ព្រឹត្តិការណ៍សម្លាប់ប្រជាជនទាំងខ្មែរនិងចាម

ខ្ញុំកើតនៅក្នុងគ្រួសារកសិករមួយ នៅឆ្នាំ១៩៥១ ក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។[1] ខ្ញុំមានម្តាយឈ្មោះ អេង ណយស្រ៊ឹម និងឪពុកឈ្មោះ ប៊ុន ណាល់ ដែលត្រូវបានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៧។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំរៀននៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៩ចាស់។ ខ្ញុំចេះអាន និងសរសេរបានបន្តិចបន្តួច។ ក្រោយមកទៀត ខ្ញុំឈប់រៀន ដោយសារជីវភាពក្រីក្រ។ ខ្ញុំជួយឪពុកម្ដាយត្បាញក្រមាលក់ និងធ្វើកិច្ចការងារផ្ទះ។ នៅពេលដែលខ្ញុំត្បាញក្រមាបានប្រហែល២០ ឈ្មួញកណ្ដាលតែងតែមកទិញយកទៅលក់បន្ត។
ខ្ញុំឮអំពីរដ្ឋប្រហារនៅខែមីនា ឆ្នាំ ១៩៧០ តាមរយៈវិទ្យុ។ បន្ទាប់ពីរដ្ឋប្រហារកើតឡើងបាន១ខែ ខ្ញុំឃើញអ្នកភូមិជាច្រើនធ្វើបាតុកម្មដង្ហែតាមផ្លូវចេញពីភូមិទៅទីរួមខេត្តកំពង់ចាម។ ខ្ញុំមិនបានចូលរួមធ្វើបាតុកម្មនោះទេ។ ខ្ញុំបន្តត្បាញក្រមាដូចធម្មតា។ ប៉ុន្មានថ្ងៃក្រោយមក បាតុករទាំងអស់បានដង្ហែឆ្លងកាត់ភូមិម្ដងទៀតក្នុងទិសដៅមកកាន់ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហម បានចូលមកដល់ និងបានសុំអ្នកភូមិស្នាក់អាស្រ័យ។ វត្តមានរបស់កងទ័ពរំដោះខ្មែរក្រហមនៅក្នុងភូមិ គឺជាសញ្ញានៃការផ្ទុះឡើងការប្រយុទ្ធគ្នានាពេលខាងមុខ។ នៅចុងឆ្នាំ១៩៧១ ទាហាន លន់ នល់ ជាច្រើន ត្រូវបានបញ្ជូនឲ្យទៅឈរជើងនៅបន្ទាយកោះរកា និងរកាគយ។ បន្ទាប់មកទាហាន លន់ នល់ បើកការវាយប្រហារទៅលើកងទ័ពរំដោះខ្មែរក្រហម។ ទាហាន លន់ នល់ បញ្ជូនកងទ័ពអាកាសទៅទម្លាក់គ្រាប់បែក និងបាញ់ប្រហារមកលើកងទ័ពរំដោះខ្មែរក្រហម។ ដើម្បីសុវត្ថិភាព ខ្ញុំ និងក្រុមគ្រួសាររត់ភៀសខ្លួនចេញពីផ្ទះទៅស្នាក់នៅបណ្តោះអាសន្នជាមួយពូនៅជីហែ ដែលជាតំបន់រំដោះខ្មែរក្រហម ស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ។
នៅឆ្នាំ១៩៧២ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ឈិន ហុក ដែលធ្វើការនៅកងយុវជន។ នៅឆ្នាំ១៩៧៣ ខ្ញុំបង្កើតបានកូនប្រុសម្នាក់។ នៅក្នុងឆ្នាំ១៩៧៣ដដែរ ប្តីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ ទុកឲ្យខ្ញុំចិញ្ចឹមកូនតែម្នាក់ឯង។ គ្រួសារ និងខ្ញុំ បន្តស្នាក់នៅជីហែ រហូតដល់កងទ័ពរំដោះខ្មែរក្រហមបានវាយកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខ្ញុំបានដឹងដំណឹងនេះពីអ្នកភូមិថា កងទ័ពរំដោះខ្មែរក្រហមបានវាយយក ទីក្រុងភ្នំពេញ។ ខ្ញុំ និងគ្រួសារ ត្រលប់មកភូមិវិញ។ ប៉ុន្មានខែក្រោយមក ប្រធានសហករណ៍ បង្កើតក្រុមសាមគ្គី ដែលក្រោយមកបានប្តូរទៅជា “សហករណ៍”។ វេលានេះគឺជាការចាប់ផ្ដើមធ្វើការងារនៅក្នុងសហករណ៍។ កូនរបស់ខ្ញុំនៅនិងមើលថែដោយម្ដាយរបស់ខ្ញុំ។ នៅក្នុងភូមិ កងចល័តត្រូវបានបែងចែកជា៖ ទី១) កងកុមារ គឺចាប់ពីអាយុ៦ឆ្នាំដល់១១ឆ្នាំ។ ទី២) កងចល័តយុវជន គឺចាប់ផ្ដើមអាយុ១២ឆ្នាំដល់លើស២០ឆ្នាំ។
ទី៣) កង៣ គឺជាសម្រាប់អ្នកដែលបានរៀបការរួច (ក្រុមមនុស្សវ័យកណ្ដាល)។ ទី៤) កងវ័យជរា គឺសម្រាប់អ្នកដែលមានវ័យចំណាស់ និងមិនអាចធ្វើការបាន។ ខ្ញុំត្រូវបានចាត់តាំងធ្វើការនៅកងចល័ត គឺ«កង៣» ដែលមានគ្នាប្រហែល៣០០នាក់។ សមមិត្ត វ៉ាត គឺជាប្រធានកង៣។ ខ្ញុំត្រូវបានចាត់ឲ្យជីកគល់ឈើ និងជីកដីនៅទីតាំងមួយចំនួនរួមមាន ទំនប់ល្ពាក់, វាលទួលស្រែ និង ទំនប់ត្រួយចេក។ ខ្ញុំធ្វើការពីព្រលឹមទល់ព្រលប់ជារៀងរាល់ថ្ងៃ និងទទួលបានរបបអាហារតិចតួច ហើយគ្មានពេលមើលថែកូន និងឪពុកម្ដាយ។ ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ការសម្លាប់រង្គាលបានចាប់ផ្តើមនៅក្នុងភូមិ៖
– ដំណាក់កាលទី១៖ នៅខែកក្កដា ឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានមកដល់ភូមិ និងចាប់ផ្ដើមគ្រប់គ្រង។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ចាប់ផ្តើមស្វែងរក និងចាប់ខ្លួនកម្មាភិបាលមូលដ្ឋានយកមកសម្លាប់។
– ដំណាក់កាលទី២៖ នៅខែកញ្ញា ឆ្នាំ១៩៧៧ បន្ទាប់ពីសម្លាប់កម្មាភិបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបន្តដាក់គោលដៅកំណត់ និងចាប់ផ្ដើមចាប់ខ្លួនអ្នកភូមិ។
នៅក្នុងរយៈពេលនេះ ប្រជាជនខ្មែរអ៊ិស្លាមប្រហែល៥០គ្រួសារ ដែលកំពង់រស់នៅភូមិចំការសាមសិប ត្រូវបានខ្មែរក្រហមចាប់ និងដឹកយកទៅសម្លាប់ទាំងគ្រួសារ។ ទីតាំងសម្លាប់គឺនៅក្នុងឡថ្នាំជក់ និងនៅក្រោយភូមិ។
នៅចុងឆ្នាំ១៩៧៨ នៅពេលដែលខ្ញុំកំពុងធ្វើការនៅទំនប់ត្រួយចេក ខ្ញុំបានឮសំឡេងផ្លោងគ្រាប់បែក និងការបាញ់កាំភ្លើងនៅសមរភូមិ។ ខ្ញុំរត់ត្រលប់មកផ្ទះវិញ។ នៅពេលដែលកងទ័ពវៀតណាមចូលជិតមកដល់ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានប្រមូលអ្នកភូមិដើរទៅទំនប់ត្រួយចេក។ គោលបំណងនៃការប្រមូល អ្នកភូមិយកទៅទីតាំងខាងលើនេះ គឺដើម្បីសម្លាប់ចោល។ ខ្ញុំ និងគ្រួសារ មិនបានទៅទេ និងបានរួចផុតពីការសម្លាប់របស់ខ្មែរក្រហម នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ភូមិនៅខែមករា ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨២ ខ្ញុំ និងគ្រួសារ ចាប់ផ្តើមប្រកបរបរកសិកម្ម ដោយបានដាំបន្លែ និងតម្បាញក្រមាលក់ ដើម្បីរកចំណូលចិញ្ចឹមជីវិតរហូតមកដល់បច្ចុប្បន្ន។
ដោយ ស៊ាង ចិន្ដា
[1] ឡៅ ប៊ុនហាន «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ ស៊ាង ចិន្ដា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកុម្ភៈ ឆ្នាំ២០២២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា