ជឿលើសន្យារបស់អង្គការ

ឯកសារ K00696 ដែលមានចំណារលេខដើម TSL4124 តម្កល់ទុកនៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

​“ជីកស្មៅ ត្រូវជីកទាំងឫស” ជា​សុភាសិត​ដែលតែងត្រូវ​ប្រើប្រាស់ជាសកល​ក្នុ​ងរប​បផ្តាច់ការ។[1] នៅក្នុង​សង្គម​ខ្មែរ សុភាសិតនេះ តែងពេញនិយម​ប្រើប្រាស់​នៅក្នុង​របប​ខ្មែរក្រហម ឬកម្ពុជា​ប្រជាធិតេយ្យ (១៩៧៥-១៩៧៩)។ ខ្មែរក្រហម​ តែងអនុវត្តគោលការណ៍ “ជីកស្មៅ​ត្រូវជីកទាំងឫស”នេះ ទៅលើក្រុម​គោល​ដៅ​ ឬក្រុម​សង្ស័យ​ដែល​ប្រឆាំងជាមួយខ្លួន។ នៅអំឡុង​ឆ្នាំ​១៩៧៦ និង​១៩៧៧​ ខ្មែរក្រហម​ បាន​អនុវត្ត​ការធ្វើ​បន្សុទ្ធកម្ម[2] លើ​សមាជិក​របស់​ខ្លួន ដោយ​សារ​ ប៉ុល ពត​ និង​សហការី ជឿថា​ការបះបោរប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​បក្ស​ កាន់តែកើតមានច្រើន​ឡើងៗ។[3] “មន្ទីរសន្តិសុខ” ឬហៅសាមញ្ញថា “គុក” រួមមាន​ជិត​២០០​កន្លែង​ត្រូវ​បាន​បង្កើតឡើង​ដោយ​ខ្មែរក្រហម គ្របដណ្ដប់​ស្ទើរគ្រប់ទិសទី​លើផ្ទៃប្រទេស។ នៅក្នុងអំឡុង​នៃ​ការធ្វើ​បន្សុទ្ធកម្ម អ្នក​ដែល​ខ្មែរក្រហម​ចោទថា​ជាជនក្បត់ជាតិ និង​អ្នក​ដែលពាក់ព័ន្ធ​ត្រូវ​បាន​បញ្ចូនទៅសួរចម្លើយ​ ដែល​នៅចុង​បញ្ចប់​តែងត្រូវ​ឃុំ​ខ្លួន ឬកម្ទេច។[4] ថោង ហ៊ិន គណៈអប់រំ​ស្រុកមេមត់ តំបន់​២១[5] ត្រូវ​បាន​ចាប់បញ្ជូន​ទៅមន្ទីរ​ស-២១។ ផ្តោតលើ​គោលការណ៍​ “ជីកស្មៅជីកទាំងឫស” ខ្មែរក្រហម ក៏បានស្រាវជ្រាវ​និងចាប់​បញ្ជូនអ្នក​ដែលពាក់ព័ន្ធនឹង ថោង ហ៊ិន ទាំងអស់​ទៅសួរចម្លើយ​និង​ឃុំខ្លួនដែរ។ ជាក់ស្តែង ឈុំ រឹម[6] ដែល​ជាប្រពន្ធ​របស់ ថោង ហ៊ិន ត្រូវ​បាន​ឃាត់​ខ្លួននិង​បញ្ជូន​ទៅ​សួរចម្លើយ​នៅមន្ទីរ​ស-២១ នៅខែមិថុនា​ ឆ្នាំ​១៩៧៧។

ឈុំ រឺម កើត​នៅក្នុង​គ្រួសារ​កសិករមួយ​ នៅក្នុង​​ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។[7] កាលពីកុមារភាព ឈុំ រឹម បាន​សិក្សារៀនសូត្រ​ដល់​ត្រឹម​ថ្នាក់​ទី​១០ចាស់ ដែល​ស្មើ​នឹង​ថ្នាក់​ទី៦នាពេល​បច្ចុប្បន្ន។ ដោយសារ​តែ​​នៅភូមិកំណើតមានសភាពការណ៍ចលាចល រឹម បាន​ឈប់រៀន​ និង​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ទ័ពនារី​ភូមិ​នៅក្នុង​ឆ្នាំ​១៩៧៣ ជាមួយ​នឹង​អ្នក​ភូមិចំនួន​១២​នាក់​ផ្សេងទៀត។ នៅមុនពេល​ត្រូវ​បញ្ជូន​ទៅសមរភូមិ រឹម និង​គ្នីគ្នា​ ត្រូវ​បញ្ជូនទៅកាន់​ភូមិផ្ទះវាល ឃុំព្រែកដំបូក​ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម ដែលជា​ទីតាំសម្រាប់​បណ្តុះ​បណ្តាល​កង​កម្លាំង​ទើបចូលរួមថ្មី។ នៅទីនេះ រឹម ត្រូវ​រៀនវគ្គនយោបាយ និង​ការ​បំពាក់​បំប៉ន​ស្មារតី​ដើម្បីកុំ​ឲ្យ​ភ័យខ្លាច កុំ​ឲ្យញញើត​និង​រាថយ​ នៅក្នុង​សមរភូមិ មុនពេលត្រូវ​បញ្ជូន​ទៅសមរភូមិជាក់ស្តែង។ ក្រោយបិទវគ្គ រឹម និង​ទ័ពនារី សរុប​៣០នាក់ ត្រូវ​បាន​ចាត់​បញ្ជូន​ឲ្យទៅឈរជើងនៅសមរភូមិបាក់​ខែង។ នៅក្នុង​សមរភូមិដំបូងនេះ រឹម ទទួល​បន្ទុក​ជញ្ជូន​សម្ភារ​និង​សព្វាវុធសម្រាប់យុទ្ធជនដែល​វាយ​តតាំង​ក្នុង​សមរភូមិ។ រឹម ថែមទាំងត្រូ​វ​សែង​យុទ្ធជន​របួសទៅពេទ្យ និង​សាកសពទាហាន​ទៅកប់​ថែមទៀតផង។ រឹម រំឭកថា នៅក្នុង​សមរភូមិ គាត់ត្រូវ​ធ្វើការតាម​មុខព្រួញ តាំង​ពី​ម៉ោង​៣យប់​ ដល់​ម៉ោង​៦ល្ងាចទើបបាន​សម្រាក។ ក្រោយយក​ឈ្នះលើ​សមរភូមិនៅបាក់ខែង កងកម្លាំង​ខ្មែរក្រហម បាន​បន្ត​រុញកម្លាំងទៅមុខ គឺទៅកាន់​ម្តុំឃ្លាំងមឿង, ព្រែកក្របៅ, ព្រែកថោង និង​តំបន់​នានា​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ រហូត​ទៅឈរជើង​ចាំវាយ​យក​ទីក្រុង​ភ្នំពេញ​នៅ​តំបន់​ជ្រោយ​ចង្វារមួយថ្ងៃមុនជ័យជម្នះ​របស់​ខ្មែរក្រហម​។

“ឈរជើងនៅទីនេះ គេវាយពីក្បាល​ព្រលប់ ​វាយឲ្យទល់តែព្រឹកឡើង​ក្រសោបអស់ល្មម” រឹម​បាន​រំឭកអំពីហេតុការណ៍មុនខ្មែរក្រហម​វាយ​យក​បាន​ទីក្រុង​ភ្នំពេញ​មួយ​ថ្ងៃ។ នៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ​១៩៧៥ នៅពេល​ដែលខ្មែរ​ក្រហម​ក្តោប​ក្តាប់​បានទីក្រុង​ភ្នំពេញ រឹម បាន​រៀបរាប់ថា នៅក្នុង​ក្រុង​មាន​សភាព​ច្រួល​ច្របល់។ ប្រជាជន​ចេញពីផ្ទះសម្បែងទាំងក្រុមៗ ឯកងកម្លាំង​ខ្មែរក្រហម​នៅយាមល្បាត និង​ចាំឃាត់​ខ្លួន​ទាហាន លន់ នល់។ ជាក់ស្តែង កង​របស់​ រឹម​ បាន​ចាប់ខ្លួន​ទាហាន​ លន់​ នល់ ចំនួន​២០០​នាក់ រួច​បញ្ជូនឡើងរថយន្តចេញពីភ្នំពេញ។ ក្រោយពីជម្លៀស​ប្រជាជន​ចេញ​អស់ ខ្មែរក្រហម បាន​ប្រាប់កង​កម្លាំងរបស់​ខ្លួន​ថា គេ​នឹង​រៀបចំក្រុងឡើងវិញ​ និង​បង្កើតជារោងចក្រ​ផ្សេងៗ។ នៅពេលរួចរាល់​ យុទ្ធជន​ខ្មែរក្រហម​អាច​ចូល​បម្រើ​នៅតាម​កន្លែង​ណាដែល​ខ្លួន​ពេញចិត្ត។ ដោយជឿតាម​ការសន្យានេះ រឹម នៅរង់ចាំ​នៅទីក្រុង​ភ្នំពេញ​មួយ​រយៈ រួច​ក៏ត្រូវចាត់តាំង​ឲ្យទៅម្តុំ​គៀនឃ្លាំង នៅជ្រោយ​ចង្វារ។ នៅទីនេះ​ រឹម​ ត្រូវ​បាន​ចាត់តាំង​ឲ្យដាំបន្លែ​មួយ​រយៈទម្រាំមាន​ការចាត់តាំង​បន្ថែម។

នៅពេលនោះ អង្គការ បាន​រៀបគូស្រករ​ឲ្យ​រឹម ដោយលើកឡើងថា រឹម គួររៀបការជាមួយ​កម្មាភិបាល​ឲ្យហើយ បើមិនដូច្នោះទេ រឹម អាចត្រឹមរៀបការជាមួយនឹងយុទ្ធជនពិការប៉ុណ្ណោះ។ រឹម បាន​យល់ព្រម ទោះបីជា​គាត់ពុំ​ធ្លាប់​ជួប​ជាមួយ​នឹង​គូស្រករដែល​អង្គការ​រៀបចំឲ្យពីមុនមកក៏ដោយ។ អង្គការ បាន​ផ្សំផ្គុំ រឹម ជាមួយ​នឹង​សមមិត្ត​ ថោង ហ៊ិន ដែលមកពីមេមត់។ យោងតាម​រឹម ថោង ហ៊ិន បាន​ចូលរួម​តស៊ូជាមួយ​ខ្មែរក្រហម​តាំងពី​ឆ្នាំ​១៩៧០​មកម្ល៉េះ។ ក្រោយពីទទួល​ជ័យជម្នះ ខ្មែរក្រហម បាន​តែងតាំង​ហ៊ិន ជា​គណៈអប់រំនៅស្រុកមេមត់។ ក្រោយរៀបការ​បាន​មួយ​រយៈ  រឹម​ បាន​ទៅលេង​ស្រុក​កំណើត​របស់​ហ៊ិន រួច​វិលត្រលប់​មកកាន់​គៀន​ឃ្លាំងវិញ ឯហ៊ិននៅឈរ​ជើង​នៅមេមត់ ក្នុង​ភូមិភាគ​បូព៌ា​។​ រឹម​ រៀបរាប់ថា គាត់​តែងអាចទៅលេង​ក្រុម​គ្រួសារបាន។ ក្រោយរៀបការបាន​មួយ​រយៈ រឹម បង្កើត​បាន​កូនស្រីម្នាក់ ដែល​កូននោះ នៅស្នាក់ជាមួយ​ខ្លួន​នៅឯគៀនឃ្លាំង។

មិនយូរ​ប៉ុន្មាន រឹម​ បាន​លេចឮព័ត៌មាន​អំពីការចាប់​ខ្លួន​មេដឹកនាំ​ខ្មែរក្រហម​នៅភូមិភាគ​បូព៌ា។ ក្នុង​ថ្ងៃមួយ នៅម៉ោង​ប្រមាណ​១០​យប់​ មាន​និរសាខ្មែរក្រហម បាន​មក​រក​រឹម ដោយប្រាប់ឲ្យរឹមរៀបចំរបស់របរ​ដើម្បីទៅទស្សនកិច្ច​កំពង់សោម។ នៅពេលនោះ រឹម បាន​ស្នើ​និរសាឲ្យគាត់​បាន​បំបៅដោះកូនមុនពេល​ចេញទៅ តែនិរសានោះ​បាន​បដិសេធ និង​តបថា៖ “មិនបាច់ឲ្យទឹកដោះអីទេ កូន​នឹង​មុនក្រោយគង់មិននៅ”។ រឹម លើកឡើងថា ដោយសារ​តែ​កូន​របស់​ខ្លួន​ ឃ្លាននិង​ពុំ​បាន​ទឹកដោះ កូន​នោះយំរហូត​គាំង​ស្លាប់។ រឹម​ នៅចងចាំ​ទិដ្ឋភាព​នៃការស្លាប់​របស់កូន​ខ្លួន​មិនភ្លេច។ ក្រោយពីកូន​ផុតដង្ហើមទៅ រឹម ពុំ​បាន​រៀបចំសពរបស់កូន​ឲ្យបាន​ស្រួលបួលឡើយ ពីព្រោះថា​និរសានោះ បាន​បង្ខំ​ឲ្យរឹម​ឡើងរថយន្ត​ចាកចេញទៅ។

នៅពេល​ចុះលើរថយន្ត រឹម សង្កេតឃើញថា ខ្លួនបាន​មកដល់​អគារដូចសាលារៀនមួយកន្លែង ដែល​បំភ្លឺដោយ​អំពូល​ម៉ែត្រ​ភ្លឺចាច។ រឹម ត្រូវ​បាន​នាំទៅកាន់​បន្ទប់​បិទជិត​នៅជាន់​ផ្ទាល់ដី ដើម្បី​សួរនាំ។ “គេចាក់រ៉ាត់យូ (វិទ្យុ) ឮៗ ចឹង​មិនបាន​ឮសូរសំឡេងអី ពីខាង​ក្រៅទេ” រឹម​ លើកឡើង។ “អ្នកសួរមុខខុសគ្នា ខ្ញុំ​ត្រូវ​គេសួរពីរដង។ គេ​សួរតែពេល​យប់ទេ ហើយពេលព្រឹកគេ​ដាក់យើង​ឃុំ​នៅជាន់​ទីពីរ។ ក្រោយសួរ​ហើយលើកដំបូង គេ​នាំ​ខ្ញុំទៅថតរូប។ គេសួរប្រវត្តិចូលទ័ព ប្រវត្តិ​យុវកក[8] អីហ្នឹង” រឹមបាន​បន្ត។ “គេថាខ្ញុំ​ហ្នឹងប្រពន្ធពួកក្បត់ ខ្ញុំ​ជាប់​និន្នាការនយោបាយ​ពួកក្បត់។ អ្នក​ដឹកនាំក៏ក្បត់​ ប្តីក៏ក្បត់ អីចឹងទៅគេចាប់​ខ្ញុំ​យកទៅគុក​ទួលស្លែង។ គេសួរចម្លើយខ្ញុំ ២យប់២ថ្ងៃ។” ឈុំ រឹម រំឭកយ៉ាងដូច្នេះ។ ដោយសារ​តែ ឈុំ រឹម​ ពុំ​បាន​ផ្តល់​ចម្លើយ​បង្ហាញអំពីចេតនាក្បត់ ខ្មែរក្រហម​ បាន​បញ្ឈប់​ការ​សួរចម្លើយ​ដែល​ប្រព្រឹត្ត​ទៅអស់រយៈពេល២យប់២ថ្ងៃនេះ រួច​បញ្ជូន រឹម ឲ្យទៅធ្វើការ​នៅ​គុកព្រៃសអស់​រយៈកាល​ជិត​១ឆ្នាំ​។

“អើយ! វេទនាណាស់ មហាវេទនា ម៉ោង៣ក្រោកឡើយតម្រង់ជួរ ម៉ោង៨យប់​បានចូលដល់កន្លែងៗ! បន្ថែមម៉ោង​គេទៀតដល់ ម៉ោង​១១ ឬ១២ បានៗឲ្យដេក។ ដេក​បាន​មួយ​ភ្លែត ផ្លុំ​កញ្ចែច្រែក ផែនការ​ក្តៅ​ម៉ោង ១តម្រង់ជួរចេញធ្វើការនទៀត។” ឈុំ រឹម បាន​រៀបរាប់អំពីជីវភាព​រស់​នៅជាង​១ឆ្នាំ​នៅព្រៃស។ ក្រៅពីស្ថានភាពការ​ងារ​ដ៏លំបាកលំបិននេះ ឈុំ រឹម និង​អ្នកជាប់ឃុំ​ក្នុង​មន្ទីរនេះ ត្រូវរស់នៅក្នុងភាពភិតភ័យ ពីព្រោះ មានការនាំខ្លួន​មនុស្ស​ចេញចូលជារៀងរាល់យប់។ ឈុំ​ រឹម បន្តថា៖ “គេ​ប្រាប់​ថា​យកទៅកសាង​នៅសហករណ៍ផ្សេង ការពិត យកទៅវាយ​នៅរណ្ដៅ៤ជ្រុង។ មួយយប់​ចូល​៣ឡាន ចេញ៣ឡាន អាកាម៉ាសធំៗ។”

ក្រៅពី​សណ្ឋានការងារ​ធ្ងន់ធ្ងរ រឹម ក៏ពុំ​បាន​ទទួល​របប​អាហារ​គ្រប់គ្រាន់ដែរ។ រឹម​ រំឭកថា ដោយសារ​តែ​អត់ឃ្លានយូរថ្ងៃ គាត់​និង​មិត្ត​រួម​ក្រុម នាំគ្នា​ចាប់​ក្តាម​និង​ត្រីហូបទាំងរស់។ រឹម​ ធ្លាប់​ត្រូវអង្គការ​ចាប់​បាន​អំពីការ​លួចហូបនេះ នឹង​ទទួលបាន​ការគម្រាមកម្ទេចពីអង្គការ​ថែម​ទៀត​ផង។ រឹម លើកឡើងថា ទោះបីជា​ត្រូវ​ចាប់​បាន​និង​គម្រាមយ៉ាងណាក្តី គាត់នៅតែ​បន្ត​លួច​ចាប់សត្វហូប ពីព្រោះបើមិនដូច្នោះទេ គាត់​ត្រូវ​ដាច់ពោះស្លាប់ មុនពេល​អង្គការកម្ទេចទៅទៀត។ ជាសំណាងល្អ គាត់​ពុំ​ត្រូវ​អង្គការ​ចាប់បានអំពីការ​លួច​ហូបទៀតទេ។ រឹម ធ្លាប់​បានចូលរួម​នៅក្នុង​ការប្រារព្ធ​ខួប​បក្ស​ម្តង ដោយ​រឹម ចាំបានថានៅក្នុង​ការប្រារព្ធ​ គាត់ធ្លាប់ឃើញ​មាន​ក្រុម​ជនជាតិចិន​មកចូលរួមដែរ។ ក្រោយប្រារព្ធខួបបក្ស ជនជាតិចិនទាំងនោះ​បានដើរសួរសុខទុក្ខ​យុទ្ធជន យុទ្ធនារី ដោយមាន​អ្នកបកប្រែ​មកជាមួយ។ នៅមុនពេល​ចូលរួម ប្រធាន​បាន​ហាមឃាត់សមាជិក​ក្នុង​ក្រុម មិនឲ្យ​និយាយ​រិះគន់​អង្គការឡើយ។ នោះគឺជា​ឱកាស​តែម្តងគត់​នៅក្នុង​របប​ខ្មែរក្រហម ដែល​រឹម​ត្រូវ​បាន​អនុញ្ញាត​ឲ្យចេញពីព្រៃសទៅចូលរួម និង​ទទួលបាន​សម្លៀក​បំពាក់​ស្អាតបាត។

មិនយូរប៉ុន្មាន សភាពការណ៍នៅ​កន្លែង​បំពេញការងារ​របស់​រឹមចាប់​ផ្តើម​ជ្រួល​ច្របល់។ សមមិត្តរួម​ក្រុមបាន​បែក​ខ្ញែកពីគ្នា ដោយ​មានការប្រកាស​ថាវៀតណាមវាយបានទីក្រុងភ្នំពេញ។ រឹម និង​មិត្ត​រួមក្រុមមួយចំនួន បាន​ម្នីម្នាចាកចេញពី​ទីក្រុងភ្នំពេញ​នៅពេល​ច្រួល​ច្របល់​នេះ។ ក្រោយ​ធ្វើ​ដំណើរ​អស់ជាង​៣០ថ្ងៃ រឹម​បាន​មក​ដល់​កោះកុង។ ក្រោយពី​នៅទីនេះបាន​មួយ​រយៈ វៀតណាម​ក៏បាន​មកដល់​កោះកុង​ដែរ។ កម្លាំង​ខ្មែរក្រហមមួយចំនួន បាន​បន្តភៀសខ្លួន ចំណែកឯរឹម​បន្តនៅកោះកុង និង​ទទួលបាន​ការផ្គត់ផ្គង់អាហារពីទ័ពវៀតណាម។ នៅឆ្នាំ​១៩៨០ រឹម​ បាន​សម្រេចចិត្ត​វិល​ត្រលប់​មកស្រុក​កំណើតនៅខេត្ត​កំពង់ចាមវិញ ហើយបន្តរស់នៅទីនេះ និង​កសាង​គ្រួសារថ្មី និង​មាន​កូន​ស្រី៣នាក់​​ កូន​ប្រុស​២​នាក់។

រំឭកដល់អតីតកាលជូរចត់ និង​បទពិសោធន៍គួរឲ្យភិតភ័យ​របស់​ខ្លួនក្នុងអំឡុង​របប​ខ្មែរក្រហម រឹម​ បាន​ឧទានថា៖ “ស្តាយខ្លួនថាខំធ្វើការតស៊ូមក លទ្ធផលវាទៅជាស្គាល់ពីការវេទនា វាមិនបាន​ផលអីដែរ! បំណាច់ថាហត់នឿយពិបាកត្រឡប់​ត្រឡិន ឆ្លងគ្រាប់​ផ្លោង ដើម្បីឲ្យលទ្ធផល​មកខ្លួនបាន​សុខស្រួលទៅ វាអត់មាន​លទ្ធផលអី បាន​ត្រឹម​តែ​ចូលគុក​ដោយខ្លួន​មិនបាន​ធ្វើអី! មិនបាន​ដឹងខ្លួន​ហ្នឹង! ស្មោះត្រង់ចំពោះប្រជាជន​មាតុភូមិខ្លួនឯង ម៉េចហើយ​លទ្ធផលចុងក្រោយ​មិនឲ្យផល ទៅជា​ឲ្យទោសមកវិញ! ឲ្យយកទៅដាក់គុកវិញហ្នឹង!”។ រឹម នៅតែ​មានវិប្បដិសារី ក្រោយបម្រើ​ខ្មែរក្រហម។​ ហេតុនេះ នៅពេលទំនេរ ឬអផ្សុក រឹម​តែងនិទានពីប្រវត្តិតស៊ូរបស់​ខ្លួន​ប្រាប់​កូនចៅជំនាន់ក្រោយ ដើម្បីកុំ​ឲ្យជ្រុលខ្លួនដូចគាត់ និង​កុំ​ឲ្យ​ក្មេង​ៗភ្លេចពីរបប​ឃោរឃៅនេះ៕

ដោយ សុភ័ក្ត្រ ភាណា


[1] ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២១។

[2] មានន័យថា ធ្វើ​ឲ្យសុទ្ធ។

[3] ដកស្រង់ចេញពីសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយ ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធដទៃទៀត បោះពុម្ពលើកទី២ ឆ្នាំ២០២០ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ទំព័រ៧០។

[4] ដូចខាងលើ ទំព័រ ៥២-៥៧។

[5] ឯកសារ D10449 តម្កល់ក្នុង​បណ្ណសារ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា

[6] ឯកសារ K00696 ដែលមានចំណារលេខដើម TSL4124 តម្កល់ទុកនៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[7] បទសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូបលេខ K00696 ឈ្មោះ ឈុំ សារឹម ហៅ ឈុំ​ រឹម អាយុ៥២ឆ្នាំ នៅភូមិកំផ្លាក់ ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៤ ដោយ ឡុង​ ដានី។

[8] យុវកក ឬសម្ព័ន្ធយុវកក ជាពាក្យកាត់​នៃ «សម្ព័ន្ធយុវជនកម្ពុជាប្រជាធិបតេយ្យ» ដែល​បង្កើតឡើង​ដោយ​បក្ស​កុម្មុយនីស្តកម្ពុជា នៅក្នុង​ឆ្នាំ​១៩៦០ សម្រាប់​ដឹកនាំ​ និង​បំផុស​បំផុល​ចលនា​យុវជន​ យុវនារីកម្ពុជា ក្នុង​ការ​តស៊ូបដិវត្តន៍ប្រឆាំង​ការ​ជ្រៀតជ្រែក ឈ្លានពាន​របស់​ចក្រពត្តិអាមេរិក និង​បរិវារ នៅពេលនោះផង និង​តស៊ូវាយ​ប្រហារ និង​វាយកម្ទេចរបប​ជិះជាន់​ផ្តាច់ការ​ ហ្វាស៊ីស របស់​ពួកសក្ដិភូមិ នាយទុន​ប្រតិកិរិយា នៅជំនាន់នោះផង។ (ដកស្រង់ចេញពីអត្ថបទ «សម្ព័ន្ធយុវកក ជាដៃស្តាំរបស់បក្ស» ដោយ ឆេង វ៉េង ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដីស្វែងរកការពិត​របស់​មជ្ឈមណ្ឌលឯកសាកម្ពុជា លេខ១៩៩ ខែកក្កដា ឆ្នាំ​២០១៦។ អត្ថបទ ដកស្រង់ចេញពីឯកសារ​យុវជន និង​យុវនារីបដិវត្តន៍លេខ​ពិសេសខែសីហា-កញ្ញា ១៩៧៤ នៃ​ឯកសារ D21380 កម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារ​កម្ពុជា។)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin