេត្ត​កំពង់​ចាម​។ នៅ​ជំនាន់​នោះ ប្រជាជន​នៅតាម​ដង​ផ្លូវ​​មិន​ហ៊ានសង់​​ផ្ទះ​នៅ​ជិត​ផ្លូវពេក​នោះ​​ទេ ព្រោះ​​បញ្ហា​ហុយផ្សែង​​ចេញ​ពី​ឡាន​ដុត​អុស។​​ ខ្ញុំ​គឺជា​កូន​កំព្រា​ឪពុក​ម្ដាយ​ ​តាំង​ពីតូច។ ម្ដាយ​​ឪពុក​ខ្ញុំ​​​បាន​ស្លាប់​ដោយ​សារ​ជំងឺ​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​២​នាក់​ ប៉ុន្តែ​បង​របស់​ខ្ញុំ​គាត់​បាន​ស្លាប់​បាត់​បង់​ជីវិត​​ទៅ​ហើយ​។

រហូត​​ដល់​​ឆ្នាំ​​១៩៦៨ ​ភូមិ​របស់​​ខ្ញុំ​ក៏​ចាប់​ផ្ដើម​​​កេណ្ឌ​​ប្រជាជនដើម្បីបម្រើ​​​ជា​​ទ័ព​​ព្រៃ​​។ អំឡុង​​ពេល​​នោះ ​ខ្ញុំបាន​ចូល​រួម​បម្រើ​ក្នុង​ជួរ​ទ័ព​ព្រៃ​​​ជា​មួយ​ប្រជាជន​ជា​ច្រើន​នាក់​ទៀត​។ ​ លុះ​ដល់​ឆ្នាំ​១៩៧០ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ នរោត្តម សីហនុ​។ ខ្ញុំ រួម​ទាំង​កង​កម្លាំង​ជា​ច្រើន​នាក់​ទៀត​​ត្រូវ​បាន​​បញ្ជូន​ទៅ​វាយ​ជា​មួយ​កង​ទ័ព លន់ នល់។

នៅ​ចន្លោះ​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ​១៨៧៥ កង​កម្លាំង​ខ្ញុំ​មាន​គោល​ដៅ​វាយ​រំដោះ​​ទី​ក្រុង​ភ្នំ​ពេញ​។ មុន​ដំបូង​ ​ខ្ញុំ​វាយ​នៅ​ម្ដុំ​កប់​ស្រូវ​ ហើយ​បន្ត​វាយចូល​​ទៅដល់​​ទួល​គោក​។ ការ​វាយ​គ្នា​នៅ​ក្នុង​សមរភូមិ​មិន​ងាយ​ស្រួល​​នោះ​ទេ​។ កង​ទ័ព​ទាំង​អស់​បាន​លះ​បង់​អាយុ​ជីវិត​ ព្រម​ទាំង​គ្រួសារ​របស់​ខ្លួន​ដើម្បី​ចូល​បម្រើ​ទ័ព​។​ គ្មាន​​អ្នក​ណា​ម្នាក់​ខ្លាច​ក្នុង​ការ​លះ​បង់​គ្រប់​យ៉ាង​នៅ​ពេល​នោះ​ទេ​ ពី​ព្រោះ​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ដើរ​លើ​ផ្លូវ​នោះ​តែ​មួយ​។​ ប៉ុន្តែ​ទុក្ខ​លំបាកនៅ​​ក្នុង​ជួរ​កង​ទ័ព​ក៏​មាន​ច្រើន​ណាស់​ដែរ​ទាំង​ការ​ហូប​ចុក​ និងការ​សម្រាក ដែល​យើង​​មិន​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ​។ យើង​ហូប​តែ​បាយ​ជាមួយ​ម្ហូប​ក្រៀម​ក្រោះ ដែលមិនជួយ​ឲ្យ​មាន​កម្លាំង​កំហែង​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​កង​ទ័ព​ចេះ​តែ​តស៊ូ​ប្រឹង​ប្រែ​វាយ​បន្ត​ទៅ​មុខ​។​ កង​ទ័ពទាំង​ពីរ​ភាគី​ មាន​ចំនួន​​ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ធ្វើ​សង្គ្រាម​។​ នៅ​ក្នុង​ឆ្នាំ​១៩៧៤​ ខ្ញុំ​បាន​ត្រូវ​របួស​ចំ​ស្មាមួយ​ចំហៀង​ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​ជួរ​កង​ទ័ព​មួយ​រយៈ​ដើម្បី​សម្រាក​ព្យាបាល​របួស​។​ មិន​យូរ​ប៉ុន្មាន​របួស​ដៃ​របស់​ខ្ញុំ​ក៏​បាន​ជា​សះស្បើយ​ ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​សមរភូមិ​វិញ​។​

រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​១៩៧៥ កង​ទ័ព​ខ្មែរ​ក្រហម​ក៏វាយ​ដណ្ដើម​ទី​ក្រុង​ភ្នំ​ពេញ​​ ​​។ នៅ​ពេលដែល​​ខ្ញុំ​ចូលទៅ​​ដល់​ភ្នំ​ពេញ ខ្ញុំ​ឃើញ​ប្រជាជន​ត្រូវ​បាន​កង​កម្លាំង​មួយ​ក្រុម​ជម្លៀស​ចេញ​ពីទី​​ក្រុង​ភ្នំពេញ​​ទៅ​ទី​ជន​បទ​។ ទិដ្ឋ​ភាព​ការ​ជម្លៀស​ប្រ​ជា​ជន​កាល​ណោះ អ្នក​ខ្លះ​ជិះ​ឡាន អ្នក​ខ្លះ​ជិះ​រទេះ​ ឯខ្លះ​ទៀត​ដើរ​​​រែក​កូន​ចៅ និង​សម្ភារ​មួយ​ចំនួន​​ដូច​ជា​អង្ករ អំបិល ឆ្នាំង ចាន ជា​ដើម​។ បន្ទាប់​មក កង​កម្លាំង​ខ្ញុំ​ក៏បាន​​នៅ​ឈរ​ជើង​នៅ​ភ្នំ​ពេញ​មួយ​រយៈ​ពេល​។ កាល​ណោះ​ការ​ងារ​ដែល​ខ្ញុំ​ធ្វើ​គឺ​ដើរ​បោស​សម្អាត​ផ្ទះ​សម្បែង​ប្រជាជន​ដែល​​បាន​ជម្លៀស​ចេញ​​។​ ក្រៅ​ពី​នោះ​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ផ្សេង​ទៀត​នោះ​ទេ​ ព្រោះ​​អ្នកមាន​តួនាទី​​ធំៗ​​ជា​អ្នក​ចាត់​ចែង​ និង​រៀប​ចំ​ផែន​ការ​បន្ត​។​

ជំនាន់​នោះ​កង​ទ័ព​ទាំង​អស់​ទទួល​បាន​សម្លៀក​បំពាក់​​ពីរ​កំផ្លេ និង​ស្បែក​ជើង​មួយ​គូតែ​ប៉ុណ្ណោះ​ដោយ​មាន​ពាក្យ​ស្លោក​មួយ​ឃ្លានិយាយ​​ថា​«កម្ម​សិទ្ធិសម​រម្យ​»។ ខ្ញុំបន្តបោស​សម្អាត​ផ្ទះ​សម្បែងនៅ​ភ្នំ​ពេញ​រហូត​ដល់​​ថ្នាក់​លើ​បញ្ជូន​​ទៅ​នៅ​​​ខេត្ត​មណ្ឌល​គិរី​។ ការ​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​គិរី មុន​ដំបូង​កង​ទ័ព​ទាំង​អស់​ត្រូវ​ជិះ​ទូក​ចេញ​ពី​ភ្នំ​ពេញ​ទៅឈប់​​សម្រាក​នៅ​ខេត្ត​ក្រចេះ​មួយ​យប់ ទើប​ធ្វើ​​ដំណើរ​ដោយ​ថ្មើរ​ជើងបន្ត​​​ទៅ​ខេត្ត​មណ្ឌល​គិរី​​។ ខ្ញុំ រួម​ទាំង​កង​ទ័ព​ជា​ច្រើន​នាក់​ទៀត​បាន​ចំណាយ​ពេល​ដើរ​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​ទើប​ទៅ​ដល់​ស្រុក​កោះ​ញែក​។ នៅ​ទី​នោះ​គេ​ឲ្យ​ខ្ញុំ​ធ្វើ​ស្រែ​ ចម្ការ​ ដាំ​ដំណាំ ​ចែក​ជា​​ក្រុម​កង​ទ័ព​។ ការ​ធ្វើ​ស្រែ​នៅ​ជំនាន់​នោះ គឺ​ប្រើប្រាស់​​ចបកាប់ និងធ្វើ​ដោយ​កម្លាំង​មនុស្ស​ ​ទម្រាំ​​តែ​ធ្វើ​ស្រូវ​រួច​មួយ​វស្សាៗ​កង​ទ័ព​ហត់​នឿយ​ណាស់​។ ចំណែក​ឯ​ ផល​ស្រូវ​ដែ​ល​ទទួល​បាន​គឺ​មាន​ចំនួន​ច្រើន​ដោយ​សារ​តែ​ជំនាន់​នោះ​ដី​ល្អ​​​។ ការ​ហូប​ចុក​មិន​សូវ​មាន​ការ​លំបាក​ឬ​ខ្វះ​ខាត​នោះ​ទេ​ ព្រោះ​កង​ទ័ព​រក​ហូប​ដោយ​ខ្លួន​ឯង​។​

ក្រោយ​មក​ ខ្ញុំ​ក៏​ត្រូវ​​បញ្ជូន​​ទៅ​ឈរ​ជើងការ​ពារ​ព្រំ​ដែន​​នៅ​អូរ​ដាក់​​ដាំ​។ អូរ​ដាក់​ដាំ​ គឺជា​ឈ្មោះ​អូរ​មួយ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ខណ្ឌ​ព្រំ​ប្រទល់ប្រទេស​​កម្ពុជា និង​វៀត​ណាម​។​ អូរ​នេះ​មាន​ទឹក​ធ្លាក់​ទៅ​ដល់​ទន្លេ​ស្រែ​ពក។​ ​ជំនាន់​នោះ​ វៀត​ណាម​នៅ​ម្ខាង​អូរ​ម្នាក់​ចែក​ទឹ​ក​ជា​ពីរ​មួយ​ចំហៀង​វៀត​ណាម​មួយ​ចំហៀង​​កម្ពុជា​។ ក្រៅ​ពី​ការ​ពារ​ព្រំ​ដែន​ កម្លាំង​កង​ទ័ព​​ខ្ញុំត្រូវ​​ធ្វើ​ស្រែ​ធ្វើ​ស្រូវ​ប្រមូល​ផល​ទុកដាក់​​សម្រាប់​ផ្គត់​ផ្គង់​ខ្លួន​ឯង​​។ នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ក៏​បាន​រៀប​ការ​ រួម​ជាមួយ​គូស្រករ​​ចំនួន​៦៣​គូផ្សេងទៀត។ ទី​តាំង​​រៀប​ចំ​ផ្សំ​ផ្គុំគឺ​នៅ​សាលា​កង​ពល​ក្នុង​ស្រុក​កោះ​ញែក​។

បន្ទាប់​ពី​រៀប​ការ​ហើយ​ ខ្ញុំបាន​​បន្ត​ឈរ​ជើង​នៅកោះ​ញែក​រហូត​ដល់​ឆ្នាំ​១៩៧៩ វៀត​ណាម​វាយ​ចូល​មក​រំដោះ​ ទើបខ្ញុំ​​ជម្លៀសខ្លួន​​មក​នៅ​ជំរំ​អូរ​ត្រាវ​លើ​ភ្នំ​ដង​រែក​វិញ​។ នៅពេលដែល​ខ្ញុំ​​ធ្វើ​ដំណើរ​មក​ដល់​ភ្នំ​ដង​រែក​ ខ្ញុំ​​​ក៏​ចាប់​ផ្ដើម​រស់​នៅ​ជា​ប្រជាជន​ធម្មតា។ ខ្ញុំ​លែង​​ធ្វើ​ជា​កង​ទ័ព​អ្វី​ទៀត​នោះ​ទេ​។​ ​ រហូត​ដល់ឆ្នាំ​១៩៩៨​ កង​កម្លាំង​ខ្មែរ​ក្រហម​បាន​រួប​រួម​គ្នា​​ធ្វើ​សមាហរណកម្ម​ចុះ​ចូល​ជា​មួយរាជ​​រដ្ឋា​ភិបាល​កម្ពុជា​ នៅតំបន់​​អន្លង់​វែង ​ទើប​ខ្ញុំ​ចុះ​មក​រស់​នៅ​ក្នុង​ភូមិ​ច្រោក​នេះ​រហូត​ដល់​សព្វ​ថ្ងៃ​»៕

អត្ថបទដោយ លី សុខឃាង


[1] មេក វិន សម្ភាសន៍ជាមួយ ប្រាក់ ថា នៅភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ នៅក្នុង​ឆ្នាំ​២០២៤។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin