ប្តីនិងកូនពីរនាក់បាត់ខ្លួន

(ស្ទឹងត្រែង)៖ ផែន ផល ភេទស្រី មានអាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងសព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផល មានឪពុកឈ្មោះ ផែន, ម្ដាយឈ្មោះ ម៉ន និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះប្រុសម្នាក់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ផល ដែលមានអាយុ ២០ឆ្នាំ បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិកោះព្នៅជាមួយឪពុកម្ដាយ។ ផល និយាយថា នៅពេលមកដល់ទីនេះដំបូង មានប្រជាជនមួយចំនួនបានស្លាប់ដោយសារជំងឺគ្រុនចាញ់។ ក្រោយមក នៅឆ្នាំ១៩៦៨ ភូមិអូរស្វាយ ចាប់ផ្តើមមានការកសាងមន្ទីរពេទ្យ និងរោងតម្បាញ។ ប្រជាជននៅក្នុងភូមិ ទទួលបានផ្ទះកាឡុង និងដីស្រែសម្រាប់ប្រកបរបរចិញ្ចឹមជីវិតពីរដ្ឋាភិបាល។
នៅឆ្នាំ១៩៧០ ការរស់នៅរបស់ប្រជាជននៅក្នុងភូមិជួបការលំបាក ក្រោយពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលចូលមកគ្រប់គ្រងក្នុងភូមិ បានជម្លៀសប្រជាជនចេញពីភូមិទៅនៅសហករណ៍អូររនោង។ ប្រជាជនត្រូវធ្វើពលកម្មហួសកម្លាំងទាំងយប់ទាំងថ្ងៃ និងហូបចុកមិនគ្រប់គ្រាន់។ អង្គការ មិនអនុញ្ញាតឲ្យប្រជាជននេសាទត្រី ឬបេះបន្លែបង្កា ហូបនោះទេ។ របបអាហារ ដែលប្រជាជនទទួលបាន មានតែបាយលាយជាមួយផ្លែល្វា និងគល់ចេក។
នៅអូររនោង ផល ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅរោងបាយ។ ក្រោយមក ប្តីរបស់ផល ឈ្មោះសួន ដែលរៀបការជាមួយគាត់តាំងពីមុនរបបខ្មែរក្រហម ត្រូវបានខ្មែរក្រហមចាប់ចងដាក់ច្រវាក់។ ផល និយាយថា ខ្មែរក្រហមឲ្យគាត់បីកូនដើរពីក្រោយប្តី និងប្រាប់គាត់ថាប្តីរបស់គាត់ជាខ្មាំង ដែលត្រូវយកទៅកសាង។
តាំងពីពេលនោះមក ផល ឈប់ធ្វើការនៅរោងបាយ និងត្រូវបញ្ជូនឲ្យទៅកាប់ដី និងគាស់គល់ឈើ។ នៅពេលគាត់កំពុងធ្វើការ កូនរបស់គាត់មានអាយុ៣ខែ ត្រូវយកទៅដាក់ដេកក្នុងអង្រឹងក្រោមម្លប់ដើមឈើ។ មិនយូរប៉ុន្មាន បន្ទាប់ពីប្តីបាត់ខ្លួន កូនប្រុសទាំងពីរនាក់ទៀតរបស់ផល ក៏ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅយកស្រូវនៅភូមិព្រះរំកិល។ ផល ថាកូនទាំងពីរនាក់នោះ មិនឃើញត្រលប់មកវិញនោះទេ។ ផល មានកូនទាំងអស់ប្រាំមួយនាក់ ក្នុងនោះមានកូនស្រីម្នាក់។
នៅឆ្នាំ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំបានរយៈពេលមួយឆ្នាំ ផល បានត្រលប់មករស់នៅ និងប្រកបរបរធ្វើស្រែចម្ការ និងដាំពោតនៅភូមិកោះព្នៅវិញ៕
សម្ភាសដោយ ចយ ស្រីឡាន់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥