ថុន ទឹម៖ការងារក្នុងកងកុមារ

ថុន ទឹម[1] ភេទប្រុស អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ទឹម បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ដោយសារស្រុកទេសចាប់ផ្តើមកើតមានសង្គ្រាម។ ខ្ញុំក៏ឈប់រៀន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ កាលពីសម័យសង្គមរាស្រ្តនិយម គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។
លុះដល់ឆ្នាំ១៩៧០ នៅក្នុងភូមិរបស់ខ្ញុំ មានការប្រកូកប្រកាសថា លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែង។ ប្រជាជននៅក្នុងភូមិ បាននាំគ្នារកទីកន្លែងសុវត្តិភាព និងនាំគ្នាជីកលេណដ្ឋានសម្រាប់ការពារខ្លួនពីការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកក៏ចាប់ផ្ដើមគំរាមកំហែងដល់ការរស់នៅប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ប្រជាជនជួបការលំបាកខ្លាំង ក្នុងការប្រកបមុខរបរធ្វើស្រែចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកភូមិនាំគ្នាទៅធ្វើស្រែម្ដងៗទាំងប្រថុយជីវិត ដោយសារយើងមិនអាចដឹងថា យន្តហោះនឹងមកទម្លាក់គ្រាប់បែកនៅពេលណានោះទេ។ ពេលខ្លះ យើងគ្រាន់តែឮសំឡេងយន្តហោះ អ្នកភូមិរត់ចោលស្រែចោលស្រូវអស់ទៅហើយ។ អ្នកខ្លះទៀតរត់ពួននៅតាមគល់ឈើ ឬតាមដំបូក។
នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបញ្ជូនឲ្យធ្វើការនៅក្នុងកងកុមារ។ ខ្ញុំត្រូវបានប្រាប់ថាការចូលកងកុមារនេះ ដើម្បីបានរៀនសូត្រនៅក្នុងសាលា។ ជាក់ស្ដែង ជារៀងរាល់ថ្ងៃ ខ្ញុំនិងកុមារដទៃទៀតត្រូវបានបញ្ជាឲ្យទៅកាប់ទន្ទ្រានខែត្រ ដើម្បីធ្វើជីដាក់តាមអន្លង់ធំៗ រួចត្រលប់ទៅសហករណ៍ក្មេងៗវិញ។ ក្រៅពីការងារទាំងអស់នេះ ខ្ញុំនិងកុមារដទៃទៀតត្រូវបានប្រធានសហករណ៍បញ្ជាឲ្យទៅរើសអាចម៍គោពីក្រោលគោនិងដាក់រាយតាមវាលស្រែ។ ចំពោះការស្នាក់នៅទាំងកុមារី និងកុមារា គឺសម្រាកជាមួយគ្នា។ កាលណោះ កុមារទាំងអស់នាំគ្នាដេកតម្រៀបគ្នាជាជួរៗនៅពេលយប់ នៅក្នុងរោងសហករណ៍។ ចំណែកឯកុមារមួយចំនួនទៀត បាននាំគ្នាទៅដេកនៅតាមរោង និងនៅក្នុងថ្នាក់រៀនជាដើម។ ជំនាន់នោះ កុមារមិនសូវមានពេលវេលារៀនគ្រប់គ្រាន់នោះទេ ដោយសារមួយថ្ងៃៗ យើងដើរស្វែងរកតែដើមទន្ទ្រានខែត្រ និងធ្វើការទៅតាមប្រធានសហករណ៍។ កុមារទាំងអស់មិនបានទទួលការហូបចុកគ្រប់គ្រាន់នោះទេ។ ជំនាន់នោះ កុមារហូបបបររាវៗតែប៉ុណ្ណោះ។ បើទោះបីជាម្នាក់ៗហូបមិនឆ្អែត ក៏កុមារទាំងអស់មិនហ៊ានមាត់ក ឬតវ៉ាដែរ។ កុមារទាំងអស់សុទ្ធសឹងតែនៅវ័យក្មេង និងមិនទាន់ដឹងអី្វទេ។ កុមារអាចបានហូបបាយរយៈពេល២ទៅ៣ថ្ងៃម្ដង។ នៅក្នុងកងកុមារ ខ្ញុំបានឃើញកុមារម្នាក់ត្រូវបានយកទៅឃុំខ្លួននៅក្នុងផ្ទះតូចមួយ។ ពេលនោះ ខ្ញុំក៏នឹកគិតថាចេះតែបាត់មុខវាមិនដឹងទៅណា តាមការពិតទៅ កុមារខ្លះត្រូវនាំយកទុកក្នុងផ្ទះសោះ។ កាលណោះ ខ្ញុំមិនបានឃើញការចាប់ចងឬវាយធ្វើបាបកុមារនោះទេ។ ប៉ុន្តែ កុមារទាំងនោះគ្រាន់តែគ្នាមានរូបរាងស្គមស្គាំង។
ការរស់នៅក្នុងកងកុមារធ្វើឲ្យខ្ញុំជួបការលំបាកជាច្រើន ដោយខ្ញុំនៅតូច ហើយត្រូវបែកចេញពីឪពុកម្ដាយទៀត។ ខ្ញុំនឹកម្ដាយរហូតដល់មានបងៗនៅក្នុងសហករណ៍បបួលខ្ញុំលួចចេញពីសហករណ៍ដើម្បីទៅផ្ទះជួបម្ដាយ។ កាលណោះ ខ្ញុំ រួមទាំងបងៗ៤នាក់ទៀត បានដើរទៅដល់ភូមិ ហើយដើរតម្រង់ទៅរកផ្ទះ។ ប៉ុន្តែពេលទៅដល់ ខ្ញុំមិនឃើញឪពុកម្ដាយនៅផ្ទះនោះទេ។ យើងក៏សម្រេចចិត្តនាំគ្នាដើរត្រលប់មកវិញ។ នៅពាក់កណ្ដាលផ្លូវ ខ្ញុំក៏បានឮដំណឹងថាប្រធានកងកុមារតាមចាប់បងៗដែលមកជាមួយខ្ញុំ។ បន្ទាប់ពីបានឮដំណឹងនេះ ក្រុមរបស់ខ្ញុំទាំង៥នាក់ក៏បាននាំគ្នារត់គេចចេញពីកងកុមារ។ យើងទាំង៥នាក់បានដើរតាំងពីមេឃភ្លឺរហូតដល់យប់ងងឹត និងឃ្លានបាយយ៉ាងខ្លាំង។ យើងមិនមានអង្ករសម្រាប់ដាំបាយហូបទេ។ ខ្ញុំនិងបងៗក៏បានបន្តដំណើរទៅមុខទៀត រហូតដល់ខ្ទមស្រែមួយ។ នៅទីនោះយើងបានឃើញឆ្នាំងចាស់ទុកចោល ហើយយើងក៏នាំគ្នាដើរចាប់ខ្យងស្ងោរក្នុងឆ្នាំងនោះហូប។ បន្ទាប់ពីហូបខ្យងរួចហើយ យើងក៏បន្តដំណើរទៅមុខទៀតរហូតជួបជាមួយយាយរបស់ខ្ញុំ ដែលធ្វើការក្នុងសហករណ៍មួយ។ គាត់ក៏បាននាំយើងត្រលប់ទៅនៅសហករណ៍កុមារវិញ។ ខ្ញុំបានបន្តរស់នៅ និងធ្វើការក្នុងកងកុមាររហូតដល់ឆ្នាំ១៩៧៩ គឺនៅពេលកងទ័ពវៀតណាមចូលមកដល់តំបន់សៀមរាប។ ពេលនោះ យើងបាននាំគ្នាចាកចេញពីសហករណ៍ហើយត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ។
នៅស្រុកកំណើត ខ្ញុំក៏បានជួបជាមួយឪពុកម្ដាយនិងបងប្អូនវិញ ហើយក្រុមគ្រួសារខ្ញុំក៏ចាប់ផ្ដើមរស់នៅធ្វើស្រែចម្ការចិញ្ចឹមជីវិតជាថ្មី។ ចំណែកឯឪពុកខ្ញុំ ត្រូវបានតែងតាំងឲ្យធ្វើជាមេភូមិតាពោធិ៍តាំងពី ពេលនោះមក។
នៅចន្លោះឆ្នាំ១៩៨១ ដល់១៩៨២ ភូមិខ្ញុំមានការជ្រើសរើសកងឈ្លបភូមិចំនួនពីរនាក់។ ឪពុកខ្ញុំ បានឲ្យខ្ញុំចុះឈ្មោះធ្វើកងឈ្លបនោះ។ ក្រោយមក កងទ័ពវៀតណាមបានប្រមូលប្រជាជនចំនួន៣ឡាននៅក្នុងភូមិទៅត្រួសត្រាយព្រៃនៅម្ដុំស្វាយលើ ក្នុងខេត្តសៀមរាប ហើយក៏បញ្ជូនខ្ញុំទៅការពារសុវត្ថិភាពប្រជាជន។ មួយរយៈក្រោយមក ខ្ញុំនិងកម្លាំង៥នាក់ទៀតក៏បានជិះឡានត្រលប់មកភូមិវិញ។ យប់បន្តិច យើងក៏ត្រូវបានចាត់កម្លាំងបញ្ជូនទៅទិសខាងលិចតំបន់សៀមរាប ដើម្បីទៅវាយនៅជំរំណងចាន់។ ខ្ញុំធ្វើដំណើរបានពាក់កណ្ដាលផ្លូវ កម្លាំងឈ្លបចំនួន៦នាក់បានរត់ត្រលប់ទៅផ្ទះរបស់ខ្លួនវិញ។ នៅតាមផ្លូវ កម្លាំងក្នុងក្រុមរបស់ខ្ញុំក៏បានប្រយុទ្ធគ្នា បណ្ដាលឲ្យបងថ្លៃរបស់ខ្ញុំម្នាក់បានស្លាប់ និងកម្លាំងម្នាក់ទៀតរងរបួស។ សមាជិកក្នុងក្រុមរបស់ខ្ញុំដែលសេសសល់ក៏បានបន្តដំណើរត្រលប់ទៅដល់ស្រុកកំណើតប្រកបដោយសុវត្ថិភាព។ ខ្ញុំផ្ទាល់បានប្រគល់កាំភ្លើងជូនប្រធានឈ្លបវិញ និងបន្តរស់នៅជាមួយឪពុកម្ដាយនៅពេលទៅដល់ស្រុកកំណើត។ ថ្ងៃមួយ កងទ័ពវៀតណាមបានចូលមកបាញ់សត្វជ្រូក ដែលឪពុករបស់ខ្ញុំចិញ្ចឹមដោយមិនបានសុំ។ ខ្ញុំមានការអន់ចិត្ដជាខ្លាំងជាមួយកងទ័ពវៀតណាម។
នៅវេលាមួយក្នុងរដូវធ្វើស្រែ គ្រួសារខ្ញុំក៏បានដឹកគោទៅភ្ជួរដី។ លុះដល់ពេលសម្រាកថ្ងៃត្រង់ គោខ្ញុំក៏បានបាត់មួយក្បាលទៀត។ ខ្ញុំបានតាមរកគោដល់បន្ទាយកងទ័ពវៀតណាម ហើយក៏ប្រទះឃើញកងទ័ពទាំងនោះបានកាប់ធ្វើជាអាហារ និងផឹកស៊ីយ៉ាងសប្បាយរីករាយ។ ខ្ញុំមានចិត្តខឹងសម្បារយ៉ាងខ្លាំងនូវទង្វើទាំងអស់នេះ ហើយក៏បានសម្រេចចិត្ដរត់ចូលកងទ័ពខ្មែរក្រហម។
នៅចន្លោះឆ្នាំ១៩៨៥ ដល់១៩៨៨ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅនៅតាមព្រំដែនកម្ពុជា-ថៃ នៅលើភ្នំដងរែក។ ខ្ញុំបានត្រូវរបួសចំភ្លៅ និងចំគ្រាប់ភ្នែកម្ខាង អំឡុងពេលធ្វើដំណើរទៅវាយជាមួយកងទ័ពវៀតណាមនៅតាមព្រំដែន។ បន្ទាប់ពីរងរបួស ខ្ញុំត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯសមរភូមិក្រោយ។ ចាប់តាំងពីពេលនោះមក ខ្ញុំលែងចេញទៅធ្វើសង្គ្រាមនៅសមរភូមិទៀតហើយ រហូតដល់ខ្ញុំរៀបការនៅចុងឆ្នាំ១៩៨៨។ ក្រោយមកយើងក៏បានធ្វើដំណើរចុះពីលើភ្នំដងរែកមករស់នៅក្នុងភូមិជើងភ្នំ រហូតមកទល់បច្ចុប្បន្ននេះ»៕
អត្ថបទដោយ សួត វិចិត្រ
[1] មេក វិន សម្ភាសន៍ជាមួយ ថុន ទឹម នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ២០២៣។