ហំ សារ៉ន ជំនួយការឃុំសង្កែក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ហំ សារ៉ន[1] កើតឆ្នាំ១៩៤៧ នៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ អូម ស៊ីណន កើតឆ្នាំ១៩៥៤ នៅភូមិពោន ក្នុងឃុំសង្កែជាមួយខ្ញុំដែរ។ ខ្ញុំមានកូនចំនួន៥នាក់ គឺស្រី២ និងប្រុស៣នាក់។ ខ្ញុំមានឪពុកឈ្មោះ ហំ សាម៉ុន ស្លាប់នៅឆ្នាំ១៩៧៤ ដោយសារជំងឺម្រេញ និងម្តាយឈ្មោះ នាង យុង ស្លាប់តាំងពីឆ្នាំ១៩៦២។ ខ្ញុំមានបងប្អូនចំនួន៥នាក់ គឺស្រី២នាក់ និងប្រុស៣នាក់ ហើយខ្ញុំគឺជាកូនទី២។ បងប្អូនខ្ញុំនៅរស់តែ២នាក់ប៉ុណ្ណោះ ក្រៅពីនេះបានស្លាប់អស់ហើយ។
កាលពីក្មេងខ្ញុំចូលរៀននៅសាលាស្ថិតនៅក្នុងភូមិតាណែង។ គ្រូបង្រៀននៅសម័យនោះកាចណាស់ ប្រសិនបើសិស្សរៀនមិនចេះ គឺគ្រូវាយលើម្រាមដៃ ឬដាក់ពិន័យឱ្យលត់ជង្គង់លើសម្បកខ្នុរ។ នៅឆ្នាំ១៩៦៧ ខ្ញុំរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់ ក៏ឈប់រៀនមកមើលថែប្អូនព្រោះម្តាយខ្ញុំកើតបានប្អូនខ្ញុំម្នាក់ទៀត ហើយឪពុកខ្ញុំប្រាប់ខ្ញុំថាប្រសិនបើខ្ញុំទៅរៀនមិនមានអ្នកពរប្អូនទេ។ ខ្ញុំនៅជួយមើលថែប្អូន រហូតដល់ប្អូនខ្ញុំរៀនចប់បឋមសិក្សា និងរៀនបន្តនៅអនុវិទ្យាល័យចក។
នៅឆ្នាំ១៩៦៨ ខ្ញុំប្រកបរបររកស៊ី ទិញ ជ្រូក មាន់ទា គោក្រី កន្ទក់ យកទៅលក់នៅប្រទេសវៀតណាម ដែលមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ ខ្ញុំរកស៊ីលក់ដូររហូតដល់ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទើបខ្ញុំឈប់រកស៊ី។ រំពេចនោះ ខ្ញុំឃើញកងទ័ពវៀតកុង (វៀតណាមខាងត្បូង) បានលេចមុខនៅក្នុងភូមិឃុំ ប៉ុន្តែមិនទាន់មានវត្តមានច្រើនទេ។ នៅក្នុងខែមីនា ឆ្នាំ១៩៧០ ដដែល ខ្មែរក្រហមដែលប្រជាជនទូទៅហៅថា ខ្មែររំដោះ ឬកងទ័ពរំដោះខ្មែរក្រហម ចូលមកក្នុងភូមិរបស់ខ្ញុំដែរ ព្រមទាំងបានអំពាវឱ្យខ្ញុំ និងប្រជាជននៅក្នុងភូមិស្រម៉ចូលតស៊ូនៅក្នុងព្រៃម៉ាកគី ដើម្បីនាំសម្តេចព្រះ នរោត្តម សីហនុ មកដឹកនាំប្រទេសវិញ។ ខ្ញុំនិងយុវជននៅក្នុងភូមិ រួមមាន ឈ្មោះ សុខ, នន់, គូស, តន, ជៀក, ដយ និងមួយចំនួនទៀតដែលនៅលីវចំនួន៣០នាក់ (ស្មើនឹងមួយខ) បានស្ម័គ្រចិត្តចូលរួមជាមួយខ្មែរក្រហម។ រយៈពេលពីថ្ងៃក្រោយមក ខ្មែរក្រហមបានបើកកាំភ្លើងម៉ាកអាកា និងសេកាសេឱ្យយើងម្នាក់មួយដើម។ បើតាមខ្ញុំដឹង អាវុធ សេកាសេ និង អាកា ទាំងនោះ គឺកងទ័ពវៀតកុងបានយកមកកប់ទុកពេលដើរល្បាតនៅតាមព្រំដែន និងត្រៀមវាយជាមួយវៀតកុង (វៀតណាមខាងត្បូង) តាំងពីឆ្នាំ១៩៦៨។
បន្ទាប់មក ខ្មែរក្រហមបានចាត់តាំងខ្ញុំនិងយុវជនទាំង៣០នាក់ឱ្យេធ្វើជាឈ្លបឃុំសង្កែ ហើយចាត់តាំងឱ្យអ្នកដែលមានប្រវត្តិមិនរូបមិនល្អ និងជនខិលខូចមួយចំនួនដែលរាជការតាមចាប់ពីមុនមកឱ្យឡើងធ្វើជាមេឃុំដែលមានឈ្មោះ ស៊ី។ ពេលខ្ញុំចូលឈ្លបឃុំដំបូង ខ្មែរក្រហមឱ្យខ្ញុំហ្វឹកហាត់រយៈពេល៤ថ្ងៃអំពីយុទ្ធសាស្រ្តយោធា រួមមាន លួន, ក្រាប នៅក្នុងឃុំសង្កែ ស្រុករំដួល។ រីឯសាលាឃុំខាងកងទ័ពរំដោះខ្មែរក្រហមមិនមានទីតាំងច្បាស់លាស់ទេ គឺយកផ្ទះប្រជាជនដែលរស់នៅក្នុងតំបន់រំដោះធ្វើជាទីកន្លែងធ្វើការងារ ហើយសាលាឃុំខាងកងទ័ពរំដោះក៏ផ្លាស់ជាញឹកញាប់ដែរនៅពេលខាងរដ្ឋាភិបាល លន់ នល់ ស៊ើបដឹងទីតាំង។ ជាក់ស្តែងសាលាឃុំសង្កែខាងកងទ័ពរំដោះខ្មែរក្រហម បានផ្លាស់ទៅនៅតាមផ្ទះប្រជាជននៅក្នុងឃុំពោនវិញ ដោយសារប្រជាជននៅក្នុងឃុំពោនបានរត់ចោលផ្ទះសម្បែងអស់។ ខ្មែរក្រហមបានជ្រើសរើសឈ្មោះ វ៉ង ឌឹក ឱ្យធ្វើជាប្រធានឈ្លបឃុំ ហើយខ្ញុំគឺជាអនុប្រធានឈ្លប។ ការងារឈ្លបឃុំគឺចូលរួមប្រជុំជាមួយកងទ័ពខ្មែរក្រហមដើម្បីវាយតទល់ជាមួយកងទ័ព លន់ នល់ និងណែនាំប្រជាជននៅតំបន់រំដោះតាមផែនការដែលថ្នាក់លើដាក់មក។ ដំបូង កងឈ្លបរបស់ខ្ញុំឡើងទៅវាយជាមួយកងទ័ព លន់ នល់ នៅភូមិព្រៃគាវ ស្ថិតនៅក្នុងឃុំកំពង់ចក ស្រុករំដួល។ ប្រជាជននៅក្នុងស្រុករំដួលពេលនោះ ត្រូវបានបែងចែកជាពីរ គឺភូមិព្រៃគាវ ឃុំកំពង់ចក ប៉ែកខាងត្បូងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល លន់ នល់ និងភូមិព្រៃគាវ ឃុំកំពង់ចកប៉ែកខាងជើងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះខ្មែរក្រហម។ នៅពេលកងទ័ពរំដោះខ្មែរក្រហមវាយប្រយុទ្ធមួយកងទ័ព លន់ នល់ និង ធីវគី ម្តងៗ ក៏មានកងទ័ពតំបន់មកខេត្តព្រៃវែង និងខេត្តកំពង់ចាមមកជួយដែរ ក្រោមការដឹកនាំរបស់មេបញ្ជាការវរខេត្តស្វាយរៀងឈ្មោះ យ៉ា ហើយក្រោយមកមានឈ្មោះ តាត្រឡោកបែក។ ចំណែកទ័ពខាងស្រុករំដួលគឺមានមេបញ្ជាការឈ្មោះ ហួយ និង ពីន។ ក្រៅពីកងទ័ពរំដោះខ្មែរក្រហម ក៏មានកងទ័ពវៀតកុង មកចូលរួមតទល់ជាមួយកងទ័ព លន់ នល់ និងធីវគីដែរ។ ប្រជាជនដែលរស់តំបន់សមរភូមិប្រយុទ្ធនៅភាគខាងត្បូងភូមិព្រៃគាវ បានរត់ភៀសខ្លួនទៅរស់នៅក្រុងស្វាយរៀង ចំណែកប្រជាជនដែលរស់ភាគខាងជើងភូមិព្រៃគាវ បានភៀសខ្លួនទៅរស់នៅតំបន់រំដោះវត្តសង្កែ។ ក្រៅពីឡើងទៅវាយនៅសមរភូមិ គឺខ្ញុំត្រូវសម្រាក ដើម្បីត្រៀមកម្លាំងវាយបន្តទៀត។
សាលាស្រុករំដួលនៅខាងតំបន់រំដោះ គឺមានទីតាំងស្ថិតជាប់នឹងថ្នល់កែងក្នុងភូមិព្រៃគាវ និងមាន ឈ្មោះ ប៉ូ លីវ៉ាន់ គឺជាគណស្រុក, ឈ្មោះ សុខ សាម៉ន គឺជាអនុប្រធានស្រុកទទួលបន្ទុកខាងសេដ្ឋកិច្ច និងកសិកម្ម, ឈ្មោះ សៅ សារ៉េត គឺជាអនុប្រធានស្រុកទទួលបន្ទុកខាងសន្តិសុខ និងមន្ទីរសន្តិសុខ រួមមាន ៖ ១) មន្ទីរសន្តិសុខពពកវិល មានប្រធានឈ្មោះ ផាន និងមានទីតាំងស្ថិតនៅក្នុងភូមិពពកវិល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង និង២) មន្ទីរសន្តិសុខទួលច្រេះ មានអ្នកគ្រប់គ្រងឈ្មោះ ឈុំ និងមានទីតាំងស្ថិតនៅវត្តទួលច្រេះ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងទីតាំងសម្លាប់នៅព្រៃតាតែ ក្បែរវត្តកំពង់អំពិល។
ខ្ញុំនិងកងឈ្លបរួមទាំងកងទ័ពរំដោះខ្មែរក្រហមវាយតទល់ជាមួយកងទ័ព លន់ នល់ ដឹកនាំដោយ អ៊ិន យ៉ុង (អតីតតំណាងរាស្រ្ត) រយៈពេលមួយខែតាមផ្លូវជាតិលេខ១៣ ទើបរំដោះបានក្រុងស្វាយរៀងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥។ ខ្ញុំប្រមូលយករបស់ជ័យភណ្ឌ មានដូចជា ទឹកអប់, ចាន, សាប៊ូ, ម៉ាស៊ីនដេរ និងខ្សែគោ ច្រកចូលក្នុងបាវ រួចហើយលើកដាក់លើកង់បណ្តើរមកផ្ទះវិញ។ ខ្ញុំបានមកនៅផ្ទះម្តាយក្មេកខ្ញុំនៅភូមិពោន ឃុំសង្កែ និងស្នើសុំឈប់ឡើងទៅវាយប្រយុទ្ធលើសមរភូមិទៀត។ ពេលនោះ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើជាជំនួយការងារឃុំសង្កែ ចំណែកស្រុករំដួលខ្មែរក្រហមប្តូរឈ្មោះមកជាស្រុកសំរោងវិញ។ ក្រៅពីការងារជំនួយការឃុំ ខ្ញុំធ្វើជាអនុប្រធាន(គ២) បន្ទាប់ពី ស្រី សាលី (សព្វថ្ងៃគឺជាសង្ឃរាជវត្តសង្កែ) ដែលធ្វើជាប្រធាន(គ២)។ នៅក្នុង (គ២) មានសមាជិក១០០នាក់ ហើយក្នុងមួយឃុំគឺមាន៣គ គឺ៖ (គ១) មានប្រធានឈ្មោះ អ៊ំ គឹមសួរ និងអនុប្រធានឈ្មោះ ហឹម ម៉ាលី និងមានសមាជិកជាយុវនារី។ (គ២) គឺឈ្មោះ ស្រី សាលី គឺជាប្រធាន ចំណែក (គ៣) មានឈ្មោះ គី គឺជាប្រធាន និងមានសមាជិកគឺជាយុវជន។ ខ្ញុំដឹកនាំសមាជិកនៅក្នុង(គ២) ដែលភាគច្រើនមានប្រពន្ធនិងកូនធ្វើការងារ។
អំឡុងពេលនោះ ខ្មែរក្រហមបានជម្លៀសប្រជាជនថ្មី រាប់រយគ្រួសារពីភ្នំពេញ មករស់នៅឃុំសង្កែ។ ប្រជាជនថ្មីមួយចំនួនដែលមានបងប្អូននៅក្នុងឃុំសង្កែ បានទៅរស់នៅជាមួយបងប្អូន ចំណែកប្រជាជនដែលគ្មានបងប្អូននិងសាច់ញាតិ គឺខាងឃុំសង្កែរៀបកន្លែងឱ្យរស់នៅ។ ប្រជាជនថ្មីទាំងនោះត្រូវបានចាត់ទុកថាគឺជាប្រជាជនផ្ញើ។ នៅសម័យនោះខ្មែរក្រហមបានបែងចែកប្រជាជនជា៣ប្រភេទ គឺប្រជាជនពេញសិទ្ធិ, ប្រជាជនត្រៀម និងប្រជាជនផ្ញើ (ប្រជាជនថ្មី)។ ប្រជាជនថ្មីទទួលរបបអាហារដូចប្រជាជនពេញសិទ្ធិដែរ និងត្រូវហូបរួមគ្នា។ លើកលែងតែមេឃុំឡើងថ្មីឈ្មោះ យឿង ហូបដាច់ដោយឡែក រីឯខាងសន្តិសុខគឺដើរហូបតាមសហករណ៍ពេលចុះទៅធ្វើការម្តងៗ ដោយចុងភៅនៅតាមសហករណ៍បន្ថែមអង្ករម្នាក់កន្លះកំប៉ុងលើរបបដែលបានកំណត់ដល់កងសន្តិសុខ។
ខ្ញុំដឹកនាំសមាជិកក្នុង(គ២) រួមទាំងប្រជាជនជម្លៀសមកថ្មី ជីកប្រឡាយដែលមានជម្រៅ៣ម៉ែត្រ ពីស្រុកស្វាយទាប ភ្ជាប់មកស្រុករំដួល និងពីឃុំចក ភ្ជាប់ទៅសំរោង។ សមាជិកក្នុង (គ២) ចាប់ផ្តើមធ្វើការងារពីម៉ោង៧ព្រឹក ដល់ម៉ោង១១ និងពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច។ ចំពោះអ្នកដែលមានប្រវត្តិរូបមិនល្អនៅក្នុងកងរបស់ខ្ញុំ គឺសន្តិសុខស្មើទៅមេឃុំដើម្បីយកទៅអប់រំ។ បន្ទាប់មកមេឃុំសង្កែបញ្ជូននីរសារឈ្មោះ ជី វណ្ណឌី មកប្រាប់ខ្ញុំឱ្យទៅហៅអ្នកដែលមានមានប្រវត្តិមិនល្អនោះទៅឃុំសង្កែដែលមានទីតាំងស្ថិតនៅវត្តពាមអំពិលដើម្បីកែប្រែខ្លួន ប៉ុន្តែខ្ញុំមិនដែលហៅទាំងនោះត្រលប់មកកងវិញទេ។ នៅអំឡុងពេលនេះ ខ្មែរក្រហមក៏បានចាប់ប្រជាជនថ្មីដែលភាគច្រើនធ្លាប់ធ្វើជាទាហាន លន់ នល់ រាប់រយនាក់ទៅវាយចោលនៅព្រៃទប់។ បន្ទាប់មកទើបចាប់អ្នកដែលធ្លាប់ធ្វើជាគ្រូបង្រៀនពីឃុំសង្កែ និងឃុំផ្សេងៗក្នុងស្រុកសំរោង ទៅឃុំឃាំងនៅមន្ទីរសន្តិសុខពពលវិល បន្តទៀត។
នៅក្នុងឃុំសង្កែដែលខ្ញុំធ្វើការ មានភូមិចំនួន៨ គឺ ភូមិស្រម៉, ភូមិត្រពាំងរុន, ភូមិទួលចំបក់, ភូមិតាប៉ោង, ភូមិតាណែង, ភូមិទឹកជោ, ភូមិពោ និងភូមិសា្វយររំពា ហើយក្នុងមួយភូមិគឺមានសហករណ៍មួយ។ ក្រោយមកខ្មែរក្រហមទើបបានបូកបញ្ចូលភូមិចំនួន៣ ទើបបង្កើតបានមួយសហករណ៍។ នៅក្នុង (គ២) ខ្ញុំចាត់តាំងមនុស្ស៣នាក់ឱ្យទៅរកត្រីមកធ្វើម្ហូប និងចាត់តាំងចុងចុងភៅ៣នាក់ឱ្យដាំស្ល។ បន្ទាប់ពីចុងភៅដាំស្លរួច ចុងភៅបានដួសម្ហូបអាហារទាំងនោះទុកសម្រាប់ចែកសមាជិកគ២ ដែលចេញទៅជីកប្រឡាយ រួចហើយយកមុងមកគ្របពីលើអាហារទាំងនោះព្រោះមានរុយច្រើនណាស់។ ការងារររបស់ខ្ញុំមួយទៀតគឺប្រមូលយុវជននៅក្នុងឃុំឱ្យចូលធ្វើឈ្លប និងធ្វើកងទ័ពដោយក្នុងមួយខែជ្រើសរើស៣-៤នាក់ រួចហើយបញ្ជូនទៅតំបន់។
នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមមានជម្លោះជាមួយវៀតណាម ហើយកងវៀតណាមបានវាយចូលក្នុងស្រុកសំរោង ទើបខ្មែរក្រហមយកអ្នកទោសនៅមន្ទីរសន្តិសុខពពកវិលទៅវាយទម្លាក់ចូលក្នុងអណ្តូង វត្តសូ ស្ថិតនៅក្នុងភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រុំ។
កងទ័ពវៀតណាមឈរជើងរយៈពេលមួយខែទើបត្រលប់ទៅវិញ ហើយក៏មានជនភៀសខ្លួនខ្មែរមួយចំនួនទៅនៅប្រទេសវៀតណាមដែរ។ ពេលនោះខ្មែរក្រហមបានប្រាប់ទៅវៀតណាមថា ជនភៀសខ្លួនខ្មែរនៅវៀតណាមគឺជាគិញ ដូច្នេះស្នើឱ្យវៀតណាមបញ្ជូនត្រលប់មកខ្មែរវិញ។ នៅពេលជនភៀសខ្លួនខ្មែរទាំងនោះមកដល់ស្រុកកំណើតវិញ ខ្មែរក្រហមប្រមូលយកទៅសម្លាប់ចោលទាំងអស់។
នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានបញ្ជូនកម្មាភិបាល និងកងទ័ពមកពីនិរតី ដឹកនាំដោយឈ្មោះ អឿន ឱ្យមកគ្រប់គ្រង់នៅខេត្តស្វាយរៀង និងស្រុកសំរោង។ កម្មាភិបាល និងកងទ័ពមកពីនិរតី បានដកគណៈស្រុកឈ្មោះ ប៉ូ លីវណ្ណ ហើយដាក់ សៅ សារ៉េត ជំនួស និងចាប់មេឃុំសង្កែឈ្មោះ យឿង ហើយដាក់អ្នកថ្មីជំនួសវិញ។ កងទ័ពខ្មែរក្រហមមកពីនិរតីបានវាយប្រយុទ្ធជាមួយកងទ័ពវៀតណាម ចំណែកខ្ញុំត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវកប់សាកសពកងទ័ពនិរតីដែលស្លាប់នៅលើសមរភូមិ។ ការងារកប់សាកសព ចែកជាកងសែងសាកសព, កងជីករណ្តៅ៣នាក់ កងធ្វើក្តាមឈូសដាក់សាកសព៣នាក់ កងលាងសាកសព៣នាក់ និងអាចារ្យ៣នាក់។ មុនពេលបញ្ជូនសាកសពមក កងសែងបានរាយការណ៍ចំនួនសាកសព និងឈ្មោះមកខ្ញុំជាមុន។ នៅពេលសាកសពមកដល់ទីតាំង កងសែងសាកសពបានដកយកអង្រឹងទៅវិញដើម្បីទុកសែងសាកសពផ្សេងទៀត ចំណែកខ្ញុំបានសរសេរឈ្មោះសាកសពនៅលើក្រដាសរួចច្រកចូលក្នុងដបរួចកប់ជាមួយសាកសពនោះដើម្បីចំណាំ។ សាកសពកងទ័ពនិរតីទាំងនោះ កប់នៅទីតាំងចំនួនពីរគឺ នៅវត្តល្ងើន និងនៅដើមពោធរ៍នៅភូមិគោកស្រម៉ ដែលមានសាកសពទាំងអស់ប្រមាណ២៨០នាក់។
នៅពេលមានការវាយប្រយុទ្ធកាន់តែខ្លាំងក្លារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម ខ្មែរក្រហមបានជម្លៀសខ្ញុំ និងគ្រួសារទៅវត្តសូរយៈពេលកន្លះខែ រួចហើយបញ្ជូនបន្តទៅនៅស្រុកកោះជ័យក្នុងខេត្តព្រៃវែង។ នៅរដូវទឹកឡើងក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានបញ្ជូនខ្ញុំនិងគ្រួសារទៅអ្នកលឿង រួចហើយឱ្យជិះស្រឡាងបន្តទៅឈប់នៅមុខវាំង ក្នុងក្រុងភ្នំពេញ។ ខ្ញុំនិងគ្រួសារបានដើរទៅដេកនៅផ្សារថ្មីរយៈពេល៣ថ្ងៃ ដើម្បីរង់ចាំជិះរថភ្លើងបន្តទៅខេត្តពោធិ៍សាត់។ នៅផ្សារថ្មី ខ្មែរក្រហមចែកបាយ និងត្រីចំហុយ ឱ្យខ្ញុំហូប ព្រមទាំងចែកអាវខ្មៅមួយ, សំពត់ខ្មៅមួយ និងក្រមាក្រឡាក្រហមមួយ ឱ្យខ្ញុំ សមាជិកគ្រួសារខ្ញុំ និងប្រជាជនជម្លៀសម្នាក់មួយសម្រាប់ លើកលែងតែក្មេងៗទេ ដែលខ្មែរក្រហមមិនចែកឱ្យ។ នៅវេលាម៉ោង៩យប់ ថ្ងៃទី៣ ខ្មែរក្រហមឱ្យខ្ញុំនិងគ្រួសារឡើងជិះរថភ្លើងពីស្ថានីយ៍រថភ្លើងក្នុងក្រុងភ្នំពេញ ទៅឈប់នៅស្ថានីយ៍កំរែង ស្ថិតនៅខាងកើតក្រុងពោធិ៍សាត់ នៅវេលាម៉ោង៤ទៀបភ្លឺ។ ខ្ញុំនិងគ្រួសាររង់ចាំរហូតដល់ម៉ោង៥ល្ងាច ទើបខ្មែរក្រហមបររទេះមកដឹកយើងទៅដាក់នៅសហករណ៍កំរែង ក្នុងឃុំលលកស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានឈ្មោះ ហ៊ម គឺជាប្រធានសហករណ៍។ ខ្ញុំនៅបោកបែនស្រូវនៅសហករណ៍កំរ៉ែងមួយរយៈ ក្រោយមកទើបខ្មែរក្រហមផ្លាស់ខ្ញុំឱ្យទៅជីកប្រឡាយនៅដំណាក់ឈើក្រមវិញ។ នៅទីនោះ ឈ្លបខ្មែរក្រហមបានចាប់អ្នកប្រព្រឹត្តខុស ដូចជា លួចបេះដំណាំ និងអ្នកដែលអប់រំកែប្រែមិនបានយកទៅសម្លាប់ចោលនៅពេលយប់ និងមិនឆ្ងាយប៉ុន្មានពីរោងសហករណ៍ឡើយ។ ខ្ញុំបានឃើញសាកសពនៅពេលខ្ញុំទៅឃ្វាលគោនៅក្នុងព្រៃ។
នៅពេលទ័ពវៀតណាមវាយចូលមកដល់ខេត្តពោធិ៍សាត់ នៅខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានកៀរខ្ញុំរត់ឡើងលើភ្នំ។ ខ្ញុំរស់នៅជាមួយខ្មែរក្រហមរហូតដល់ចូលឆ្នាំខ្មែរនៅខែមេសា ទើបខ្ញុំនាំគ្រួសារគេចខ្លួនពីខ្មែរក្រហម។ នៅខែកញ្ញា ឆ្នាំ១៩៧៩ ខ្ញុំនិងគ្រួសារធ្វើដំណើរមកដល់ស្រុកកំណើត នៅខេត្តស្វាយរៀងវិញ។
ដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងជំរុញឱ្យមានការទទួល, បទសម្ភាសន៍ ឡុង ដានី ជាមួយ ហាំ សារ៉ន អតីតជំនួយការឃុំសង្កែក្នុងរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករដួល ខេត្តស្វាយរៀង។ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។