ទំនប់អូរតាណឹង

(រូបភាពដោយ៖ សាន្ត គឹមស៊ីន)
ទំនប់អូរតាណឹង មានចម្ងាយប្រហែលជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ទំនប់នេះ មានទីតាំងស្ថិតនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ នៅលើច្រាំងរបស់ទំនប់អូរតាណឹង មានការដាប់អក្សរ ថា «សង្គមរាស្រ្តនិយម ស្ថាបនាខែមករា ឆ្នាំ១៩៦១ ផែនការព្រះសីហនុ»។ យោងតាមការដាប់អក្សរនេះ យើងឃើញថាទំនប់នេះបានសាងសង់នៅក្នុងឆ្នាំ១៩៦១ ដែលស្ថិតនៅក្នុងសម័យសង្គមរាស្រ្តនិយម។ ទំនប់អូរតាណឹង ត្រូវបានសាងសង់ឡើងនៅចន្លោះព្រំប្រទល់ ភូមិចង្ហប និងភូមិអូរតាណឹង។ សម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) បានកសាងទំនប់នេះដោយសារព្រះអង្គទតឃើញពីភាពលំបាកនៃការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ជនជាតិមិល នៅភូមិទាំងពីរខាងលើ។ ទំនប់ទឹកអូរតាណឹង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជនជាតិមិល ក្នុងការប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ចិញ្ចឹមសត្វដូចជា មាន់ ទា គោ ក្របី និងធ្វើស្រែចម្ការជាដើម។ ការធ្វើស្រែមាន២ប្រភេទគឺ ស្រែប្រាំង និងស្រែវស្សា។ នៅក្នុងរដូវវស្សា មានលំហូរទឹកធំ និងអាចផ្គត់ផ្គង់ការធ្វើស្រែវស្សារបស់ប្រជាជនបានទាំងអស់គ្នា។ ដោយឡែក នៅក្នុងរដូវប្រាំងវិញ អាកាសធាតុក្ដៅខ្លាំងដែលធ្វើឲ្យគ្មានទឹកហូរចូលទៅក្នុងទំនប់ឡើយ។ ទឹកដែលនៅសល់ក្នុងទំនប់នោះ គឺបន្សល់ទុកពីរដូវវស្សា ដែលមានបរិមាណតិច ធ្វើឲ្យប្រជាជនមិនមានធនធានទឹកគ្រប់គ្រាន់ដើម្បីធ្វើស្រែ ឬចិញ្ចឹមសត្វនៅក្នុងរដូវប្រាំងបានទេ។
យោងតាមទស្សនាវដ្តីស្វែងរកកាពិត ចុះនៅខែមិថុនា ឆ្នាំ២០០៥ ជនជាតិមិលដំបូងរស់នៅ ភូមិឆក់ត្រាច ដែលត្រូវស្គាល់ជាទូទៅថា ភូមិក្លិក្លក់ ស្ថិតនៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ ខាងកើតភូមិអូរពោធិ៍ ខេត្តក្រចេះ។ ដោយសារមានជំងឺអ៊ុតធំរាតត្បាតពេញភូមិ និងដោយមានជនជាតិព្នងមួយក្រុមចូលមកកាប់សម្លាប់ប្រជាជនក្នុងភូមិ ជនជាតិមិលបានរត់ភៀសខ្លួនមករស់នៅវាលមួយហៅថា «ស្រែចង្ហប»។ នៅក្នុងសម័យសង្គមរាស្រ្តនិយម ភូមិនេះត្រូវបានប្ដូរទីតាំងមកជាប់ផ្លូវជាតិវិញ ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសង្គម និងដើម្បីឲ្យកុមារបានរៀនសូត្រនៅសាលាផង។ អំឡុងពេលសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងនៅក្នុងរបបខ្មែរក្រហម បុរសមិលជាច្រើននាក់បានចូលបម្រើបដិវត្តន៍ខ្មែរក្រហម។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ ជនជាតិមិល មួយចំនួនបានទទួលតួនាទីខ្ពស់, មួយចំនួនត្រូវខ្មែរក្រហមសម្លាប់ចោល ហើយមួយចំនួនទៀតបាត់ខ្លួន[1] ។
សព្វថ្ងៃ ជនជាតិមិល រស់នៅជាមួយប្រជាជនខ្មែរ ហើយក្មេងៗជំនាន់ក្រោយភាគច្រើនមិនសូវចេះនិយាយភាសារបស់ជនជាតិខ្លួនប៉ុន្មានទេ ដោយសារតែត្រូវសម្របខ្លួនជាមួយសង្គមបច្ចុប្បន្ន។ តាំងពីដើមមក ជនជាតិមិល រស់នៅដោយប្រកបរបរធ្វើស្រែ និងការចិញ្ចឹមសត្វពាហនៈ ដូចជាសត្វគោ និងក្របីជាដើម។ មកទល់សព្វថ្ងៃ ជនជាតិមិលមួយចំនួនបានផ្លាស់ប្តូរមុខរបររបស់ខ្លួន ទៅរកស៊ីឈ្នួលបេះគ្រាប់ស្វាយចន្ទី ប៉ុន្តែនៅមានប្រជាជនមួយចំនួនដែលនៅតែថែរក្សាទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្លួនដដែរ។
ចំពោះរឿងរ៉ាវនៃ ទំនប់អូរតាណឹង អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងទទួលបានព័ត៌មានដូចតទៅ៖
ទំនប់អូរតាណឹង ត្រូវបានដឹកនាំសាងសងដោយ សម្ដេចព្រះ នរោត្ដម សីហនុ។ ទំនប់នេះមានប្រវែង៧០ម៉ែត្រ ដែលចូលរួមសាងសង់ដោយប្រជាជនចំនួន២០នាក់ នៅក្នុងភូមិចង្ហប និងភូមិអូរតាណឹង។ ទំនប់នេះត្រូវបានសាងសង់ដោយប្រើប្រាស់សមាសធាតុផ្សំដូចជា ថ្ម, ខ្សាច់ និងស៊ីម៉ងត៍។ ទំនប់អូរតាណឹង មានចម្ងាយពីភូមិចង្ហប ប្រហែលជិត១០០ម៉ែត្រ ចុះពីផ្លូវជាតិចូលទៅក្នុងព្រៃ។ ព័ត៌មាននេះត្រូវបានចែករំលែកដោយ អឹម យ៉ង់[2] ដែលជាអ្នក ចូលរួមសាងសង់ទំនប់អូរតាណឹងនៅក្នុងសម័យសង្គមរាស្រ្តនិយម។ អឹម យ៉ង់ ភេទប្រុស ជនជាតិមិល អាយុ៩២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ យ៉ង់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបានដឹងពីរឿងរ៉ាវរបស់ ទំនប់អូរតាណឹង និងជាអ្នកឆ្លងកាត់សម័យកាលជាច្រើនជំនាន់ រួមមាន៖ របបអាណានិគមនិយមបារាំង, របបសង្គមរាស្រ្តនិយម, របប លន់ នល់ និងរបបខ្មែរក្រហម។
យ៉ង់ បានឲ្យដឹងថា ទំនប់អូរតាណឹង ត្រូវបានកសាងឡើង ឆ្នាំ១៩៦១ហើយគាត់ជាអ្នករែងខ្សាច់ និងចាក់ស៊ីម៉ង់ត៍។ ជាមួយគ្នានេះដែរ គាត់បានបន្ថែមថា ទំនប់អូរតាណឹង ទទួលរងការខូចខាតដោយសារការហូរច្រោះនៃទឹក គឺមិនមែនទទួលរងការបំផ្លាញពីការទម្លាក់គ្រាប់បែកនោះទេ។ មូលហេតុនៃការខូចខាតនោះគឺបណ្ដាលមកពី ការកសាងមិនបានរៀបចំជាប្រព័ន្ធទ្វារទឹកសម្រាប់បើកបង្ហូរ ទើបបណ្ដាលឲ្យមានការហូរច្រោះដី។ ឈានចូលមកដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំជួសជុលទំនប់នេះឡើងវិញ ដើម្បីទប់យកទឹកទុកប្រើប្រាស់សម្រាប់ការធ្វើកសិកម្មនៅរដូវប្រាំង ក្នុងការបង្កបង្កើនផលស្រូវឲ្យបានតាមផែនការរបស់អង្គការ ប៉ុន្តែសម្រាប់ការជួសជុលទំនប់មួយនោះ គឺមិនបានរៀបរយនោះទេ។ នៅពេលដែលប្រទេសកម្ពុជាត្រូវបានរំដោះដោយកងទ័ពវៀតណាម យោធាខ្មែរក្រហមក៏បានរត់ភៀសខ្លួន ហើយបានបន្សល់ទុកទំនប់ក្នុងសភាពខូចខាតដដែលរហូតមកដល់ពេលបច្ចុប្បន្ន។
តឿ ឆន[3] ភេទប្រុស មានអាយុ៧៤ឆ្នាំ ជាជនជាតិមិល រស់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានលើកឡើងប្រហាក់ប្រហែលគ្នា។ ឆន បាននិយាយរៀបរាប់អំពីប្រវត្តិរបស់ ទំនប់អូរតាណឹង ថាត្រូវបានបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម និងស្ថិតនៅជាប់នឹងព្រំប្រទល់ភូមិចង្ហប និងភូមិអូរតាណឹង។ ទំនប់នេះ ត្រូវបានដាក់ឈ្មោះតាមឈ្មោះភូមិអូរតាណឹង គឺឈ្មោះ ទំនប់អូរតាណឹង មានប្រវែង ៧០ម៉ែត្រ។ ចំពោះគោលបំណងនៃការបង្កើត ទំនប់អូរតាណឹងនេះ គឺដើម្បីទប់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងធ្វើកសិកម្ម ដោយសារ តែនៅតំបន់នោះមានស្រែដែលបានបន្សល់ទុកពីបុរាណមក។
ឆន បានបន្ថែមថា ទំនប់អូរតាណឹងនេះ មានសភាពខូចខាតមុនពេលរបបខ្មែរក្រហមចូលកាន់កាប់អំណាច១ឆ្នាំ ហើយមូលហេតុនៃការខូចខាតគឺដោយសារតែកត្តាមនុស្ស។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានទប់ទឹកទំនប់ ដើម្បីដាក់លបយកត្រីសម្រាប់បរិភោគ។ ពេលដែលរដូវវស្សាឈានចូលមកដល់ ទឹកបានឡើង ហើយក៏បានហូរច្រោះដីតាមប្រឡាយ ដែលប្រជាពលរដ្ឋបានទប់ដាក់លបបណ្ដាលឲ្យទំនប់នោះបាក់ស្រុតទៅម្តងបន្តិចៗ។
ផុង ធី[4] ភេទប្រុស ជាអ្នករស់នៅក្នុងតំបន់ជិត ទំនប់អូរតាណឹង បានដឹងអំពីព័ត៌មាននៃការកសាងទំនប់អូរតាណឹងនោះតាមរយៈអ៊ំប្រុសរបស់គាត់។ គាត់បានលើកឡើងថា ទំនប់នោះបានចាប់ផ្ដើមសាងសង់ក្នុងសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយ សម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)។ ទំនប់នោះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ដែលជាមុខរបរចិញ្ចឹមជីវិតបន្ថែមពីលើការងារស្រែចម្ការរបស់ជនជាតិមិល ក្នុងការជួយសម្រួលបន្ទុកគ្រួសារ។ មិនបានប៉ុន្មាន ទំនប់អូរតាណឹងត្រូវទទួលរងការខូចខាត ដោយសារតែកត្តាធម្មជាតិបន្ថែមទៀត។ នៅពេលដែលមានភ្លៀងធ្លាក់ ទំហំទឹកបានហក់ឡើង និងមានសន្ទុះខ្លាំង និងបានហូរទៅប៉ះជាមួយនឹងច្រាំងទំនប់បណ្ដាលឲ្យមានការហូរច្រោះដីបាក់ធ្លាក់ចុះ។
ធី បាននិយាយថា នៅក្នុងរបបខ្មែរក្រហម មានការចាត់ឲ្យជួសជុលទំនប់ឡើងវិញ ប៉ុន្តែមិនបានជោគជ័យនោះទេ ដោយសារតែមានសង្គ្រាមស៊ីវិលកើតមានជាបន្តបន្ទាប់ រវាងយោធាខ្មែរក្រហម និងកងទ័ពវៀតណាម។ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ទំនប់នោះគឺនៅតែមានសភាពខូចខាតដដែរ រហូតមកដល់ពេលបច្ចុប្បន្ន ព្រោះគ្មាននរណាជួសជុលបន្តឡើយ។
យោងតាមព័ត៌មានខាងលើ ការខូចខាតនៃទំនប់អូរតាណឹង កើតឡើងដោយសារកត្តា២យ៉ាង រួមមាន៖ កត្តាទី១ គឺកត្តាធម្មជាតិ ដែលជាហេតុធ្វើឲ្យមានការបាក់ច្រាំងនៃទំនប់។ នៅក្នុងរដូវវស្សាទឹកបានហូរកាត់ច្រាំងរបស់ទំនប់ ដោយសារតែកម្លាំងទឹកខ្លាំងពេក ក៏បណ្ដាលឲ្យច្រាំងនោះមានសភាពខ្សោយបន្តិចម្ដងៗរហូតទាល់តែមានការខូចខាត។ កត្តាទី២ គឺជាការបង្កឡើងដោយសារមនុស្ស។
ភាពខូចខាតនៃទំនប់អូរតាណឹង គឺបានបង្កឡើងដោយសារតែការដាក់លបជាច្រើន ដែលមានតាំងពីមុនរបបខ្មែរក្រហម នៅតាមបណ្ដោយច្រាំងរបស់ទំនប់ដើម្បីចាប់ត្រីនៅពេលទឹកឡើង។ ដូចបានឃើញនៅក្នុងរូបភាពភ្ជាប់មក លបមានរូបរាងជារង្វង់មូល។ នៅពេលយកលបទៅដាក់នៅក្នុងផ្ទាំងឫស្សីមួយ ផ្ទាំងនោះមានចន្លោះប្រហោងតូចៗ ដែលមិនអាចទ្រាំទ្រនឹងកម្លាំងទឹកដែលហូរកាត់មកខ្លាំងៗបាន។ ចំណុចមួយទៀតដែលបង្កដោយមនុស្សនោះគឺ មិនមានការថែទាំទៅលើទំនប់នោះឲ្យបានដិតដល់ដូចជា សម្អាតទីតាំងកុំឲ្យមានស្លែ ឬស្លឹកឈើ និងសំរាម។ ប្រសិនបើមានការជួសជុលបន្តិចបន្តួចទៅលើកន្លែងដែលខូចខាតដោយអ្នកជំនាញ និងធ្វើតាមស្ដង់ដារបស់ទំនប់ ទំនប់អូរតាណឹងនឹងអាចដំណើរការដូចដើម ហើយអាចក្លាយជាអាងស្តុកទឹកសម្រាប់ខែប្រាំងទៀតផង៕
ដោយ នេន ស្រីមុំ
[1] លី សុផល. (លេខ៦៦ ខែមិថុនា ឆ្នាំ២០០៥). ទស្សនាវដ្ដីស្វែងរកការពិត-ផ្នែកប្រវត្តិសាស្រ្តនិងការស្រាវជ្រាវ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១៥
[2] សម្ភាសន៍ជាមួយ អឹម យ៉ង់ ដោយ វង់ ស្រីឃីម. នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា
[3] សម្ភាសន៍ជាមួយ តឿ ឆន ដោយ វង់ ស្រីឃីម និងជិន សុខណេង. នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា
[4] សម្ភាសន៍ជាមួយ ផុង ធី ដោយ ជិន សុខណេង. នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា