ខ្វេន ង៉ុក ហៅ ឡេង៖ លេខាវរសេនាតូច៥០២ តំបន់១០៥ ភូមិភាគឦសាន

នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកភូមិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ទៅជា៦ភូមិភាគ ដែលក្នុងនោះមាន៣២តំបន់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យភូមិភាគនីមួយៗត្រូវយកខេត្តចំនួន២ មកបូកបញ្ចូលគ្នា ឬខេត្តខ្លះគ្រាន់តែកាត់ស្រុកមួយ ឬច្រើនពីខេត្តដទៃមកបញ្ចូលគ្នា។ ភូមិភាគ និង តំបន់សុទ្ធតែត្រូវដាក់លេខសម្គាល់។ ក្នុងមួយភូមិភាគ ត្រូវចែកចេញជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកចេញជាស្រុក និងសហករណ៍។[1] តំបន់១០៥ គឺស្ថិតនៅក្នុងភូមិភាគឦសាន ដែលមានប្រធានភូមិភាគឈ្មោះ ម៉ែន សាន ឈ្មោះបដិវត្តន៍ន៍ ណៃ សារ៉ាន់ ហៅ យ៉ា[2] ត្រូវអង្គការចាប់ខ្លួន និងសម្លាប់ ក្នុងឆ្នាំ១៩៧៦ ដោយបទចោទថាក្បត់អង្គការបដិវត្តន៍ន៍។ ក្រោយពីការចាប់ខ្លួន ណៃ សារ៉ាន់ ហៅ យ៉ា អង្គការបានបន្តស្រាវជ្រាវស្វែងរកចាប់ខ្មាំង[3] ដែលជាខ្សែរយៈរបស់ យ៉ា ជាបន្តបន្ទាប់។ ដូចករណីឈ្មោះ ខ្វេន ង៉ុក ហៅ ឡេង[4] មានតួនាទីជាលេខាវរសេនាតូច៥០២ នៃតំបន់១០៥ ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៧៨។
ខាងក្រោមនេះជាប្រវត្តិរូប និងសកម្មភាពរបស់ ខ្វេន ង៉ុក ហៅ ឡេង៖
ខ្ញុំឈ្មោះ ខ្វេន ង៉ុក ហៅ ឡេង អាយុ៣៩ឆ្នាំ ជាជនជាតិចារាយ កើតនៅភូមិសម ឃុំប៉ក ស្រុកបរកែវ ខេត្តរតនគិរី។ កាលពីក្មេងខ្ញុំរស់នៅជាមួយឪពុកម្តាយដែលប្រកបរបរធ្វើស្រែ និង ដំាដំណាំសម្រាប់លក់ដូរ។ ដល់អាយុ១៨ឆ្នាំ ខ្ញុំទទួលបានការអប់រំពីឈ្មោះ យ៉ាន មានតួនាទីជាគណៈឃុំប៉ក ឱ្យចូលធ្វើជានីរសាររត់សំបុត្រ ឱ្យឈ្មោះ ឌុន មានតួនាទីជាលេខាស្រុកបរកែវ។ ដល់ឆ្នាំ១៩៦០ ខ្ញុំបានទទួលនាទីជាកងការពារកម្មាភិបាលបដិវត្តន៍ក្នុងស្រុកនិងតំបន់។ ដល់ពាក់កណ្ដាលឆ្នាំ១៩៦០ ដោយសារសភាពការណ៍ក្នុងជួរបដិវត្តន៍ចង់ដឹងអំពីព័ត៌មានទាហាន លន់ នល់ បងយ៉ាន និង បងឌុន ជាអ្នកគ្រប់គ្រងខ្ញុំផ្ទាល់ បានចាត់តាំងកម្លាំងបដិវត្តន៍ចំនួន៣០នាក់ឱ្យចូលរួមបង្កប់ជារូបភាពទាហាន។ ការចូលក្នុងជួរទាហានលន់ នល់ គឺតាមរយៈឈ្មោះ ហេង ជាទាហានសក្តិ២ ប្រចាំបន្ទាយបរកែវ។ បន្ទាប់មក ឈ្មោះ ហេង បានឱ្យខ្ញុំនិងបក្ខពួកចូលបន្ទាយដើម្បីហ្វឹកហាត់ ដោយមានគ្រូបង្ហាត់ឈ្មោះ សែប អ៊ុន។
នៅឆ្នាំ១៩៦១ អង្គការបានរើសកងទ័ពចំនួន១០០នាក់ រួមទាំងខ្ញុំឱ្យទៅហាត់បច្ចេកទេសយោធានៅប្រទេសវៀតណាមរយៈពេល២ឆ្នាំ។ ក្រៅពីបច្ចេកទេសយោធា ខ្ញុំ , ម៉ាន់ និង ញ៉រ ត្រូវបានសក្តិ៣ ឈ្មោះ ខ្វែក ហៅឱ្យមកមន្ទីរយោធាគុនទូម ក្នុងគោលបំណងចង់ឱ្យរៀនឯកសារស្ដីពីបក្សពលករវៀតណាម ដោយសំអាងថា ថ្ងៃទៅមុខ គឺខ្មែរ និងវៀតណាម ជាប្រទេសតែមួយ បក្សតែមួយ។[5] ក្រោយពីរៀនឯកសារបក្សពលករវៀតណាមបាន២ថ្ងៃ សក្តិ៣ ខ្វែក បាននាំឈ្មោះ អាត ជាមេក្រុម មកជួបខ្ញុំទាំងបីនាក់ ដើម្បីរៀបចំបញ្ចូលខ្ញុំទៅជាបក្សពលករតែម្ដង។ ខ្វែក បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ ទោះបីនាក់ខ្ញុំត្រលប់ទៅប្រទេសវិញ ក៏មិនត្រូវភ្លេចបក្សពលករដែរ ព្រោះដើម្បីឱ្យប្រទេសទាំងពីរទៅជាប្រទេសតែមួយ។
នៅខែកញ្ញា ឆ្នាំ១៩៦៣ ខ្ញុំទាំងបីនាក់ត្រលប់មកមន្ទីរតំបន់រតនគិរីវិញ តែអង្គការចាត់តាំងឱ្យរស់នៅបែកគ្នា ដោយ ម៉ាន់ នៅខាងឃុំថ្មស្រាល, ញ៉រ នៅខាងឃុំបឡិក និង ខ្ញុំត្រូវនៅសមរភូមិ។ ដល់ខែមីនា ឆ្នាំ១៩៦៤ ខ្ញុំត្រលប់ពីសមរភូមិវិញបានរំលង៥ថ្ងៃ ម៉ាន់ បានផ្ញើសំបុត្រតាមនីរសារឈ្មោះ ដន ជានីរសារភូមិ ឱ្យហៅខ្ញុំទៅភូមិម៉ក។ ខ្ញុំបានទៅដល់ភូមិម៉ក បានបន្តិចក៏ឃើញ ញ៉រ មកតាមដែរ។ មិត្តម៉ាន់ បានសួរខ្ញុំថា៖ “ឡេង ភ្លេចហើយ?” ខ្ញុំតបថា អត់ភ្លេចទេ កសាងកម្លាំងបក្សពលករ។ ដល់ខែធ្នូ ឆ្នាំ១៩៦៤ អង្គការបានយកខ្ញុំមកនៅខាងមន្ទីរតំបន់រតនគិរី។ ខ្ញុំនៅក្នុងមន្ទីរបានមួយខែ ក៏កសាងបានកម្លាំងម្នាក់ឈ្មោះ វឿន អតីតប្រធានភូមិក្រហល បច្ចុប្បន្នជាប្រជាជនភូមិក្រហល។
នៅខែមីនា ឆ្នាំ១៩៦៧ អង្គការបានចាត់តាំងឱ្យទៅនៅខាងកងទ័ពភាគ ដើម្បីយាមខ្មាំងនៅផ្លូវលេខ១៩ ហេតុនេះ ធ្វើឱ្យខ្ញុំដាច់ខ្សែរយៈអស់។ ស្ថិតនៅទីតាំងយាមខ្មាំង ខ្មាំងបានបុកមកខ្លាំងពេក ខ្ញុំរត់ចោលកូនក្រុម ហើយខ្មាំងក៏កម្ទេចកម្លាំងទ័ពបដិវត្តន៍ជាបន្តបន្ទាប់។ នៅខែកញ្ញា ឆ្នាំ១៩៦៧ អង្គការហៅកម្មាភិបាលនិងកងឈ្លបបដិវត្តន៍គ្រប់ជាន់ថ្នាក់ (ចាប់ត្រឹមមេក្រុមឡើងមក) ឱ្យទៅរៀនផ្នែកនយោបាយនៅសាលា១០០របស់អង្គការ។ ក្រោយរៀនបានបីថ្ងៃខ្ញុំចាប់និយាយលេងសើចជាមួយមិត្ត សុភា (បច្ចុប្បន្នជាប្រធានសេនាធិកាយោធា តំបន់១០៥) តែ មិត្តសុភា បានសួរខ្ញុំអំពីការទៅរៀនសូត្រនៅប្រទេសវៀតណាមយ៉ាងម៉េចដែរ? ព្រោះ មិត្តសុភា ចង់ចូលរួមធ្វើសកម្មភាពក្នុងបក្សពលករវៀតណាម។ ខ្ញុំក៏ប្រាប់ពីខ្សែរយៈខាងខ្ញុំ ចំណែកមិត្តសុភា ក៏បានប្រាប់ខែ្សរយៈរបស់ខ្លួនដែរ គឺមាន ខាំភូន,ថន និង បងយ៉ា។ ចំពោះបងយ៉ា គឺបានទាក់ទងយួនឈ្មោះ ធុច។ សូមបញ្ជាក់ថា ឈ្មោះ ខាំភូន មានតួនាទីជាប្រធានសេដ្ឋកិច្ច តំបន់១០៥ (ស្លាប់), ថន ប្រធានដឹកជញ្ជូនរបស់តំបន់១០៥ (ស្លាប់), ឈ្មោះ យ៉ា លេខាភូមិភាគឦសាន ត្រូវបានអង្គការចាប់ខ្លួន និង ឈ្មោះ ធុច ក្ដាប់មិនបានតួនាទី។
ពាក់កណ្ដាលឆ្នាំ១៩៦៨ អង្គការដកខ្ញុំចេញពីមន្ទីរតំបន់ រួចបញ្ជូនមកនៅខាងទ័ពមជ្ឈិម តំបន់មណ្ឌលគិរី។ នៅទីតាំងនេះ ខ្ញុំបានជួបជាមួយ ម៉ាន់ ដែលមានតួនាទីជាប្រធានឈ្លប។ បន្ទាប់មក អង្គការបានឱ្យខ្ញុំទៅយកគ្រួសារនៅខាងសមរភូមិ មករស់នៅជុំគ្នាក្នុងតំបន់មជ្ឈិម។ ក្នុងពេលធ្វើដំណើរទៅសមរភូមិ ខ្ញុំជួបជាមួយខ្សែរយៈកាលទៅរៀននៅវៀតណាមជាច្រើន និងបានសួរសុខទុក្ខ និង សកម្មភាពទាក់ទងផ្សេងៗ។ ដល់ពេលដែលខ្ញុំត្រលប់មកពីយកគ្រួសារ មកដល់តំបន់មជ្ឈិម អង្គការបញ្ជូនខ្ញុំមកបោះទ័ពប្រចាំការនៅសមរភូមិពាមជីមាត។
ពាក់កណ្ដាលឆ្នាំ១៩៦៩ កងទ័ពខ្ញុំរួមជាមួយកងទ័ព សុភា បានវាយទាហាន លន់ នល់ ពីពាមជីមាត ដល់សមរភូមិប៊ូស្រា។ បន្ទាប់មក ខ្ញុំក៏នាំ សុភា ទៅមន្ទីរយោធាវៀតណាមភ្នំមុទ្រូត តាមរយៈឈ្មោះ វាំង ដើម្បីសុំការអនុញ្ញាតទៅជួប ម៉ក ជាអ្នកបកប្រែភាសាវៀតណាម នៅពេលជួប សក្តិ៣ ខ្វែក។
ឆ្នាំ១៩៧១ សភាពការណ៍ក្នុងប្រទេសក្រោយរដ្ឋប្រហាររបស់ លន់ នល់ រួច ប្រជាជនក្នុងជួរកងបដិវត្តន៍ន៍ កាន់តែវាយខ្មាំងខ្លាំងជាមុន។ ចំណែក ម៉ក បាននាំពាក្យ សក្ដិ៣ ខ្វែក បញ្ជាឱ្យក្រុមខ្ញុំលួចសម្លាប់គណៈតំបន់មណ្ឌលគិរី។ ក្នុងករណីបើសម្លាប់បាន ក្រុមខ្ញុំគឺជាអ្នកគ្រប់គ្រងតំបន់មណ្ឌលគិរីជំនួស។ ពេលទទួលបញ្ជានេះរួច មិត្តសុភា ក៏ដឹកនាំហៅប្រជុំពិភាក្សានៅមន្ទីរ ក-១១ ដែលមានអ្នកចូលរួមដូចជា៖ ខាំភូន, ថន, សុភា និង ខ្ញុំ។ ប្រធានបទពិភាក្សារួមមាន៖ ១) ផែនការវៀតណាមឱ្យយើងសម្លាប់កម្មាភិបាកថ្នាក់តំបន់, ២) មុនសម្លាប់ត្រូវរកវិធីកុំឱ្យមាននរណាដឹង និង ៣) ត្រូវកសាងកម្លាំងតទៅមុខទៀត។[6] តែផែនការសម្លាប់គណៈតំបន់នេះ ក្រុមខ្ញុំអនុវត្តរយៈពេល៣ ខែតែមិនបានសម្រេច។ បន្ទាប់មកទៀត កងទ័ពខ្ញុំត្រូវអង្គការដកឱ្យមកជួយវាយទ័ព លន់ នល់ នៅខាងខេត្តកំពង់ចាម រហូតដល់ឆ្នាំ១៩៧៣។
នៅខែមីនា ឆ្នាំ១៩៧៣ មិត្តសុភា បានហៅមកប្រជុំម្ដងទៀត នៅមន្ទីរក-១៦ ទាក់ទងផែនការមិនបានសម្រេចក្នុងការសម្លាប់គណៈតំបន់។ តែលើកនេះ មានសមាជិកបន្ថែមម្នាក់ទៀតឈ្មោះ ស្វាយ។ ដោយផែនការថ្មី សម្លាប់គណៈតំបន់មិនបានសម្រេច ត្រូវប្ដូរមកសម្លាប់គណៈស្រុកវិញ។ នៅក្នុងខែសីហា ឆ្នាំ១៩៧៣ គណៈស្រុកគ្រប់ស្រុកត្រូវមករៀននៅមន្ទីរក-១៧ ហេតុនេះ ស្វាយ មានតួនាទីលួចបាញ់ រួចដកខ្លួនចូលទៅប្រទេសវៀតណាម។ ខាំភូន និង ថន បានរៀបចំកាំភ្លើងឱ្យ ស្វាយ ដល់ម៉ោង២យប់ ស្នូរកាំភ្លើងផ្ទុះឡើង៤គ្រាប់ ដោយស្វាយបាញ់ទៅលើ។ ពេលនោះ ដាំង និង គី ត្រូវស្លាប់ទាំងពីរនាក់។ ស្វាយ ក៏រត់ចូលព្រៃ តែរំលងបាន២ថ្ងៃ ស្វាយ ក៏ចងករសម្លាប់ខ្លួនឯង។
នៅដើមឆ្នាំ១៩៧៤ ខ្ញុំមានជំងឺល្បេង (ជំងឺរបេង) ហេតុនេះត្រូវមកសម្រាកនៅពេទ្យតំបន់១០៥ ចំនួន៦ខែ ដោយមិនបានចេញពីពេទ្យ និង គ្មានសកម្មភាពទាក់ទងខ្សែរយៈទេ។ នៅខែកញ្ញា ឆ្នាំ១៩៧៤ ខ្ញុំចេញពីពេទ្យ រួចបន្តទៅមន្ទីរយោធាដដែល។ រំលងបានមួយខែ មិត្ត ផៃ បាននាំកម្លាំងយុទ្ធជនកងតូចទី៣ ដែលជាប់ខ្សែរយៈ មិត្ត អឿន ប្រធានកងតូចទី៣ មកជួបខ្ញុំ។
នៅខែមីនា ឆ្នាំ១៩៧៥ ខ្ញុំបានទៅមន្ទីរកងធំទី២ នៅចំណុចក្រង់តេះ ជាប់ព្រំដែនយួន ដើម្បីរកផ្លូវទាក់ទងទៅលេងភ្នំមុទ្រូត តែអង្គភាពមិនឱ្យចូល។ ខ្ញុំត្រលប់ មកជួយសុភាវិញ ដើម្បីប្រាប់ដំណឹងថា មិនអាចទាក់ទងខ្សែ ម៉ក បាន។ បន្តមកទៀត អង្គការមករៀបចំកងការពារតាមព្រំដែន ដែលជាមុខសញ្ញាខ្ញុំទាក់ទងផ្ទាល់តែម្ដង។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ សុភា បានកសាងកម្លាំងក្បត់ពីយោធា និង មន្ទីរមកប្រជុំនៅមន្ទីរក-១១ ដែលរួមមានដូចជា៖ខ្ញុំ, បងខាំភូន, មិត្ត ឡាន់ ជាលេខាវរសេនាតូច៤០៣ តំបន់១០៥, មិត្ត បាំង អនុលេខាវរលេខាតូច៤០៣, មិត្តចាន់ថន ប្រធានពាណិជ្ជកម្ម តំបន់១០៥, មិត្ត ផែ អនុប្រធានកងធំទី១ វរសេនាតូច៥០២, មិត្តអឿន ប្រធានកងតូចទី៣ កងធំទី១, មិត្ត សុភាព ប្រធានសេនាធិកាយោធាតំបន់១០៥។[7] ការជួបប្រជុំមួយនេះ គឺនិយាយពីសកម្មភាពកន្លងមក និង បច្ចុប្បន្នអង្គការបានចាប់មិត្ត ភីនិត ជាខ្សែទាក់ទងយកទៅបាត់។
នៅឆ្នាំ១៩៧៦ ដោយសារខ្ញុំមានបញ្ហាខុសសីលធម៌ជាមួយនារី ឡន នៅមន្ទីរតំបន់១០៥ អង្គការក៏ដកតំណែងខ្ញុំមកនៅជាយុទ្ធជនមន្ទីរតំបន់១០៥ រយៈពេល៤ខែ។ ៤ខែក្រោយមក នៅក្នុងខែតុលា ឆ្នាំ១៩៧៦ ដដែល អង្គការបានចាត់តាំងដំឡើងតំណែងខ្ញុំវិញ មកកាន់តួនាទីដដែលគឺលេខាវរសេនាតូច៥០២។ នៅពេលដែលខ្ញុំបានចូលធ្វើការវិញភ្លាម មិត្តសុភា បានហៅខ្ញុំទៅពិភាក្សា ដើម្បីឱ្យខ្ញុំទៅទាក់ទងជាមួយវៀតណាម ព្រោះមិនបានទាក់ទងជាមួយមុខព្រួញវៀតណាមយូរមកហើយ។
ដល់ខែមករា ឆ្នាំ១៩៧៧ ឡាន់ បានជិះរថយន្តមកយកខ្ញុំ និង បន្តទៅយកមិត្ត ឡើម រួចបន្តដំណើរទៅយកមិត្ត សុភា នៅមន្ទីរក-១១។ ជុំគ្នាហើយ កម្លាំងយើងក៏បន្តដំណើរទៅមន្ទីរកងធំទី២ របស់វរសេនាតូច៥០២ ទុកដាក់ឡាននៅត្រង់ចំណុច ចម្ការដាំកប្បាស នៅក្រង់តេះ ទើបបន្តដំណើរដោយថ្មើរជើងឆ្ពោះទៅមុខព្រួញមន្ទីរមុទ្រូត។ ចូលដល់មន្ទីរមុទ្រូត មិត្តសុភា បានហុចសំបុត្រទៅឈ្មោះ ខាញ់ សុំជួប បងម៉ក។ ឈ្មោះ ខាញ់ ក៏ឱ្យកងការពារយកសំបុត្រទៅជូនម៉កនៅដាក់ឡាក់១។ បន្តិចក្រោយមក ម៉ក បានមកដល់មន្ទីរ ដើរមកចាប់ដៃក្រុមខ្ញុំ និងនិយាយថា “ខានធ្វើការជាមួយគ្នាយូរហើយ។” ម៉ក បានសុំឱ្យមិត្តឡើងរាយការណ៍ ៣ចំណុចគឺ៖ “១) អំពីសភាពការណ៍ បដិវត្តន៍កម្ពុជាខ្លាំង ឬខ្សោយ។ ២) កសាងកម្លាំងបានប៉ុន្មាន ឈ្មោះអ្វីខ្លះ? រស់នៅទីណាខ្លះ? និង ៣) កម្ទេចកម្មាភិបាលបដិវត្តន៍កម្ពុជាបានប៉ុន្មាននាក់ហើយ?” មិត្តសុភា ឡើងធ្វើរបាយការណ៍ជូនរួចក៏នាំគ្នាត្រលប់មកទីតាំងរៀងៗខ្លួនវិញ។ ដល់ខែកញ្ញា ឆ្នាំ១៩៧៧ អង្គការបានឱ្យខ្ញុំឡើងមករៀននៅទីក្រុងភ្នំពេញរយៈពេល៧ថ្ងៃ។ ពេលឡើងមករៀនខ្ញុំគ្មានសកម្មភាពទាក់ទងខ្សែរយៈបន្ថែមទេ ព្រោះមិត្តសុភា បានឱ្យផ្អាកសកម្មភាពបណ្ដោះអាស្នន។ នៅខែតុលា ឆ្នាំ១៩៧៧ មិត្តសុភា ឱ្យខ្ញុំទៅជួប ម៉ក ដើម្បីសួរនាំពីកងទ័ពវៀតណាម អាចវាយចូលមកបានហើយឬនៅ? តែខ្ញុំមិនអាចជួប ម៉ក បានទេ ព្រោះស្ថានភាពព្រំដែនមានភាពតឹងតែងជាងមុន។ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៧៧ កងទ័ពវៀតណាមវាយចូលមកតាមភ្នំមុទ្រូត ចូលមកអូររាំង ដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីព្រំដែនវៀតណាម។ ដល់មកខែធ្នូ ឆ្នាំ១៩៧៧ ខ្ញុំដឹកនាំប្រជាជនដែលជម្លៀសចេញពីព្រំដែនឱ្យមកខាងទំនប់អូរយ៉េ។ ប្រជាជនទាំងអស់ ខ្ញុំបានបំផុសប្រាប់ប្រជាជនទាំងអស់ថា វៀតណាមអត់មានបាយហូប ប៉ុន្ដែវាយឈ្នះបដិវត្តន៍កម្ពុជា។ បដិវត្តន៍រស់នៅស្រួលតែដូចលំបាក ប្រសិនជាចង់ស្រួល ហេតុនេះនាំគ្នារត់ចូលទៅវៀតណាម។
នៅឆ្នាំ១៩៧៨ ខ្ញុំត្រលប់មកអង្គភាពវិញ។ មិត្តសុភា ប្រញាប់ឱ្យខ្ញុំទៅជួបនៅមន្ទីរក-១១។ ពេលជួបគ្នា មិត្តសុភា បានឱ្យ ឡាន់ ធ្វើសេចក្ដីរាយការណ៍ម្ដងទៀតអំពីបញ្ហាទាក់ទងឈ្មោះ ទឿង ពោលគឺរៀបរាប់ពីបញ្ហាដែលទឿង យកសំបុត្រទៅឱ្យ ម៉ក ចំនួន៥ថ្ងៃហើយ តែបែរផ្តល់ដំណឹងថា ម៉ក មិនបានទទួលសំបុត្រព្រោះជាប់ធ្វើការ។ ហេតុនេះ មិត្តសុភា ចង់ឱ្យ ខ្ញុំ ឡើងទៅជួបម៉ក ដោយយកដំរីជិះ ធ្វើជារូបភាពស្វែងរកជីកថ្នាំបុរាណ។ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៧៨ វេលាម៉ោង៧ ខ្ញុំបានជិះដំរីជាមួយមិត្ត ឡើម និងហៀង ទៅព្រំដែន ក្នុងគោលបំណងទាក់ទង ម៉ក។ ជិះមកដល់ក្រង់តេះ មេឃងងឹតយើងក៏ចូលសម្រាកនៅមន្ទីរកងធំទី២ មួយយប់។ ថ្ងៃបន្ទាប់នៅម៉ោង១១ ដល់ម៉ោង១ថ្ងៃត្រង់ ខ្ញុំឃើញនីរសាររបស់អង្គការយកសំបុត្រឱ្យប្រធានកងធំទី២។ ប្រធានកងធំប្រាប់ឱ្យខ្ញុំវិលមកអង្គភាពវិញជាប្រញាប់។ ប្រធានកងធំទី២ យកឡានដឹកខ្ញុំមកកាន់អង្គភាពខ្ញុំវិញ ដល់ព្រឹកឡើងមានសំបុត្រឱ្យខ្ញុំទៅមន្ទីរក-១៧។ ពេលខ្ញុំទៅដល់មន្ទីរក-១៧ អង្គការបានចាប់ខ្លួនខ្ញុំតែម្ដង។
អត្ថបទ៖ មីន សាណាស់
[1] ផេង ពង្សរ៉ាស៊ី, ចំណងជើងសៀវភៅ៖ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មជ្ឈមណ្ឌលឯកសារកម្ពុជា ២០២០ បោះពុម្ពលើកទី២ (ទំព័រទី៣៤)
[2] ឯកសារចម្លើយសារភាព ម៉ែន សាន ហៅ យ៉ា ឈ្មោះបដិវត្តន៍ ណៃ សារ៉ាន់ ហៅ យ៉ា ក្នុងឯកសារ D13484 នៃមជ្ឈមណ្ឌលឯកសារកម្ពុជា
[3] ឯកសារសេចក្ដីរាយការពីសកម្មភាពប្រចាំខែ អំពីស្ថានភាពខ្មាំង ជូនអង្គការ លេខ D02165 នៃមជ្ឈមណ្ឌលឯកសារកម្ពុជា
[4] ឯកសារប្រវត្តិរូប និង ចម្លើយសារភាព J00134 មានចំនួន៤៤ទំព័រ តម្កល់ក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[5] ដូចខាងលើ (ទំព័រ៤)
[6] ដូចខាងលើ (ទំព័រ១៤)
[7] ដូចខាងលើ (ទំព័រ២៧-២៨)