អាហារមានតួនាទីសំខាន់មួយនៃអំពើប្រល័យពូជសាសន៍

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ស្ទើរតែគ្រប់ទម្រង់នៃអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលសុទ្ធតែមាន ទំនាក់ទំនងនៃការយន្តការបង្អត់អាហារដល់ប្រជាជន។​[1] ដូចដែលយើងបានដឹងយ៉ាងច្បាស់ថា ការ បាត់បងជីវិតប្រជាជនកម្ពុជាប្រមាណជាង ២លាននាក់ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩[2] គឺ  ការខ្វះខាតអាហារ និងការទទួលទានអាហារមិនគ្រប់គ្រាន់ ដែលបណ្តាលឲ្យជនរងគ្រោះខ្វះជីវជាតិ ក៏ដូចជាបណ្តាលឲ្យមានជំងឺ នឹងឈានដល់ការស្លាប់ដោយឯកឯង[3]

ប្រទេសកម្ពុជាមានវប្បធម៌សម្បូរបែបនៃម្ហូបអាហារក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះដែររស់ជាតិនៃអាហារ ក៏មានរស់ជាតិប្រៃ ល្វីង ជូ ជាដើម។ ជាក់ស្តែង នៅតាមតំបន់នានា ឬតាមខេត្តនីមួយៗនៃប្រទេសកម្ពុជា មាន មុខម្ហូប របៀបធ្វើម្ហូប និងរស់ជាតិផ្សេងៗគ្នា​ ដែលភាគច្រើនគ្រួសារនីមួយៗតែមានអាហារប្រចាំ គ្រួសារដែលមានដូច សម្លម្ជូរ ឆា ស្ងោរ​ ចៀន។[4] ក្នុងរបបខ្មែរក្រហម ការរៀបចំអាហារត្រូវបានធ្វើឡើងជា ក្រុម និងការទទួលទានអាហារក្នុងសហករណ៍​ ដែលអាហារភាគច្រើនមានតែ បបររាវៗ ឬបបរលាយដើម ចេក និងម្ហូបដដែលៗដូចជា សម្លម្ជូរត្រកួន ឬបន្លែដែលមានសម្រាប់ក្នុងតំបន់នីមួយៗ។[5] តាមការលើក ឡើងរបស់ពូ សុខ វណ្ណៈ «ក្នុងរបបខ្មែរក្រហម ខ្ញុំស្មានតែម្ហូបខ្មែរមានតែព្រលឹត និងត្រកួនទេ ព្រោះពេលខ្ញុំហូប អាហារឃើញមានតែប៉ុណ្ណឹង ដល់ពេលរបបខ្មែរក្រហមដួលរលំ ទើបខ្ញុំដឹងថា តាមពិត ម្ហូបខ្មែរមានច្រើនមុខ ច្រើនសណ្ឋាន​ ច្រើនរស់ជាតិ»។ គួរបញ្ជាក់ថា លោកពូ សុខ វណ្ណៈ គឺជាកុមារក្នុងរបបខ្មែរក្រហម។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម អត្តសញ្ញាណ ក៏ដូចជាវប្បធម៌នៃអាហារខ្មែរត្រូវបានបាត់បង់ស្ទើរតែ ទាំងស្រុង។

តាមរយៈអង្គការសុខភាពពិភពលោក ការរៀបចំអាហារឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ គឺជាប្រភព នៃជីវជាតិដែលធ្វើឲ្យយើងមានសុភាពល្អ។[6] ប្រសិនបើយើងមើលលើម្អូបអាហារខ្មែរជាទូទៅ គឺសម្បូរទៅ ដោយជីវជាតិល្អសម្រាប់សុខភាព ដោយគ្រឿផ្សំនៃម្ហូបខ្មែរភាគច្រើនសម្បូរ ត្រី គ្រឿងសមុទ្រ បន្លែ និង ផ្លែឈើ ដែលពុំសូវមានសារជាតិខ្លាញ់អាក្រក់ និងកាឡូរីច្រើនទេ ហើយការទទួលទានអាហារដែលមាន បាយ ត្រី សាច់ គឺជាអាហារដែលសម្បូរជីវជាតិខ្លាំងសម្រាប់សុខភាពជារួម។[7]

តាមរយៈម្តាយខ្ញុំបានឲ្យដឹងថា ដោយសារតែរបបអាហារមិនគ្រប់គ្រាន់ ម្តាយខ្ញុំនិងក្រុមការងារក្នុងកងនារី ជាមួយគាត់បាននាំគ្នាដើរចូលព្រៃជីកដំឡូងក្នុងរបបខ្មែរក្រហម ដើម្បីយកមកធ្វើជាអាហារបន្ថែម។ តែសំណាងល្អម្តាយរបស់ខ្ញុំរស់នៅក្នុងតំបន់៣ ដែលជាមានប្រធានសហករណ៍ជាមនុស្សល្អ ទើបពួកគាត់ មិនត្រូវបានដាក់ពិន័យទេ ថែមទាំងលើកទឹកចិត្តឲ្យប្រជាជនប្រាប់ប្រធានសហករណ៍ពេលដែលហូបមិន គ្រប់គ្រាន់ និងស្នើរ សុំទៅជីកដំឡូង ឬបេះផ្លែឈើដែលមានស្រាប់ហូបបន្ថែមឲ្យមានកម្លាំងគ្រប់គ្រាន់ និង មានសុខភាពល្អ ដើម្បីអាច​បម្រើការបានប្រសើរ។ ម្តាយខ្ញុំក៏បានបន្ថែមថា ពេលគាត់ពរពោះ គាត់មាន អាហារគ្រប់គ្រាន់ ថែមទាំងបានហូបក្រូចពោធិ៍សាត់ជាច្រើន ហើយពេលគាត់សម្រាលបានកូនប្រុសម្នាក់ ដែលមានសុខភាពល្អក្នុងឆ្នាំ១៩៧៦។​ ម្តាយខ្ញុំឈ្មោះ លឹម គន្ធា អាយុ ៧២ឆ្នាំ រស់នៅភ្នំពេញ។

អត្ថបទដោយ៖ គឹម សុវណ្ណដានី

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

[1] Tyner, J. A., & Rice, S. (2015). To live and let die: Food, famine, and administrative violence in Democratic Kampuchea, 1975–1979. Political Geography, 52, 47–56. https://doi.org/10.1016/j.polgeo.2015.11.004

[2] Cambodia. (n.d.). College of Liberal Arts. https://cla.umn.edu/chgs/holocaust-genocide-education/resource-guides/cambodia

[3] Hiebert, M. S. (2017). Genocide, Revolution, and Starvation under the Khmer Rouge. Genocide Studies International11(1), 68–86. https://www.jstor.org/stable/26986060

[4] Chuon, K. (2024, April 4). The history and impact of Cambodian cuisine. US ASEAN Young Profe. https://www.usaseanypa.org/post/the-history-and-impact-of-cambodian-cuisine

[5] McCafferty, G., & Tham, D. (2017, May 4). Resurrecting Cambodia’s forgotten cuisine. CNN. https://edition.cnn.com/travel/article/cambodias-forgotten-cuisine/index.html#:~:text=Records%20of%20the%20country’s%20cuisine,stay%20stable%2C%E2%80%9D%20says%20San.

[6] Healthy diet. (n.d.). https://www.who.int/initiatives/behealthy/healthy-diet

[7] EthnoMed. (2024, July 19). Nutrition and fasting in Cambodian culture – EthnoMed. https://ethnomed.org/resource/nutrition-and-fasting-in-cambodian-culture/

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin